| អង្គការលើកលែងទោសអន្តរជាតិនិងCohre ព្រួយ បារម្ភខ្លាចមានការប្រើប្រាស់កម្លាំងបណ្តេញប្រជាពលរ ដ្ឋចេញពីទីក្រុងភ្នំពេញជាលក្ខណៈទ្រង់ទ្រាយធំ |
| ααα កាសែត | |
| 27-08-2008 |
| ការចាក់ខ្សាច់បំពេញបឹងកក់ ដែលស្ថិតនៅកណ្តាលបេះដូងនៃរាជធានីភ្នំពេញ បានចោទជាការព្រួយបារម្ភពីសំណាក់អង្គការការពារសិទ្ធិមនុស្ស គឺអង្គការលើកលែងទោសអន្តរជាតិ និងមជ្ឈមណ្ឌលសម្រាប់សិទ្ធិស្នាក់នៅ និងប្រឆាំងនឹងការបណ្តេញចេញ (Cohre) ។ គម្រោងអភិវឌ្ឍន៍វិស័យនេះកើតមានឡើងនៅឆ្នាំ២០០៧ គឺបន្ទាប់ពីសាលាក្រុងភ្នំពេញបានសម្រេចផ្តល់សម្បទានផ្ទៃដី ១៣៣ហិចតា (ស្មើនឹង៩៩% នៃផ្ទៃបឹង) ទៅអោយក្រុមហ៊ុនឯកជនឈ្មោះ Shukaku Ltd សម្រាប់សម្បទានរយៈពេល៩៩ឆ្នាំ។
នៅថ្ងៃពុធ ទី២៧ សីហានេះ អង្គការទាំងពីរខាងលើបានអំពាវនាវសុំអោយបញ្ឈប់ការងារទាំងនេះ«ជាបន្ទាន់» «រហូតទាល់តែមានវិធានការណ៍ដ៏ត្រឹមត្រូវមួយដែលធានានូវការការពារសិទ្ធិមនុស្ស»។ ប្រជាពលរដ្ឋជាងមួយម៉ឺនគ្រួសារដែលរស់នៅជាប់បឹងនេះព្រួយបារម្ភខ្លាចក្រែងក្លាយជាជនរងគ្រោះពីការបណ្តេញចេញដោយប្រើប្រាស់កម្លាំងបង្ខិតបង្ខំ ខណៈពេលពួកគេមិនទាន់ត្រូវបានផ្តល់ដំណឹងអោយបានដឹងពីការចាប់ផ្តើមដំណើរការការដ្ឋានមួយនេះនោះទេ។ ប៉ុន្តែ អង្គការការពារសិទ្ធិមនុស្សទាំងពីរបានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះ នៅមិនទាន់មានបញ្ហាណាមួយដែលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៣០០០គ្រួសារ ដែលរស់នៅជុំវិញបឹងនេះនៅឡើយទេ។
លោក Brittis Edman អ្នកសង្កេតការណ៍នៅកម្ពុជាសម្រាប់អង្គការលើកលែងទោសអន្តរជាតិ បានសង្កត់ធ្ងន់ថា ប្រសិនជាការចាក់ខ្សាច់បំពេញបឹងកក់ដំណើរការទៅមុន នោះប្រាកដជាបង្កអោយមានការបណ្តេញប្រជាជនក្នុងទ្រង់ទ្រាយធំដែលពុំធ្លាប់មានពីមុននៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីសង្គ្រាមបានបញ្ចប់ ដោយសារគម្រោងនេះមិនមានផែនការច្បាស់លាស់ មិនមានសំណងជាថ្លៃខូចខាត និងដំណោះស្រាយសមរម្យ ដើម្បីអោយគ្រួសារពាក់ព័ន្ធផ្លាស់ប្តូរទីលំនៅទៅកាន់កន្លែងថ្មី។
លោក Dan Nicholson អ្នកសម្របសម្រួលកម្មវិធីអាស៊ីប៉ាស៊ីហ្វិក និងជាសហការីរបស់លោក Brittis Edman មានចំណាប់អារម្មណ៍ថាការអភិវឌ្ឍន៍តំបន់នេះមិនអាចធ្វើទៅបាន ដោយគ្មានការចូលរួមពីសហគមន៍ជុំវិញនោះទេ ព្រោះសហគមន៍អាចធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវនិងច្បាស់លាស់បាន។
ទាំងប្រជាពលរដ្ឋផ្ទាល់ ក៏ដូចជាអង្គការសិទ្ធិមនុស្សផ្សេងៗ បានសំដែងការសោកស្តាយចំពោះការខ្វះខាតនូវតម្លាភាព និងព័ត៌មានស្តីពីសំណុំរឿងនេះ ពីសំណាក់អាជ្ញាធរនៃសាលាក្រុងភ្នំពេញ។ សេចក្តីប្រកាសព័ត៌មានរបស់អង្គការលើកលែងទោសអន្តរជាតិបានអោយដឹងថា កាលពីពីរសប្តាហ៍មុន តំណាងសាលាក្រុងភ្នំពេញបានប្រកាសប្រាប់អ្នកយកព័ត៌មាន ដោយបានធ្វើការប៉ាន់ប្រមាណថាគម្រោងរៀបចំទីក្រុងថ្មីនេះអាចនឹងប៉ះពាល់ដល់ប្រជាជនជាង៦០០គ្រួសារ។ យោងតាមការការស៊ើបអង្កេតរបស់អង្គការក្នុងស្រុកមួយចំនួន តួលេខពិតអាចនឹងខ្ពស់ជាងនេះ…។
ម្យ៉ាងវិញទៀត អង្គការទាំងពីរបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងសាលាក្រុងភ្នំពេញនិងក្រុមហ៊ុនឯកជន Shukaku Ltd ទំនងជាមិនបានគោរពតាមច្បាប់ និងវិធានផ្សេងៗដែលបានចូលជាធរមាននៅក្នុងប្រទេសកម្ពុជា។ មិនមានការសិក្សាពីផលប៉ះពាល់បរិស្ថានណាមួយត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងក្របខ័ណ្ឌការងារនេះ និងមិនមានការដេញថ្លៃណាមួយត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀងនេះឡើយ។ អង្គការលើកលែងទោសអន្តរជាតិនិងអង្គការCohre បានសង្កត់ធ្ងន់បន្ថែមទៀតថា យោងតាមច្បាប់ភូមិបាល ឆ្នាំ២០០១ «ផ្ទៃបឹងនេះត្រូវជាដីសាធារណៈដែលមិនអាចលក់ រឺបញ្ចាំបាន» មានន័យថាសិទ្ធិជាម្ចាស់កម្មសិទ្ធិមិនអាចផ្ទេរទៅអោយអ្នកដទៃ ក្នុងរយៈពេលលើសពី១៥ឆ្នាំបានឡើយ។ អង្គការទាំងនេះបានសន្និដ្ឋានថាយោងតាមការចែងរបស់ច្បាប់ភូមិបាល ផ្ទះសំបែងមិនអាចត្រូវរុសរើសបានទេ។
|