| ប្រទេសកម្ពុជាបិទច្រកព្រំដែនកម្ពុជានៅប្រាសាទព្រះវិហារ ដើម្បីរង់ចាំស្ថានការណ៍ស្ងប់ស្ងាត់ |
| ααα ដួង សុខា | |
| 24-06-2008 |
|
អាជ្ញាធរកម្ពុជាបានសម្រេចបិទច្រកព្រំដែនជាបណ្តោះអាសន្ននៅប្រាសាទព្រះវិហារ កាលពីល្ងាចថ្ងៃអាទិត្យ ទី២២ មិថុនា។
លោក វ៉ា គីមហុង ប្រធានគណៈកម្មាធិការដោះស្រាយវិវាទព្រំដែនកម្ពុជាបានអះអាងប្រាប់នៅថ្ងៃអង្គារ ទី២៤ មិថុនានេះថា «កាលពីល្ងាចថ្ងៃអាទិត្យ ក្រុមបាតុករថៃប្រមាណ១០០នាក់ រួមមានព្រះសង្ឃ ទាហានឈុតខ្មៅ តំរួត បានធ្វើការតវ៉ា នៅមុខច្រកចូលប្រាសាទ ប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួន (ដែលគាំទ្រការដាក់ប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក) ដោយទាមទារយកប្រាសាទព្រះវិហារមកគ្រប់គ្រង ។ ដូច្នេះ ដើម្បីធានាសុវត្ថិភាពដល់អ្នកទេសចរខ្មែរ អាជ្ញាធរបានសម្រេចបិទច្រកព្រំដែនកម្ពុជាបណ្តោះអាសន្ន។ ការបិទនេះមិនប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនោះទេ»។ លោកបានគូសបញ្ជាក់ថា បំរាមនេះនឹងត្រូវលើក នៅពេលដែលស្ថានការណ៍មានភាពល្អប្រសើរឡើងវិញ។
ផ្អែកតាមការសង្កេតរបស់លោក ប៊ុន វណ្ណា មេបញ្ជាការរងកងការពារព្រំដែនគោក៤០៤ ចំណុះអោយយោធភូមិភាគ៤ ការតវ៉ាពីសំណាក់ភាគីថៃហាក់មានភាពស្ងប់ស្ងាត់ចាប់តាំងពីថ្ងៃច័ន្ទ ម្សិលមិញមក។
ទោះយ៉ាងណាក៏ដោយ សារព័ត៌មានថៃហាក់មិនផ្សព្វផ្សាយពីសុទិដ្ឋិនិយមចំពោះបញ្ហាប្រាសាទព្រះវិហារនោះទេ ដោយបន្តចេញផ្សាយពីការចោទប្រកាន់ជាច្រើនហូរហែពីសំណាក់អ្នកនយោបាយនិងប្រជាពលរដ្ឋថៃ ទៅលើរដ្ឋាភិបាលរបស់ខ្លួន ដែលពួកគេបានចោទប្រកាន់ថាបានបោះបង់នូវអធិបតេយ្យភាពស្តីពីប្រាសាទនេះ ដែលមានអាយុច្រើនសតវត្សមកហើយ។
កាលពីម្សិលមិញនេះ សារព័ត៌មានប្រចាំថ្ងៃជាភាសាអង់គ្លេស The Nation ដែលមានមូលដ្ឋាននៅបាងកក បានរាយការណ៍ថា នៅថ្ងៃអង្គារទី២៤ មិថុនានេះ ក្រុមសិល្បៈ សមាជិកព្រឹទ្ធសភា និងអ្នកនិពន្ធថៃជាង៣០០នាក់ ត្រូវប្រគល់ញ្ញត្តិមួយជូនអង្គការយូណេស្កូ ដើម្បីរារាំងកុំអោយអង្គការនេះទទួលយកនូវសំណើររបស់កម្ពុជា ក្នុងការដាក់បញ្ជូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ត្រូវជួបប្រជុំគ្នាចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ នៅទីក្រុងកេបិច ដើម្បីសម្រេចលើការស្នើសុំដាក់បញ្ជូលប្រាសាទទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលធ្វើឡើងដោយប្រទេស៤១ ជាសមាជិក នៃអនុសញ្ញាបេតិកភណ្ឌពិភពលោក។ |