ភ្នំពេញ ថ្ងៃទី ២ មករា ២០០៨ការបង្ហាញមេដៃឧកញ៉ានៅ នាយកដ្ឋានគ្រឿងឥស្សរិយយស នៃទីស្តីការគណរដ្ឋមន្រ្តី
©John Vink / Magnum ឧកញ៉ា គឺជាគោរមងារមួយដ៏ខ្ពង់ខ្ពស់ ដែលប្រជាពលរដ្ឋកម្ពុជាមានទ្រព្យសម្បត្តិស្តុកស្តម្ភប្រថ្នាចង់បាន។ គោរមងារដ៏មានកិត្តិយសនេះ ត្រូវបានបង្កើតឡើង អស់រយៈពេលជាង១០ឆ្នាំមកហើយ សម្រាបសប្បុរសជនណាដែលបានចូលរួមស្ថាបនា និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។ ជាគោលការណ៍ ឧកញ៉ាភាគច្រើនគឺជាអ្នកជំនួញធំៗ ដែលបានប្រឡូកនៅក្នុងនយោបាយ ហើយឧកញ៉ាខ្លះ បានប្រើប្រាស់គោរមងារនេះប្រព្រឹត្តិទង្វើខុសច្បាប់។
នៅថ្ងៃទី ៥ មេសា ១៩៩៤ សហនាយករដ្ឋមន្ត្រីទាំងពីរនៅសម័យកាលនោះ គឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងសម្តេច ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យ ស្តីពីការបង្កើតគ្រឿងឥស្សរិយយសសម្រាប់ផ្តល់អោយសប្បុរសជនណាដែលមានស្នាដៃល្អក្នុងការស្ថាបនាប្រទេសជាតិ មិនថាជាជនជាតិខ្មែរ រឺមួយក៏បរទេស។ មេដាយស្ថាបនាជាតិសម្រាប់អ្នកដែលបានចូលរួមជាវិភាគទានដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានចែកចេញតាមផ្លូវច្បាប់ជាបីប្រភេទ នោះគឺមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធិ។ អ្នកទទួលបានគ្រឿងឥស្សរិយយសថ្នាក់មេដាយមាស ដែលបានផ្តល់ជាវិភាគទាន រឺគ្រឿងសម្ភារៈផ្សេងៗ ដែលមានតម្លៃលើសពីមួយសែនដុល្លារឡើងទៅ នឹងទទួលគោរមងារជាឧកញ៉ា។ លោក ធៀន ម៉ៅ ប្រធាននាយកដ្ឋានគ្រឿងឥស្សរិយយសនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ឧកញ៉ាទាំងអស់មានចំនួនប្រហែលជា ២២០រូប ក្នុងចំណោមនោះ ស្រ្តីមានចំនួនតិចជាង១០រូប ដែលបានទទួលគោរមងារដ៏មានកិត្តិយសនេះ នៅក្នុងសង្គមកម្ពុជា។ ប៉ុន្តែ ចំនួនឧកញ៉ាជាផ្លូវការនេះអាចមានចំនួនតិចជាងចំនួនពិតប្រាកដ។ គោរម្យងារដែលវិវឌ្ឍតាមសម័យកាល លោក មៀច ប៉ុណ្ណ ទីប្រឹក្សាគណៈកម្មការទំនៀមទំលាប់ខ្មែរនៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានអោយដឹងថា នៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា គេឃើញថាឈ្មោះឧកញ៉ាមានតាំងពីសតវត្សទី១៥ ក្រោមការគ្រប់គ្រងរាជ្យសម្បត្តិរបស់ព្រះបាទព្រះចៅពញ៉ាយាត (១៤២១-១៤៦២) មកម្ល៉េះ។
ដោយសំអាងលើការស្រាវជ្រាវផ្ទាល់ លោក មៀច ប៉ុណ្ណ មានប្រសាសន៍រៀបរាប់ថា «ពីស.វទី១៥ ដល់ស.វទី១៦ ឧកញ៉ាសុទ្ធសឹងតែជាអភិបាលស្រុកនិងខេត្ត ព្រមទាំងជាដៃឆ្វេងដៃស្តាំរបស់ព្រះមហាក្សត្រ ទទួលបន្ទុកផ្នែកព្រះរាជកិច្ច កងទ័ព តុលាការ និងកសិកម្ម»។ លោកបានពន្យល់ថា គោរមងារនេះមានលក្ខណៈដូចនឹង ងារជា «ឯកឧត្តម» នាពេលបច្ចុប្បន្ននេះ ដែលជាងាររបស់រដ្ឋមន្ត្រី និងអភិបាលខេត្តក្រុងដែរ។
ពេលវេលាចេះតែដើរទៅមុខ រីឯអត្ថន័យនៃពាក្យ ឧកញ៉ា ក៏ប្រែប្រួលទៅតាមពេលវេលាដែរ។ ដោយសំអាងលើអនុក្រឹត្យឆ្នាំ១៩៩៤ លោក ធៀន ម៉ៅ បានអះអាងថា ឧកញ៉ាលែងជាមន្ត្រីនយោបាយជាន់ខ្ពស់នៅក្នុងប្រទេសទៀតហើយ ប៉ុន្តែ គឺជាអ្នកមានគុណសម្បត្តិខ្ពស់ ក្នុងកិច្ចខិតខំប្រឹងប្រែងស្ថាបនាប្រទេសជាតិឡើងវិញ។ ការប្រើប្រាស់នីតិវិធីដើម្បីក្លាយជាឧកញ៉ា លោក ធៀន ម៉ៅ បានពន្យល់ពីនីតិវិធីយ៉ាងលំអិតថា «ប្រសិនជាមនុស្សម្នាក់ផ្តល់ថវិកាសម្រាប់សមិទ្ធិផលសាលារៀន រឺក៏ផ្លូវថ្នល់ នៅតាមខេត្ត នោះអាជ្ញាធរឃុំ ស្រុក និងខេត្ត អាចនឹងរៀបចំសំណុំបែបបទមួយ ផ្ញើជូនក្រសួងមហាផ្ទៃ ដើម្បីទទួលស្គាល់នូវគុណសម្បត្តិរបស់សប្បុរសជននោះ។ បន្ទាប់ពីក្រសួងបានបញ្ចប់ការពិនិត្យលើឯកសារនេះរួច ក្រសួងនឹងបញ្ជូនទៅកាន់នាយកដ្ឋានគ្រឿងឥស្សរិយយស តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី។
«ខ្ញុំពិនិត្យឯកសារទាំងនោះឡើងវិញរួចខ្ញុំធ្វើកំណត់ហេតុមួយបញ្ជាក់ថាសប្បុរសជននោះពិតជាបានផ្តល់អំណោយប្រាកដមែន ហើយនាយកដ្ឋាននឹងធ្វើការពិភាក្សាគ្នា មុននឹងបញ្ជូនឯកសារទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី»។ ទីស្តីការគណៈរដ្ឋមន្ត្រីនឹងធ្វើការសិក្សាលើឯកសារនេះ បន្ទាប់មកបញ្ជូនមកអគ្គលេខាធិការរដ្ឋាភិបាល រួចបញ្ជូនមកប្រមុខរដ្ឋាភិបាល និងជាចុងក្រោយ ព្រះមហាក្សត្រនឹងថ្វាយព្រះហស្ថលេខា។ គ្មានសំណុំបែបបទស្នើសុំគោរមងារណាមួយត្រូវបានច្រានចោលទេនាយកដ្ឋានគ្រឿងឥស្សរិយយសនឹងផ្អាកពិនិត្យសំណុំបែបបទស្នើសុំណាមួយ បើសិនជាខាងនាយកដ្ឋានវាយតម្លៃឃើញថាសំណុំបែបបទនៅមិនទាន់ត្រឹមត្រូវដែលតម្រូវអោយធ្វើឡើងវិញអោយបានច្បាស់លាស់។ ឯកសារនេះនឹងត្រូវបញ្ជូនត្រលប់ទៅក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋានវិញដែលជាអ្នកផ្តួចផ្តើមធ្វើការស្នើសុំគោរមងារនេះ។ ជួនកាល ការវាយតម្លៃជាតួលេខនៃអំណោយ អាចនឹងខុស។ ច្បាប់នព្វន្តអាចបែកចែកលំដាប់ថ្នាក់ពីមួយទៅមួយបាន។ ភាពសមហេតុផលនៃអំណោយត្រូវបានចោទជាសំណួរឡើង។ លោកធៀន ម៉ៅ បានវាយតម្លៃថា «ប្រសិនបើមនុស្សម្នាក់ជូនទូរសព្ទដៃចំនួន៣២គ្រឿង ដល់អាជ្ញាធរ។ យើងត្រូវពិភាក្សាមើលថាតើអំណោយនេះបម្រើផលប្រយោជន៍សាធារណៈ រឺមួយក៏ប្រយោជន៍បុគ្គល។ យើងអាចដឹងភ្លាមបានថា អំណោយបែបនេះមិនបានផ្តល់ផលប្រយោជន៍សម្រាប់សាធារណៈជន ដូចជាការកសាងសាលារៀន រឺមន្ទីរពេទ្យ នោះទេ។ លោកមានប្រសាសន៍ដោយប្រុងប្រយ័ត្នថា នាយកដ្ឋានរបស់លោកមិនធ្លាប់បានបដិសេធសំណើរសុំគោរមងាររបស់អ្នកណាម្នាក់ឡើយយើងគ្រាន់តែបង្គាប់អោយអ្នកដែលរៀបចំឯកសារ ធ្វើការកែប្រែឡើងវិញប៉ុណ្ណោះ។
លោកប្រធានបានរៀបរាប់យ៉ាងខ្លីថា «អ្នកខ្លះ» បានទទួលមេដាយមាស និងគោរមងារជាឧកញ៉ា តាមរយៈការស្នើសុំរបស់នាយករដ្ឋមន្ត្រីដោយផ្ទាល់ ដោយមិនបានឆ្លងកាត់ក្រុមការងារនៃនាយកដ្ឋានគ្រឿងឥស្សរិយយសឡើយ។ ប៉ុន្តែ លោកសុំមិនអត្ថាធិប្បាយរឿងនេះទេ។ តើនរណាជាឧកញ៉ា? ឧកញ៉ាសុទ្ធសឹងជាអ្នកជំនួញជនជាតិកម្ពុជា រឺមួយបរទេស ដែលបានផ្តល់វិភាគទានទ្រព្យសម្បត្តិរបស់ខ្លួនមួយចំនួនដល់រដ្ឋ ជានិច្ចកាល ការផ្តល់ហិរញ្ញវត្ថុដោយផ្ទាល់សម្រាប់ការស្ថាបនានានាដូចជាការកសាងហេដ្ឋារចនាសម័្ពន្ធសំខាន់ៗជាដើម។ សមាជិកសភាពាណិជ្ជកម្មភ្នំពេញស្ទើរតែទាំងអស់ សុទ្ធសឹងតែចេញពីក្រុម ឧកញ៉ា។ លោកធៀន ម៉ៅ បានកត់សម្កាល់ថា បន្ទាប់ពីត្រូវបានតែងតាំងដោយអនុក្រឹត្យរួចមក ឧកញ៉ាមួយចំនួនបានចូលរួមនៅក្នុងជួររាជរដ្ឋាភិបាល ដោយបានក្លាយខ្លួនជាមន្ត្រីជាន់ខ្ពស់ និងសមាជិកសភា។ វាជាការពិតណាស់ ឧកញ៉ាសឹងតែទាំងអស់មានទំនាក់ទំនងនឹងគណបក្សកាន់អំណាច នោះគឺគណបក្សប្រជាជនកម្ពុជា ។ យោងតាមសំដីរបស់លោក ជាម យៀប ប្រធានគណកម្មការហិរញ្ញវត្ថុនៃរដ្ឋសភា បានអោយដឹងថា រដ្ឋសភាមានឧកញ៉ាចំនួនបីរូប រីឯព្រឹទ្ធសភាវិញ មានចំនួន៦រូប។ លោក ធៀន ម៉ៅ បានគួសបញ្ជាក់ថា តាមរយៈសមទ្ធិផលស្នាដៃនិងសមត្ថភាពរបស់ពួកគេ រាជរដ្ឋាភិបាលបានអោយពួកគេទាំងនោះ ចូលរួមបម្រើការងារអភិវឌ្ឍន៍ប្រទេសជាតិ ដោយដាក់បញ្ជូលឧកញ៉ាទៅក្នុងស្ថាបន័នីតិបញ្ញតិ្តនិងប្រតិបត្តិ។ លោកមានភាពជឿជាក់ ដោយបញ្ជា្កក់ថា «ទោះបីជាអ្នកទាំងនោះមានងារជាឧកញ៉ាក៏ដោយ ក៏ពួកគេអាចមានតួនាទីនៅក្នុង អាណត្តិសភាបានដែរ»។ ការរំលោភបំពាន... នៅពេលដែលយើងចោទជាសំណួរទាក់ទងនឹងឧកញ៉ាខ្លះដែលរំលោភបំពានគោរមងាររបស់ខ្លួន ដើម្បីបំពានលើច្បាប់របស់ជនរួមជាតិរបស់ខ្លួន លោក ធៀន ម៉ៅ អះអាងយ៉ាងម៉ឹងម៉ាត់ថា «អ្នកមានគោរមងារនេះមិនអាចធ្វើអ្វីតាមទំនើងចិត្តរបស់ខ្លួនបានឡើយ។» ប៉ុន្តែ សារព័ត៌មានតែងតែផ្សព្វផ្សាយព័ត៌មាន ពីជម្លោះដីធ្លី រវាងឧកញ៉ា ជាមួយនឹងអ្នកភូមិសាមញ្ញ ដែលធ្វើអោយកិត្តិយសជាឧកញ៉ាមានកេរ្តិ៍ឈ្មោះមិនល្អ។ នៅឆ្នាំ២០០៧ របាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលរបស់អង់គ្លេស Oxfam បានលើកឡើងថា ដីចំនួន ២៣,០៨% នៅកម្ពុជាគឺកាន់កាប់ដោយឧកញ៉ា ដែលជាអ្នករកស៊ីជំនួញដីធ្លីលំដាប់លេខមួយ។
ប្រធាននាយកដ្ឋានគ្រឿងឥស្សរិយយសមិនបានបដិសេធថា «ឧកញ៉ាមួយចំនួនត្រូវបានកោះហៅដោយតុលាការពីបទយកឈ្មោះជាឧកញ៉ារបស់ខ្លួន ដើម្បីរំលោភបំពានច្បាប់។ ទោះបីជាករណីនេះកម្រនឹងកើតមានក៏ដោយ ក៏វាមិនមែនជាសមត្ថកិច្ចរបស់នាយកដ្ឋានរបស់លោកដែរ ប៉ុន្តែ គឺជាសមត្ថកិច្ចរបស់តុលាការ។
លោកបណ្ឌិត រស់ ចាន់ត្រាបុត្រ អនុប្រធានរាជបណ្ឌិតសភាកម្ពុជា សំដែងនូវការសោកស្តាយចំពោះទង្វើអាក្រក់របស់ឧកញ៉ាខ្លះដែលជិះជាន់បំពានច្បាប់ និងធ្វើអោយប៉ះពាល់កិត្តិយសដល់ឧកញ៉ាដទៃទៀត។ ប៉ុន្តែ លោកបានវាយតម្លៃថាមានតែឧកញ៉ាតិចតួចប៉ុណ្ណោះដែលប្រព្រឹត្តិទង្វើមិនត្រឹមត្រូវនេះ។ ចំណែកឯលោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានរិះគន់អំពើពុករលួយដែលបានកើតមាន ទាក់ទងនឹងនីតិវិធីផ្តល់គោរមងារជាឧកញ៉ានេះ។ «ឧកញ៉ាមួយចំនួនគ្រាន់តែចង់បានងារនេះ ដើម្បីប្រព្រឹត្តិទង្វើខុសច្បាប់តាមទំនើងចិត្តរបស់ខ្លួនតែប៉ុណ្ណោះ។» គោរម្យងារដែលមិនមានផ្លាស់ប្តូរអ្វីសោះ? បន្ទាប់ពីមានការស្នើសុំពីរាជរដ្ឋាភិបាលផ្តល់គោរមងារជាឧកញ៉ាអស់រយៈពេលជាង១០ឆ្នាំមកហើយនោះ ឧកញ៉ា ស៊ីវ គង់ទ្រីយល់ឃើញថាមិនមានអ្វីដែលខុសប្លែក ចំពោះការមានគោរមងារនេះទេ។ លោកបានពន្យល់បន្ថែមទៀតថា «សព្វថ្ងៃនេះ មានឧកញ៉ាសជាច្រើន...»។ លោកឧកញ៉ា ម៉ុង រិទ្ធី វាយតម្លៃថា «ការក្លាយខ្លួនជាឧកញ៉ា មិនបានធ្វើអោយមុខរបររកស៊ីរបស់អ្នកមានការផ្លាស់ប្តូរអ្វីឡើយ! ទាំងអស់នេះអាស្រ័យទៅតាមកាលៈទេសៈ។ ឧទាហរណ៍ខ្លួនខ្ញុំផ្ទាល់ ខ្ញុំបានក្លាយជាឧកញ៉ានៅឆ្នាំ១៩៩៦ ខណៈពេលដែលប្រទេសជាតិមិនទាន់មានសន្តិភាពពេញលេញនៅឡើយ»។ លោកបានបន្ថែមទៀតថា លោកបានចំណាយធនធានជិត៤លានដុល្លារ សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ទោះបីជាយើងមិនអាចប្រើគោរងារជាឧកញ៉ានេះ ទៅតាមទំនើងចិត្តរបស់យើងក៏ដោយ ក៏លោកទទួលស្គាល់ថា វាប្រៀបបានដូចជាជិះយន្តហោះលំដាប់ថ្នាក់លេខមួយ»។ ឋានានុក្រមឧកញ៉ា តើ «អ្នកឧកញ៉ា» មានទ្រព្យសម្បត្តិជាង «លោកឧកញ៉ា» រឺ? តាមមតិមួយចំនួន បុព្វបទ«អ្នក» បញ្ជាក់ថាមនុស្សនោះបានទទួលគោរមងារជាឧកញ៉ា តាំងពីយូរមកហើយ និងចូលរួមវិភាគទានជាអំណោយច្រើនជាង«លោកឧកញ៉ា» និង«ឧកញ៉ា»ផ្សេងៗទៀតដែរ។ ប៉ុន្តែ លោក ធៀន ម៉ៅ ប្រធាននាយកដ្ឋានគ្រឿងឥស្សរិយយសបានលើកឡើងថាអនុក្រឹត្យមិនបានបែងបែកភាពខុសគ្នាទេ។ «មនុស្សមួយចំនួនបានបំពោងគោរមងាររបស់ខ្លួន ដោយបន្ថែម ពាក្យ«អ្នក»នៅពីមុខ។ ប៉ុន្តែ នៅក្នុងអនុក្រឹត្យ មានតែពាក្យ «ឧកញ៉ា» ប៉ុណ្ណោះ...។ លោកបានអោយយោបល់ថា យើងត្រូវធ្វើការដើម្បីបង្កើតឋានានុក្រមឧកញ៉ា ដែលនឹងត្រូវកំណត់ទៅតាមចំនួនទឹកប្រាក់វិភាគទានរបស់ពួកគេចំពោះរដ្ឋ ជាមួយនឹងព្រះបរមរាជវាំង»។
ឈ្មោះឧកញ៉ាដ៏មានឥទ្ធិពលមួយចំនួន៖ -គិត ម៉េង ប្រធានសភាពាណិជ្ជកម្មភ្នំពេញ (CCPP)និងជាប្រធានក្រុមហ៊ុន Royal Group (រួមមាន ក្រុមហ៊ុនទូរស័ព្ទ Mobitel និងធនាគារ ANZ Royal -ម៉ុង រិទ្ធី សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា អនុប្រធានCCPP និងជាប្រធានក្រុមហ៊ុន ម៉ុង រិទ្ធី គ្រុប -ឡាវ ម៉េង ឃីម សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមហ៊ុន KT Pacific Group -សុខ គង់ ប្រធានកិត្តិយសCCPP និងជាអគ្គនាយកក្រុមហ៊ុនសូគីមិច និងជាទីប្រឹក្សារាជរដ្ឋាភិបាល -ម៉ែន សារុន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានCCPP និងជាប្រធាន ម៉ែន សារុន នីហរណ៍ អាហរណ៍
តារាងមេដាយ អនុក្រឹត្យបានកំណត់ថា អ្នកណាមានសិទ្ធិទទួលបានមេដាយអ្វី សម្រាប់ការស្ថាបនាជាតិ៖ -អំណោយជាថវិកានរឺសម្ភារៈ ដែលមានតម្លៃលើសពីមួយសែនដុល្លារ នឹងទទួលបានមេដាយមាស និងគោរមងារជាឧកញ៉ា -អំណោយ ចាប់ពី មួយម៉ឺនដល់មួយសែនដុល្លារ នឹងទទួលបានត្រឹមតែមេដាយមាសប៉ុណ្ណោះ -អំណោយ ចាប់ពី ៥០០០ ដល់ ១០ ០០០ដុល្លារ នឹងទទួលបានមេដាយប្រាក់ -អំណោយ ចាប់ពី ១០០០ ដល់ ៥០០០ដុល្លារ នឹងទទួលបានមេដាយសំរិទ្ធិ -អំណោចាប់ពី ៥០០ ដល់១០០០ នឹងទទួលបានវិញ្ញាបនបត្រចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី |