| អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហម ខៀវ សំផន បាន ជ្រើសរើសមេធាវីកម្ពុជាថ្មី |
| ααα កាសែត | |
| 24-07-2008 |
|
នៅទីបំផុត លោកខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហម បានជ្រើសរើសសហមេធាវីកម្ពុជាថ្មីរបស់ខ្លួន ជំនួសលោកសាយ បូរី ដែលបានលាលែងចេញពីតំណែងជាផ្លូវការកាលពីថ្ងៃទី១ កក្កដា ដោយសារបញ្ហាសុខភាព។ មេធាវីកម្ពុជាថ្មីរបស់លោកខៀវ សំផន ឈ្មោះ ស សូវាន ជាសាស្រ្តាចារ្យច្បាប់មួយរូប ដែលត្រូវបានតែងតាំងកាលពីថ្ងៃទី២២ កក្កដា ដោយអង្គភាពគាំពារការពារក្តីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។
លោក ស សូវាន ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ២០០១មក ហើយលោកក៏ជាសមាជិកនៃក្រុមប្រឹក្សាគណៈមេធាវីផងដែរ។ លោកបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតពីសាលកវិទ្យាល័យច្បាប់ប៉ារីស២ (ប្រទេសបារាំង) នៅឆ្នាំ១៩៧២។ យោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ អ.វ.ត.ក មុនចូលជាសមាជិកគណៈមេធាវីកម្ពុជា លោក ស សូវាន មានតួនាទីការងារជាច្រើន ជាអាទិ៍ អ្នកជំនាញច្បាប់ជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជា សាស្រ្តាចារ្យផ្នែកច្បាប់ស៊ីវិល និងជាអ្នកជំនាញនៅក្រសួងយុត្តិធម៌។ «គាត់បានធ្វើការនៅក្នុងផ្នែកអប់រំច្បាប់អស់រយៈពេលជាច្រើនឆ្នាំ ហើយបានបោះពុម្ពផ្សាយសៀវភៅទាក់ទងនឹងបញ្ហាច្បាប់ជាច្រើន ជាភាសាបារាំង និងខ្មែរ រួមមាននីតិវិធីព្រហ្មទណ្ឌ ច្បាប់អន្តរជាតិ និងច្បាប់ពាណិជ្ជកម្ម»។
|