| យុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទីមួយប្រព្រឹត្ត ដោយរលូន |
| ααα ដួង សុខា | |
| 26-06-2008 |
 វត្តភ្នំ(ភ្នំពេញ)ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០០៨។ គណបក្សសំខាន់ៗហែរក្បួន ឃោសនាតាមដងផ្លូវសំខាន់ៗនៅកណ្តាលក្រុងភ្នំពេញ។ ទោះបីជាមានការហាមឃាត់ពីសាលាក្រុងភ្នំពេញ ក្នុងនោះគណបក្សប្រជាជនបានបិទផ្សាយខិត្តប័ណ្ណជាច្រើនរបស់ខ្លួននៅតាមផ្ទះរបស់ប្រជាជន។
ស្ថាប័នពាក់ព័ន្ធទៅនឹងការឃ្លាំមើលការបោះឆ្នោតក្នុងប្រទេសបានប្រកាសថាដំណើរការនៃការធ្វើយុទ្ធនាការបោះឆ្នោតនៅថ្ងៃទីមួយនេះនៅតាមខេត្តក្រុងប្រព្រឹត្តទៅដោយរលូន មិនមានភាពមិនប្រក្រតីកើតឡើងណាមួយទេ។ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថាគណបក្សធំៗ បានដំណើរការឃោសនារបស់ខ្លួននៅតាមទីប្រជុំជនសំខាន់ៗ ខ្លះធ្វើកិច្ចប្រជុំ និងចែកខិត្តប័ណ្ណរបស់គណបក្ស ព្រមទាំងមានការលើកស្លាកគណបក្សនយោបាយដោយមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន។ លោកបានជម្រាបថា «ការវាយប្រហារពាក្យសំដីណាមួយមិនទាន់មានទេ ហើយការហែរក្បួនគណបក្សក៏មិនមានបញ្ហាអ្វីកើតឡើងដែរ»។
មន្ត្រីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា ទោះបីជាមានបំរាមពីសាលាក្រុងភ្នំពេញមិនអោយហែរក្បួននៅតាមដងផ្លូវសំខាន់ៗមួយចំនួនក៏ដោយ ក៏មានគណបក្សខ្លះមានលទ្ធភាពហែរក្បួនឆ្លងកាត់ ដោយមានការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ដោយគណៈកម្មការរៀបចំការបោះឆ្នោតក្រុង។
លោក ម៉ារ សុផល ប្រធានផ្នែកស៊ើបអង្កេតរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ក៏បានបញ្ជាក់ដែរថាបរិយាកាសនៃការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន។ លោកបានសង្កេតឃើញថា «ទោះបីមានការហាមឃាត់ពីសាលាក្រុងភ្នំពេញ ក៏ក្បួនដង្ហែររបស់គណបក្សមួយចំនួនប្រព្រឹត្តទៅដោយធម្មតា ដោយមិនមានការរារាំងពីអាជ្ញាធរនោះទេ។ ទោះបីជាលោកសង្កេតឃើញថាគណបក្សប្រជាជនកម្ពុជាមានប្រៀបច្រើនក្នុងការធ្វើយុទ្ធនាការនេះក៏ដោយ ដូចជាការបិទខិត្តប័ណ្ណផ្សព្វផ្សាយគណបក្ស ការលើកស្លាកគណបក្ស ក៏គណបក្សផ្សេងជ្រើសរើសយុទ្ធសាស្រ្តខុសពីគណបក្សប្រជាជនកម្ពុជា ដូចជាការចុះទៅផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សនៅតាមផ្ទះ។ លោកបានគូសបញ្ជាក់ថា ក្នុងន័យនេះ មិនមែនមានន័យថាគណបក្សផ្សេងមិនមានមធ្យោបាយនោះទេ ប៉ុន្តែដោយសារបញ្ហាថវិកា គណបក្សទាំងនោះជ្រើសរើសយកវិធីបែបនេះ ពីព្រោះពួកគាត់យល់ឃើញថាវាមានប្រសិទ្ធិភាពជាងការបិទផ្សាយខិត្តប័ណ្ណតាមផ្ទះ រឺលើកស្លាកគណបក្ស។ |