| សាលាក្តីខ្មែរក្រហមៈ ដំណើរការវិវិត្តន៍ ជាថ្មីលើសំណុំរឿងរបស់ឌុច |
| ααα រស់ ឌីណា និង ឡូរ៉ង់ ឡឺហ្គូអង់វិក | |
| 21-08-2008 |

កំបូល (ភ្នំពេញ) ថ្ងៃទី២០ វិចិ្ឆកា ២០០៧៖ កាំង ហ្គិចអាវ(ឌុច) នៅក្នុងសវនាការជាលើកដំបូង នៃអង្គបុរេជំនុំជម្រះ នៃ អ.វ.ត.ក © ចន វីង / Magnum ដំណើរការជំនុំជម្រះលើករណីអតីតខ្មែរក្រហម ឌុច អាចសង្ស័យថាប្រឈមនឹងភាពយឺតយាវ ខណៈពេល នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ សីហានេះ សហព្រះអាជ្ញានៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ទទួលបន្ទុកវិនិច្ឆ័យទោសអតីតមេដឹកនាំខ្មែរក្រហមបានចេញសេចក្តីប្រកាសសម្រេចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត ដែលសម្រេចបញ្ជូនអតីតប្រធានមន្ទីរឃុំឃាំងស២១រូបនេះ ទៅអង្គជំនុំជម្រះសាលាដំបូង ដើម្បីកាត់ទោសជាចុងក្រោយ។ កាលបរិច្ឆេទនៃការជំនុំជម្រះនេះអាចនឹងត្រូវប្រកាសនៅថ្ងៃក្រោយ ហើយនេះគឺជាការជំនុំជម្រះជាសាធារណៈដោយបើកចំហលើកដំបូងនៃ អ.វ.ត.ក។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញផ្សាយនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ សហព្រះរាជអាជ្ញាទាំងពីរនៃ អ.វ.ត.ក បានគូសបញ្ជាក់ថា «ទោះបីជាដីកាដំណោះស្រាយ ចុះថ្ងៃទី១២ សីហា ដោយសហចៅក្រមស៊ើបអង្កេត បានដាក់បន្ទុកចោទប្រកាន់ឌុចក៏ដោយ ក៏ដីកានេះបានកំរិតនូវទំហំនៃទោសឧក្រិដ្ឋកម្មរបស់ឌុច រួមទាំង «បែបបទនៃការទទួលខុសត្រូវទោសកំហុសរបស់ជនត្រូវចោទរូបនេះ»។
សហព្រះរាជអាជ្ញាទាំងពីរគឺលោក រូប៊ែរ ប៉ឺទី ជនជាតិកាណាដា និងលោកស្រីជា លាង ជនជាតិកម្ពុជា បានសំដែងការសោកស្តាយថា «ដីកានេះមិនបានដាក់បន្ទុកចោទប្រកាន់ឌុច ចំពោះទំនួសខុសត្រូវរបស់គេនោះទេ រួមទាំងជនល្មើសផ្សេងទៀត នៅក្នុងបទឧក្រិដ្ឋកម្មសំខាន់ៗ ដែលបានកើតឡើងនៅក្នុងមន្ទីរធ្វើទារុណកម្មនិងសម្លាប់ ស២១»។ សហព្រះរាជអាជ្ញាបានកត់សម្គាល់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា «ករណីនេះអាចនឹងរារាំងដល់ដំណើរការរបស់អង្គជំនុំជម្រះសាលាដំបូង ក្នុងការវាយតម្លៃអោយបានពេញទំហឹងនូវការទទួលខុសត្រូវបទឧក្រិដ្ឋកម្មរបស់ឌុច នៅមន្ទីរស២១»។
សហព្រះរាជអាជ្ញាក៏បានសំដែងការសោកស្តាយទៀតផងដែរថា ដីកាដំណោះស្រាយនេះ «ភ្លេចបានចោទប្រកាន់ឌុច ពាក់ព័ន្ធនឹងគោលការណ៍គ្រឹះនៃក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦»។ «បន្ទុកនៅក្នុងគោលការណ៍នៃក្រមព្រហ្មទណ្ឌបកស្រាយពីទោសកំហុសទាំងអស់របស់ឌុច ហើយបន្ទុកនេះនឹងធ្វើអោយច្បាប់ជាតិនៃប្រទេសកម្ពុជាមានការវិវត្តន៍ឈានទៅមុខ ហើយមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជារាស្រ្តកម្ពុជា និងស្មារតីក្នុងការសម្របទៅតាមនីតិវិធីតុលាការ»។
នៅក្នុងដីកាសន្និដ្ឋានស្ថាពររបស់ខ្លួន ចុះថ្ងៃទី១៨ កក្កដា លោក រូប៊ែរ ប៉ឺទី និងលោកស្រីជា លាង បានគាំទ្រថា ឌុចគួរតែត្រូវកាត់ទោស ពីបទឧក្រិដ្ឋកម្មនៃអំពើធ្វើទារុណកម្ម និងមនុស្សឃាត ផ្អែកលើក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦ «ដោយសំអាងលើភស្តុតាងជិត ៩០០ ដែលផ្តុំចូលគ្នា»។
សហព្រះរាជអាជ្ញាត្រូវរៀបចំឯកសារនៃពាក្យបណ្តឹងឧទ្ធរណ៍របស់ខ្លួន មុនថ្ងៃទី១០ កញ្ញា។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន សហព្រះរាជអាជ្ញាបានបញ្ជាក់ថាចង់«ធ្វើការងារជាមួយនឹងរាល់ស្ថាប័នមានសមត្ថភាពទាំងអស់របស់ អ.វ.ត.ក ដើម្បីដំណើរការពាក្យបណ្តឹងឧទ្ធរណ៍នេះអោយបានឆាប់រហ័ស»។
លោករាជ សម្បត្តិ អ្នកនាំពាក្យជនជាតិកម្ពុជានៃ អ.វ.ត.ក បានលើកឡើងថា «សហព្រះរាជអាជ្ញាមានសិទ្ធិប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាដំណោះស្រាយនេះ»។ លោកបានវាយតម្លៃថាសេចក្តីសម្រេចនេះអាចនឹងធ្វើអោយការជំនុំជម្រះឌុច មានដំណើរយឺតយាវរយៈពេលពីមួយទៅពីរសប្តាហ៍ប៉ុណ្ណោះ។
លោកយូ ប៊ុនឡេង សហចៅក្រមស៊ើបអង្កេតបានកត់សម្គាល់ថា «សហព្រះរាជអាជ្ញាបានប្រើសិទ្ធិរបស់ពួកគេ»។ លោកបានបន្ថែមទៀតថា «ពួកគេមានសិទ្ធិរយៈពេលដប់ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍ ហើយថ្ងៃនេះ គឹជាថ្ងៃចុងក្រោយ»។ លោកសង្ឃឹមថាករណីនេះនឹងមិនបង្កជាការយឺតយាវធំដុំអ្វីឡើយ នៅក្នុងដំណើការកាត់ទោសឌុច។
ចំណែកលោក ម៉ាក សែលឡឺម៉ុងដ៍ សហចៅក្រមស៊ើបអង្កេតជនជាតិបារាំង ដែលបានទំនាក់ទំនងតាមទូរស័ព្ទ មានប្រសាសន៍ថា «នេះគឺជារឿងធម្មតា។ ខ្ញុំគិតថាសេចក្តីសម្រេចនេះគឺជារឿងស្របច្បាប់»។ លោកបានបញ្ជាក់ថា «ខ្ញុំសោកស្តាយដែលការជំនុំជម្រះជាសាធារណៈលើកដំបូងលើករណីរបស់ឌុច មានដំណើរការយឺតយាវ ប៉ុន្តែ ចៅក្រមស៊ើបអង្កេតនៅតែកំណត់ថានឹងដំណើរការវិវត្តន៍ទៅមុខលើសំណុំរឿងនេះ»។ ជាចុងក្រោយ លោកបានសន្និដ្ឋានថា «មានតែអង្គបុរេជំនុំជម្រះប៉ុណ្ណោះ ដែលអាចនិយាយបានពីពេលវេលានៃដំណើរការនេះ»។ |