| ពិពណ៌រូបភាពលើកទីមួយដើម្បីរំលឹកខួបលើកទី៤៦ ដែលតុលាការក្រុងឡាអេប្រគល់ប្រាសាទ ព្រះវិហារដល់កម្ពុជា |
| ααα ដួង សុខា | |
| 11-06-2008 |
ពិពណ៌រូបភាព និងឯកសារពាក់ព័ន្ធប្រវត្តិប្រាសាទព្រះវិហារនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនានេះ ដោយអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ(ម.ទ.អ.ខ) រួមសហការជាមួយនឹងអង្គការ សមាគម៦ផ្សេងទៀត នៅមុខវត្តបទុមតី នាទីក្រុងភ្នំពេញ ចាប់ពីម៉ោង៧ ដល់ម៉ោង១០ព្រឹក ដើម្បីរំលឹកខួបលើកទី៤៦ ដែលតុលាការយុត្តិធ៌មអន្តរជាតិក្រុងឡាអេបានសម្រេចកាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ អោយប្រាសាទព្រះវិហារជាសម្បតិ្តបេតិកភណ្ឌកម្ពុជា។
លោក មឿង សុន ប្រធាន ម.ទ.អ.ខ និងជាតំណាងគណកម្មការរៀបចំពិធីនេះ មានប្រសាសន៍ប្រាប់ កាសែត ថា នេះគឺជាលើកទីមួយហើយ ដែលពិធីរំលឹកខួបនេះ រៀបចំធ្វើឡើង និងជាឱកាសរំលឹកដល់អតីតស្នាមព្រះហស្ថ ព្រះមហាវីរៈក្សត្រ នរោត្តម សីហនុ ដែលព្រះអង្គបានទាមទារយ៉ាងប្តូរផ្តាច់ រហូតដល់បានសម្រេចជាស្ថាពរ។
យោងតាមប្រសាសន៍របស់លោក គោលបំណងនៃពិធីនេះគឺចង់បង្ហាញពីសាមគ្គីភាព រវាងមហាជនជាមួយនឹងរដ្ឋាភិបាលដែលសម្រេចយ៉ាងត្រឹមត្រូវក្នុងការដាក់ប្រាសាទព្រះវិហារចូលក្នុងបេតិកភណ្ឌពិភពលោក មិនអោយខានពេលវេលា ក្នុងការបន្តការចរចារពីបញ្ហាព្រំដែននៅជុំវិញប្រាសាទ ដោយផ្អែកលើឯកសារតុលាការ។ វាក៏ជាឱកាសមួយស្នើអោយរដ្ឋាភិបាលថៃចួលរួមចំណែកជួយអភិវឌ្ឍន៍ប្រាសាទព្រះវិហារផងដែរ។
លោកបានគូសបញ្ជាក់ពីគោលបំណងនៃពិធីនេះថា «យើងចង់អោយនិស្សិតខ្មែរ និងប្រជាពលរដ្ឋខ្មែរ ស្គាល់ពីអត្ថន័យនិងពីប្រវត្តិរបស់ប្រាសាទព្រះវិហារ និងបង្ហាញពីចំណាប់អារម្មណ៍របស់អង្គការក្រៅរដ្ឋាភិបាលើប្រាសាទព្រះវិហារ។ ជាពិសេស យើងចង់ជូនពរអោយមានសម័្ពន្ធភាពល្អរវាងភាគីកម្ពុជានិងថៃ អោយមាននិរន្តភាពល្អ ជៀសវាងបញ្ហាចំរូងចំរាស់ ជុំវិញប្រាសាទព្រះវិហារ»។ ពិធីតាំងពិពណ៌នេះ (អមដោយទស្សនីយភាពសិល្បៈអំពីប្រាសាទព្រះវិហារ) ដែលសាលាក្រុងភ្នំពេញបានអនុញ្ញាតិ រំពឹងថាមានប្រជាពលរដ្ឋប្រមាណ៥០០នាក់ចូលរួម ហើយនឹងត្រូវធ្វើការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ស៊ីធីអិន (CTN) រយៈពេល២ម៉ោងកន្លះ។
នៅក្នុងព្រះរាជសារចុះថ្ងៃទី៤ ខែមិថុនា និងផ្ញើជូនលោកមឿង សុន ព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសំដែងការគាំទ្រ និងកោកសរសើរចំពោះការរៀបចំពិធីអបអរសាទរទិវារំលឹកខួបអនុស្សាវរីយ៍ខាងលើនេះ។
ថ្មីៗនេះ ប្រទេសថៃបានអះអាងជាផ្លូវការជាថ្មី គាំទ្រការដាក់ប្រាសាទព្រះវិហារទៅក្នុងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (Unesco) ដែលនឹងត្រូវធ្វើនៅដើមខែកក្កដាខាងមុខនៅទីក្រុងកេប៊ិច ។ ប៉ុន្តែ បញ្ហាព្រំដែនជុំវិញប្រាសាទព្រះវិហារនឹងត្រូវបន្តត្រួតពិនិត្យទៀត ដោយគណកម្មាការព្រំដែននៃព្រះរាជាណាចក្រទាំងពីរ។ |