| មន្ត្រីស្មោះត្រង់គណបក្សសម រង្ស៊ី លាតត្រដាងពីការ អូសទាញអោយចូលគណបក្សប្រជាជន |
| ដោយ Duong Sokha | |
| 12-05-2008 |
|
គណបក្សសម រង្ស៊ីបានបង្ហាញសាក្សីមួយចំនួនដែលបានអះអាងថាត្រូវបានសមាជិកគណបក្សប្រជាជនកម្ពុជា និងអតីតសមាជិកដែលបានចាកចេញពីបក្សធ្វើការអូសទាញនិងគំរាមកំហែងអោយចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយមានការស្នើជាមុខតំណែងនិងប្រាក់កាស។ នៅឯសន្នីសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី១២ ឧសភា នៅទីស្នាក់គណបក្ស លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានសរសើរនិងបង្ហាញមុខមន្រ្តីស្មោះត្រង់របស់ខ្លួន ចំនួន៩នាក់ ក្នុងចំណោម៤១នាក់ ភាគច្រើនជាមន្រ្តីជាប់ឆ្នោតឃុំ នៅតាមខេត្តក្រុងចំនួន៨ ដែលបដិសេធមិនព្រមចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បើទោះបីជាមានការអូសទាញរឺសម្លុតគំរាមកំហែងយ៉ាងណា។ លោក សម រង្ស៊ី បានសំដែងក្តីរីករាយថា គណបក្សសម រង្ស៊ីមានមោទនភាពណាស់ ដោយសារតែយើងមានតម្លៃ។ គណបក្សប្រជាជនកម្ពុជាមិនដែលហៅអ្នកផ្សេងក្រៅពីគណបក្សសម រង្ស៊ីទេ ព្រោះគេអោយតម្លៃយើង។ លោកក៏បានថ្លែងអំណរគុណដល់គណបក្សប្រជាជនកម្ពុជា ដែលបានជួយសំអាតគណបក្សរបស់លោក ដោយព្រមទទួលមន្ត្រីមួយចំនួនចេញពីបក្ស។ ប៉ុន្តែ ទោះជាយ៉ាងណា លោកក៏មិនបានភ្លេចគុណអ្នកចាកចេញទាំងនោះ ដែលធ្លាប់ធ្វើអំពើល្អ និងសាងអនុស្សារវីយ៍ជាមួយបក្សកន្លងមក។ អ្នកស្រី ពៅ ហេង ជំទប់ទីពីរឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានរាយការណ៍ថាមានមន្រ្តីគណបក្សប្រជាជនកម្ពុជាបានអូសទាញអ្នកស្រីតាមទូរស័ព្ទជាច្រើនដង ដោយសន្យានឹងផ្តល់ជាលុយកាស តែត្រូវបានលោកស្រីបដិសេធ ដោយសារលោកស្រីបាត់បង់កូនស្រីពីរនាក់ជាកម្មករ ដែលត្រូវបានសម្លាប់នៅក្នុងបាតុកម្មនៅមុខរដ្ឋសភា កាលពីថ្ងៃទី ៣០មីនា ១៩៩៧។ ចំពោះការចាកចេញនេះ សម្តេចនាយករដ្ឋមន្ត្រីធ្លាប់បានថ្លែងថា គណបក្សរបស់សម្តេចមិនមានវប្បធម៌ទិញដូរមនុស្សនោះទេ ដោយសម្តេចអំពាវនាវ ឈប់អោយគណបក្សនយោបាយថាអ្នកទាំងនោះជាអ្នកលក់ខ្លួន។
|