| លោក សម រង្ស៊ី និងលោកកឹម សុខា បន្តប្តឹងពីភាពមិន ប្រក្រតីនៃការបោះឆ្នោត និងអះអាងទ្បើងវិញពីការមិន ចូលប្រជុំសភា |
| ααα ដួង សុខា | |
| 25-08-2008 |
|
នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ នៅទីស្នាក់ការគណបក្សសម រង្ស៊ី នារសៀលថ្ងៃច័ន្ទ ទី២៥ សីហានេះ គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនៅតែបន្តបរិហារពីភាពមិនប្រក្រតីនៅក្នុង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ថ្ងៃទី២៧ កក្កដា និងបានប្រកាសពីការបន្តប្តឹងជំទាស់នៅនឹងលទ្ធផល បោះឆ្នោតបណ្តោះអាសន្ន ដែលត្រូវបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ទៅក្រុមប្រឹក្សាធម្មនុញ្ញ។
កន្លងមកពាក្យបណ្តឹងរបស់គណបក្សសម រង្សី ទាក់ទងនឹងការចេញដោយខុសច្បាប់នូវទំរង់១០១៨នៅក្នុងថ្ងៃបោះឆ្នោត ការជំទាស់នឹងលទ្ធផលបោះឆ្នោតបណ្តោះអាសន្នត្រូវបានគ.ជ.ប ច្រានចាល។
នៅថ្ងៃអង្គារ៍ ពុធ និងព្រហស្បតិ៍ខាងមុខនេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសវនាការ ជំរះជំនះពាក្យបណ្តឹងគណបក្សទាំងពីរស្តីពីភាពមិនប្រក្រតីមួយចំនួន ដូចជានៅខេត្តស្វាយរៀង និងការជំទាស់លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន។ គណបក្សសម រង្ស៊ីបានទាមទារអោយមានការបោះឆ្នោតទ្បើងវិញនៅខេត្តស្វាយរៀង កំពត និងពោធិសាត់។
លោកសម រង្ស៊ី ក៏បានប្រកាសអោយដឹងពីការដាក់ពាក្យបណ្តឹងប្តឹងមេឃុំនិងចៅសង្កាត់ មួយចំនួន ទៅតុលាការក្រុងភ្នំពេញ ពីបទក្លែងបន្លំឯកសារសាធារណៈ ដែលជាបទល្មើសព្រហ្មទណ្ឌ អាចអោយផ្តន្ទាទោសរយៈពេលពី៥ ទៅ១៥ឆ្នាំ។
ចំណែកឯលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានបញ្ជាក់ពីគោលជំហររួមរបស់គណបក្សលោក និងគណបក្សសម រង្ស៊ី ដែលនឹងមិនចូលរួមសម័យប្រជុំលើកទីមួយរបស់សភា ដែលនឹងអាចប្រព្រឹត្តទៅនៅចុងខែកញ្ញា ខាងមុខនេះ។ លោកបានរិះគន់ថា គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជាបានទទួលអាសនៈចំនួន៩០នេះ ដោយសារតែអាសនៈមួយចំនួនទទួលបានដោយការលួចបន្លំសន្លឹកឆ្នោត។ លោកបានបញ្ជាក់ថា «យើងមិនអាចចូលរួមប្រជុំបានទេ ជាមួយសភាបែបនេះ។ តើយើងអាចទៅចូលរួមប្រជុំជាមួយនឹងតំណាងរាស្រ្តក្លែងក្លាយបានយ៉ាង ដូចម្តេចទៅ?»។
លោកសម រង្ស៊ីបានថ្លែងថា «នៅថ្ងៃនេះ គណបក្សទាំងពីរបានសរសេរលិខិតទៅប្រទេសបារាំងនិងប្រទេសឥណ្ឌូណេស៊ី ដែលជាសហប្រធាននៃប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១ ដើម្បីប្តឹងប្រទេសទាំងនេះថា កិច្ចព្រមព្រៀងនេះត្រូវបានគេរំលោភ ខណៈពេលដែលកិច្ចព្រមព្រៀងនេះធានាពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងធានាអោយមានការបោះឆ្នោតមួយប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
លោក សម រង្ស៊ីបានព្រមានជាថ្មីទ្បើងវិញថាប្រសិនជាមិនមានដំណោះស្រាយទេ លោកនឹងធ្វើដំណើរទៅសហគមន៍អន្តរជាតិ ដូចជាទៅកាន់ទីក្រុងញូវយ៉ក វ៉ាស៊ីនតោន ប៉ារីស និងប្រុយសែល ដើម្បីប្តឹងពីភាពមិនប្រក្រតីនៃការបោះឆ្នោតនេះទៅកាន់ប្រទេសទាំងនេះ។
នៅ មុនបញ្ចប់សន្និសីទកាសែត គណបក្សទាំងពីរ ដែលបានទទួលអាសនៈសភាចំនួន២៩ (សម រង្ស៊ី ២៦ និងសិទ្ធិមនុស្ស ៣) នៅតែរក្សាជំហរនៃការចងសម្ព័ន្ធភាពគ្នា នាពេលអនាគតនៅក្នុងក្របខ័ណ្ឌការងារណាមួយ។ |