| ដំណើរការប្តឹងជំទាស់លទ្ធផលបោះឆ្នោតទៅកាន់ សហគមន៏អន្តរជាតិរបស់ គណបក្សប្រឆាំងទាំងពីរបានចាប់ផ្តើម |
| ααα ដួង សុខា | |
| 03-09-2008 |
នៅយប់ថ្ងៃពុធ ទី៣ កញ្ញានេះ លោកសម រង្ស៊ី នឹងធ្វើដំណើរទៅកាន់ទ្វីបអឺរុប ដើម្បីតវ៉ាទៅនឹងលទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទីបួន កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងមក អោយប្រទេសទាំងនោះជួយអន្តរាគមន៏ និងកុំទទួលស្គាល់លទ្ធផលបោះឆ្នោត។ ការប្តឹងតវ៉ាទៅកាន់សហគមន៏អន្តរជាតិនេះធ្វើទ្បើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានច្រាលចោលពាក្យបណ្តឹងរបស់គណបក្ស។
គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានបរិហារពីភាពមិនប្រក្រតីនៃការបោះឆ្នោតនេះ ដូចជាការលុបឈ្មោះអ្នកមានសិទ្ធិបោះឆ្នោត ការបន្លំឯកសារទម្រង់១០១៨ និងឈ្មោះស្ទួនជាដើម ហើយនៅតែបន្តប្រឆាំងជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោត ដែលកាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជាផ្លូវការ។
សេចក្តីប្រកាសនៃការចាកចេញទៅកាន់ទ្វីបអឺរុបនេះ ធ្វើឡើងនាព្រឹកថ្ងៃពុធនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីស្នាក់ការគណបក្សសិទ្ធិមនុស្ស នាទីក្រុងភ្នំពេញ ដោយមានធ្វើពិធីតាំងបង្ហាញឯកសារនិងភាពមិនប្រក្រតីមួយចំនួន។ លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ីបានថ្លែងថា «យើងនឹងទៅកាន់ទីក្រុងប៉ារីស និងប្រ៊ុចសែល ដើម្បីប្តឹងពីករណីនេះ ពីព្រោះយើងមានឯកសាររឹងមាំដែលបង្ហាញថាការបោះឆ្នោតនេះមិនត្រឹមត្រូវ។ យ៉ាងតិចណាស់ ប្រជាពលរដ្ឋខ្មែរមួយលាននាក់ដែលមិនគាំទ្រគណបក្សប្រជាជនកម្ពុជា និងមានសិទ្ធិបោះឆ្នោតនោះ មិនបានបោះឆ្នោត ដោយសារឈ្មោះរបស់ពួកគាត់ត្រូវបានលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត ដែលការលុបនេះមានលក្ខណៈជាប្រព័ន្ធ»។
លោកគូសបញ្ជាក់ថានឹងបង្ហាញភស្តុតាងនៃភាពមិនប្រក្រតី ទៅដល់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ លោកបានអះអាងថាលោកនឹងជួលមេធាវីអន្តរជាតិនៅតាមប្រទេសនីមួយៗក្នុងការការពារពាក្យបណ្យឹង ដើម្បីកុំអោយប្រទេសទាំងនោះទទួលស្គាល់លទ្ធផលបោះឆ្នោត។
កាលពីថ្ងៃអង្គារ៍ម្សិលមិញ លោកសម រង្ស៊ី អ្នកតំណាងរាស្រ្តជាប់ឆ្នោតជាថ្មី ប្រចាំមណ្ឌលកំពង់ចាម ក៏បានសរសេរលិខិតថ្វាយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បីយាងព្រះអង្គមកដោះស្រាយបញ្ហាជាតិ ដូចជាការបោះឆ្នោតកន្លងមក និងការឈ្លានពានរបស់ប្រទេសជិតខាងមកលើបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា។ មេដឹកនាំគណបក្សប្រឆាំងរូបនេះ បានរម្លឹកពីស្នាព្រះហស្ថរបស់អតីតព្រះមហាក្សត្រ ដែលបានការពារបូរណភាពទឹកដី ដូចជាការទាមទារយកប្រាសាទព្រះវិហារ ពីប្រទេសថៃ កាលពីឆ្នាំ១៩៦២ជាដើម។
លោកសម រង្ស៊ីបានអះអាងថា «ឥឡូវនេះ បញ្ហាជាតិរបស់យើងគឺធ្ងន់ធ្ងរណាស់ ទាំងក្នុងនិងក្រៅប្រទេស។ គណបក្សសម រង្ស៊ី និង គណបក្សសិទ្ធិមនុស្សនឹងមិនចូលរួមប្រជុំសភាទេ។ មានតែព្រះអង្គទេ ដែលជាព្រះបិតាឯករាជ្យជាតិ បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ បូរណភាពទឹកដី និងបានលាយព្រះហស្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អាចដើរតួនាទី (មិនមែនថាធ្វើនយោបាយ) ដើម្បីស្វែងរកដំណោះស្រាយលើរឿងការបោះឆ្នោត ដើម្បីអោយសភាខ្មែរតំណាងអោយប្រជាពលរដ្ឋខ្មែរទាំងមូល»។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងជាតំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលកំពង់ចាម ដែលគ្រោងធ្វើដំណើរនៅថ្ងៃស្អែក រឺខានស្អែកទៅកាន់ទ្វីបអឺរ៉ុបដែរនោះ ក៏បានប្រកាសដែលថាគណបក្សទាំងពីរនឹងបន្តការតវ៉ាជាប្រវត្តិសាស្រ្ត លុះត្រាណាតែមានការដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតនេះ។
|