|
ទទួលព័ត៌មានតាមអីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| បាតុកម្មរបស់គណបក្សសម រង្ស៊ី ធ្វើឡើងដោយ ស្ងប់ស្ងាត់ |
| ααα Duong Sokha | | | 07-04-2008 |  ភ្នំពេញ ថ្ងៃទី ៦ មេសា ២០០៨ លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកចូលរួមបាតុកម្ម ប្រឆាំងនឹងអតិផរណា នៅមុខរដ្ឋសភា ©John Vink / Magnum នៅទីបំផុត កិច្ចប្រឹងប្រែងរបស់លោកសម រង្ស៊ី បានសម្រេចហើយ។ បាតុកម្មរបស់លោកដែលបានគ្រោងធ្វើនៅថ្ងៃអាទិត្យ ទី៦មេសា ដើម្បីប្រឆាំងនឹងការឡើងថ្លៃទំនិញប្រើប្រាស់ត្រូវបានរៀបចំធ្វើឡើង។ ថ្វីត្បិតតែបាតុកម្មនេះប្រព្រឹត្តិទៅដោយស្ងប់ស្ងៀម (ស្ថានទូតជាច្រើនបានណែនាំអោយអាណិកជនរបស់ពួកគេមានការប្រុងប្រយ័ត្ន) ក៏ដោយ តែចំនួនពិតប្រាកដនៃអ្នកចូលរួមត្រូវវត្តមាន។ គណបក្សសម រង្ស៊ី អាចប្រមូលផ្តុំសកម្មជនបានតែចន្លោះពី២០០ ទៅ ៣០០នាក់ប៉ុណ្ណោះ ក្រោមការយាមកាមពីកងកម្លាំងប្រដាប់អារុធដែលត្រូវបានដាក់ពង្រាយនៅក្នុងក្រុង ជាពិសេសនៅតាមផ្លូវចូលមកទីក្រុង...។ ប្រធានបទនៃបាតុកម្មស្តីពីអតិផរណានេះគឺជាប្រភពនៃក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាភាគច្រើន ។
ការអនុញ្ញាតនៅនាទីចុងក្រោយ ទាក់ទងនឹងការចរចាជាមួយអាជ្ញាធរ គណបក្សសម រង្ស៊ី ទើបតែបានទទួលការអនុញ្ញាតពីសាលាក្រុងភ្នំពេញ និងពីក្រសួងមហាផ្ទៃ កាលពីថ្ងៃសៅរ៍ប៉ុណ្ណោះ។ ប៉ុន្តែ អាជ្ញាធរផ្តល់ការអនុញ្ញាតអោយមានការប្រមូលផ្តុំនៅមុខវិមានរដ្ឋសភាថ្មីតែប៉ុណ្ណោះ មិនមែនដូចការគ្រោងទុកដែលត្រូវចាប់ផ្តើមចេញដំណើរពីផ្សារថ្មី ហើយដើរពីផ្សារមួយទៅផ្សារមួយរហូតដល់ទីតាំងរដ្ឋសភាចាស់នោះទេ។
ការអនុញ្ញាតមានតែនៅលើក្រដាស លោកនុត រំដួល អ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ី មណ្ឌលខេត្តកំពង់ស្ពឺ បានបរិហារតាមឧគ្ឃោសនស័ព្ទថា ៖ «ក្រសួងមហាផ្ទៃ និងសាលាក្រុងភ្នំពេញបានផ្តល់ការអនុញ្ញាតជាលិខិតស្នាមអោយយើងជួបជុំគ្នា ប៉ុន្តែប្រជាពលរដ្ឋចំនួន៨០០ នាក់នៅក្នុងខេត្តរបស់ខ្ញុំត្រូវបានរារាំងដោយកម្លាំងសមត្ថកិច្ចមិនអោយចូលមកទីក្រុងភ្នំពេញទេ»។
សកម្មជនម្នាក់មកពីស្រុកមុខកំពូល ខេត្តកណ្តាល ក៏បានរៀបរាប់ដូចគ្នានេះដែរ ដោយអះអាងថា អ្នកគាំទ្រគណបក្សសម រង្ស៊ីចំនួន៥០នាក់មិនអាចចូលមកក្នុងទីក្រុងភ្នំពេញបានទេ។ សកម្មជននោះបានអះអាងថា «បន្ទាប់ពីមានអន្តរាគមន៍ពីអ្នកទទួលខុសត្រូវមួយរូបរបស់គណបក្សសម រង្ស៊ី អាជ្ញាធរក៏យល់ព្រមអនុញ្ញាតិអោយយើងមួយក្រុមតូចធ្វើដំណើរមក»។
អ្នកសង្កេតការណ៍ជាច្រើនបានអះអាងពីវត្តមាននៃរបាំងសមត្ថកិច្ចនៅលើផ្លូវសំខាន់ៗមកកាន់កណ្តាលទីក្រុងភ្នំពេញ។ លោកទូច ណារ័ត្ន ស្នងការនគរបាលរាជធានីភ្នំពេញ បានបដិសេធការចោទប្រកាន់នេះ ដោយលោកអះអាងថា កម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយតែនៅក្នុងក្រុងប៉ុណ្ណោះ ដើម្បី«ធានាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបាតុករ»។ «ខ្ញុំមិនដឹងថា អ្នកណាជាអ្នកដាក់របាំងការពារនៅតាមផ្លូវនោះទេ!» លោកទូច ណារ័ត្ន អះអាងយ៉ាងដូច្នេះ ដោយលោកបានចោទប្រកាន់គណបក្សសម រង្ស៊ីវិញ ថាមិនគោរពតាមកិច្ចសន្យាជាមួយសាលាក្រុងភ្នំពេញ។ «តាមការព្រមព្រៀង ពួកគេត្រូវឈប់នៅរដ្ឋសភាចាស់ មិនមែនដើរបន្តរហូតដល់ទីស្នាក់ការគណបក្សនោះទេ!»។
៥ចំណុចសម្រាប់រដ្ឋាភិបាល លោកសម រង្ស៊ី បានមានប្រសាសន៍ថា ៖ «កាលពីពេល ខ្ញុំនៅជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៤ តម្លៃទំនិញនៅលើទីផ្សារមានកម្រិតទាប និងថេរ។ នៅពេលនោះ តម្លៃប្រេងសាំងមួយលីត្រតែ៦០០រៀលប៉ុណ្ណោះ (បច្ចុប្បន្នជិត៥ ០០០រៀល) ហើយតម្លៃអង្ករមួយគីឡូតែ៦០០រៀលទេ (បច្ចុប្បន្នពី២ ០០០ ទៅ ៣ ០០០រៀល)»។ លោកបានលើកឡើងពីអតិផរណា ថាជា«ដំបៅមហារីកដែលត្រូវព្យាបាល»។ បន្ទាប់មក លោកបានបង្ហាញវិធានការចំនួន៥ដែលគណបក្សសម រង្ស៊ី ស្នើអោយរដ្ឋាភិបាលអនុវត្ត ៖ • កាត់បន្ថយពន្ធលើប្រេងសាំង និងកាត់បន្ថយថ្លៃចំណេញរបស់អ្នកចែកចាយធំៗ • បញ្ចប់សិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុននិងឈ្មួញមួយចំនួន ដែលសុទ្ធសឹងជា«ឧកញ៉ា» និង « អ្នកស្និទ្ធនឹងអំណាច»។ ពួកគេកំណត់តម្លៃនៅលើទីផ្សារតាមចិត្តរបស់ពួកគេ។ • ធានានយោបាយរូបិយប័ណ្ណ សេដ្ឋកិច្ច និងហិរញ្ញវត្ថុសមស្របមួយដើម្បីការពារស្ថេរភាពតម្លៃប្រាក់រៀល។ • ត្រួតពិនិត្យដោយសមហេតុផលនូវចរាចរណ៍រូបិយប័ណ្ណធនាគារ បើមិនធ្វើដូច្នេះទេ «ប្រាក់រៀលនឹងបន្តធ្លាក់ថ្លៃ ហើយអតិផរណានឹងកើនឡើងថែមទៀត»។ • អនុវត្តកំណែទម្រង់ដីធ្លី តាមរយៈការបែងចែកដីរដ្ឋដែលមិនប្រើប្រាស់ ទៅអោយកសិករគ្មានដីឬអ្នកគ្មានដីគ្រប់គ្រាន់ក្នុងការប្រកបរបរចិញ្ចឹមជីវិត ដើម្បីបង្កើនផលិតកម្មកសិកម្មជាតិ។
លោកប្រធានគណបក្សសម រង្ស៊ី ក៏ដូចជាតំណាងរាស្រ្តគណបក្សនេះដែរ បានមានប្រសាសន៍ដដែលៗតាមឧគ្ឃោសនស័ព្ទថា «ប្រសិនបើរដ្ឋាភិបាលគ្មានសមត្ថភាពធ្វើអោយតម្លៃទំនិញធ្លាក់ចុះទេ ប្រាក់បៀវត្សរ៍ត្រូវតែដំឡើងមួយជាពីរ ឬក៏សមាជិករដ្ឋាភិបាលត្រូវតែចុះចេញពីតំណែង»។
«រដ្ឋាភិបាលមានប្រតិកម្ម» លោកខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន វាយតម្លៃថា តាមរយៈបាតុកម្មនេះ គណបក្សសម រង្ស៊ី មានគោលបំណងតែម្យ៉ាងគត់ គឺ«ធ្វើអោយមានស្ថានភាពជ្រួញច្របល់នៅមុនការបោះឆ្នោតសភា»។ «លោកសម រង្ស៊ី មិនចង់អោយការបោះឆ្នោតប្រព្រឹត្តិទៅដោយស្ងប់ស្ងាត់ទេ។ គាត់ដឹងថា គណបក្សគាត់នឹងចាញ់ឆ្នោត...»។ លោករដ្ឋមន្ត្រីបន្ថែមទៀតថា ប្រសិនបើរដ្ឋាភិបាលប្រើកម្លាំង នោះលោក សម រង្ស៊ីនឹងយកបញ្ហានេះធ្វើជាលេសជាមិនខាន។
ម្យ៉ាងវិញទៀត លោករដ្ឋមន្រ្តីអះអាងថា រដ្ឋាភិបាលបានចាត់វិធានការរួចហើយដើម្បីទប់ស្កាត់អតិផរណា។ «តម្លៃអង្ករមានស្ថេរភាពឡើងវិញ ហើយរដ្ឋាភិបាលបានជួយកសិករ ដោយយល់ព្រមទិញស្រូវពួកគាត់១គីឡូក្នុងតម្លៃ៩០០រៀល ខណៈដែលតម្លៃនៅលើទីផ្សារតែ៧០០រៀល។ លើសពីនេះទៅទៀត រដ្ឋាភិបាលមិនបានដំឡើងថ្លៃប្រើប្រាស់អគ្គិសនី និងទឹកស្អាតនៅទីក្រុងភ្នំពេញទេ ហើយបានអនុញ្ញាតអោយមានការនាំសាច់ចូលពីប្រទេសជិតខាងឡើងវិញ»។
អវត្តមានយ៉ាងសំខាន់របស់សហជីពកម្មករ ពុំមានសហជីពណាមួយចូលរួមតាមការអំពាវនាវរបស់លោកសម រង្ស៊ីនោះទេ។ សម្រាប់លោកជា មុនី ថ្ងៃកំណត់ដាក់អោយកម្មករមានរយៈពេលខ្លីពេក។ «លោកសម រង្ស៊ី បានធ្វើការអំពាវនាវរបស់លោកនៅថ្ងៃ៣០ មីនា។ លោក ជា មុនីបានពន្យល់ថា យើងមិនមានពេលជូបប្រជុំជាមួយអ្នកតំណាងកម្មករដើម្បីធ្វើការសម្រេចចិត្តថាគួរចូលរួមឬមិនចូលរួមនោះទេ»។ តែលោកបានមានប្រសាសន៍ថា លោកបានតាមដានបាតុកម្មនេះដែរ ប៉ុន្តែ«ជាលក្ខណៈបុគ្គល» មិនមែនក្នុងនាមជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (សសកពក ) នោះទេ។
មេដឹកនាំសហជីពរូបនេះបានបង្ហាញពីអ្វីដែលលោកហៅថា «បាតុកម្មក្នុងទ្រុង»។ បើតាមរូបលោក មានតែការដើរហែរក្បួន និងកូដកម្មប៉ុណ្ណោះដែលអាចបង្ខំអោយរដ្ឋាភិបាលយកចិត្តទុកដាក់គិតគូរពីការទាមទាររបស់ពួកគេ។ ទោះយ៉ាងណា លោកជា មុនី រម្លឹកថា «សហជីពរបស់យើងគឺមានលក្ខណៈឯករាជ្យពីគ្រប់គណបក្សនយោបាយទាំងអស់»។
កាលពីថ្ងៃសុក្រ ទី៤ មេសានេះ ក្រោមការធ្វើជាអាជ្ញាកណ្តាលរបស់ក្រសួងសង្គមកិច្ច សហជីពកម្មករ និងថៅកែរោងចក្រកាត់ដេរបានយល់ព្រមព្រៀងគ្នាលើការបន្ថែមប្រាក់ឧបត្ថម្ភអោយស្របតាមការរស់នៅប្រចាំថ្ងៃ ចំនួន៦ដុល្លារក្នុងមួយខែ ពោលគឺបានលើស«១ដុល្លារ» ដែល សសកពក នៅតែទទួលយក បើទោះជាខ្លួនវាយតម្លៃថា«មិនគ្រប់គ្រាន់»បើធៀបនឹងអត្រាអតិផរណានាពេលបច្ចុប្បន្ននេះក៏ដោយ។
តើសេរីភាពនៃការធ្វើដំណើរទៅជាយ៉ាងណា ? ថ្វីត្បិតតែលោកស្រីណាលី ពីលូកហ្ស៍ នាយិកាអង្គការលីកាដូ មានការសាទរ ដែលគ្មានអំពើហិង្សាកើតឡើងនៅថ្ងៃអាទិត្យនេះក៏ដោយ តែលោកស្រីបានលើកឡើង«ពីកង្វល់ដ៏ជ្រាលជ្រៅដែលថាមនុស្សជាច្រើន ជាពិសេសកម្មកររោងចក្រកាត់ដេរ ត្រូវបានរារាំងមិនអោយចូលទីក្រុងភ្នំពេញ»។ «ការដែលប្រជាពលរដ្ឋមិនត្រូវបានអនុញ្ញាតអោយធ្វើដំណើរទៅមកក្នុងក្រុងនៅឆ្នាំ២០០៨នេះគឺជាបញ្ហាមួយ។ វាគឺជាការរឹតបន្តឹងសេរីភាពនៃការធ្វើដំណើរ និងការប្រមូលផ្តុំ» លោកស្រីបានសោកស្តាយដូច្នេះ ដោយបង្ហាញពីការភ្ញាក់ផ្អើលដែលបានឃើញនៅថ្ងៃអាទិត្យនេះ នូវតំណាងនគរបាលមូលដ្ឋាន យោធា និងនគរបាលចរាចរណ៍ដាក់ពង្រាយនៅតាមចំណុចសំខាន់ៗនៃទីក្រុងភ្នំពេញ។
បរិយាកាសដូចការឃោសនា ខណៈពេលដែលយុទ្ធនាការសម្រាប់ការបោះឆ្នោតតំណាងរាស្រ្តថ្ងៃ២៧កក្កដាត្រូវប្រព្រឹត្តិទៅចន្លោះពីថ្ងៃទី២៦មិថុនា ដល់២៥កក្កដា លោកសម រង្ស៊ី និងតំណាងរាស្រ្តរបស់លោកបានចាប់ផ្តើមអំពាវនាវអោយអ្នកបោះឆ្នោតបោះឆ្នោតអោយគណបក្សរបស់ខ្លួនទៅហើយនៅពេលនេះ។ «បោះឆ្នោតអោយគណបក្សសម រង្ស៊ី! ប្រសិនបើគណបក្សសម រង្ស៊ីឈ្នះ យើងសន្យានឹងបងប្អូនថា ដោះស្រាយរាល់បញ្ហាទាំងអស់!»។
លោកប្រធានបក្សប្រឆាំងរូបនេះបានចាត់ទុកបាតុកម្មនេះថាជា«ជោគជ័យ»មួយ ពីព្រោះវាជាបាតុកម្មទី១ដែលត្រូវបានធ្វើឡើងនៅមុខរដ្ឋសភាថ្មីចាប់តាំងពីអគារថ្មីនេះត្រូវបានបើកសម្ពោធនាថ្ងៃទី៧ កក្កដា ២០០៧មក។
បន្ទាប់ពីសុន្ទរកថាជាបន្តបន្ទាប់មក ក្បួនដង្ហែរក៏បានមកដល់មុខរដ្ឋសភាចាស់ ដែលបច្ចុប្បន្នប្រែក្លាយទៅជាទីស្តីការគណៈរដ្ឋមន្រ្តី។ លោកសម រង្ស៊ី ក៏បានដាក់កម្រងផ្កាជាថ្មីម្តងទៀតដើម្បីរម្លឹកដល់ជនរងគ្រោះនៅក្នុងឃាតកម្មគប់គ្រាប់បែកកាលពីថ្ងៃ៣០ មីនា ១៩៩៧ ទៅលើហ្វូងបាតុករមួយក្រុម ដែលធ្វើឡើងដើម្បីបរិហារពីកង្វះឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ។
សូមអានផងដែរនូវអត្ថបទ៖ សំណុំរឿងគប់គ្រាប់បែកថ្ងៃ៣០មីនានៅតែមិនទាន់ដោះស្រាយ ស្ថានភាពគួរអោយព្រួយបារម្ភមុនពេលបោះឆ្នោតសភា
ភ្នំពេញ ថ្ងៃទី ៦ មេសា ២០០៨ អ្នកចូលរួមបាតុកម្មដែលមកជួបជុំគ្នាមុខរដ្ឋសភា ទាមទារនូវវិធានការប្រាំយ៉ាង ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា ©John Vink / Magnum
|
|
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|