| នាយករដ្ឋមន្រ្តីថៃនៅតែមកបំពេញទស្សនកិច្ចនៅកម្ពុជា |
| ααα រស់ ឌីណា | |
| 10-10-2008 |
យោងតាមសេចក្តីជូនព័ត៌មានមួយរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ចុះនៅថ្ងៃសុក្រ ទី ១០ តុលា លោក ស៊ុមឆាយ វង្សសាវ៉ាត (Somchai Wongsawat) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៨ តាមការអញ្ជើញរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ស៊ុមឆាយ វង្សសាវ៉ាត នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ លោកក៏នឹងអញ្ជើញចូលជួបសំដែងការគួរសមជាមួយសម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជួបពិភាក្សាផ្លូវការជាមួយសម្តេច ហ៊ុន សែន ជុំវិញបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដែលបានកើតមានឡើងតាំងពីថ្ងៃទី១៥ ខែកក្កដាកន្លងមកនេះ។
|