| សមាជិកគណៈកម្មការជំនាញទាំង៩នៃរដ្ឋសភានឹង មិនមានឈ្មោះតំណាងរាស្រ្តគណបក្សប្រឆាំងសមរង្ស៊ីទេ |
| ααα ដួង សុខា | |
| 09-10-2008 |
|
គណបក្សប្រឆាំងសម រង្ស៊ី បានជំរាបដល់រដ្ឋសភាថា ខ្លូននឹងមិនបញ្ជូនឈ្មោះអ្នកតំណាងរាស្រ្តគណបក្សរបស់ខ្លួន ទៅធ្វើជាសមាជិកគណៈកម្មការជំនាញទាំង៩ នៃរដ្ឋសភាទេ។
នៅក្នុងលិខិតមួយចុះថ្ងៃពុធ ទី៨ តុលា ផ្ញើជូនសម្តេចហេង សំរិន ប្រធានរដ្ឋសភា លោកយឹម សុវណ្ណ ប្រធានក្រុមអ្នកតំណាងរាស្រ្ត ក្រុម «ក» និងជាអ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ និងលោកស្រីមូរ សុខហួរ ប្រធានក្រុមអ្នកតំណាងរាស្រ្តស្តីទី ក្រុម «ខ» និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពត បានជម្រាបជូនសម្តេចថា « ដោយសារការរៀបចំថ្នាក់ដឹកនាំគណៈកម្មការជំនាញនានានៃរដ្ឋសភាកន្លងមក មិនបានពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំនៃគណបក្សសម រង្ស៊ី យើងខ្ញុំយល់ឃើញថាគណបក្សមិនចាំបាច់បញ្ជូនឈ្មោះអ្នកតំណាងរាស្រ្តរបស់ខ្លួន ទៅធ្វើសមាជិកគណៈកម្មការជំនាញទាំងនោះឡើយ»។
លោកស្រីមូរ សុខហួរ អគ្គលេខាធិការរងគណបក្សសម រង្ស៊ី បានបញ្ជាក់ប្រាប់ កាសែត នៅថ្ងៃព្រហស្បតិ៍ នេះថា តាមគោលការណ៏ប្រជាធិបតេយ្យ សេរីពហុបក្ស ការបែងចែកតំណែងអនុប្រធានរដ្ឋសភា ប្រធាន និងអនុប្រធានគណៈកម្មការជំនាញរដ្ឋសភាត្រូវធ្វើទ្បើងទៅតាមតុល្យភាព សមាមាត្រនៃគណបក្សដែលមានសម្លេងនៅក្នុងសភា ទាំងក្នុងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល។
គណបក្សសម រង្ស៊ីដែលទទួលបានអាសនៈសភាចំនួន២៦នៅអាណត្តិទី៤នេះ ធ្លាប់បានទទួលតំណែងជាប្រធានគណៈកម្មការសភាចំនួនពីរកាលពីអាណត្តិទី៣ គឺគណៈកម្មការមហាផ្ទៃ ការពារជាតិ បោសសំអាត និងប្រឆាំងអំពើពុករលួយ និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ និងព័ត៌មាន។
បន្ទាប់ពីការបោះឆ្នោតជាកញ្ចប់ដោយលើកដៃរបស់គណបក្សប្រជាជនកម្ពុជា គណបក្សហ៊ុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឫទ្ធិ កាលពីថ្ងៃទី២៥ កញ្ញា ២០០៨ ទាំងប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងប្រាំបួននៃរដ្ឋសភានៅនីតិកាលទី៤នេះ សុទ្ធតែចេញមកពីមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីថ្ងៃទី២៧ កក្កដាកន្លងមក ចំនួន៩០អាសនៈ។ |