| សង្គមស៊ីវិលព្រួយបារម្ភពីការកើនឡើងនៃឃាតកម្មលើសកម្មជនគណបក្សនយោបាយ មុនពេលឃោសនាបោះឆ្នោត |
| ααα ដួង សុខា | |
| 02-06-2008 |
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (ជាសម័្ពន្ធអង្គការ សមាគមមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន២១) គណៈកម្មាធិការខុមហ្វ្រែល (មានសមាជិកចំនួន១០អង្គការ សមាគម) និងគណៈកម្មធិការនិកហ្វិច (មានសមាជិកចំនួន៧អង្គការ សមាគម) បានសំដែងនូវការព្រួយបារម្ភជាខ្លាំងចំពោះកំណើននៃអំពើហឹង្សាទៅលើសកម្មជននយោបាយនានា នៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០០៨ មុនពេលយុទ្ធនាការឃោសនាបោះឆ្នោតជាតិលើកទីបួន។
នៅក្នុងសន្នីសីទសារព័ត៌មានមួយនៅថ្ងៃច័ន្ទ ទី២ ខែមិថុនា នេះ នៅទីក្រុងភ្នំពេញ លោក ធន សារាយ អ្នកសម្របសម្រួលគណៈកម្មាធិការប្រព្រឹត្តិកម្ម និងជាប្រធានសមាគមអាដហុក បានបង្ហាញរបាយការណ៍ស៊ើបអង្កេតរបស់អង្គការសង្គមស៊ីវិល ចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០០៨ ដែលមានករណីឃាតកម្មលើសកម្មជនគណបក្សនយោបាយចំនួនប្រាំ ការរំខានយាយី និងគំរាមកំហែងលើសកម្មជនគណបក្សនយោបាយមានចំនួន២១ករណី ព្រមទាំងការទម្លាក់គណបក្សនយោបាយចំនួន១៥ករណី។ លោក ធន សារាយបានសំដែងការសោកស្តាយថា «ជនដែលបានប្រព្រឹត្តបទល្មើសភាគច្រើនមិនទាន់ត្រូវបានចាប់ខ្លួនដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់ទេ និងមិនទាន់មានចំណាត់ការផ្លូវច្បាប់អោយបានម៉ឹងម៉ាត់ណាមួយ ពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីលុបបំបាត់សកម្មភាពទាំងនេះឡើយ»។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វែ្រលបានកត់សម្គាល់ឃើញថា ឃាតកម្មភាគច្រើនតែងកើតមានទៅលើជនរងគ្រោះជាសកម្មជននយោបាយរបស់គណបក្សប្រឆាំងសម រង្ស៊ី គណបក្សនរោត្តម រណឫទ្ធិ និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា។
ដើម្បីអោយការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ អង្គការសង្គមស៊ីវិលបានអំពាវនាវអោយរដ្ឋាភិបាល និងអាជ្ញាធរចាត់វិធានការស៊ើបអង្កេតអោយបានម៉ត់ចត់ទៅលើករណីអំពើហឹង្សាទាំងឡាយ និងអោយកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរឯករាជ្យនិងអព្យាក្រឹត្យក្នុងការធានាដល់បរិយាកាសនយោបាយប្រកបដោយសុវត្ថិភាព ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)យល់ឃើញថា នេះគឺជាសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលក្នុងការធ្វើសេចក្តីថ្លែងការណ៍នេះ។ លោកមានប្រសាសន៍ថា «ជាទូទៅ អង្គការទាំងនេះមិនដែលបង្ហាញការពេញចិត្តរបស់ខ្លួន ចំពោះដំណើរការរៀបចំការបោះឆ្នោតឡើយ។ ទោះយ៉ាងណា គជបមិនដែលប្រងើយកន្តើយទៅនឹងការយកចិត្តទុកដាក់លើសន្តិសុខរបស់គណបក្សនយោបាយឡើយ។
នៅឆ្នាំ២០០៧ គជបនិងរដ្ឋាភិបាល បានចេញសរាចរណែនាំអោយអាជ្ញាធរពាក់ព័ន្ធចាត់វិធានការសន្តិសុខជូនគណបក្សនយោបាយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត»។ មន្ត្រីជាន់ខ្ពស់គជប រូបនេះបានអះអាងថា ករណីឃាតកម្ម គំរាមកំហែងទម្លាក់ផ្លាកមួយចំនួនកំពុងត្រូវបានស៊ើបអង្កេត។ ទោះយ៉ាងណា លោកបានសង្កត់ធ្ងន់ថាស្ថាប័នរបស់លោកនៅតែបន្តសហការជាមួយអង្គការទាំងនេះដើម្បីពង្រឹងសន្តិសុខក្នុងដំណើរការរៀបចំការបោះឆ្នោត។ |