| អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកធំៗចំនួន៣ ព្រួយបារម្ភពីការកើនទ្បើងអំពើហិង្សានិង ឃាតកម្មក្នុងដំណាក់ការឃោសនាបោះឆ្នោត |
| ααα ដួង សុខា | |
| 17-07-2008 |
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា (ជាសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកចំនួន២១) គណៈកម្មាធិការខុមហ្រ្វែល (មានសមាជិកអង្គការ សមាគមចំនួន១០) និងគណៈកម្មាធិការនិកហ្វិច (មានសមាជិកអង្គការសមាគមចំនួន៧) បានសំដែងពីការព្រួយបារម្ភយ៉ាងខ្លាំងពីការកើនទ្បើងនៃអំពើហិង្សា ការគំរាមកំហែង និងឃាតកម្ម នៅក្នុងតំណាក់ការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៤នេះ។
នៅក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ កក្កដានេះ លោក សុក សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាអ្នកសម្របសម្រួលស្តីទីនៃគណៈកម្មាធិការប្រព្រឹត្តិកម្ម បានថ្លែងតាមរយៈសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលថា ទោះបីចំនួនសរុបនៃអំពើហឹង្សានយោបាយហាក់ដូចជាមានចំនួនតិចជាង កាលពីរយៈពេលឃោសនាបោះឆ្នោតនៅអាណត្តិមុនៗក៏ដោយ ក៏បញ្ហាទាំងនោះនៅតែមានលក្ខណៈគួរអោយព្រួយបារម្ភ។ ក្នុងនោះរួមមាន ឃាតកម្មលើសកម្មជនគណបក្សនយោបាយ និងឃាតកម្មផ្សេងៗមានចំនួន១១ករណី ការរំខានយាយី និងការគំរាមកំហែងលើសកម្មជនគណបក្សនយោបាយមានចំនួន២៥ករណី ការទំលាក់និងបំផ្លាញស្លាកគណបក្សនយោបាយមានចំនួន១២ករណី ការរារាំងការឃោសនាបោះឆ្នោតមាន៨ករណី ការរំលោភនីតិវិធីឃោសនាបោះឆ្នោតមាន៩ករណី និងការទិញសន្លឹកឆ្នោតមាន៧ករណី។
ក្នុងនាមសង្គមស៊ីវិល លោក សុក សំអឿន បានសង្កេតឃើញថា «ក្នុងរយៈពេលឃោសនាបីសប្តាហ៍កន្លងមកនេះ ការគំរាមកំហែង និងការសំលាប់អ្នកសារព័ត៌មាន និងសកម្មជនគណបក្សមិនកាន់អំណាចនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានបាននាំអោយមានធ្លាក់ចុះខ្សោយនៃស្ថានភាពសន្តិសុខជាទូទៅ និងបង្កើតអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត»។
អ្នកច្បាប់រូបនេះបានសង្កត់ធ្ងន់ថា ប្រឈមមុខទៅនឹងបញ្ហានេះ សង្គមស៊ីវិលមានការព្រួយបារម្ភពីការធ្លាក់ចុះចំនួនអ្នកទៅបោះឆ្នោត។ លោក វាយតំលៃថា «ប្រសិនបើចំនួនអ្នកទៅបោះឆ្នោតមានការធ្លាក់ចុះ នោះការបោះឆ្នោតនឹងមិនប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ទេ»។
សង្គមស៊ីវិលក៏សំដែងការសោកស្តាយផងដែរ ដែលជនប្រព្រឹត្តបទល្មើសមិនត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោស និងបានអំពាវនាវអោយរាជរដ្ឋាភិបាលចាត់វិធានការណ៍ជាបន្ទាន់ដើម្បីទប់ស្កាត់បញ្ហាខាងលើនេះ ដើម្បីការពារសុវត្ថភាពជូនពលរដ្ឋជាម្ចាស់ឆ្នោត និងស្វែងរកចាប់ខ្លួនជនប្រព្រឹត្តល្មើសយកមកផ្តន្ទាទោស។
|