| បរិយាកាសសន្តិសុខជាទូទៅនៃការឃោសនាបោះឆ្នោត ក្នុងសប្តាហ៍ទីមួយមានសភាពប្រសើរជាង បើប្រៀបធៀបនឹង ការបោះឆ្នោតឆ្នាំ២០០៣ |
| ααα ដួង សុខា | |
| 02-07-2008 |
|
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វែ្រល សង្កេតឃើញថាបរិយាកាសសន្តិសុខជាទូទៅ ក្នុងដំណើរការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៤ ក្នុងសប្តាហ៍ទីមួយ មានសភាពប្រសើរជាង បើប្រៀបធៀបទៅនឹងការបោះឆ្នោតឆ្នាំ២០០៣។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃពុធ ទី២ កក្កដានេះ នៅទីស្នាក់ការ ខុមហ្វែ្រល លោក ធន សារាយ ប្រធានគណៈកម្មាធិការនាយកខុមហ្វ្រែល បានថ្លែងថា ទោះបីយ៉ាងណាក៏ដោយ ក៏ករណីបំភិតបំភ័យ គំរាមកំហែង រារាំង ពាក់ព័ន្ធនឹងគណបក្សនយោបាយកំពុងកើតមានចំពោះអ្នកនយោបាយ និងសកម្មជនគណបក្សសំខាន់ ជាបន្តបន្ទាប់ យ៉ាងហោចណាស់ចំនួន១៦ករណី ដូចជាការប្រើអំពើហឹង្សារបស់មន្ត្រីយោធានិងការប៉ុនប៉ងរបស់អាជ្ញាធរមូលដ្ឋានប្រឆាំងបេក្ខជនស្រ្តីលេខរៀងទី១ប្រចាំមណ្ឌលកំពតរបស់គណបក្សសម រង្ស៊ី គឺលោកស្រី មួរ សុខហួរ។
ដោយឡែក លោក គល់ បញ្ញា នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល បានអោយដឹងថា ក្នុងអំឡុងមួយសប្តាហ៍ នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានតែឃាតកម្មមួយករណីប៉ុណ្ណោះ ទៅលើអនុប្រធានភូមិមកពីគណបក្សប្រជាជនកម្ពុជា នៅភូមិជ្រៃសុខុម ស្រុកអូរាំងឪ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែមិថុនា បើប្រៀបធៀបនឹងឆ្នាំ២០០៣ គឺមានចំនួន៨ករណីកើតទ្បើងលើសកម្មជនគណបក្សនយោបាយ។ ខុមហ្វ្រែលមិនទាន់វាយតំលៃនៅទ្បើយទេថាតើឃាតកម្មទាំងនេះពាក់ព័ន្ឋនឹង ករណីនយោបាយយ៉ាងណានោះ។
លោកធន សារាយបង្ហាញការចាប់អារម្មណ៍ថា «ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតលើកនេះ មន្ត្រីរាជការ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធបានចូលរួមក្នុងសកម្មភាពគាំទ្រគណបក្សកាន់អំណាច ហើយក៏ធ្វើសកម្មភាពប្រឆាំងនឹងគណបក្សផ្សេងៗយ៉ាងច្រើន បើប្រៀបធៀបទៅនឹងការបោះឆ្នោតលើកមុន»។
លោកធន សារាយ បានអោយដឹងថាប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូវនិច ទូរទស្សន៍និងវិទ្យុឯកជន យ៉ាងហោចណាស់៣០ស្ថានីយ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាបានបន្តរំលោភនីតិវិធី បទបញ្ជា និងសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ខុមហ្វ្រែលក៏សោកស្តាយយ៉ាងខ្លាំង ដែលអ្នកបោះឆ្នោតមួយចំនួននឹងបាត់បង់សិទ្ធិបោះឆ្នោត ហើយក៏នឹងអាចធ្វើអោយមានការយល់ច្រឡំថាបាត់បង់សិទ្ធិបោះឆ្នោត។ បញ្ហាទាំងនេះ ដោយសារមូលហេតុមួយ ក្នុងចំណោមមូលហេតុផ្សេងៗទៀតនោះ គឺការរើសអើងនយោបាយ ក្នុងការសំអាតបញ្ជីឈ្មោះ និងការបែងចែកប៉ុណ្ណព័ត៌មានដោយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ សង្កាត់ (អ្នកបោះឆោ្នតប្រមាណ៨៥%ប៉ុណ្ណោះនៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប្រមាណជាង៨លាននាក់ បានទទួលបណ័្ណព័ត៌មាន ដូច្នេះនៅមានអ្នកបោះឆោ្នតជិត១លាន២សែននាក់ទៀតមិនបានទទួលប័ណ្ណព័ត៌ មាន)។
|