| សាលាក្តីខ្មែរក្រហមៈ សហមេធាវីរបស់ខៀវ សំផន ដកបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាឃុំខ្លួន បណ្តោះអាសន្ន |
| ααα កាសែត | |
| 10-10-2008 |
|
សហមេធាវីរបស់អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហម បានសម្រេចដកពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាឃុំខ្លួនបណ្តោះអាសន្នរបស់កូនក្តីរបស់ពួកគាត់ ដែលបានដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០០៧ នៅចំពោះមុខអង្គបុរេជំនុំជម្រះ។ ពួគគាត់បានបញ្ជាក់អំពីមូលហេតុនៃការដកពាក្យបណ្តឹងនេះថា លោកខៀវ សំផនមានសុខភាពមិនល្អ ហើយកាន់តែចាស់ទៅហើយ (៧៧ឆ្នាំ) ដូច្នេះ «នៅក្នុងរឿងក្តីរបស់គាត់ ភាពចាំបាច់អោយមាននីតិវិធីឆាប់រហ័សគឺជាអាទិភាពដាក់ខាតមួយ»។
នៅក្នុងសេចក្តីជូនដំណឹងអំពីការដកបណ្តឹងឧទ្ធរណ៍ ចុះថ្ងៃទី៨ តុលា លោក ស សូវាន និងលោក Jacques Vergès បានទទួលស្គាល់ថាអង្គបុរេជំនុំជម្រះមានដំណើរការយឺតយ៉ាវក្នុងការសម្រេចចិត្តចំពោះសំណើរនេះ បើទោះបីជាមានភាពបន្ទាន់ដ៏ជាក់ច្បាស់ក៏ដោយ។ «អង្គបុរេជំនុំជម្រះមិនបានផ្តល់ពីមូលហេតុអាចយកជាការបានណាមួយឡើយ ដើម្បីពន្យល់ដោះសារអំពីភាពយឺតយ៉ាវនេះ បើទោះបីជាការរំលោភបំពានដ៏ជាក់ស្តែងទៅលើសិទ្ធិរបស់ជនត្រូវចោទ ដើម្បីអោយរឿងក្តីរបស់ខ្លួនទទួលបានការជំនុំជម្រះក្នុងរយៈពេលមួយសមស្របក៏ដោយ»។
ក្រុមការពារក្តីរបស់ខៀវ សំផនបានបន្ថែមទៀតថា ខ្លួនគ្មានជម្រើសណាផ្សេង ក្រៅពីសុំទៅសហចៅក្រមស៊ើបអង្កេត ដើម្បីធានានូវសិទ្ធិរបស់លោកខៀវ សំផន ហើយស្នើសុំអោយដោះលែងរូបគាត់ជាបន្ទាន់។ |