|
ប្រជាជនកម្ពុជាដែលបានរត់ភៀសខ្លួនមកតាំងទីលំនៅក្នុងទីក្រុងញូវយ៉ក បានចាកចេញពីទីក្រុង«ផ្លែប៉ោមធំ(Big Apple)» នេះបន្តិចម្តងៗដើម្បីទៅរស់នៅក្នុងសហគមន៍សំខាន់ជាងនេះដែលស្ថិតនៅរដ្ឋកាលីហ្វរនី រឺរដ្ឋម៉ាសាឈូសេត។ បន្ទាប់ពីការមកដល់ក្នុងតំបន់ប្រ៊ុង ក្នុងអំឡុងឆ្នាំ១៩៨០ពួកគេត្រូវប្រឈមមុខនឹងអំពើហឹង្សាមួយជាប្រចាំថ្ងៃ ដែលជាហេតុធ្វើអោយពួកគេមានបំណងរត់គេចពីសកម្មភាពទាំងនេះ។ អ្នកយកព័ត៌មានប្រចាំកាសែត New York Times ម្នាក់ បានទៅជួបជាមួយនឹងប្រជាជនចុងក្រោយនៃតំបន់«Little Cambodia » នាទីក្រុងញូវយ៉ក។ ប្រជាជនកម្ពុជារាប់រយនាក់បានមករស់នៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក នាដើមឆ្នាំ១៩៨០ក្នុងគោលបំណងស្វែងរកសន្តិភាព ជីវិតថ្មីមួយ កាងារមួយ ព្រមទាំងសាលារៀនសម្រាប់កូនៗរបស់ពួកគេ។ ពួកគេបានរត់ភៀសខ្លួនចេញពីប្រទេសកំណើតរបស់ខ្លួន ដែលត្រូវបានបំផ្លិចបំផ្លាញអស់រយៈពេលជិត៤ឆ្នាំ ក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហម ហើយនឹងកំពុងតែស្ថិតក្រោមការត្រួតត្រារបស់កងទ័ពប្រទេសវៀតណាម ដែលជាប្រទេសជិតខាង។ ប៉ុន្តែ លោក David Shaftel អ្នកយកព័ត៌មានម្នាក់ប្រចាំកាសែតNew York Times បានគូសបញ្ជាក់នៅក្នុងអត្ថបទមួយដែលមានចំណងជើងថាពី «Little Cambodia» មកជា«Big Apple» យ៉ាងដូច្នេះថា ការស្រមៃរបស់ជនជាតិអាមេរិក បានប្រែក្លាយទៅជាសុបិន្តអាក្រក់មួយយ៉ាងឆាប់រហ័ស។ នៅក្នុងចំណោមជនភៀសខ្លួនទាំងនេះ ភាគច្រើនបានរស់នៅក្នុងសង្កាត់ជាច្រើនដែលមានកេរ្តិ៍ឈ្មោះអាក្រក់ នោះគឺ តំបន់ប៊្រុង។ ប្រជាជនកម្ពុជារស់នៅទីក្រុងញូវញ៉ក បានរត់គេចខ្លួនចេញពីក្នុងនរក បែរជាមកជួបនរកមួយផ្សេងទៀត ព្រោះថានៅទីនោះសំបូរទៅដោយអំពើហឹង្សា បទឧក្រិដ្ឋផ្សេងៗ ភាពអត់ការងារធ្វើ រួមទាំងប្រព័ន្ធអប់រំមិនមានគុណភាពល្អទៀតផង។ ផ្ទុយស្រឡះពីសហគមន៍សំខាន់ៗដែលស្ថិតនៅរដ្ឋកាលីហ្វរនី រដ្ឋម៉ាសាឈូសេត រឺមួយក៏រដ្ឋមីនណេសសូតា (Minnesota) ជនជាតិខ្មែររស់នៅទីក្រុងញូវយ៉កដ៏តិចតួចទាំងនេះ មិនអាចសម្រេចបានជោគជ័យក្នុងការរៀបចំនូវប្រព័ន្ធនៃការជួយគ្នាទៅវិញទៅមកបាននោះឡើយ ពួកគេត្រូវរស់នៅឆ្ងាយពីក្រុមគ្រួសារហើយនឹងត្រូវប្រឈមមុខជាមួយនឹងការលំបាកប្រចាំថ្ងៃទៀតផង។ លោក David Shaftel បានចុះទៅជួបប្រជាជននៅផ្លូវសំខាន់ឈ្មោះ Fordham Road នៃតំបន់រស់នៅរបស់ប្រជាជនខ្មែរក្នុងទីក្រុងញូវយ៉ក ហើយលោកបានពន្យល់ថាតំបន់«Little Cambodia» នេះមានចំនួនប្រជាជនកម្ពុជារស់នៅកាន់តែតិចទៅៗ។ ចន្លោះឆ្នាំ ១៩៩៩និងឆ្នាំ២០០០ ចំនួនប្រជាជនកម្ពុជានៅក្នុងទីក្រុងនេះបានថយចុះជាង៣០%។ ភាគច្រើនបានផ្លាស់ទីលំនៅទៅរស់នៅក្នុងសហគមន៍នាទីក្រុង ឡូអិនជឺឡេស ឡុងប៊ិច ស្តុកតុង (ក្នុងរដ្ឋកាលីហ្វនី) រឺក៏រស់នៅទីក្រុងមីននីប៉ូលី (Minneapolis) ក្នុងរដ្ឋមីនណេសសូតា ដែលប្រមូលផ្តុំទៅដោយប្រជាជនខ្មែរ-អាមេរិករាប់ម៉ឺននាក់រស់នៅ។ បច្ចុប្បន្ននេះ ថ្វីត្បិតតែតំបន់ប្រ៊ុងលែងជាតំបន់ដ៏គ្រោះថ្នាក់សំបូរដោយជនខិលខូចដូចកាលពីមុនក៏ដោយ ក៏តំបន់«Little Cambodia» នៃទីក្រុងញូវយ៉កមានចំនួនប្រជាជនកម្ពុជារស់នៅប្រហែលត្រឹមតែមួយពាន់នាក់តែប៉ុណ្ណោះ។ ពួកអ្នកទាំងនោះមិនមានមធ្យោបាយក្នុងការចាកចេញ រឺក៏មិនមានភ័ព្វសំណាងក្នុងការស្វែងរកគ្រួសារនៅទីកន្លែងផ្សេងទៀត។
សូមអាន - « Little Cambodia, Growing Still Littler » អត្ថបទជាភាសាអង់គ្លេសរបស់លោក David Shaftel ចេញផ្សាយកាលពីថ្ងៃទី ២០ មករា ឆ្នាំ២០០៨ ក្នុងកាសែត New York Times -«Profile of Cambodian-Americans » អត្ថបទជាភាសាអង់គ្លេស ស្តីអំពីលទ្ធផលនៃការសិក្សាពីប្រជាជន ទាក់ទងនឹងប្រជាជនអាមេរិកដើមកំណើតកម្ពុជា ដែលត្រូវចេញផ្សាយនៅលើស៊ីតអាំងទែរណែត Asian American Press
|