| មេធាវីរបស់អៀង សារីទាមទារការសម្រាករាល់សវនាការ៩០នាទី |
| ααα ឈាង បុប្ផា | |
| 08-05-2008 |
|
សវនាការលើបណ្តឹងឧទ្ធរណ៍ចំពោះដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នរបស់អៀងសារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម នឹងធ្វើឡើងជាសាធារណៈនៅថ្ងៃទី ៣០ មិថុនា នៅអង្គបុរេជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហម។ លោកអាង ឧត្តម សហមេធាវីរបស់លោកអៀង សារី ដែលមានការព្រួយបារម្ភអំពីសុខភាពរបស់កូនក្តីរបស់លោកបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី ៨នេះថា កូនក្តីរបស់លោកប្រហែលជាមិនអាចចូលរួមក្នុងសវនាការបានទេ រឺបើអាចចូលរួមបាន ត្រូវមានលក្ខខណ្ឌមួយចំនួន។ លោកមេធាវីអះអាងថា «លោក អៀង សារីមិនអាចអង្គុយបានច្រើនជាងមួយម៉ោងកន្លះទេ។ គាត់ឈឺឆ្អឹងខ្នង។» លោកសហមេធាវីបញ្ជាក់ថាលោកនឹងគិតធ្វើសំណើរថ្មីមួយ ទៅអង្គបុរេជំនុំជម្រះដើម្បីសុំអោយមានការសម្រាករាល់៩០នាទីម្តងក្នុងសវនាការ។ ការសម្រាកធ្វើឡើងដើម្បីសម្របទៅតាមសុខភាពកូនក្តីរបស់លោក។
កាលពីថ្ងៃទី១៣ ខែមិនា សហមេធាវីរបស់លោកអៀងសារី បានធ្វើសំណើរមួយទៅអង្គបុរេជំនុំជម្រះអោយចេញដីកាណែនាំដល់សហចៅក្រមស៊ើបអង្កេត ដើម្បីអនុញ្ញាតិអោយអៀងសារី បានសម្រាកព្យាបាលខ្លួននៅមន្ទីរពេទ្យ។ ចាប់តាំងពីការឃុំខ្លួនដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ២០០៧ លោកអតីតមន្ត្រីការបរទេសរបស់ប៉ុល ពត ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួនប្រាំពីរដង។ លោកមេធាវីបានរម្លឹកថា កូនក្តីរបស់លោកមានជម្ងឺបេះដូង តម្រងនោម និងឆ្អឹងខ្នង។ លោកអាង ឧត្តម សោកស្តាយថា «គាត់កាន់តែខ្សោយទៅៗ និយាយតិចជាងមុន។ គាត់បានស្រកទម្ងន់អស់៨គីឡូក្រាម ចាប់តាំងពីគាត់ត្រូវបានចាប់ខ្លួន។ ប្រសិនជាគាត់អាចសម្រាកព្យាបាលនៅមន្ទីរពេទ្យ គាត់ប្រហែលជាអាចមានសុខភាពល្អគ្រាន់បើ ដើម្បីអាចចូលរួមបានយូរនៅក្នុងសវនាការ។ ប៉ុន្តែ រាល់សំណូមពររបស់ពួកយើងត្រូវបានគេរុញច្រានចោល។» ជាទីបញ្ចប់ លោកមេធាវីអាង ឧត្តម បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូនក្តីរបស់ខ្លួនមិនទាន់ឆ្លើយសំណួរណាមួយរបស់ចៅក្រមស៊ើបអង្កេតនៅឡើយទេ។ លោកមេធាវីចោទសួរខ្លួនឯងថា «ប្រហែលជាគាត់មិនចង់ និយាយអំពីសកម្មភាពពីអតីតកាលរបស់គាត់ ហើយប្រហែលជាមិននិយាយរហូតដល់ទីបញ្ចប់...។»
ម្យ៉ាងវិញទៀត អង្គបុរេជំនុំជម្រះបានសម្រេចកាលពីថ្ងៃទី ៦ ឧសភា លុបចោលសវនាការអសាធារណៈសម្រាប់លោកនួន ជា ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា។ ដោយមានការយល់ស្របពីសហមេធាវីការពារក្តី បណ្តឹងឧទ្ធរណ៍នេះនឹងធ្វើឡើង តាមរយៈការឆ្លើយឆ្លងជាលាយលក្ខអក្សរ។ លោកសួន អារុណ មេធាវីការពារក្តីរបស់លោកនួន ជាបានជូនដំណឹងទៅអង្គបុរេជំនុំជម្រះថាដៃគូដែលជាមេធាវីបរទេសទាំងពីររបស់គាត់មិនអាចមកចូលរួមនៅក្នុងសវនាការបានទេ។
|