| គណបក្សចំនួន១១ត្រូវបានទទួលស្គាល់ជាផ្លូវការ គជបប្រកាសពីនីតិវិធីជួលរឺលក់ម៉ោងដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងពេលឃោសនាបោះឆ្នោត |
| ααα ដួង សុខា | |
| 22-05-2008 |
នៅក្នុងជំនួបតុមូល រវាងថ្នាក់ដឹកនាំគណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) និងតំណាងគណបក្សនយោបាយមួយចំនួននាថ្ងៃព្រហស្បតិ៍ទី២២ ឧសភានេះ លោកអ៊ឹម សួស្តី ប្រធានគជប បានប្រកាសអោយដឹងថា គណបក្សចំនួន១១ ត្រូវបានសម្រេចទទួលស្គាល់ជាផ្លូវការ ដោយគជប អោយចូលរួមការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនាថ្ងៃទី២៧ កក្កដាខាងមុននេះ។
គណបក្សទាំង១១ នោះរួមមានៈ ប្រជាជនកម្ពុជា នរោត្តម រណឫទ្ធិ ហង្សដារ៉ាចលនាប្រជាធិបតេយ្យ សិទ្ធិមនុស្ស សង្គមយុត្តិធម៌ សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សម រង្ស៊ី ខ្មែរឈប់ក្រ ហ៊្វុន ស៊ិនប៉ិច ខ្មែរសាធារណៈរដ្ឋ និងប្រជាធិបតេយ្យខ្មែរ។ ក្នុងនោះ គណបក្សចំនួន៨បានចុះបញ្ជីបេក្ខជននៅមណ្ឌលឈរឈ្មោះទាំង២៤ខេត្តក្រុង ចំណែកឯគណបក្សសង្គមខ្មែរនិយម ត្រូវបានគជបបដិសេធ ដោយសារមិនបានបំពេញលក្ខខណ្ឌត្រឹមត្រូវតាមច្បាប់។
លោក អ៊ឹម សួស្តី ក៏បានជម្រាបអោយស្ថានីយ៍វិទ្យុនិងទូរទស្សន៍ឯកជនដែលមានបំណងលក់ម៉ោង រឺជួលម៉ោងផ្សាយត្រូវប្រកាសជាសាធារណៈអំពីចំនួនម៉ោង ដែលខ្លួនមានសម្រាប់ជួល រឺលក់ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ៣០ថ្ងៃ ចាប់ពីថ្ងៃ២៦មិថុនា ដល់២៥កក្កដា និងប្រកាសពីតម្លៃនៃការជួលរឺលក់នោះ ព្រមទាំងផ្តល់ព័ត៌មានដល់គជប និងគណបក្សដែលជួលម៉ោងរឺទិញម៉ោងនោះអោយបាន យ៉ាងតិច១៥ថ្ងៃ មុនថ្ងៃឃោសនាបោះឆ្នោត។ លោកបានសង្កត់ធ្ងន់ថា «រាល់ខ្លឹមសារឃោសនារបស់គណបក្សនយោបាយមិនមែនជាការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ទេ តែជាការទទួលខុសត្រូវរបស់គណបក្សនយោបាយ។
លើកលែងតែគណបក្សកាន់អំណាច តំណាងគណបក្សនយោបាយមួយចំនួន ក៏បានសំដែងនូវការព្រួយបារម្ភ ពីបញ្ហានៃការជួល រឺទិញម៉ោងការផ្សាយ ដោយខ្លាចក្រែងអ្នកគ្រប់គ្រងស្ថានីយទទួលសំពាធពីអ្នកនយោបាយមានអំណាច។ លោកអ៊ឹម សួស្តីបានឆ្លើយតបថា «ការលក់ម៉ោងរឺមិនលក់ម៉ោងជាសិទ្ធិសេរីភាពរបស់ក្រុមហ៊ុន យើងមិនអាចបង្ខំគេបានទេ វាអាស្រ័យលើម្ចាស់ក្រុមហ៊ុន ហើយនេះគឺជាទីផ្សារសេរី។ ក្នុងឱកាសនោះ លោកមុត ចន្ថា អ្នកនាំពាក្យគណបក្សនរោត្តម រណឫទ្ធិក៏បានបរិហាទូរទស្សន៍ជាតិកម្ពុជា ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ថាបានផ្សព្វផ្សាយសកម្មភាពគាំទ្រគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា។
|