តើគណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រឆាំងដ៏សំខាន់មួយអាចនឹងចុះខ្សោយដែររឺទេ បន្ទាប់ពីមានការចាកចេញនៃសមាជិកជាបន្តបន្ទាប់ ដើម្បីចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា និងការឃាត់ខ្លួនសមាជិកគណបក្សមួយនេះ ខណៈពេលដែលការបោះឆ្នោតសភានៅសល់តែរយៈពេលប៉ុន្មានខែទៀតនោះ? ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃ អាទិត្យ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចោទប្រកាន់គណបក្សកាន់អំណាច ដែលចង់បំបែកបំបាក់គូប្រជែងរបស់ខ្លួន។
សមាជិកគណបក្សសម រង្ស៊ី ស្ថិតនៅក្រោមការគាបសង្កត់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើងវិញម្តងទៀតនូវសំដីរបស់សម្តេចនាយកមន្រ្តី ហ៊ុន សែន ដែលបានចាត់ទុកគណបក្សសមរង្ស៊ី ជា«គណបក្សផ្តាច់ការ» និងចោទប្រកាន់មេដឹកនាំបច្ចុប្បន្ន ថាបានគំរាមកំហែងសមាជិកណាដែលបានចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ។ ប្រមុខរាជរដ្ឋាភិបាលបានអះអាងថាអ្នក ទទួលខុសត្រូវគណបក្សសម រង្ស៊ី ក្នុងខេត្តកំពង់ធំ បានឃុំខ្លួនមនុស្សម្នាក់ក្នុងចំណោមសកម្មជនរបស់ពួកគេ ដើម្បីរារាំងគាត់កុំអោយមកចូលរួមជាមួយនឹងគណបក្សប្រជាជន។ នៅថ្ងៃ បន្ទាប់ អាជ្ញាធរបានឃាត់ខ្លួនលោក ទួន សារ៉ន មេឃុំមកពីគណបក្សសម រង្ស៊ី ពីបទបង្ខាំងខ្លួនសកម្មជនមួយរូបនៃគណបក្សរបស់ខ្លួនដោយខុសច្បាប់។ អង្គការដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កនេះ សង្ស័យថានឹងមានការចាប់ខ្លួនសមាជិកគណបក្សសម រង្ស៊ីក្រោយៗទៀត។ អង្គការនេះយល់ឃើញថា ការចោទប្រកាន់ទាំងនេះ គឺជាផ្នែកមួយនៃការបង្ខំទៅលើសមាជិកគណបក្សសម រង្ស៊ី ដែលធ្វើឡើងដោយរដ្ឋាភិបាល ដើម្បីអោយពួកគេចូលរួមជាមួយនឹងគណបក្សប្រជាជន។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស: ជាមធ្យោបាយមួយដែលត្រូវបានគេមើលឃើញគ្រប់គ្នា អង្គការនេះបានបរិហារថា «ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ សម្តេច ហ៊ុន សែន បានតែងតាំងជាសាធារណៈនូវសមាជិកជាន់ខ្ពស់មួយចំនួនរបស់គណបក្ស សម រង្ស៊ី ជាទីប្រឹក្សារាជរដ្ឋាភិបាល បន្ទាប់ពីអ្នកទាំងនោះបានចាកចេញពីគណបក្សរបស់ខ្លួន។ សម្តេច ហ៊ុន សែន ក៏បានច្រានចោលរាល់ការរិះគន់ដែលមានន័យថា គាត់បានបម្រើប្រយោជន៍នយោបាយផ្ទាល់ខ្លួន ដោយប្រើប្រាស់មធ្យោបាយមិនត្រឹមត្រូវនូវលុយរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការសូកប៉ាន់»។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា មានបទពិសោធយ៉ាងរឹងមាំ ក្នុងការប្រើអំណាច ដើម្បីធ្វើអោយបែកបាក់ផ្ទៃក្នុងគណបក្សនយោបាយផ្សេងៗ។ អង្គការបានបង្ហាញពីករណីគណបក្សប្រជាធិបតេយ្យសេរីព្រះពុទ្ធសាសនា ដែលបានជួបប្រទះនូវបញ្ហាបែបនេះក្នុងទសវត្សឆ្នាំ១៩៩០ និងករណីគណបក្សរាជានិយមហ្វ៊ុន ស៊ិនប៉ិច ដែលកំពុងជិតដួលរលំ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានគូសបញ្ជាក់និងរម្លឹកថា គណបក្សសម រង្ស៊ី ធ្លាប់ត្រូវបានធ្វើទុក្ខបុកម្នេញម្តងរួចមកហើយ កាលពីពេលកន្លងមក ដែលពេលនោះ លោកតំណាងរាស្រ្ត ជាម ច័ន្ទនី ត្រូវបានជាប់ឃុំឃាំងរយៈពេលមួយឆ្នាំ កាលពីឆ្នាំ២០០៥ ពីបទបង្កើតកងកម្លាំងប្រដាប់អាវុធស្រមោល។ ក្នុងឆ្នាំនោះ លោក សម រង្ស៊ី ក៏ត្រូវបានផ្តន្ទាទោសផងដែរ ពីបទបរិហាកេរ្តិ៍ រាជរដ្ឋាភិបាល។ លោក ប្រេដ អាដាំ នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ី បានអំពាវនាវដល់មន្ត្រីការទូត និងប្រទេសផ្តល់ជំនួយធ្វើអន្តរាគមន៍ មុននឹងបញ្ហានេះជ្រុលហួសពេល។ គណបក្ស សម រង្ស៊ី ឯកភាពនឹងការយល់ឃើញរបស់អង្គការ លោកអេង ឆៃអ៊ាង អគ្គលេខាធិការគណបក្សសម រង្ស៊ី បានសំដែងការយល់ស្របទៅនឹងការថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដោយវាយតម្លៃថា «ត្រឹមត្រូវនិងពិតប្រាកដ»។ ដោយសំដែងនូវទំនុកចិត្តទៅលើជោគវាសនារបស់គណបក្សរបស់លោក លោកបានបញ្ជាក់ថា ការប្រឈមមុខរបស់គណបក្សសម រង្ស៊ី ទៅនឹងការចាកចេញនៃសមាជិកជាច្រើនរូបនាពេលថ្មីៗនេះនិងដែលត្រូវបានប្រព័ន្ធព័ត៌មានផ្សព្វផ្សាយយ៉ាងខ្លាំងនោះ នឹងមិនធ្វើអោយប៉ះពាល់ដល់ដំណើរការចូលរួមបោះឆ្នោតសភារបស់គណបក្ស នាខែកក្កដា ខាងមុខឡើយ។ លោកបានអោយដឹងថា «ទោះបីមានអ្នកចាកចេញពីយើងមែន ប៉ុន្តែ មានមនុស្សថ្មីជាច្រើន បានមកចូលរួមជាមួយគណបក្សរបស់យើង»។
នៅក្នុងលិខិតផ្ញើរជូនប្រធានតុលាការខេត្តកំពង់ធំ កាលពីថ្ងៃច័ន្ទកន្លងទៅ តំណាងរាស្រ្តគណបក្សសម រង្ស៊ី ចំនួន១៨រូប ដែលមានលោកសម រង្ស៊ី និងភរិយារបស់លោក អ្នកស្រី ជូឡុង សូមូរ៉ា បានស្នើសុំធានាអោយមានការដោះលែងមេឃុំពង្រជាបណ្តោះអាសន្ន។ តំណាងរាស្ត្រទាំងនោះយល់ថាការចោទប្រកាន់លើលោក ទួន សារ៉ន មិនមានមូលដ្ឋានជាក់លាក់ឡើយ គាត់គ្រាន់តែជាជនរងគ្រោះដោយអំពើចេតនានយោបាយទុច្ចរិតប៉ុណ្ណោះ។ រដ្ឋាភិបាលបដិសេធការចោទប្រកាន់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចោទជាសំនួរថា «តើគណបក្សប្រជាជនកម្ពុជា បានធ្វើការគាបសង្កត់លើមនុស្សប៉ុន្មាននាក់ ដើម្បីអោយពួកគេចូលរួមក្នុងគណបក្សរបស់ខ្លួន?តើមានមនុស្សប៉ុន្មាននាក់ក្នុងចំណោមអ្នកបោះឆ្នោតជាង៨លាននាក់នោះ?» លោករដ្ឋមន្ត្រីបានលើកឡើងថាអង្គការឃ្លាំមើលសិទ្ធិមនុស្សលើកឡើងតែមួយករណីតែប៉ុណ្ណោះ។ «អង្គការនេះមិនចេះធ្វើការ គាត់គួរតែមកប្រទេសកម្ពុជាដើម្បីរៀនវាយតម្លៃអំពីស្ថានភាព! លោកបានសន្និដ្ឋានថា «អង្គការនេះគ្រាន់តែ ស្រែក ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ។ ខ្ញុំអាណិតណាស់»។ |