| ព្រះវិហារៈ ថៃអះអាងជាថ្មីពីការគាំទ្ររបស់ខ្លួន កម្ពុជាបញ្ជាក់ពីការធានា |
| ααα ឈាង បុប្ផា | |
| 06-05-2008 |
|
ការចរចាររវាងគណៈប្រតិភូថៃ ដែលដឹកនាំដោយលោក វីរ៉ាសាក់ឌី ហ្វូត្រាគុល (Virasakdi Futrakul) លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេស និង គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយលោកសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានធ្វើឡើងពេញមួយថ្ងៃ ប្រកបដោយផ្លែផ្កា។ លោក ផៃ សុផាន់ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ ក្រោយពេលបញ្ចប់កិច្ចប្រជុំថា ភាគីខាងប្រទេសថៃបានអះអាងសាជាថ្មីថានឹងគាំទ្រប្រទេសកម្ពុជា ក្នុងការចុះបញ្ជីប្រាសាទព្រះវិហារទៅក្នុងបេតិកភណ្ឌពិភពលោក។ ភាគីថៃមានការព្រួយបារម្ភថា ក្រោយពេលដែលប្រាសាទត្រូវបានទទួលស្គាល់ជា«បេតិកភណ្ឌមនុស្សជាតិ» ជម្លោះព្រំសីមានៅក្នុងតំបន់នេះនឹងកើតមានឡើង ព្រោះសេចក្តីសម្រេចនេះនឹងផ្តល់ផលចំណេញដល់ប្រទេសកម្ពុជា ហើយគេពិតជាទទួលស្គាល់ថាទឹកដីត្រង់តំបន់នេះគឺជាកម្មសិទ្ធិរបស់កម្ពុជា។ ប៉ុន្តែ លោកផៃ សុផាន់ បានរាយការណ៍ថា ប្រទេសកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ត្រង់ចំណុចនេះថា ការចុះបញ្ជីប្រាសាទ តាមរយៈអង្គការយូណេស្កូ គឺជារឿងមួយដោយឡែក ពីកិច្ចការខណ្ឌព្រំសីមា។ សេចក្តីប្រកាសព័ត៌មានរួមមួយត្រូវបានផ្សព្វផ្សាយ ដើម្បីប្រកាសប្រាប់ជាផ្លូវការពីលទ្ធផលនៃជំនួបពិភាក្សានេះ។ ភាគីទាំងពីរនឹងបន្តការពិភាក្សា ទាក់ទងនឹងបញ្ហាបោះបង្គោលព្រំដែន តាមរយៈគណៈកម្មាការចំរុះព្រំដែនដីគោកកម្ពុជា-ថៃ។
|