| ការថើបរបស់ស្ត្រីជនជាតិខ្មែរ ឈ្មោះ សម រាំងឌី : អ្នកណាៗក៏បានដឹងពី រឿងនេះដែរ |
| ααα Laurent Le Gouanvic (Ka-set) | |
| 10-12-2007 |
|
បបូរមាត់យក្សពណ៌ក្រហមទុំដាក់នៅលើទូទឹកកកពណ៌សមួយ ជាមួយនឹងអក្សរដែលសរសេរថា «ការនិយមបំផ្លាញវត្ថុសិល្បៈ » និង « ខ្ញុំលែងថើបវាទៀតហើយ » ត្រូវបានដាក់តាំងចាំទទួលស្វាគមន៍អ្នកបើកមើលស៊ីតអាំងទែរណែតនិងអ្នកចូលទស្សនាសារមន្ទីរ ឡាកូឡិចស្យុង ឡុំប៊ែរ (la Collection Lambert) ដែលសារមន្ទីរសិល្បៈសម័យទំនើប នៅតំបន់ អាវីញុង (ភាគខាងត្បូងប្រទេសបារាំង) ចាប់តាំងពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ ហើយបន្តរហូតដល់ថ្ងៃទី១៣ មករា ឆ្នាំ២០០៨។ នេះគឺជា រឿងមួយគួរអោយអស់សំណើចសម្រាប់អ្នកដែលបើកមើលស៊ីតនេះ ព្រោះថាផ្ទាំងរូបភាពនេះត្រូវបានដាក់បង្ហាញនៅលើគេហទំព័រតែម្តង។ បបូរមាត់ដ៏ទន់ និងបង្ហាញពីភាពងង៉ក់ បានរំលឹកពីកាយវិការមួយដែលត្រូវបានគេនិយាយល្បីសុះសាយនៅក្នុងវិស័យសិល្បៈសម័យថ្មី ៖ ថ្ងៃទី១៩ កក្កដា ២០០៧ នារីជនជាតិកម្ពុជាម្នាក់ដែលរស់នៅភាគខាងត្បូងនៃប្រទេសបារាំងឈ្មោះ សម រាំងឌី ដំបូងធ្វើដូចជាចង់រាំ រួច ស្រាប់តែទៅថើបផ្ទាំងគំនូរពណ៌សក្បុសមួយផ្ទាំងរបស់ Cy Twombly ដោយក្តីស្រលាញ់ ហើយបានបន្សល់ទុកនូវស្នាមបបូរមាត់ពណ៌ក្រហមនៅលើរូបនោះផងដែរ។ វិចិត្រករជនជាតិអាមេរិចដែលជាអ្នកគូរមួយរូបនោះ និងសារមន្ទីរ ឡាកូឡិចស្យុង ឡុំប៊ែរ ព្រមទាំងម្ចាស់កម្មសិទ្ធិផ្ទាំងគំនូរនេះ បានដាក់ពាក្យប្តឹងនារីម្នាក់នោះភ្លាមៗ ព្រោះថាផ្ទាំងគំនូរពណ៌សមុនពេលប្រលាក់នេះត្រូវបានគេវាយតម្លៃជាងពីរលានអឺរ៉ូ (ប្រមាណជាពីរលានប្រាំបីសែនដុល្លារ)។ ក្រោយពេលបញ្ចប់សវនាការដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានមក តុលាការសម្រេចផាកពិន័យជាទឹកប្រាក់ ១៥០០អឺរ៉ូ (ប្រហែលជា ២ ១០០ដុល្លារ) ជាថ្លៃសងជម្ងឺចិត្ត និងត្រូវធ្វើការចំនួន១០០ម៉ោង បម្រើប្រយោជន៍ទូទៅ ហើយរឿងនោះបានល្បីសុះសាយរហូតមកទល់បច្ចុប្បន្ន ខណៈពេលដែលស៊ីតអាំងទែរណែត ឡាកូឡិចស្យុង ឡុំប៊ែរ បានឆ្លៀតឱកាសរៀបចំការតាំងពិពណ៌រូបបបូរមាត់ និងបានបង្កើតវេទិកាជជែកពិភាក្សាលើប្រធានបទនេះ និងនៅលើប្លុកអាំងទែរណែត ដែលដំបូងឡើយវេទិកានេះត្រូវបានបង្កើតឡើងសម្រាប់តែប្រធានបទស្តីពីសិល្បៈប៉ុណ្ណោះ តែត្រូវបានសារមន្ទីរនេះឆ្លៀតឪកាសលើកឡើងពីរឿងស្នេហា ពីរឿងស្រ្តី និង...ប្រទេសកម្ពុជា។ គេបានស្តីបន្ទោសចំពោះការថើបបន្សល់នូវស្នាមបបូរមាត់ក្រហមនេះ។ យើងមានការសោកស្តាយណាស់ចំពោះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ព្រោះទឹកប្រាក់ទាំងនេះអាចយកទៅជួយផ្គត់ផ្គង់ដល់ការជីកអណ្តូងទឹកបានរាប់ពាន់ សម្រាប់បំពេញតម្រូវការរបស់«អ្នកភូមិ»។ គេបានស្រមើលស្រមៃអំពីអត្ថន័យដ៏ស៊ីជម្រៅនៃការថើបរបស់ស្រ្តីអត់មានការងារធ្វើអាយុជាង៣០ឆ្នាំរូបនេះ។ អ្នកធ្វើអត្ថាធិប្បាយអនាមិកម្នាក់បាននិយាយនៅលើស៊ីតអាំងទែរណែតស្តីពីវប្បធម៌មួយឈ្មោះ “Le Beau Vice “ ថា «គឺជាកម្លាំងជំរុញចិត្តអោយធ្វើ ជាទង្វើដែលបង្ហាញពីក្តីស្រលាញ់ និងជាការងុបងល់មួយ។ នេះគឺជាលើកទីមួយហើយដែលការងុបងល់នេះកើតមានឡើងក្រៅរង្វង់សាសនា និងវប្បធម៌។ ចំណែកឯអ្នកខ្លះទៀតនិយាយថា គឺជារឿងអាស្រូវ ហើយបានសើចចំអក និងវាយតម្លៃថាជា « ការបណ្តែតបណ្តោយជ្រុល» រឺនិយាយរហូតទៅដល់ថាជា «រឿងផ្លូវភេទ »។ កាសែត « លីបេរ៉ាស្យុង» និង«ឡឺ តង់» បានចុះផ្សាយពីហេតុការណ៍នេះជាមួយនឹងអត្ថបទកាសែតដ៏វែង និងដូចគ្នា ដែលមានចំណងជើងថា« ខ្ញុំលែងថើបវាទៀតហើយ » ដោយបាននិយាយអំពីដំណើរជីវិតរបស់ «ស្រ្តីជនជាតិខ្មែរម្នាក់នេះ ដែលមានការបញ្ចេញសំលេងស្រដៀងបែបប្រជាជនរស់នៅតំបន់ម៉ាកស៊ី»ថា នាងបានរត់ភៀសខ្លួនជាមួយឪពុកម្តាយចេញពីស្រុកកំណើតនៅក្នុងសម័យខ្មែរក្រហមនាឆ្នាំ១៩៧៦ ហើយចាប់តាំងពីពេលនោះមក នាងមិនដែលបានត្រលប់ទៅកាន់ប្រទេសកំណើតវិញទេ។ នាងក៏មិនដែលបានធ្វើការស្នើសុំចូលសញ្ជាតិបារាំងផងដែរ។ កាសែតប្រចាំថ្ងៃទាំងពីរនេះមានការប្រុងប្រយ័ត្នមិនធ្វើអត្ថាធិប្បាយភ្ជាប់ស្នាមថើបពណ៌ក្រហមនោះទៅនឹងរបួសដួងចិត្តដែលបន្សល់ទុកដោយរបប ប៉ុល ពត ឡើយ ផ្ទុយទៅវិញ កាសែតនេះគ្រាន់តែលើកឡើងពីដំណើរជីវិតរបស់ស្រ្តីវ័យ៣០ឆ្នាំដ៏សាមញ្ញម្នាក់ ដែលព្យាយាមស្វែងរកតំរុយដើម្បីឈានទៅរកអត្តសញ្ញាណរបស់ខ្លួន។ វាមិនប្រាកដថាការងារនេះនឹងអាចជួយដល់ការស្វែងរកអត្តសញ្ញាណរបស់នាងបាននោះទេ។ |