| ប្រាសាទព្រះវិហារ:ក្រុមការងារកម្ពុជាបានទៅដល់ទីក្រុង កេប៊ិចស្របពេលបញ្ហាថ្មីកំពុងផ្ទុះឡើងនៅប្រទេសថៃ |
| ααα ដួង សុខា | |
| 30-06-2008 |
លោក ផៃ ស៊ីផាន់ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា ទទួលបន្ទុកកិច្ច ការប្រាសាទព្រះវិហារបានប្រកាសថា ប្រទេសកម្ពុជាកំពុងត្រៀមខ្លួនទទួល «ការប្រកាសជាផ្លូវការ»របស់គណៈកម្មាការធិការបេតិកភណ្ឌពិភពលោកក្នុងការ ដាក់ប្រាសាទហិណ្ឌូកម្ពុជានេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បើទោះ បីមានអធិបញ្ជារបស់តុលាការរដ្ឋបាលថៃបង្គាប់អោយរដ្ឋាភិបាលខ្លួនផ្អាក ការគាំទ្រសំណើរបស់ភាគីកម្ពុជា។
នៅថ្ងៃច័ន្ទនេះ លោក ផៃ ស៊ីផាន់ បានមានប្រសាន៍តាមទូរស័ព្ទថា «យើងមិន ឆ្លើយឆ្លងទៅនឹងអី្វដែលកើតទើ្បងនៅព្រះរាជាណាចក្រថៃទេ។ យើងបាន បង្ហាញពីគោលជំហរយើងរួចហើយ។ យើងបានបំពេញនូវកាតព្វកិច្ចរបស់យើង ដោយផ្ញើរបាយការណ៍ស្តីពីការអភិរក្សប្រាសាទ និងផែនទីថ្មីរបស់ប្រាសាទ»។ លោកបានគូសបញ្ជាក់ថា លោកមិនធ្វើអត្ថាធិប្បាយជុំវិញព្រឹត្តិការណ៍ចុងក្រោយនៅប្រទេសថៃនេះទេ។
កាលពីថ្ងៃសៅរ៍ ទី២៨ មិថុនា ចៅក្រម៩រូបក្នុងចំណោម១២រូបនៃតុលាការ រដ្ឋបាលថៃបានផ្តល់ការសន្និដ្ឋានថា រដ្ឋាភិបាលថៃមិនអាចគាំទ្រសំណុំរឿង របស់កម្ពុជាក្នុងការដាក់ប្រាសាទព្រះវិហារ ចូលក្នុងបេតិកភណ្ឌពិភពលោកបានទេ ដរាបណាការត្រួតពិនិត្យបង្គោលព្រំដែននៃប្រទេសទាំងពីរមិនទាន់បញ្ចប់។ តុលាការរដ្ឋបាលបានបង្គាប់អោយរដ្ឋាភិបាលលោកសាម៉ាក់ ស៊ុនដារ៉ាវិច ផ្អាកការគាំទ្រសំណើនេះ។ប្រទេសកម្ពុជានឹងលើកបង្ហាញសំណើនេះ នៅក្នុងអំទ្បុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុង កេប៊ិច ប្រទេសកាណាដា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ កក្កដាខាងមុខ។
សេចក្តីសំរេចរបស់តុលាការរដ្ឋបាលថៃធ្វើទ្បើងបន្ទាប់ពីមានការតវ៉ាជាច្រើនរបស់ គណបក្សប្រឆាំងថៃ ដែលបានធ្វើញត្តិតាមរយៈក្រុមសម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ ប្រឆាំងនឹងការសំរេចផ្លូវការរបស់រដ្ឋាភិបាលថៃដែលប្រកាសដោយលោករដ្ឋមន្រ្តីការបរទេសថៃ ណុបប៉ាដុន ប៉ាតាម៉ា កាលពីថ្ងៃទី១៨ ខែមិថុនា ក្នុងការគាំទ្រសំណើរបស់កម្ពុជា។
អ្នកច្បាប់ និងអ្នកវិភាគនយោបាយថៃបានសំដែងនូវមន្ទិលសង្ស័យផ្ទាល់ខ្លួនចំពោះអធិបញ្ជានេះ ដែលកើតចេញពីស្ថាប័នច្បាប់ដែលមានសមត្ថកិច្ចចេញត្រឹមតែសេចក្តីសម្រេចលើកិច្ចការរដ្ឋបាល និងមិនមែនលើសេចក្តីសម្រេចនយោបាយ។ អ្នកទាំងនោះ ក៏មានការសង្ស័យពីអន្តរជាតិ ដែលលើកឡើងពីតុលាការធម្មនុញ្ញនេះ។ គេអាចអានសារព័ត៌មានថៃជាភាសាអង់គ្លេស បាងកកប៉ុសិ៍្ត នៅព្រឹកថ្ងៃច័ន្ទនេះ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «អ្វីដែលយើងដឹង គឺថាប្រាសាទនេះគឺជាកម្មសិទ្ធិស្របច្បាប់របស់ប្រទេសកម្ពុជា»។ លោកបានរម្លឹកថាគណៈប្រតិភូដែលដឹកនាំដោយលោកសុខ អាន ឧបនាយករដ្ឋមន្ត្រី ធ្លាប់បានចូលរួមប្រជុំនៅទីស្នាក់ការមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៤ មិថុនា មុននឹងមកជួបប្រជុំនៅទីក្រុងកេបិច។ ម្យ៉ាងវិញទៀត ក្រុមការងារកម្ពុជាទទួលបន្ទុកសំណុំឯកសារនេះបានមកដល់ទីក្រុងកេបិច កាលពីថ្ងៃអាទិត្យ ទី២៩ ខែមិថុនា។
គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលមានតំណាង២១ប្រទេសនឹងប្រកាសបញ្ជីតំបន់ជាផ្លូវការ ដែលត្រូវបានដាក់បញ្ជូលនៅក្នុងបេតិកភណ្ឌពិភពលោក នៅក្នុងរយៈពេលមួយសប្តាហ៍ខាងមុខនេះ គឺថ្ងៃទី៧ កក្កដា ដោយយោងតាមប្រតិទិនបណ្តោះអាសន្នដែលចេញផ្សាយដោយគណៈកម្មាធិការ។
|