| ញ្ញតិ្តដែលមានស្នាមមេដៃជនរងគ្រោះចំនួន៤២០០០នាក់ ត្រូវបានប្រគល់ជូនឧត្តមស្នងការអង្គការសហប្រជាជាតិ |
| ααα រស់ ឌីណា | |
| 05-06-2008 |
|
ប្រជាពលរដ្ឋប្រមាណជាងសាមសិបនាក់ តំណាងអោយរាប់ពាន់គ្រួសារ ដែលមានបញ្ហាដីធ្លីមកពី២៤ខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជាបានជួបប្រជុំគ្នានៅរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនានេះ នៅមុខការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ដើម្បីតម្កល់ញ្ញតិ្តរបស់ខ្លួន ដែលមានស្នាមមេដៃជនរងគ្រោះចំនួន៤២០០០នាក់។
អ្នកស្រី ហង្ស ចន្ថា ជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកដែលមានបញ្ហាដីធ្លីនៅក្រុងព្រះសីហនុ បានបញ្ជាក់ថាគោលបំណងរបស់ពួកគាត់គឺគាំទ្រទាំងស្រុងប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីដែលប្រមានថា «អ្នកមានលុយ និងមានអំណាចទាំងឡាយ ត្រូវបញ្ឈប់ការឃុបឃិតគ្នា រំលោភយកដីប្រជាពលរដ្ឋ ដីព្រៃនិងធនធានជលផល។ ត្រូវតែប្រគល់ដីទាំងនោះទៅអោយប្រជាពលរដ្ឋវិញ»។ ផ្ទុយទៅវិញ ក្រុមអាជ្ញាធរមូលដ្ឋានមិនដែលបានអនុវត្តតាមសំណើររបស់នាយករដ្ឋមន្ត្រីទាល់តែសោះ។
លោក ឡោ ឈាង វ័យ៦១ឆ្នាំ ជាតំណាងសមាគមនេសាទស្រុកកំពង់បាយ ខេត្តកំពតបានពោលថា «ពួកយើងមិនមែនមកធ្វើបាតុកម្មទេ។ យើងយកញ្ញត្តិមករក្សាទុកនៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ព្រោះយើងគិតថាទីនេះធានាសុវត្ថិភាពដល់ឯកសារទាំងនេះ។ លើសពីនេះទៅទៀត យើងជឿថា អង្គការនេះនឹងអាចពាំនាំសារនិងជួយចរចារបញ្ហារបស់យើងជាមួយប្រមុខរដ្ឋាភិបាលបាន»។
ចំណែកឯកលោក សៀម ផាន អាយុ៥០ឆ្នាំ ប្រជាពលរដ្ឋមកពីឃុំកំពង់សៀម ខេត្តស្ទឹងត្រែង បានលើកឡើងថាមានយោធា និងនគរបាលដែលមានអំណាចមួយចំនួនបានចូលមកកាប់ព្រៃក្នុងសមាគមរបស់លោកយ៉ាងអណាធិបតេយ្យដោយគ្មានកោតខ្លាចសមត្ថកិច្ចណាឡើយ។ ក្រោយកាប់ព្រៃអស់ គេចាប់យកដីទាំងនោះជាកម្មសិទ្ធិរបស់គេទៀតផង។ ចំណែកឯអាជ្ញាធរមូលដ្ឋានវិញ មិនដែលអើពើចុះធ្វើអន្តរាគមន៍អ្វីទាល់តែសោះ ទាក់ទិនទៅនឹងបណ្តឹងនានារបស់ប្រជាពលរដ្ឋ។
លោកហោ សាម៉ាត់ តំណាងម្នាក់ក្នុងចំណោមអ្នកតំណាងប្រជាពលរដ្ឋមកពី២៤ខេត្តក្រុងដែលត្រូវអនុញ្ញាតិអោយចូលជួបលោក គ្រីស្តុ ប៉េសស៊ូ ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បានអត្ថធិប្បាយប្រាប់ «កាសែត»ថា មន្ត្រីសិទ្ធិមនុស្សសហប្រជាជាតិរូបនោះ បានទទួលស្វាគមន៍ក្នុងការសុំអោយរក្សាទុកញ្ញាតិ្តទាំងនេះ។ ដោយឡែកមន្ត្រីសហប្រជាជាតិដដែលនេះបានសន្យាថានឹងជួយរកមធ្យោបាយ ដើម្បីអោយប្រជាពលរដ្ឋទាំងនេះមានលទ្ធភាពជួបមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ដើម្បីអោយពួកគេមានឱកាសសំដែងនូវក្តីលំបាករបស់ខ្លួនបាន ព្រោះថាឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សមិនអាចដើរតួជំនួសប្រជាពលរដ្ឋទាំងនោះបានទេ។ |