| គណបក្សសម រង្ស៊ីបរិហារការគំរាមកំហែង នយោបាយនិងភាពមិនប្រក្រតីក្នុងអំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោត |
| ααα ដួង សុខា | |
| 01-07-2008 |
|
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារ ទី ១ កក្កដានេះ មន្ត្រីគណបក្សសម រង្ស៊ីបានបរិហារការគំរាមកំហែងនយោបាយ និងភាពមិនប្រក្រតីមួយចំនួនដែលកើតមាននៅក្នុងអំទ្បុងយុទ្ធនាការឃោនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ។ លោក ទួន មីន ប្រធានក្រុមប្រឹក្សាគណបក្សស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានអះអាងថា លោកត្រូវបានថ្នាក់ដឹកនាំកងពលតូចលេខ៣១ប្រចាំខេត្ត ធ្វើការទាក់ទងអូសទាញជាច្រើនលើកអោយចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយសន្យាផ្តល់ជារង្វាន់លុយកាក់ ប្រហែលជាពី៤០០០ ទៅ៥០០០ដុល្លារ និងផ្តល់ការងារជូន ទោះបីជាលោកចង់ចូលក្នុងក្របខ័ណ្ឌថ្នាក់ស្រុក ឬក្របខ័ណ្ឌយោធាពាក់សក្តិ៤ឬសក្តិ៥ក៏បាន។
លោកបានបញ្ជាក់ថាការអូសទាញនេះធ្វើទ្បើងតាមរយៈទូរស័ព្ទ និងការមកជួបលោកផ្ទាល់នៅផ្ទះ។ លោកបានមានប្រសាសន៍ថា ៖ «ខ្ញុំបានធ្វើការបដិសេធ។ ខ្ញុំមិនអាចជួយគេបានទេ។ ខ្ញុំមានឆន្ទៈរបស់ខ្ញុំ» ។ ទោះយ៉ាងណា លោកបានសំដែងការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងសើ្នអោយគណបក្សជួយការពារសុវត្ថិភាពលោក។
ចំណែកឯ លោកស្រី មូរ សុខហួរ អគ្គលេខាធិការរង និងជាបេក្ខនារីឈរឈ្មោះបោះឆ្នោតលំដាប់លេខរៀងទី១ ប្រចាំមណ្ឌលកំពត របស់គណបក្សសម រង្ស៊ី បានដាក់ពាក្យប្តឹងលោកប្រធានប៉ុស្តិឃុំស្ទឹងកែវ ស្រុកកំពត ខេត្តកំពត ទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ ពីបទរំលោភបទបញ្ញាត្តិនិតិវិធីស្តីពីការបោះឆ្នោត។ លោកស្រីបានចោទប្រកាន់លោកប្រធានប៉ុស្តិថា កាលពីថ្ងៃសៅរ៍ ទី២៨ មិថុនា លោកប្រធានប៉ុស្តិ៍បានពាក់ឯកសណ្ឋានប៉ូលីសជិះម៉ូតូពីក្រោយលោកអនុប្រធានភូមិព្រៃឃ្មុំ ដែលពាក់មួកគណបក្សប្រជាជនកម្ពុជា ហើយមានបំណងបើកបុកលោកស្រី នៅពេលលោកស្រីស្នើអោយគាត់ចុះពីម៉ូតូ។ ដោយទ្បែក លោកស្រីបានលើកទ្បើងពីករណីមួយទៀតកាលពីថ្ងៃច័ន្ទ ម្សិលមិញ នៅខេត្តដដែលនេះ ដែលលោកស្រីបានឃាត់ទ្បានពាក់ស្លាកលេខកងយោធពលខេមរៈភូមិន្ទ មានបិទស្លាកគណបក្សប្រជាជនកម្ពុជានៅសងខង។ លោកស្រីបានរំលឹកថា ៖ «ខ្ញុំបានព្យាយាមឃាត់រថយន្តអោយឈប់ តែលោក សាន ស្មាច់ (អគ្គលេខាធិការរងសាលាខេត្ត ប្រចាំការនៅច្រកទ្វារព្រំដែនតន់ហន់) បានចាប់មួលដៃរបស់ខ្ញុំ រហូតខ្ញុំរបូតអាវផ្នែកខាងលើ»។ លោកស្រីបានដាក់ពាក្យបណ្តឹងទៅគណកម្មការរៀបចំការបោះឆ្នោតឃុំកំពង់ត្រាច ពីបទរំលោភលើច្បាប់ឃោសនាបោះឆ្នោត និងប្តឹងលោក សាន ស្មាច់ទៅតុលាការខេត្តពីបទប៉ុនប៉ងធ្វើមនុស្ស និងបៀតបៀនកេរ្តិ៍ខ្មាស។
កាសែតមិនអាចទំនាក់ទំនងលោក សាន ស្មាច់បានទេនៅថ្ងៃអង្គារ៍នេះ។ លោកវរសេនីយឯក ទ្បាយ ស្រូយ មេបញ្ជាការរងកងពលតូចលេខ៣១ បានបដិសេធចោលទាំងស្រុងចំពោះការចោទប្រកាន់ទាំងទ្បាយមកលើអង្គភាពលោក។ ប៉ុន្តែ លោកបានទទួលស្គាល់ថា លោកទួន មីនគ្រាន់តែត្រូវបានស្នើអោយចូលរួមជាមួយគណបក្សប្រជាជន ប៉ុន្តែមិនមានការបង្ខិតបង្ខំទ្បើយ។ លោកបានអះអាងថា៖ «ខ្ញុំមិនដែលបានជួបគាត់ម្តងណាទ្បើយ។ ខ្ញុំគ្រាន់តែបានជួបប្រពន្ធគាត់តាមទូរស័ព្ទ។ ខ្មុំឃើញគាត់ធ្វើការម្នាក់ឯង ខ្ញុំអាណិតគាត់។ ខ្ញុំមិនមែនជាអ្នកនយោបាយទេ ហើយខ្ញុំក៏មិនដែលចាប់បង្ខំគាត់ម្តងណាទ្បើយ»។ |