|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| តើគណបក្សតូចៗអាចមានសកម្មភាពទៀតទេ បន្ទាប់ពីការបោះឆ្នោតនៅកម្ពុជា? |
| ααα ដួង សុខា | | | 18-08-2008 | 
ភ្នំពេញ ថ្ងៃទី១៣ សីហា ២០០៨៖ លោកបាន សុផល អតីតអភិបាលរងខេត្តបាត់ដំបងរបស់គណបក្សហ៊្វុនស៊ិនប៉ិច បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តថ្ងៃទី២៧ កក្កដា ២០០៨ មកពីគណបក្សសង្គមយុត្តិធម៌ © ចន វីង / Magnum បើទោះការបោះឆ្នោតតំណាងរាស្រ្តថ្ងៃ២៧ កក្កដា នៅកម្ពុជាអាចអនុញ្ញាតអោយគណបក្សនយោបាយចំនួន៥បានចូលរួមក្នុងរដ្ឋសភាជាតិ ធៀបនឹងចំនួន៣គណបក្សកាលពីការបោះឆ្នោតលើកមុនក៏ដោយ ប៉ុន្តែនៅមានគណបក្ស៦ទៀតមិនបានចូលនឹងគេទេ។ តាមពិតទៅ គណបក្សតូចៗទាំងនេះដឹងមុនរួចទៅហើយពីលទ្ធផលនេះ ដោយហេតុថាពួកគេមិនសូវចេញមុខចេញមាត់ ព្រោះខ្វះទាំងថវិការ ខ្វះទាំងធនធានមនុស្សដើម្បីប្រជែងជាមួយបក្សធំៗ។ បើទោះជាគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលជាបក្សប្រឆាំងខ្លាំងនៅកម្ពុជា នាំគ្នាតវ៉ាយ៉ាងខ្លាំងក្លានឹងលទ្ធផលបោះឆ្នោតក៏ដោយ ក៏ពួកគណបក្សតូចៗមិនអាចធ្វើអ្វីផ្សេងក្រៅពីការទទួលស្គាល់លទ្ធផលនេះដែរ។ មេដឹកនាំគណបក្សតូចៗទាំងនេះវាយតម្លៃថា ពួកគេពេញចិត្តណាស់ ដែលបានចូលរួមការប្រកួតប្រជែងនេះ ហើយពួកគេអះអាងថា បរាជ័យនេះមិនគ្រប់គ្រាន់នឹងអាចធ្វើអោយពួកគេបោះបង់ចោលជីវិតនយោបាយនោះឡើយ។
គ្មានការមិនសប្បាយចិត្តក្រោយបរាជ័យ លោកបាន សុផល ប្រធានគណបក្សសង្គមយុត្តិធម៌ ដែលមានបេក្ខជនឈរឈ្មោះនៅក្នុងខេត្ត-ក្រុងតែ៧នោះ អះអាងពីការពេញចិត្តនឹងសកម្មភាពរបស់គណបក្សដ៏ក្មេងខ្ចីរបស់លោក ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៦។
អតីតអភិបាលរងខេត្តបាត់ដំបងខាងគណបក្សហ៊្វុនស៊ិនប៉ិចពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៥រូបនេះរីករាយថា៖ «យើងបានធ្វើយុទ្ធនាការឃោសនានៅខេត្តបាត់ដំបងតាមប៉ុស្តិ៍វិទ្យុតែមួយគត់នៅក្នុងខេត្ត។ ប៉ុន្តែមិនសូវធ្វើសកម្មភាពនៅខេត្តបន្ទាយមានជ័យទេ។ នៅក្នុងខេត្តនេះ យើងទទួលបានសំឡេងច្រើនជាងគេ (១ ៨០៨សំឡេង)។ គឺជាអ្នកចេះដឹងដែលបានផ្តល់សំឡេងគាំទ្រយើង»។ ២០ថ្ងៃមុនការបោះឆ្នោត គណបក្សលោកបានចងសម្ព័ន្ធភាពជាមួយគណបក្សខ្មែរប្រឆាំងភាពក្រីក្រ។
លោកប្រធានគណបក្សសង្គមយុត្តិធម៌មិនរាថយឡើយ។ លោកបាន សុផល មិនមែនជាអ្នកថ្មីនៅក្នុងឆាកនយោបាយទេ។ បន្ទាប់ពីចូលរួមជាមួយហ៊្វុនស៊ិនប៉ិច លោកធ្លាប់ចូលរួមជាមួយគណបក្សមួយគឺ គណបក្សជាតិខ្មែរ ដែលក្រោយមកទៀតបានក្លាយជាគណបក្សសម រង្ស៊ី បន្ទាប់មកលោកក៏បានសម្រេចចិត្តបង្កើតគណបក្សថ្មីមួយដោយខ្លួនឯង។ «ការចូលរួមបោះឆ្នោតលើកដំបូងនេះគឺជាការសាកល្បង ដើម្បីស្ទង់មើលការគាំទ្ររបស់អ្នកបោះឆ្នោតមកលើគណបក្សយើង និងធ្វើអោយគណបក្សយើងមានគេស្គាល់។ ខ្ញុំមិនដែលគិតថានឹងបានជ័យជម្នះទេ។ ប៉ុន្តែ ខ្ញុំសង្ឃឹមថា នឹងទទួលបានមួយអាសនៈនៅខេត្តបាត់ដំបង ព្រោះខ្ញុំបានកសាងសមិទ្ធិផលជាច្រើនសម្រាប់ប្រជាពលរដ្ឋខេត្តនេះ...»។
រីឯលោកលន់ ឫទ្ធិ កូនប្រុសលោកសេនាប្រមុខលន់ នល់ និងជាប្រធានគណបក្សខ្មែរសាធារណរដ្ឋ ដែលចាប់បដិសន្ធិឡើងបានជាង២ឆ្នាំ និងមានបេក្ខជនឈរឈ្មោះនៅក្នុង៩ខេត្ត-ក្រុងឯណោះវិញ បង្ហាញស្នាមញញឹមជាប់។ ខ្មែរអាមេរិកាំងរូបនេះពន្យល់ថា៖ «គណបក្សយើងបានធ្វើសកម្មភាពតិច ប៉ុន្តែយើងប្រមូលបានសំឡេងមិនអន់ទេ។ នេះបង្ហាញថា ប្រជាពលរដ្ឋជាច្រើនគាំទ្រគោលគំនិតយើង។ នៅពេលប្រឈមនឹងគណបក្សធំៗ យើងទទួលបានបទពិសោធន៍យ៉ាងច្រើន»។ លោកលន់ ឫទ្ធិ ស្នាក់នៅសហរដ្ឋអាមេរិកភាគច្រើន។ ប៉ុន្តែលោកនិយាយថាមានបំណងមករស់នៅកម្ពុជា។ គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ ក៏មិននៅស្ងៀមដែរ។ លោកខឹម វាសនា ប្រធានគណបក្សនេះ និងជាអតីតតំណាងរាស្រ្តខេត្តព្រៃវែងរបស់គណបក្សសម រង្ស៊ី បានសរសើរពីយុទ្ធសាស្រ្តរបស់បក្សខ្លួន«ដែលមិនបានបញ្ជូនសកម្មជនដើម្បីទៅបញ្ចុះបញ្ចូលប្រជាពលរដ្ឋ ប៉ុន្តែបានបង្ហាញកម្មវិធីនយោបាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ»។ លោកសន្និដ្ឋានថា៖ «អ្នកបោះឆ្នោតចំនួន៦៨ ៩០៩នាក់បានគាំទ្រយើង។ វាមិនច្រើនទេ ប៉ុន្តែវាជាសញ្ញាថា ប្រជាជនចាប់ផ្តើមចាប់អារម្មណ៍នឹងរឿងនយោបាយ«ដ៏ត្រឹមត្រូវ»របស់ពួកគេ»។
អ្នកចាញ់មិនចុះញ៉មទេ សម្រាប់គណបក្សថ្មីទាំងពីរនៅលើឆាកនយោបាយរបស់កម្ពុជានេះមិនរាថយឡើយ។ ពួកគេអះអាងបេ្តជ្ញាតស៊ូក្នុងឆាកនយោបាយបន្តទៀត។
លោកបាន សុផល មានបំណងឆ្លៀតយកចន្លោះពេលជាច្រើនឆ្នាំទម្រាំដល់ការបោះឆ្នោតលើកក្រោយ ដើម្បីរៀបចំរចនាសម្ព័ន្ធគណបក្សសង្គមយុត្តិធម៌ឡើងវិញ នៅថ្នាក់ភូមិ និងថ្នាក់ឃុំ។ លោកមិនបានលាក់លៀមទេពីបេសកកម្មដំបូងរបស់បក្សនេះ គឺការប្រមូលមូលនិធិដែលបក្សលោកកំពុងតែខ្វះខាតខ្លាំង។ លោកមានក្តីសង្ឃឹម ដោយអះអាងថាបានទាក់ទងទៅជនរួមជាតិជាច្រើន ទាំងនៅកម្ពុជាក៏ដូចនៅបរទេសដែលបានជំរុញរូបលោកកុំអោយបោះបង់ចោលសកម្មភាពនយោបាយ។
លោកបាន សុផល ដែលជាទីប្រឹក្សានៅក្រសួងមហាផ្ទៃផងនោះ បានអធិប្បាយថា៖ «ខ្ញុំមិនដកខ្លួនចេញពីជីវិតនយោបាយទេ ប៉ុន្តែបើគ្មានលុយ គឺគ្មានរចនាសម្ព័ន្ធទេ! សហគមន៍ខ្មែរនៅរដ្ឋកាលីហ្វនី សហរដ្ឋអាមេរិក នឹងអញ្ជើញខ្ញុំទៅទីនោះនាពេលខាងមុខ។ ពេលណាយើងទទួលបានការគាំទ្រហិរញ្ញវត្ថុ យើងនឹងចុះទៅតាមមណ្ឌលនានា ហើយជ្រើសរើសសកម្មជន ពីព្រោះមិនថាយ៉ាងម៉េចណា ពួកគេសំខាន់ណាស់សម្រាប់គណបក្សមួយ»។
លោកគិតគូររួចទៅហើយពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តលើកក្រោយ ប៉ុន្តែមានលក្ខខណ្ឌចំពោះការចូលរួមរបស់លោក។ «រាល់អ្នកបោះឆ្នោតទាំងអស់ត្រូវអាចបោះឆ្នោតបាន ហើយឈ្មោះពួកគេមិនអាចត្រូវលុបចេញពីបញ្ជីទេ។ បេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវមានសិទ្ធិឈរឈ្មោះដោយមិនចាំបាច់មានការបញ្ជាក់ពីប្រធានឃុំ រឺនៅសង្កាត់ ហើយទី៣ គឺគណបក្សទាំងឡាយត្រូវតែទទួលបានការអនុញ្ញាតអោយចូលរួមរាប់សន្លឹកឆ្នោតឡើងវិញ តាមការស្នើសុំរបស់ពួកគេ ប្រសិនបើមានការតវ៉ា»។
គណបក្សខ្មែរសាធារណរដ្ឋក៏បានមើលឃើញផងដែរពីជោគជ័យរបស់ខ្លួន តាមរយៈការពង្រឹងគ្រឹះមូលដ្ឋាន។ ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២គឺជាតំរុយមួយស្រេច។ លោកលន់ ឫទ្ធិ បានជ្រើសរើសយុទ្ធសាស្រ្តពីរគឺ ការប្រយុទ្ធនឹងភាពក្រីក្រ និងការចូលរួមដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកខឹម វាសនា ក៏មិនរាថយដែរក្នុងអំឡុងពេលនេះ។ លោកមិនមានបំណងបញ្ឈប់ការផ្សាយកម្មវិធីនយោបាយរបស់ខ្លួនតាមរលកធាតុអាកាសឡើយ។ លោកខឹម វាសនា ប្រកាសថា៖ «បច្ចុប្បន្ន អំណាចទាំងអស់គឺប្រមូលផ្តុំក្នុងដៃរដ្ឋាភិបាល។ គោលបំណងរបស់យើងគឺកម្មវិធី៨ចំណុចរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺកាត់បន្ថយអំណាចរដ្ឋ ហើយយើងនឹងបន្តពន្យល់វាតាមវិទ្យុចំនួន៥»។
លោកស៊ិន វណ្ណារិទ្ធិ អគ្គលេខាធិការគណបក្សខ្មែរឈប់ក្រ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃ៤ កក្កដា ២០០៧ មិនលាក់លៀមពីការបាក់ទឹកចិត្តចំពោះលទ្ធផលតិចតួចដែលគណបក្សលោកទទួលបាននោះទេ។ គណបក្សនេះមានតំណាងរាស្រ្តឈរឈ្មោះចំនួន៧ខេត្ត។ សកម្មជនមូលដ្ឋានបានសរសេរទៅកាន់អ្នកទទួលខុសត្រូវ ដើម្បីស្នើសុំពួកគេកុំអោយបញ្ចប់ដំណើរផ្សងព្រេង ប៉ុន្តែសុំអោយពិនិត្យមើលយុទ្ធសាស្រ្តបក្សឡើងវិញ។ លោកអគ្គលេខាធិការរូបនេះ ប្រកាសថា៖ «យើងនឹងពិនិត្យចំណុចខ្លាំង និងចំណុចខ្សោយរបស់យើងឡើងវិញ ហើយពង្រីករចនាសម្ព័ន្ធនៅថ្នាក់ភូមិ ឃុំ និងស្រុកនៅពេល៥ឆ្នាំខាងមុខទៀត»។ សព្វថ្ងៃ លោកបានសម្លឹងទុករួចហើយក្នុងការចូលរួមការបោះឆ្នោតឃុំ-សង្កាត់លើកក្រោយនៅកម្ពុជា ។
|
|
α’αααααααααααលទ្ធផលបណ្តោះអាសន្នទទួលស្គាល់ដោយគណបក្សតូចៗ... គណបក្សសង្គមយុត្តិធម៌ច្បាស់ណាស់ថា ខ្លួននឹងមិនតវ៉ាពីលទ្ធផលផ្លូវការនៃការបោះឆ្នោតទេ បើទោះជាវាមានភាពមិនប្រក្រតីក៏ដោយ។ លោកបាន សុផល ប្រធានគណបក្សសង្គមយុត្តិធម៌ រម្លឹកថា នៅពេលចុះឈ្មោះនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សទាំងឡាយសន្យាទទួលស្គាល់លទ្ធផលបោះឆ្នោត។ ទោះយ៉ាងណា ដោយសារខ្វះថវិកា និងធនធានមនុស្ស គណបក្សសង្គមយុត្តិធម៌មិនមានលទ្ធភាពដាក់ពង្រាយអ្នកអង្កេតការណ៍បក្សនៅតាមការិយាល័យបោះឆ្នោតទេ។ លោកមានប្រសាសន៍ថា៖ «ក្នុងពេលមួយដែលបញ្ហាបូរណភាពដែនដីរងការគំរាមកំហែង វាមិនល្អទេដែលត្រូវបង្កើតអោយមានបញ្ហាផ្សេងទៀតនោះ...»។ ចំណែកគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិប្បតេយ្យវិញ មិនទទួលយកលទ្ធផលបោះឆ្នោតទេ ប៉ុន្តែអះអាងថាខ្លួនគ្មានកិច្ចកល់អ្វីដើម្បីតវ៉ាឡើយ។ លោកខឹម វាសនា ប្រធានគណបក្សនេះ ពន្យល់ថា៖ « វាគ្មានបានការអីទេដែលត្រូវធ្វើការតវ៉ា។ ដូច្នេះ យើងសុខចិត្តនៅស្ងៀម»។
ដោយឡែក គណបក្សខ្មែរសាធារណរដ្ឋវាយតម្លៃថា ភាពមិនប្រក្រតីមិនមានច្រើនគ្រប់គ្រាន់នឹងធ្វើអោយប៉ះពាល់ដល់លទ្ធផលបោះឆ្នោតទេ ហេតុនេះគណបក្សទទួលស្គាល់ដោយងាយ។
...ប៉ុន្តែមិនមែនគណបក្សខ្មែរឈប់ក្រ ខុសស្រឡះពីគណបក្សតូចៗដទៃទៀត គណបក្សខ្មែរឈប់ក្រចាត់ទុកលទ្ធផលបោះឆ្នោតថា«ជាលទ្ធផលមិនអាចទទួលយកបាន»។ លោកស៊ិន វណ្ណារិទ្ធិ ប្រធានគណបក្សនេះ និយាយទាំងខឹងសម្បាថា៖ «សកម្មជនរបស់យើងជាច្រើននាក់មិនអាចបោះឆ្នោតបាននៅថ្ងៃបោះឆ្នោត ពីព្រោះឈ្មោះពួកគេបាត់ពីបញ្ជីឈ្មោះអ្នកបោះឆ្នោត! អ្នកផ្សេងទៀតរកការិយាល័យបោះឆ្នោតមិនឃើញ។ យើងសង្ឃឹមថា នឹងឈ្នះបានពីរអាសនៈ»។ លោកអំពាវនាវអោយធ្វើកំណែទម្រង់រចនាសម្ព័ន្ធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានអត្ថបទនៅលើវិបសាយកាសែត : -គណបក្សនយោបាយតូចៗពីររបស់កម្ពុជារួបរួមគ្នា២០ថ្ងៃមុនការបោះឆ្នោត (07-07-2008) -ក្រោមម្លប់នៃគណបក្សធំៗ បក្សតូចៗព្យាយាមស្វែងរកភាពស្របច្បាប់នៅកម្ពុជា (02-06-2008)
ព័ត៌មានបន្ថែម : - សូមមើលទ្ធផលបោះឆ្នោតបណ្តោះអាសន្នក្នុង២៤ខេត្ត-ក្រុងនៃប្រទេសកម្ពុជា ដែលត្រូវបានប្រកាសនៅថ្ងៃ៩ សីហា ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងគេហទំព័រ
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|