| ប្រាសាទព្រះវិហារៈ សមាគមកម្ពុជាមួយគាំទ្រ រដ្ឋាភិបាលនិងថ្កោលទោសប្រទេសថៃ |
| ααα រស់ ឌីណា | |
| 16-07-2008 |
|
លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ បានរៀបចំសន្និសីទកាសែតមួយ នៅថ្ងៃពុធ ទី ១៦ កក្កដានេះ ស្តីពីសំណុំរឿងប្រាសាទព្រះវិហារដ៏ចម្រូងចំរាស់ មុននឹងការរៀបចំសន្និសីទកាសែតរបស់រដ្ឋាភិបាល បន្តិច។ លោកប្រធានរូបនេះបានមានប្រសាសន៍ថាលោកគាំទ្ររដ្ឋាភិបាលយ៉ាងពេញទំហឹង ដែលសម្រេចចិត្ត «នៅស្ងៀមស្ងាត់មិនតបត»។ នេះជាសក្ខីភាពមួយបង្ហាញអោយឃើញពី «តម្លៃសីលធម៌ និងមនោសញ្ចេតនាស្រឡាញ់សុខសន្តិភាពរបស់រដ្ឋាភិបាល» ក្នុងគោលបំណងជៀសវាងការបំផ្លិចបំផ្លាញប្រាសាទដ៏ចំណាស់ដែលមានអាយុកាលរាប់រយសតវត្សមួយនេះ។
លោក មឿង សុន ដែលក៏ជាប្រធានសមាគមសហគ្រាសទេសចរណ៍នៅកម្ពុជា បានស្នើដល់រដ្ឋាភិបាលថៃអោយ «សងជម្ងឺចិត្ត ជាថ្លែជួសជុលផ្នែកស្មារតីដល់ប្រជាជនរស់នៅក្បែរប្រាសាទ ដែលត្រូវរស់នៅប្រឈមមុខនឹងការភិតភ័យ តាំងពីថ្ងៃអង្គារមកម្ល៉េះ ហើយនឹងអ្នកដែលបានចាកចេញពីផ្ទះសំបែងរបស់ខ្លួន»។ លោកបានអំពាវនាវអោយរដ្ឋាភិបាលក្រុងភ្នំពេញជួយបញ្ជូនសំណើនេះទៅកាន់រដ្ឋាភិបាលក្រុងបាងកក។
លោកបានបន្តទៀតថា «រដ្ឋាភិបាលថៃត្រូវទទួលខុសត្រូវ ប្រសិនជាប្រាសាទ រឺវត្ថុបុរាណក្នុងរមណីយដ្ឋាននេះ ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញ»។ លោកក៏បានអំពាវនាវអោយរដ្ឋាភិបាលថៃដកកងកម្លាំងរបស់ខ្លួនចេញពីទឹកដីនៃប្រទេសកម្ពុជា អោយបានឆាប់រហ័ស ហើយលោកបានអញ្ជើញអង្គការយូណេស្កូ និងអង្គការសហប្រជាជាតិ «អោយជួយផ្តល់យុត្តិធម៌ជូនប្រជាជនខ្មែរ ដោយទទួលស្គាល់នូវការរំលោភបំពានទឹកដីកម្ពុជាពីសំណាក់ជនជាតិថៃ»។ សម្រាប់លោកមឿង សុន រដ្ឋាភិបាលក្រុងភ្នំពេញគួរតែបញ្ជូនអ្នកជំនាញការ មកត្រួតពិនិត្យស្ថានភាពប្រាសាទ និងផ្ទៀងផ្ទាត់មើលថាតើមានករណីបំផ្លាញដែររឺទេ។
បន្ទាប់ពីធ្វើការប្រកាសនេះរួចមក លោកមឿង សុន អះអាងថាលោកមានប្រតិកម្មនេះ ក្នុងនាមជាពលរដ្ឋសាមញ្ញមួយរូប ដែលយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌរបស់ខ្មែរ គឺមិនបានធ្វើ ក្នុងនាមគណបក្សនយោបាយណាមួយឡើយ»។ គួររម្លឹកថា លោកធ្លាប់បានអញ្ជើញលោកសុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (Cambodia Defender Project) អោយមកបង្ហាញចំណុចច្បាប់អន្តរជាតិ ស្តីពីសេចក្តីសម្រេចរបស់តុលាការអន្តរជាតិទីក្រុងឡាអេ ចុះឆ្នាំ១៩៦២ និងបង្ហាញផែនទីតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ដែលតុលាការបានទទួលស្គាល់ជាផ្លូវការ។
|