| ភាពស្ងប់ស្ងាត់រវាងទាហានខ្មែរនិងទាហានថៃនៅ តាមព្រំដែន |
| ααα ស្ទេហ្វានី ហ្សេ (ភ្នំពេញ) និងចន វីង(ព្រះវិហារ) | |
| 20-07-2008 |
នៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែកក្កដានេះ បរិយាកាសនៅព្រំដែនកម្ពុជា-ថៃ ហាក់បីដូចជាមានការធូរស្រាលឡើងវិញ។ កាលពីព្រឹកព្រលឹមនៅថ្ងៃដដែលនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាទទួលបន្ទុកសំណុំរឿងប្រាសាទព្រះវិហារ បានមានវត្តមាននៅព្រំដែន ដោយបានចាប់ដៃជាមួយនឹងលោក ឆាយ អាណាន់ អគ្គមេបញ្ជាការថៃ គ្រប់គ្រងកងកម្លាំងទាហានដែលដាក់ពង្រាយនៅលើទឹកដីកម្ពុជា។ លោក ផៃ ស៊ីផាន ចង់បង្ហាញមេទ័ពថៃ ថាប្រទេសយើងទាំងពីរ គឺជា «មិត្តនឹងគ្នា» ហើយបានអំពាវនាវសូមអោយត្រួតពិនិត្យទាហានអោយបានល្អ ដើម្បីជៀសវាងរាល់ការប្រឈមមុខដាក់គ្នាដោយអាវុធ។ បន្ទាប់មក អ្នកទាំងពីរបានត្រឡប់ទៅកាន់ជំរុំរៀងៗខ្លួន ដែលបោះទីតាំងនៅជុំវិញវត្តកម្ពុជា ស្ថិតនៅខាងក្រោមប្រាសាទព្រះវិហារ។
កាលពីថ្ងៃព្រហស្បតិ៍ ទី១៧កក្កដា សម្តេចនាយរដ្ឋមន្ត្រីហ៊ុន សែនបានស្នើអោយនាយករដ្ឋមន្ត្រីថៃ ដកទាហានថៃចេញពីទឹកដីកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ ប៉ុន្តែ ការអំពាវនាវនេះមិនទទួលបានជោគជ័យឡើយ។ នៅថ្ងៃសៅរ៍ ទី ២០ កក្កដានេះ កងកម្លាំងនៃប្រទេសទាំងពីរត្រូវបានបន្តដាក់ពង្រឹងបន្ថែម រួមមានទាំងអាវុធធុនធំផងដែរ។
ប៉ុន្តែ នៅក្នុងបណ្តាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថៃ អគ្គមេបញ្ជាការកងយោធិពលភូមិន្ទថៃបានបញ្ជាក់ ដោយអះអាងថា មិនទាន់មានការប្រឈមមុខដាក់គ្នាដោយប្រើប្រាស់អាវុធណាមួយកើតមានឡើងរវាងភាគីខាងសងខាងនោះទេ គឺស្ថិតនៅក្នុងបរិយាកាសមួយស្ងប់ស្ងាត់។ ទាហាននៃប្រទេសទាំងពីរបានស្នាក់នៅរួមគ្នា នៅលើភ្នំ ក្បែរនឹងប្រាសាទព្រះវិហារ តាំងពីថ្ងៃអង្គារមកម្ល៉េះ ។ នៅជុំវិញការពិភាក្សាគ្នា ប្រទេសជិតខាងទាំងពីរបានកំណត់ថា ផ្ទៃដីទំហំ៤,៦ម៉ែត្រការ៉េ នៅក្បែរប្រាសាទ គឺជាកម្មសិទ្ធិរបស់ប្រទេសរៀងៗខ្លួន។
រដ្ឋាភិបាលក្រុងភ្នំពេញផ្ញើលិខិតទៅកាន់ អ.ស.ប នៅថ្ងៃអាទិត្យ ទី២០ កក្កដា លោកខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញបានអោយដឹងថា រដ្ឋាភិបាលកម្ពុជាបានផ្ញើលិខិតមួយច្បាប់ជូនក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ(អ.ស.ប) «ដើម្បីទាញចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្មីៗ ដែលកើតមាននៅព្រំប្រទល់កម្ពុជា-ថៃ»។ លោកបានបញ្ជាក់ថា «វាគឺជាឯកសារផ្លូវការ ប៉ុន្តែ មិនមែនជាពាក្យបណ្តឹងឡើយ»។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «យើងគោរពតាមបញ្ជារបស់នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលព្យាយាមដោះស្រាយបញ្ហារវាងភាគីទាំងសងខាងដោយសន្តិវិធី ដោយគ្មានអន្តរាគមន៍ពីអ្នកទីបី»។
ម្យ៉ាងវិញទៀត លោក ខៀវ កាញារីទ្ធបានគូសបញ្ជាក់ថា អាជ្ញាធរកម្ពុជា បានដឹកនាំសេនានុព័ន្ធនៃតំណាងការទូតជាច្រើនប្រទេស ដូចជាប្រទេសចិន ប្រទេសវៀតណាម និងប្រទេសបារាំង មកកាន់កន្លែងមានជម្លោះ ប៉ុន្តែ «មិនមែនមកដើម្បីរួមបញ្ជូលកម្លាំងទាំងនោះជាមួយនឹងទាហានកម្ពុជានោះទេ ផ្ទុយទៅវិញ ដើម្បីអោយពួកគេអាចវិនិច្ឆ័យស្ថានការណ៍ដោយខ្លួន ហើយនឹងរាយការណ៍ប្រាប់ដល់ប្រទេសរបស់ខ្លួន»។
គណបក្សសម រង្ស៊ី បញ្ជាក់ពីគោលជំហរ ទាក់ទងនឹង «ការឈ្លានពាន»ទឹកដីកម្ពុជា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃអាទិត្យ ទី២០ កក្កដា សមាជិកសភាមកពីគណបក្សសម រង្ស៊ី បានទទួលស្គាល់ថា «ការឈ្លានពានរបស់ទាហានថៃ ក្បែរប្រាសាទព្រះវិហារ គឺជាការរំលោភបំពានលើច្បាប់ភូមិបាលនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិ»។ សមាជិកទាំងនោះបានអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាមានប្រតិកម្មតបត។ ជាបឋម រដ្ឋាភិបាលគួរដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីអោយគេទទួលស្គាល់អធិបតេយ្យភាពកម្ពុជា ដូចដែលមានចែងនៅក្នុងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ បន្ទាប់មក ត្រូវបង្ហាញពី «គោលជំហរដ៏ខ្លាំក្លា» ដោយបដិសេធការចរចារជាមួយនឹងរដ្ឋាភិបាលថៃ ទោះបីជាទាហានថៃនៅក្នុងទឹកដីខ្មែរក៏ដោយ។ ជាចុងក្រោយ រដ្ឋាភិបាលគួរប្រាប់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អោយដឹងពីការមិនយល់ស្របចំពោះ«ការឈ្លានពាននេះ»។
គណបក្សសម រង្ស៊ី បានចាប់យកបញ្ហានេះ ដើម្បីជម្រុញអោយការពង្រឹងអាវុធបន្ថែមទៅអោយកម្លាំងប្រដាប់អាវុធកម្ពុជានៃកងទ័ពជាតិ «ដើម្បីតបតទៅនឹងការឈ្លានពាននៃប្រទេសជិតខាង»។
ការចរចារមួយ នៅថ្ងៃច័ន្ទ ទី២១ កក្កដា នៅថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាមិនបានបញ្ជាក់លំអិតពីចំនួនទាហានដែលត្រូវបានបញ្ជូនដោយរដ្ឋាភិបាលក្រុងភ្នំពេញ ទៅកាន់ខេត្តព្រះវិហារនោះទេ។ ប៉ុន្តែ លោកបានគូសបញ្ជាក់ថា «ភាគីទាំងពីរពិតជានឹងពិភាក្សាគ្នាយ៉ាងស្ងប់ស្ងាត់ នៅថ្ងៃស្អែក (ថ្ងៃច័ន្ទ ទី២១ កក្កដា)។ ពាក់ព័ន្ធនឹងសំណួរស្តីពីសុទិដ្ឋិនិយមរបស់គាត់ នៅចុងបញ្ចប់នៃកិច្ចពិភាក្សាដែលនឹងធ្វើឡើងនៅថ្ងៃច័ន្ទ លោកបានឆ្លើយតបថា «ទោះបីជាយ៉ាងណា ស្ថានការណ៍នឹងមិនរឹតតែអាក្រក់ជាងនេះទេ!» |