| ប្រជាជនកម្ពុជាមានចំនួន១៣,៣លាននាក់ កម្ពុជាមានកំណើនប្រជារាស្រ្តយឺត |
| ααα រស់ ឌីណា | |
| 04-09-2008 |

ជាំ ក្សាន្ត (ព្រះវិហារ កម្ពុជា) ថ្ងៃទី១០ មីនា ២០០៨ គ្រូបង្រៀនមួយជួយគ្រួសារមួយ ក្នុងការបំពេញសំណួនៃការធ្វើជំរឿនប្រជាជនថ្នាក់ជាតិចុងក្រោយ © ចន វីង / Magnum ចំនួនប្រជាជនកម្ពុជាបន្តកើនឡើង ប៉ុន្តែ មិនសូវជាមានសន្ទុះខ្លាំងក្លាដូចជាទសវត្សកន្លងទៅនេះនោះទេ។ ខាងក្រោមនេះគឺជាលទ្ធផលបណ្តោះអាសន្ននៃការធ្វើជំរឿនប្រជាជនឆ្នាំ២០០៨ ដែលត្រូវបានប្រកាសនៅថ្ងៃអង្គារ ទី៣ កញ្ញា នៅក្រសួងផែនការ នាទីក្រុងភ្នំពេញ។
កម្ពុជាមានចំនួនប្រជាជនតិចជាងការប៉ាន់ប្រមាណទុក អត្រាកំណើនប្រជាជនកម្ពុជាបានថយចុះពី២,៤% នៅដើមអាណត្តិទីបីនៃរាជរដ្ឋាភិបាលកម្ពុជា(ឆ្នាំ២០០៤) មកត្រឹម១,៨% នៅឆ្នាំ២០០៦។ យោងតាមការសន្និដ្ឋានជាជំហានដំបូងនៃប្រតិបត្តិការធ្វើជំរឿនប្រជាជន កាលពីខែមីនា ឆ្នាំ២០០៨នេះ អត្រាកំណើនមានកំរិត១,៥៤%។ នេះគឺជាតួលេខមួយ ដែលមានកំរិតខ្ពស់ជាងអត្រាមធ្យមនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍(១,៣%) លើកលែងតែប្រទេសឡាវមួយគត់ដែលមានអត្រាកំណើនប្រជាជនខ្ពស់ជាងប្រទេសកម្ពុជា(១,៧%) ស្របពេលដែលប្រទេសថៃមានអត្រាកំណើន០,៥% និងប្រទេសវៀតណាម១,៤%។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រជាជនសរុបជាផ្លូវការចំនួន ១៣ ៣៨៨ ៩១០នាក់ ទល់នឹង ១១ ៤៣៧ ៦៥៦នាក់ នៅឆ្នាំ១៩៩៨។ ដូចនេះ ការធ្វើចំណោលប្រជារាស្ត ដែលរៀបចំធ្វើឡើង តាមរយៈទិន្នន័យនៃជំរឿន ចន្លោះឆ្នាំ២០០៤ គឺជាប៉ាន់ប្រមាណមួយខុស ព្រោះកាលនោះ គេបានប៉ាន់ស្មានថាប្រជាជននឹងកើនដល់ ១៣,៩លាននាក់ នៅឆ្នាំ២០០៥ និង១៥,២លាននាក់នៅឆ្នាំ២០១០។
អត្រាកំណើតបានថយចុះ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលត្រូវបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងពិធីប្រកាសលទ្ធផលបណ្តោះអាសន្ននៃការធ្វើជំរឿន បានសាទរទៅនឹងកំណើនប្រជាជនតិចតួចនេះ ហើយបើតាមគំនិតរបស់លោក គឺដោយសារមកពីការប្រើប្រាស់មធ្យោបាយពន្យារកំណើត។ យោងតាមជំរឿនឆ្នាំ២០០៨ ស្រ្តីដែលរៀបការរួចចំនួន២ភាគ៣ បានប្រើប្រាស់មធ្យោបាយពន្យារកំណើត។ ជាលទ្ធផល អត្រាកំណើតនៃប្រជាជនកម្ពុជាបានធ្លាក់ចុះពី៤%នៅឆ្នាំ២០០០ មកត្រឹម៣,៤% នៅឆ្នាំ២០០៥ ស្របពេលពេលអត្រាកំណើនប្រជាជនអាចនឹងធ្លាក់ចុះមកត្រឹម ១,៥ នៅឆ្នាំ២០១០ ដោយយោងតាមការធ្វើចំណោលប្រជារាស្ត្រថ្មី។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសំដែងសេចក្តីសោមនស្សរីករាយចំពោះការគ្រប់គ្រងកំណើតបានយ៉ាងល្អប្រសើរ ដោយបានលើកឡើងពីសុន្ទរកថារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានថ្លែងកាលពីខែមិថុនាកន្លងទៅ នៅក្នុងសន្និសីទថ្នាក់ជាតិមួយ ស្តីពីកំណើនប្រជាជន ថា «រដ្ឋាភិបាលបានចាត់ទុកថាកំណើនប្រជាជនគឺជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់វិស័យផលិតកម្ម និងមានផលប៉ះពាល់ជាអវិជ្ជមានទៅលើភាពក្រីក្រ» ដោយសារ «ធ្វើអោយធ្លាក់ចុះនូវប្រាក់កំរៃការងារ ប៉ះពាល់ទៅលើលទ្ធផលនៃការអប់រំ បង្កើតសម្ពាធទៅលើការផ្តល់សេវាកម្មសាធារណៈ និងប៉ះពាល់ដល់បរិស្ថាន»។
ការធ្លាក់ចុះនៃអត្រាកំណើនប្រជារាស្រ្តមិនមែនដូចគ្នា នៅទូទាំងប្រទេសនោះទេ។ ចំនួនប្រជាជនបានបន្តកើនឡើងយ៉ាងខ្ពស់ នៅតាមទីក្រុង និងទីប្រជុំជនក្នុងខេត្តមួយចំនួន (+២,៥៥%) ស្របពេលដែលកំណើននេះនៅមានចំនួនតិចតួចនៅតាមជនបទ (+១,៣)។
កំណើនខ្ពស់នៅតាមខេត្តដែលមានចំនួនតិច ខេត្តកំពង់ចាម កោះកុង ព្រៃវែង ពោធិសាត់ ស្វាយរៀង និងតាកែវ មានកំណើនប្រជាជនទាប នៅអំឡុងរយៈពេលទសតវត្សចុងក្រោយនេះ។ ខេត្តស្វាយរៀង និងតាកែវ មានកំរិតកំណើនទាបបំផុត។ ផ្ទុយទៅវិញ ខេត្តដែលមានចំនួនប្រជាជនតិច (តិចជាង១សែននាក់នៅឆ្នាំ១៩៩៨) បែរជាមានកំណើនប្រជាជនខ្ពស់ទៅវិញ ដូចជាក្រុងប៉ៃលិន និងខេត្តឧត្តរមានជ័យ។ ខេត្តក្រុងទាំងពីរនេះត្រូវបានគេកត់សម្គាល់ឃើញថាមានការរីកចម្រើនខ្ពស់ រួមជាមួយនឹងខេត្តមណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែង និងក្រុងកែប។ ទីក្រុងភ្នំពេញ ខេត្តបាត់ដំបង សៀមរាប និងក្រុងព្រះសីហនុក៏មានកំណើនប្រជាជនប្រចាំឆ្នាំ ខ្ពស់ជាងកំរិតមធ្យមរបស់ជាតិ គឺជាង ២%។។
តំបន់ដែលមានដង់ស៊ីតេខ្ពស់ ដង់ស៊ីតេប្រជាជនរបស់ប្រទេសកម្ពុជាទាំងមូលគឺ៧៥នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ទល់នឹង៦៤នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ នៅក្នុងឆ្នាំ១៩៩៨។ ចំនួននេះតិចជាងដល់ស៊ីតេនៅក្នុងតំបន់ (ជាមធ្យម ១២៦នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ) តិចជាងដង់ស៊ីតេប្រទេសសិង្ហបុរីដាច់ឆ្ងាយ (៧ ២០៥) ប្រទេសហ្វីលីពីន(២៨៨) វៀតណាម(២៥៤) ថៃ(១២៦) ប៉ុន្តែ ច្រើនជាងប្រទេសឡាវ (២៦)។
ដង់ស៊ីតេរវាងខេត្តក្រុងនីមួយៗមានកំរិតខុសគ្នាយ៉ាងខ្លាំង។ ខេត្តមណ្ឌលគិរីមានដង់ស៊ីតេ ៤នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ខណៈពេលដែលទីក្រុងភ្នំពេញមាន ៤៥៧ ១នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ គម្លាតជាប្រវត្តិសាស្រ្តរវាងតំបន់ខ្ពស់រាប និងវាលទំនាបត្រូវបានលុបបំបាត់ចោល ក្នុងរយៈពេល១០ឆ្នាំ។
ចំនួនស្រ្តីច្រើនជាងបុរស បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាភាគច្រើនគឺជាស្រ្តីភេទ ដូចទៅនឹងករណីកាលពីទសវត្សកន្លងទៅដែរ។ នៅក្នុងចំណោមស្រ្តី១០០នាក់ កម្ពុជាមានបុរសភេទ៩៤,២នាក់ ពោលគឺបុរសមានចំនួន៦ ៤៩៥ ៥១២ ចំណែកស្រ្តីមានចំនួន៦ ៨៩៣ ៣៩៨នាក់។ បុរសមានចំនួនតិចជាងស្រ្តីនៅតាមទីក្រុង ក៏ដូចជានៅតាមជនបទ៖ ៩១,៧ ទល់នឹង៩៤,៨ ក្នុងចំណោមស្រ្តី១០០នាក់។
ទំហំគ្រួសារថយចុះ ដោយសារមានការធ្លាក់ចុះនៃអត្រាកំណើត ទំហំមធ្យមនៃគ្រួសារនៅកម្ពុជាមានចំនួនតិចជាង៥នានក់។ ចំនួននេះបានថយចុះពី៥,២ ក្នុងឆ្នាំ១៩៩៨ មកត្រឹម៤,៧ ក្នុងឆ្នាំ២០០៨។ នៅតំបន់ទីប្រជុំជនទំហំគ្រួសារបានថយចុះពី ៥,៥ ក្នុងឆ្នាំ១៩៩៨ មក៥,០ ក្នុងឆ្នាំ២០០៨ ចំណែកតំបន់ជនបទបានថយចុះពី៥,១ មក៤,៦។ ខេត្តរតនៈគិរីមានទំហំគ្រួសារខ្ពស់ជាងគេបំផុត គឺ៥,៥ ចំណែកខេត្តព្រៃវែង និងស្វាយរៀង ជាខេត្តដែលមានទំហំគ្រួសារទាបជាងគេបំផុត គឺ៤,២។
ចំនួនប្រជាជនរស់នៅជនបទច្រើន ជាចុងក្រោយ ប្រជាជនកម្ពុជាច្រើនជាង៤ភាគ៥នាក់ (៨១%) រស់នៅតំបន់ជនបទ (ទល់នឹង ១៩% នៅទីប្រជុំជន)។ នៅឆ្នាំ១៩៦២ នៃការធ្វើជំរឿនប្រជាជនលើកទីមួយនៅប្រទេសកម្ពុជា មានតែ១០% នៃចំនួនប្រជាជន៥,៧លាននាក់ប៉ុណ្ណោះដែលរស់នៅទីក្រុង។ ចំនួននេះកើនឡើងដល់១៦% នៅឆ្នាំ១៩៩៨។
លោកឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានបញ្ជាក់ថា រាល់ទិន្នន័យទាំងនេះអាចនឹងត្រូវបានប្រើប្រាស់ជាបណ្តើរៗ រហូតដល់ការប្រកាសជាផ្លូវការនូវលទ្ធផលចុងក្រោយនៃការធ្វើជំរឿន ដែលគ្រោងនឹងធ្វើឡើងនៅអំឡុងខែកញ្ញា ឆ្នាំ២០០៩។ លោកសង្ឃឹមថាការធ្វើជំរឿនប្រជាជននេះនឹងជួយដល់រដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយ និងគម្រោងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗ។ |