| តើសាលាក្តីខ្មែរក្រហមអាចជំនុំជម្រះអៀង សារីបានដែររឺទេ? |
| ααα ស្ទេហ្វានី ហ្សេ | |
| 01-07-2008 |
|
នៅថ្ងៃទីពីរនៃសវនាការលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាឃុំខ្លួនបណ្តោះអាសន្នរបស់អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរក្រហម អៀង សារី នៅថ្ងៃអង្គារ ទី១ ខែកក្កដានេះ ភាគីទាំងអស់បានធ្វើការពិនិត្យគោលការណ៍ច្បាប់មួយយ៉ាងម៉ត់ចត់ ដែលច្បាប់នេះបានចែងថា មនុស្សម្នាក់មិនអាចត្រូវបានជំនុំជម្រះ រឺចោទប្រកាន់ពីរលើក ពីបទឧក្រិដ្ឋតែមួយបាននោះទេ។
ជាការពិតណាស់ អៀង សារី ធ្លាប់ត្រូវបានចោទប្រកាន់ជាពិរុទ្ធជនម្តងរួចមកហើយ ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដោយតុលាការប្រជាជនក្រុងភ្នំពេញ កាលពីខែសីហា ឆ្នាំ១៩៧៩ និងត្រូវបានកាត់ទោសប្រហារជីវិតកំបាំងមុខ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់គាត់។ ក្រោយមក នៅឆ្នាំ១៩៩៦ អៀង សារីត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានទោស ដើម្បីធ្វើការ «ផ្សះផ្សាជាតិ»។
មេធាវីការពារក្តីបានបញ្ជាក់ថា ជាការពិតណាស់ តាមគោលការណ៍ច្បាប់ខាងលើនេះ កូនក្តីរបស់ពួកគាត់មិនត្រូវបានចោទប្រកាន់ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)នោះទេ ព្រោះថាគាត់ត្រូវបានកាត់ទោសម្តងរួចមកហើយ កាលពីឆ្នាំ១៩៧៩ ពីបទឧក្រិដ្ឋដូចគ្នានេះ។
សហចៅក្រមស៊ើបអង្កេតបានបញ្ជាអោយបញ្ឈប់ការអានច្បាប់នេះ ដោយហេតុផលថា អ.វ.ត.ក បានធ្វើការចោទប្រកាន់អៀង សារី ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទរំលោភបំពានធ្ងន់ធ្ងរលើសន្ធិសញ្ញាទីក្រុងហ្សឺណែវ ចុះឆ្នាំ១៩៤៩ ហើយមិនបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដូចករណីតុលាការឆ្នាំ១៩៧៩ បានជំនុំជម្រះនោះទេ។ មេធាវីរបស់អតីតប្រមុខការទូតខ្មែរក្រហមប្រហែលជាគិតយ៉ាងឆាប់រហ័សពេក ថាការចោទប្រកាន់កូនក្តីរបស់ខ្លួន ពីបទ«ប្រល័យពូជសាសន៍» នៅឆ្នាំ១៩៧៩ បានក្តោបសរុបទាំងអំពើឃាតកម្ម ដែលគាត់ត្រូវបានចោទប្រកាន់នាពេលសព្វថ្ងៃនេះ។
លោកមេធាវី Karnavas បានរម្លឹកថា គោលការណ៍ច្បាប់ «Ne bis in idem» ត្រូវបានធានាដោយក្រមនីតិវិធីព្រហ្មទណ្ឌនៃប្រទេសកម្ពុជា ហើយនៅក្នុងតុលាការ «អន្តរជាតិ»នេះ គេអនុវត្តច្បាប់របស់ប្រទេសកម្ពុជា។
ឆ្លើយតបទៅនឹងមេធាវីការពារក្តី លោក William Smith សហព្រះរាជអាជ្ញាបានលើកយកសេចក្តីសំអាងដ៏មានទម្ងន់មួយ ដោយពឹងផ្អែកលើអ័ក្សចំនួនពីរ។ ទីមួយ ជនត្រូវចោទ «មិនបានទទួលរងព្យសនកម្ម(ការខូចប្រយោជន៍)ជាក់លាក់ណាមួយ»ឡើយ ក្រោយការកាត់ទោសកំបាំងមុខ ដោយតុលាការប្រជាជនបដិវត្តន៍ នៅឆ្នាំ១៩៧៩។ ជាក់ស្តែង សេចក្តីសម្រេចរបស់តុលាការមិនដែលត្រូវបានអនុវត្ត អៀង សារីមិនដែលជាប់ពន្ធនាគារ ហើយទ្រព្យសម្បត្តិរបស់គាត់មិនដែលត្រូវបានរឹបអូស។ លោកបានបន្ថែមទៀតថា អ័ក្សទីពីរ គឺថា អតីតមេដឹកនាំរូបនេះមិនទទួលសិទ្ធិ នៅក្នុង«ការជំនុំជម្រះប្រកបដោយសមធម៌មួយ»។ ការវិនិច្ឆ័យទោសធ្វើឡើងយ៉ាងឆាប់រហ័ស រយៈពេលត្រឹមតែប្រាំថ្ងៃ ហើយមាន កង្វះខាតផ្នែកច្បាប់យ៉ាងច្រើនចំពោះរូបគាត់ ដូចជា ៖ មានចៅក្រមតែម្នាក់ដែលបានបង្ហាញភស្តុតាងពិរុទ្ធភាពរបស់ជនជាប់ចោទ សច្ចធារណ៍របស់ជនស្លូតត្រង់មិនត្រូវបានគោរព ជនជាប់ចោទអវត្តមាន និងមិនមានសិទ្ធិទទួលបានទីប្រឹក្សាតាមជម្រើសរបស់គាត់ សិទ្ធិមួយរបស់ជនដែលត្រូវចោទប្រកាន់ក្នុងការការពារក្តីនៅក្នុងសំណុំរឿង មិនត្រូវបានគោរព។ សិទ្ធិសាកសួរសាក្សីនិងសិទ្ធិប្តឹងឧទ្ធរណ៍មិនត្រូវបានគោរព តុលាការប្រជាជនបានធ្វើការសម្រេចគ្រប់យ៉ាង ដូចជាតុលាការកំពូលមួយ...។
ទន្ទឹមនឹងនេះ ប្រឈមមុខនឹងការបដិសេធរបស់អង្គបុរេជំនុំជម្រះ ក្នុងការឡើងមកនិយាយនៅចំពោះមុខតុលាការ សេង ធារី ដើមបណ្តឹងរដ្ឋប្បវេណី បានបញ្ឈប់ការងារមេធាវីកម្ពុជារបស់ខ្លួន ដើម្បីអោយខ្លួនអាចធ្វើជាតំណាងខ្លួនឯងដោយផ្ទាល់។ យុទ្ធសាស្រ្តនេះមិនត្រូវចំណាយអស់ថវិកានោះទេ ប៉ុន្តែ បានបង្កើតជាបដិវាទកម្មមួយនៅក្នុងវិធានផ្ទៃក្នុងរបស់ អ.វ.ត.ក។ នៅក្នុងមាត្រាមួយនៃវិធានផ្ទៃក្នុង អ.វ.ត.ក បានទទួលស្គាល់ថាដើមបណ្តឹងរដ្ឋប្បវេណី មិនមានសិទ្ធិបញ្ចេញយោបល់ដោយខ្លួនឯងផ្ទាល់នោះទេ គឺបានត្រឹមតែតាមរយៈមេធាវីរបស់ខ្លួនប៉ុណ្ណោះ ហើយមាត្រាមួយផ្សេងទៀតបានចែងថា ដើមបណ្តឹងរដ្ឋប្បវេណីត្រូវបានតំណាងដោយមេធាវីម្នាក់។ |