| អង្គការឃ្លាំមើលសិទ្ធិមនុស្សៈ តើព្រះសង្ឃខ្មែរក្រោម ទឹម សាខន គង់នៅឯណា? |
| ααα កាសែត | |
| 03-07-2008 |
|
ព្រះសង្ឃមួយអង្គ ដើមកំណើតនៅខ្មែរកម្ពុជាក្រោម ព្រះនាម ទឹម សាខន ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០០៧ ដោយអាជ្ញាធរកម្ពុជា រួចត្រូវបានចាប់ផ្សឹក និងត្រូវបានបញ្ជូនទៅកាន់ប្រទេសវៀតណាម ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទ «ធ្វើអោយប៉ះពាល់ដល់ឯកភាពជាតិ» ដោយតុលាការប្រទេសវៀតណាមមួយ កាលពីថ្ងៃទី៨ ខែវិច្ឆិកា។ ព្រះសង្ឃទឹម សាខន មិនបានជាប់ពន្ធនាគារ តាមទោសរបស់ខ្លួននោះទេ ដោយព្រះអង្គត្រូវបានដោះលែងកាលពីថ្ងៃទី២៨ មិថុនា ឆ្នាំ២០០៨។ ប៉ុន្តែ ចាប់តាំងពីអាជ្ញាធរវៀតណាមបាននាំព្រះអង្គមកកាន់ស្រុកកំណើតវិញ ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម មិនមាននរណាម្នាក់បានដឹងថាតើព្រះអង្គគង់នៅឯណានោះទេ? ហេតុដូច្នេះ នៅថ្ងៃទី៣ ខែកក្កដា អង្គការឃ្លាំមើលសិទ្ធិមនុស្សបានអំពាវនាវដល់អាជ្ញាធរវៀតណាមអោយ«ដោះលែងព្រះសង្ឃអង្គនេះអោយមានសេរីភាពពេញលេញ»។
ព្រះសង្ឃ ទឹម សាខន កើតនៅកម្ពុជាក្រោម ភាគខាងត្បូងប្រទេសវៀតណាម បន្ទាប់មកគាត់បានមករស់នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៨មក។ គាត់ធ្លាប់ជាព្រះសង្ឃមួយអង្គគង់នៅវត្តមួយ ស្ថិតក្នុងខេត្តតាកែវ។ អង្គការដែលមានទីស្នាក់ការនៅទីក្រុងញ៉ូវយ៉កនេះបានរម្លឹកថា គេបានផ្តល់សញ្ជាតិកម្ពុជាដល់គ្រួសាររបស់ព្រះអង្គ។ ព្រះអង្គធ្លាប់បានធ្វើអោយគេទទួលស្គាល់ថាជាសកម្មជននិយម ការពារសិទ្ធិសេរីភាពប្រជាជនខ្មែរក្រោមនៅប្រទេសវៀតណាម។
សមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិកអង្គនេះ តែងតែមានទំលាប់ទទួលស្វាគមន៍ជនអន្តោប្រវេសន៍ខ្មែរក្រោម និងអ្នកស្នើសុំសិទ្ធិជ្រកក្រោននៅប្រទេសវៀតណាម នៅក្នុងវត្ត នាខេត្តតាកែវរបស់ព្រះអង្គ។ សកម្មភាពទាំងនេះមិនត្រូវបានស្វាគមន៍ពីសំណាក់រដ្ឋាភិបាលក្រុងភ្នំពេញនោះទេ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបញ្ជាក់ថា ព្រះអង្គត្រូវបានគេចាប់ផ្សឹក ពីបទរំលោភបំពានច្បាប់ព្រះពុទ្ធសាសនា ដោយបាន «បំផ្លាញសាមគ្គីភាព» រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម និងបានប្រើប្រាស់វត្តអារ៉ាម ដើម្បីធ្វើការឃោសនា។
យោងតាមអង្គការក្រៅរដ្ឋាភិបាលមួយនេះ ការចាប់បញ្ជូនព្រះសង្ឃ ទឹម សាខន ទៅកាន់ប្រទេសវៀតណាម គឺជាការរំលោភបំពានរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ព្រោះថាប្រទេសទាំងពីរមិនបានចុះបត្យាប័នជាមួយគ្នានោះទេ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សសំដែងការព្រួយបារម្ភខ្លាចក្រែងព្រះសង្ឃអង្គនេះត្រូវបានគេចាប់បង្ខាំងនៅនឹងគេហដ្ឋាន ហើយត្រូវរស់នៅក្រោមការយាមការរបស់ប៉ូលីស ដូចជាករណីរបស់ព្រះសង្ឃនៅប្រទេសវៀតណាមផ្សេងៗទៀត ដែលត្រូវបានគេចាប់បង្ខាំងធ្វើទារុណកម្ម។ |