លោករ៉ាអ៊ូល ម៉ាកចេនន័រ (Raoul Marc Jennar) មានប្រតិកម្មនឹងអត្ថបទមួយចុះផ្សាយថ្ងៃ២២ មីនា ២០០៨ របស់សារព័ត៌មានបារាំង Libération ទាក់ទងនឹងការបកប្រែជាភាសាបារាំងនូវរឿងរ៉ាវរបស់លោកវ៉ាន់ ណាត ដែលមានចំណងជើងថា«ការរួចជីវិតពីទួលស្លែង» ឬនិយាយអោយចំទៅគឺលោកប្រឆាំងនឹងការអត្ថាធិប្បាយរបស់អ្នកកាសែត ដែលថា : «បើមើលទៅលើភាពអសកម្មរបស់តុលាការកាត់ទោសខ្មែរក្រហម...»។
និយាយពីភាពអសកម្មចេះតែបានហើយ ប៉ុន្តែវាមិនត្រូវនឹងការពិតទេ។ ជាពិសេសវាធ្វើអោយអ្នកអានមិនបានដឹងពិតប្រាកដពីអ្វីដែលបានកើតឡើង។ ប្រិយមិត្តអ្នកអានពាក់ព័ន្ធនឹងអត្ថបទនេះ សុទ្ធសឹងជាអ្នកយកចិត្តទុកដាក់ និងអាចចូលរួមវិភាគទានបាន ដោយសារប្រទេសបារាំងបានចូលរួមផ្តល់ហិរញ្ញវត្ថុសម្រាប់ «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា» (CETC) ។ ពេលវេលាជាច្រើនត្រូវបានខាតបង់ ភាពអសកម្មដែលត្រូវបានគេលើកឡើងអាចកើតចេញពីអំណះអំណាងដែល គេតែងតែបានឮ គឺថាគេបានខាតបង់ពេលវេលាយ៉ាងច្រើនចាប់តាំងពីកើតមានព្រឹត្តិការណ៍កាលពីជាង៣០ឆ្នាំមុននេះមក។ គួររម្លឹកថា ក្រោយការដួលរលំរបស់ពួកខ្មែរក្រហមនៅឆ្នាំ១៩៧៩ សហគមន៍អន្តរជាតិបានបដិសេធចោលនូវរាល់គំនិតនៃការបង្កើតតុលាការ ហើយពួកគេបានទាំងចាត់ទុករដ្ឋទូតខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ជាអ្នកតំណាងស្របច្បាប់តែម្នាក់គត់របស់ប្រជាជនកម្ពុជាទៀតផង។ គួររម្លឹកដែរថា ការចងសម្ព័ន្ធភាពរវាងប្រទេសចិន អាមេរិក សម្ព័ន្ធមិត្តរបស់ប្រទេសទាំងពីរនេះនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងប្រទេសអឺរ៉ុបប៉ែកខាងលិចត្រូវបានធ្វើឡើងដើម្បីបង្កើត កងទ័ពមួយក្រោមបញ្ជារបស់ប៉ុល ពត។ ការសម្រេចចិត្តទាំងនេះត្រូវបានលោកប៉ាស្កាល់ ប្រ៊ុចក៍ន័រ(Pascal Bruckner) អ្នកសរសេរបទនិពន្ធ និងសៀវភៅប្រលោមលោកបារាំង ចាត់ទុកជា«អំពើគួរអោយខ្ពើមរអើមរបស់អន្តរជាតិ»។ ១០ឆ្នាំក្រោយមក ខ្មែរក្រហមបានបដិសេធមិនអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសដែលពួកគេបានចុះហត្ថលេខានោះទេ។ រដ្ឋាភិបាលកម្ពុជាបានចំណាយពេលអស់១០ឆ្នាំទៀតដើម្បីធ្វើអោយ ប្រទេសជាតិមានសន្តិភាពឡើងវិញ។ ផ្ទុយមកវិញ គេត្រូវការពេលមិនដល់១០ឆ្នាំទេក្នុងការចរចា ការស្វែងរកហិរញ្ញវត្ថុ និងការដាក់អោយដំណើរការនូវតុលាការពិសេសមួយដែលច្របាច់បញ្ចូលនូវមន្រ្តីតុលាការ និងមេធាវីចាត់តាំងដោយអង្គការសហប្រជាជាតិ ជាមួយនឹងមន្ត្រីតុលាការ និងមេធាវីកម្ពុជា។
ការងារមួយដ៏លំបាក បញ្ហាសំខាន់ៗជាច្រើនត្រូវបានគេលើកយកមកចរចា និងពិភាក្សាគ្នា។ អត្ថបទច្បាប់ និងវិធានផ្ទៃក្នុងមិនមានលក្ខណៈគ្រប់គ្រាន់ល្អឡើយ ប្រសិនបើវាមិនឆ្លើយតបនឹងស្តង់ដារអន្តរជាតិនោះ។ នៅបស្ចិមប្រទេស ការងារបែបនេះត្រូវការពេលវេលាយូរ ហើយនៅប្រទេសកម្ពុជាក៏ដូចគ្នាដែរ។ ជានិច្ចកាលគេតែងតែភ្លេចរឿងមួយ គឺថាកាលពី៣០ឆ្នាំមុន កម្ពុជាត្រូវបានគេដឹកនាំទៅរកយុគសម័យថ្ម ហើយជាប្រទេសមួយដែលពិបាកនឹងមានធនធានមនុស្សគ្រប់គ្រាន់ឡើងវិញ នៅក្នុងវិស័យទាំងអស់ក្នុងសង្គម ជាពិសេសនៅក្នុងផ្នែកច្បាប់ ។
ការស៊ើបអង្កេតដ៏ហ្មត់ចត់ ជួនកាល អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាមានដំណើរល្អជាងតុលាការបារាំងទៅទៀត។ តើអ្នកមានដែលឃើញចៅក្រមស៊ើបអង្កេតបារាំងណាចំណាយពេល៥ថ្ងៃពេញក្នុងមួយខែ ដើម្បីសួរចម្លើយមនុស្សតែម្នាក់ដែលត្រូវចោទប្រកាន់ដែរទេ? រឿងបែបនេះបានកើតឡើងទៅលើមនុស្សម្នាក់ដែលត្រូវទទួលការជំនុំជម្រះលើកដំបូង គឺកាំង ហ្គិចអ៊ាវ (គេស្គាល់ច្រើនក្រោមឈ្មោះឌុច) ប្រធានមន្ទីរធ្វើទារុណកម្មស២១។ សរុបទៅ ចាប់តាំងពីខែសីហាមក សវនាការចំនួន១៩លើកត្រូវបានធ្វើឡើងដើម្បីអោយចៅក្រមស៊ើបអង្កេតសួរចម្លើយឌុច ហើយការបង្ហាញឡើងវិញនូវបទឧក្រិដ្ឋត្រូវបានធ្វើឡើងចំនួនពីរលើក។ រយៈពេល២១ថ្ងៃពេញត្រូវបានចំណាយទៅលើសំណុំរឿងតែមួយនេះ។
យើងដឹងថា សវនាការទាំងនេះប្រព្រឹត្តទៅជាភាសាខ្មែរ ហើយត្រូវបកប្រែជាភាសាអង់គ្លេស និងភាសាបារាំងដោយត្រូវធ្វើការផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់បំផុត។ យើងក៏ដឹងដែរថា សវនាការនីមួយៗទាមទារអោយមានវត្តមានមេធាវីបរទេសរបស់ជនដែលត្រូវចោទ។ ម្យ៉ាងវិញទៀត យើងដឹងថា ករណីនេះគឺជាការផ្គុំឡើងវិញយ៉ាងល្អិតល្អន់បំផុតនូវព្រឹត្តិការណ៍ ដែលបានកើតឡើងកាលពីជាង៣០ឆ្នាំមុន ដែលតម្រូវអោយមាននូវការស៊ើបអង្កេតមួយស្របតាមនិយាមអន្តរជាតិ ហើយយើងក៏ដឹងថែមទៀតថា ការស៊ើបអង្កេតចំនួន៥កំពុងប្រព្រឹត្តទៅ។ បើដូច្នេះសួរថាតើយើងនិយាយពីភាពអសកម្មយ៉ាងដូចម្តេចទៅ?
[«រឿងភ័យរន្ធត់នៅកម្ពុជា» ] ជាអត្ថបទមួយដែលបកប្រែជាភាសាបារាំងនូវរឿងរ៉ាវរបស់លោកវ៉ាន់ ណាត ដែលមានចំណងជើងថា«ការរួចជីវិតពីទួលស្លែង» ចុះផ្សាយដោយសារព័ត៌មានប្រចាំថ្ងៃបារាំង Libération អ្នកកាសែតអាកណូដ៍ វ៉ូឡឺរ៉ាំង បានសរសេរឃ្លាមួយធ្វើអោយលោករ៉ាអ៊ូល ម៉ាកចេនន័រ មានប្រតិកម្ម គឺលោកសរសេរថា «បើមើលទៅលើភាពអសកម្មរបស់តុលាការកាត់ទោសខ្មែរក្រហម...»
លោករ៉ាអ៊ូល ម៉ាកចេនន័រ សិក្សាផ្នែកវិទ្យាសាស្រ្តនយោបាយ និងបានមកស្វែងយល់ពីប្រទេសកម្ពុជានៅឆ្នាំ១៩៨៩ នៅក្នុងក្របខ័ណ្ឌបេសកកម្មមួយធ្វើឡើងក្នុងនាមជាទីប្រឹក្សានៅព្រឹទ្ធសភាប៊ែលហ្សិក និងនៅក្រុមប្រឹក្សាប្រចាំតំបន់វ៉លឡន (Wallon)។ ឥទ្ធិពលនៃបេសកកម្មនេះបានកើតឡើងភ្លាមៗ ព្រោះថានៅពេលលោកត្រឡប់ទៅវិញ លោកក៏បានលាលែងពីមុខតំណែង ហើយបានក្លាយជាទីប្រឹក្សាការទូតរបស់វេទិកាអន្តរជាតិនៃអង្គការក្រៅរដ្ឋាភិបាលស្តីពីកម្ពុជា។ ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៩ លោកបានក្លាយជាអ្នកផ្តល់ប្រឹក្សាដល់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់) បន្ទាប់មកជាអ្នកទទួលខុសត្រូវកម្មវិធី «វប្បធម៌សន្តិភាពនៅកម្ពុជា» របស់អង្គការយូណេស្កូ ហើយក្រោយមកទៀតលោកគឺជាអ្នកផ្តល់ប្រឹក្សានៅសហគមន៍អឺរ៉ុបពាក់ព័ន្ធនឹងបញ្ហានយោបាយកម្ពុជា។ លោកក៏ជាអ្នកសង្កេតការណ៍អន្តរជាតិផងដែរនៅក្នុងឱកាសនៃការដកកងទ័ពវៀតណាម (ខែកញ្ញា ១៩៨៩)ចេញពីប្រទេសកម្ពុជា ក៏ដូចជានៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៣ ១៩៩៨ និងឆ្នាំ២០០៣ នៅប្រទេសកម្ពុជាផងដែរ។ នៅឆ្នាំ១៩៩៨ លោកបានឡើងការពារសារណាលើប្រធានបទស្តីពីព្រំដែនកម្ពុជាសម័យបច្ចុប្បន្ន ដើម្បីបញ្ចប់ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយនៅវិទ្យាស្ថានជាតិភាសា និងអរិយធម៌បូព៌ាប្រទេស (Inalco - Paris)។ អំឡុងពេលជាច្រើនឆ្នាំនេះ លោកបានបោះពុម្ពផ្សាយសៀវភៅ និងអត្ថបទជាច្រើន ជាពិសេសគឺសៀវភៅ« Les Clés du Cambodge»។ នៅឆ្នាំ២០០៣ លោកបានបំពេញបេសកកម្មមួយរយៈពេល៥ខែសម្រាប់អង្គការអុកស្វាមនៅប្រទេសកម្ពុជា។ នៅពេលនោះកម្ពុជាកំពុងចរចាសូមចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ បទពិសោធន៍នេះបាននាំអោយលោកក្លាយទៅជាអ្នកផ្តល់ប្រឹក្សាប្រចាំក្រុមសភាអឺរ៉ុប Gauche Unitaire Européenne/Gauche Verte Nordique (GUE/NGL) សម្រាប់បញ្ហាទាក់ទងនឹងសាកលភាវូបនីយកម្ម។ ចាប់តាំងពីខែតុលា ឆ្នាំ២០០៧មក លោកគឺជាអ្នកផ្តល់ប្រឹក្សារបស់រដ្ឋាភិបាលកម្ពុជា និងជាអ្នកផ្តល់ប្រឹក្សារបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងតុលាការទទួលបន្ទុកកាត់ទោសមេដឹកនាំខ្មែរក្រហម ដោយលោកបែងចែកពេលវេលារបស់លោករវាងប្រទេសកម្ពុជា និងប្រទេសបារាំង។ RIGHT COLUMN 3 សៀវភៅសក្ខីភាពរបស់លោកវ៉ាន់ ណាតជាភាសាបារាំង ចាប់តាំងពីចុងខែមករា ឆ្នាំ២០០៨មក ការបកប្រែជាភាសាបារាំងនៃសៀវភៅ« A Cambodian prison portrait – One year in the Khmer rouge's S-21 » សក្ខីភាពរបស់អ្នករស់រួចជីវិតវ៉ាន់ ណាត ដែលត្រូវបានបោះពុម្ពផ្សាយដំបូងជាភាសាអង់គ្លេស ត្រូវបានដាក់លក់នៅក្នុងបណ្ណគារ។ គ្រឹស្ថានបោះពុម្ព Calmann-lévy បានជ្រើសរើសបោះពុម្ពសៀវភៅនេះក្រោមចំណងជើងថា « Dans l'enfer de Tuol Sleng – L'inquisition khmère rouge en mots et en tableaux »។ លោកវ៉ាន់ ណាត បានសរសេរសៀវភៅនេះកាលពី១០ឆ្នាំមុន ដោយបានរៀបរាប់ពីបទពិសោធន៍ដ៏ឈឺចាប់នៃការរស់នៅក្នុងជញ្ជាំងអតីត សាលារៀនមួយនៅក្នុងទីក្រុងភ្នំពេញដែលត្រូវបានប្រែក្លាយទៅជាមន្ទីរធ្វើទារុណកម្ម និងសួរចម្លើយរបស់ពួកខ្មែរក្រហម ហើយ បច្ចុប្បន្នក្លាយជាសារមន្ទីរប្រល័យពូជសាសន៍។ តាមរយៈខ្សែភាពយន្តរបស់លោកប៉ាញ រិទ្ធី រឿង«មន្ទីរស២១ : ម៉ាស៊ីនពិឃាតរបស់ខ្មែរក្រហម» នៅឆ្នាំ២០០៥ បុរសវ័យ៦០ប្លាយឆ្នាំរូបនេះបានជួបទល់មុខអតីតពេជ្ឈឃាត៤រូប នៅកន្លែងចាស់ដែលរូបគាត់ និងអ្នកទោសជាមួយគាត់ជាច្រើនទៀតធ្លាប់ឆ្លងកាត់រឿងរ៉ាវគួរអោយ តក់ស្លុតនៅក្នុងរបបខ្មែរក្រហម ។
|