| លោកយ៉ាស ហ្គាយ អ្នកតំណាងពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងលោកឱម យិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានជួបតទល់គ្នាសាជាថ្មីម្តងទៀតនៅក្នុងកិច្ចប្រជុំលើកទី៧របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២៨ មីនានៅប្រទេសស្វីស។ នៅក្នុងកិច្ចប្រជុំនេះបញ្ហាដែលស៊ីជម្រៅជាងការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺការបន្តអាណត្តិរបស់អ្នកតំណាងពិសេសរូបនេះនៅដំណាច់ឆ្នាំខាងមុខ។ អាណត្តិពិសេសនេះចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ១៩៩៣។
យោងតាមអ្នកសង្កេតការណ៍នៅក្នុងកិច្ចប្រជុំ ភាគីកម្ពុជាមិនសូវសប្បាយចិត្ត ប៉ុន្តែបរិយាកាសគឺមិនសូវតានតឹងដូចជំនួបលើកមុននោះឡើយ។ នៅឯវិមានសហប្រជាជាតិនាទីក្រុងហ្សឺណែវ លោកឱម យិនទៀង មិនបានប្រើពាក្យតបតខ្លាំងៗនៅក្នុងសុន្ទរកថារបស់លោកជាភាសាខ្មែរនោះទេ។ ខណៈពេលដែលមន្រ្តីជាន់ខ្ពស់កម្ពុជាបានបដិសេធមិនជួបជាមួយលោកយ៉ាស ហ្គាយនោះ លោកឱម យិនទៀង បានជួបពិភាក្សាយ៉ាងយូរជាមួយអ្នកតំណាងពិសេសជនជាតិកេនយ៉ារូបនេះ នៅព្រឹកថ្ងៃទី ១៩ មីនា ទាក់ទងនឹងអន្តរាគមន៍របស់លោក។ អ្នកតំណាងពិសេសបានអបអរចំពោះ«ជំនួបដ៏ស្និទ្ធស្នាល ដើម្បីការស្ថាបនានេះ» ដោយលោកបានអះអាងអំពីសេចក្តីសង្ឃឹមរបស់លោកថា ជំនួបនេះនឹងនាំមកនូវ«កិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលកម្ពុជា និងអង្គកាសហប្រជាជាតិនៅក្នុងការលើកស្ទួយសិទ្ធិមនុស្ស»។ លោកឱម យិនទៀង : របាយការណ៍«បំភ្លើស» ជាការឆ្លើយតបទៅកាន់លោកយ៉ាស ហ្គាយ នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស លោកឱម យិនទៀង ជំនួសមុខឱ្យគណៈប្រតិភូកម្ពុជា បានសំដែង នូវការសោកស្តាយថា អ្នកតំណាងពិសេសរូបនេះ«បានមើលរំលងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា»។ លោកទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន រូបនេះបានប្រកាសថា កម្ពុជាកំពុង«ស្ថិតនៅលើមាគ៌ាដ៏ល្អមួយ»។ ដើម្បីបង្ហាញពីឆន្ទៈដ៏ល្អរបស់កម្ពុជា លោកបានលើកយកការស្ទង់មតិមួយដែលត្រូវបានធ្វើឡើងពីថ្ងៃ២០ ធ្នូ២០០៦ ដល់ថ្ងៃ២០ មករា ២០០៧ មកបញ្ជាក់។ ការស្ទង់មតិនេះបានឲ្យដឹងថា «ប្រជាពលរដ្ឋកម្ពុជា៧១%»អះ អាងថាមានទំនុកចិត្តចំពោះរដ្ឋាភិបាល។
លោកឱម យិនទៀង បានរៀបរាប់ចំណុចដ៏ល្អជាច្រើនទៀត ដូចជាការប្រព្រឹត្តិទៅយ៉ាងល្អនៃការបោះឆ្នោត វត្តមានរបស់អង្គការ អ្នកតំណាងជាតិ និងអន្តរជាតិនៃសង្គមស៊ីវិលរាប់រយនាក់ «ជាពិសេសអង្គការការពារសិទ្ធិមនុស្ស» ដែលត្រូវបាន«អនុញ្ញាតឲ្យធ្វើការងារដោយសេរី និងដោយចំហនៅកម្ពុជា» រួមទាំងការបែងចែកដីរាប់ពាន់ហិចតាដល់ប្រជាពលរដ្ឋគ្មានដីធ្លី ហើយថែមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិដីដល់ពួកគេទៀតផង។ ជារូម លោកឱម យិនទៀងបានលើកឡើងថា របាយការណ៍របស់លោកយ៉ាស ហ្គាយ ស្តីពីស្ថានភាពនៅកម្ពុជាគឺមិនពេញលេញ ចង់ទាក់ទាញការចាប់អារម្មណ៍ និងជាការបំផ្លើសទាំងស្រុង។ លោកយ៉ាស ហ្គាយ នៅតែការពារការរិះគន់របស់ខ្លួន អ្នកច្បាប់រូបនេះ ដែលត្រូវបានអង្គការសហប្រជាជាតិផ្តល់អាណត្តិជាអ្នកតំណាងពិសេសនៅឆ្នាំ២០០៥ ដើម្បីវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានរិះគន់ជាថ្មីម្តងទៀតនៅក្នុងរបាយការណ៍លើកទី៣របស់លោក អំពីការមិនគោរពគោលការណ៍នៃការបែងចែកអំណាច។ ការធ្វើបែបនេះបង្កជាផលវិបាកជាច្រើនដូចជា ធ្វើឲ្យមាននិទ្ទណ្ឌភាពជាទូទៅ អំពើពុករលួយកម្រិតខ្ពស់ ឬក៏ការបដិសេធសេរីភាពបញ្ចេញមតិ និងការធ្វើបាតុកម្មជាដើម។ លោកយ៉ាស ហ្គាយ បានបន្តទៀតថា ការគាបសង្កត់កើនឡើងឥតឈប់ឈរ ហើយទៅថ្ងៃអនាគត គ្រោះថ្នាក់នៃការប្រើអំពើហិង្សានឹងពិបាកក្នុងការគ្រប់គ្រងមិនខាន។
«ជាពិសេស ប្រជាពលរដ្ឋត្រូវបានគេបង្រៀនឲ្យខ្លាចមេដឹកនាំ ដោយសារតែការផ្លាស់ប្តូរ និងចរិតមិនអាចស្មានត្រូវរបស់មេដឹកនាំទាំងនោះ ហើយជាពិសេសគឺដោយសារការប្រើកម្លាំងទាំងកម្រោលរបស់ពួកគេ» នេះជាការលើកឡើងរបស់លោកយ៉ាស ហ្គាយ។ អ្នកច្បាប់រូបនេះបានបន្ថែមកាន់តែស៊ីជម្រៅជាងនេះទៀតថា « ខណៈពេលដែលសហគមន៍អន្តរជាតិនៅតែបន្ត ផ្តល់ការឧបត្ថម្ភជាវិភាគទានហិរញ្ញវត្ថុរបស់ខ្លួននោះ រដ្ឋាភិបាលកម្ពុជាមិនបានជំរុញការធ្វើកំណែទម្រង់ឡើយ បើទោះជាការរំលោភសិទ្ធិមនុស្សបានរីករាលដាលឡើងក៏ដោយ »។
ទោះយ៉ាងណាលោកបានស្វាគមន៍ចំពោះ«ការរីកចម្រើននៅក្នុងការរៀបចំបង្កើតគណៈកម្មការសិទ្ធិមនុស្ស»នៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា«រដ្ឋាភិបាលបានចូលរួមនៅក្នុងគម្រោងនេះ ហើយបានអញ្ជើញអង្គការ សង្គមស៊ីវិលនានាឲ្យដាក់ស្នើនូវសេចក្តីព្រាងច្បាប់ផ្សេងៗ។ ប្រសិនបើគោលការណ៍ទីក្រុងប៉ារីស (les principes de Paris) មានដាក់បញ្ចូលនៅក្នុងគណៈកម្មការនេះ ដូច្នេះស្ថាប័នមួយនេះក៏អាចទទួល និងធ្វើការត្រួតពិនិត្យបណ្តឹងនានាដែរ»។ សម្ពាធរបស់អង្គការ លោកស្រីពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ និងលោកធន់ សារាយ ប្រធានសមាគមអាដហុក បានធ្វើដំណើរទៅទីក្រុងហ្សឺណែវ ដើម្បីជួបអ្នកតំណាងខ្លះៗនៃប្រទេសសមាជិកទាំង៤៧របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។
លោកស្រីពុង ឈីវកេក បានមានប្រសាសន៍កាលពីចុងសប្តាហ៍នេះថា ៖ «អ្នកតំណាងជាង១០រូបដែលពួកយើងបានជួបជាមួយ មានគំនិតបើកចំហយ៉ាងខ្លាំង។ ពួកគេចង់ដឹងពីស្ថានភាពរបស់ប្រទេសកម្ពុជា ជាពិសេសសម្រាប់ប្រទេសដែលមិនមានតំណាងការទូតនៅកម្ពុជា»។
លោកស្រីបានរួមការងារជាមួយនឹងសកម្មជនផ្សេងៗទៀតនៃសង្គមស៊ីវិល ដើម្បីបង្កើតគណៈកម្មការជាតិសិទ្ធិមនុស្សមួយ ដែលឯករាជ្យពីរដ្ឋាភិបាល។ នាយិកាអង្គការលីកាដូរូបនេះបានឲ្យដឹងថា អាស៊ីអាគ្នេយ៍គឺជាតំបន់តែមួយគត់នៅលើពិភពលោក ដែលពុំទាន់មានគណៈកម្មការសិទ្ធិមនុស្សប្រចាំតំបន់ ដែលឯករាជ្យ និងអាចទទួលបណ្តឹងបុគ្គលបាន។ អាណត្តិរបស់លោកយ៉ាស ហ្គាយ ចោទជាបញ្ហា ប្រសិនបើអាណត្តិនៃអ្នកតំណាងពិសេសរបស់លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាត្រូវបញ្ចប់នៅចុងឆ្នាំនេះ លោកស្រីពុង ឈីវកេក សង្ស័យថា « អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកអាចនឹងកាន់តែទន់ខ្សោយថែមទៀត»។
ទោះយ៉ាងណា នាយិកាអង្គការលីកាដូរូបនេះមិនបានបាក់ទឹកចិត្តនោះទេ ហើយលោកស្រីមានបំណងប្រមូលប្រធានអង្គការក្នុងស្រុកផ្សេងៗទៀតនៅកម្ពុជា ដើម្បីរូមកម្លាំងគ្នាពន្យល់ទៅកាន់ប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិ មនុស្សឲ្យរក្សាអាណត្តិរបស់អ្នកតំណាងពិសេសខាងលើបន្តទៀត។
គួររម្លឹកថា នៅខែកញ្ញាខាងមុខ អាណត្តិរបស់លោកយ៉ាស ហ្គាយ នឹងត្រូវបញ្ចប់។ ដូច្នេះ នៅមានសេចក្តីសម្រេចចុងក្រោយមួយ ពោលគឺលោកអាចនឹងបន្តអាណត្តិជាអ្នកតំណាងពិសេសនេះជាថ្មីទៀត ឬអាចពន្យារអាណត្តិនេះជាបណ្តោះអាសន្ន ឬក៏ត្រូវបញ្ចប់អាណត្តិតែម្តង។កាលពីឆ្នាំមុន ប្រទេសជាច្រើន ក្នុងនោះរួមមានភូមា ស៊ូដង់ និងកម្ពុជាធ្លាប់បានបង្ហាញពីបំណងថា ពួកមិនត្រូវការឲ្យមានអ្នកតំណាងពិសេសបែបនេះនៅក្នុងប្រទេសរបស់ពួកគេទេ។
ឥទ្ធិពលរបស់អង្គជំនុំជម្រះវិសាមញ្ញ(CETC) លោកយ៉ាស ហ្គាយ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា វាគួរឲ្យអស់សំណើច ដែលសហគមន៍អន្តរជាតិត្រូវចំណាយថវិកាយ៉ាងច្រើននិងខិតខំប្រឹងប្រែង ដើម្បីបញ្ចប់អំពើនិទ្ទណ្ឌភាពរបស់មនុស្សចាស់ និងពិការប៉ុន្មាននាក់ ពីបទឧក្រិដ្ឋដែលបានកើតមានឡើងកាលពី៣០ឆ្នាំមុន តែបែរជាបិទភ្នែកមើលមិនឃើញពីការរំលោភសិទ្ធិមនុស្ស និងការបំពានច្បាប់នាពេលបច្ចុប្បន្ននេះទៅវិញ»។ អ្នកច្បាប់រូបនេះបានវាយតម្លៃថា ឥទ្ធិពលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អវតក) នឹងគ្មានអ្វីធំដុំឡើយ ល្គឹកណារដ្ឋាភិបាលមិនធ្វើ សកម្មភាពដើម្បីបញ្ចប់និទ្ទណ្ឌភាពចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលបានកើតឡើងនាពេលថ្មីៗនេះទេ»។
ការសុំទិដ្ឋាការនឹងលំបាកសម្រាប់លោកយ៉ាស ហ្គាយ រដ្ឋាភិបាលកម្ពុជាបានផ្តល់ដំណឹងដល់ការិយាល័យរបស់ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថា ខ្លួននឹងលែងផ្តល់ទិដ្ឋាការចូលក្នុងប្រទេសដល់លោកយ៉ាស ហ្គាយ ទៀតហើយ។ ចាប់ពីពេលនេះតទៅ លោកនឹងត្រូវធ្វើនីតិវិធីសុំទិដ្ឋាការនៅស្ថានទូតកម្ពុជា។
វិបសាយផ្សេងៗ - របាយការណ៍របស់លោកយ៉ាស ហ្គាយ មានចុះផ្សាយនៅលើទំព័រអាំងទែណែត - សេចក្តីថ្លែងការណ៍របស់លោកយ៉ាស ហ្គាយ
|