Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 30 សីហអ 2008
αž˜αŸ‰αŸ„αž„ 05:19 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Cinι-samedi : El Viaje / Henri Marchal
 → αžŸαžΈαž αžΆ  30 @04:00 - :0622:
Courage, fuyons ! (film)
 → αžŸαžΈαž αžΆ  30 @05:00 - :0630:
Dogora / Baraka (films)
 → αžŸαžΈαž αžΆ  30 @07:00 - :1100:
Dead man (film)
 → αžŸαžΈαž αžΆ  30 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

គណបក្សប្រឆាំងនៅតែស្ថិតក្រោមការគាបសង្កត់
αžŠαŸ„αž™ ដួង សុខា   
Convertir en PDF Version imprimable SuggΓ©rer par mail
23-06-2008

 

ការដកស្លាកសញ្ញា​គណបក្ស ការ​ចូល​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយ​មាន​កំណត់ ការរើសអើង ការ​បំភិតបំភ័យ ការគំរាមកំហែង ការ​វាយប្រហារ​តាម​ពាក្យ​សម្តី និង​លើរាងកាយ...​ទាំងនេះ​គឺ​ជា​បញ្ជី​​រាយ​ឧបសគ្គរបស់​សកម្មជន​នយោបាយ​នៃបក្ស​ប្រឆាំង បើ​តាម​ការ​អោយ​ដឹង​របស់​មេ​ដឹក​នាំ​ពួកគេ។ មេដឹកនាំ​ទាំងនេះ​មិន​រួញរា​នឹង​ចោទប្រកាន់​ទៅ​លើ​គណបក្ស​កាន់​អំណាច​​ឡើយ។ គណបក្ស​ប្រជាជន​កម្ពុជា​​មាន​មធ្យោបាយ​ច្រើន​​ក្នុងការ​ធ្វើ​សកម្មភាព​ឃោសនា​​នយោបាយ​បើ​ប្រៀប​ធៀប​នឹង​គូប្រជែង​ឯទៀត​។ ស្ថានភាព​នេះ​អាច​ជះឥទ្ធិពល​ខ្លាំង​លើ​លទ្ធផល​បោះ​ឆ្នោត​តំណាង​រាស្រ្ត​​ នាថ្ងៃទី​២៧​ ខែកក្កដា។ ពួកគេ​បាន​រិះគន់ថា​ បើ​យោង​តាម​ស្ថាន​ភាព​បច្ចុប្បន្ន​ គ្មាន​អ្វី​អាច​ធានា​ថា ការបោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ដោយសេរី និង​​យុត្តិធម៌​នោះទេ។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​ត្រូវ​បាន​ច្រាន​ចោល​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

 

ការគំរាមកំហែង​ និង​អំពើ​ហិង្សា
ការ​ចោទប្រកាន់នេះ​​មិន​មែន​ជាករណីថ្មីទេ ប៉ុន្តែ​វាតែង​តែលេច​ចេញ​ឡើង​នៅ​រាល់ពេល​បោះ​ឆ្នោត​ថ្មី​នៅ​កម្ពុជា។ គណបក្ស​ប្រឆាំង​អះអាង​ថាជា​ជន​រងគ្រោះ​នៃអំពើរើសអើង​ រហូត​ដល់​រង​ការ​គំរាមកំហែង​ពីសំណាក់​អាជ្ញាធរ​មូលដ្ឋាន ដែលភាគច្រើន​ជា​អ្នក​ស្និទ្ធិ​នឹងគណបក្ស​ប្រជាជនកម្ពុជា។​ លោកកឹម សុខា ប្រធាន​គណបក្សសិទ្ធិមនុស្ស (PDH) បាន​រិះ​​គន់ថា៖ «ប្រជាពលរដ្ឋ​តែង​តែបង្ហាញ​ឆន្ទៈពួកគាត់​ក្នុងការ​គាំទ្រ​គណបក្សយើង​។ ប៉ុន្តែ អាជ្ញាធរ​​​និយាយ​ប្រាប់​ពួកគាត់​ថា ប្រសិនបើ​ពួក​គាត់​មិន​ចូល​ជា​បក្សពួក​គេ​(គណបក្ស​ប្រជាជន​​កម្ពុជា)​ទេ ពួកគេ​នឹង​មិន​ជួយ​សម្រួល​​កិច្ចការ​​​រដ្ឋបាល​ផ្សេងៗ​ដល់​ពួកគាត់​នោះ​ឡើយ​»។ អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​​កម្ពុជារូប​នេះ​អះអាងថា៖ «បញ្ហា​នេះ​​ធ្វើ​អោយ​ប្រជាពលរដ្ឋភ័យ​ខ្លាច ហើយ​​មិនហ៊ាន​​​គាំទ្រ​គណបក្ស​យើង​ជា​ចំហ​ទេ​»។ លោក​រម្លឹកថា សកម្មជន​ពីរ​នាក់​​របស់​គណបក្ស​លោក​ត្រូវ​បាន​គេធ្វើ​ឃាត​ចាប់តាំងពី​​សមាជ​នៅ​ខែកក្កដា ឆ្នាំ​២០០៧។ ប៉ុន្តែ​ឃាតកម្ម​ដែល​មាន​ចរិត​នយោបាយមិន​ត្រូវ​បាន​គេ​ចង្អុល​ភស្តុតាង​នោះទេ។

គណបក្សនរោត្តម រណឫទ្ធិ (PNR)ស្តីបន្ទោស​ផងដែរ​ទៅ​លើ​អាជ្ញាធរមូលដ្ឋាន​ក្នុងការ​ប្រើ​ប្រាស់​វិធី​ផ្តល់​អំណោយផង និងវិធីបង្ខំផង ដើម្បី​ធ្វើ​អោយ​សមាជិក​បក្សខ្លួន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជាវិញ តាមរយៈការ​រំខានដល់ការ​ប្រជុំ​​នយោបាយ​ផ្សេងៗ​របស់​​គណបក្សនេះ និង​តាម​រយៈ​ការ​ផ្តល់​លុយ​ដើម្បីអោយ​ពួកគេ​ចាក​ចេញ​ពីគណបក្ស​។ ដូចគណបក្សសិទ្ធិមនុស្ស​ដែរ សកម្ម​ជន​ពីរនាក់​របស់​គណបក្សនរោត្តម​រណឫទ្ធិ​ក៏ត្រូវ​បាន​សម្លាប់​ចន្លោះ​ពីខែមីនា​ និង​ខែ​ឧសភា​កន្លងទៅ​នេះ​ដែរ។ លោកមុត ចន្ថា អ្នក​នាំពាក្យ​ និង​ជា​បេក្ខជន​ឈរ​ឈ្មោះលំដាប់​លេខ​រៀង​ទីមួយ​​របស់​គណបក្ស​ PNR ប្រចាំ​មណ្ឌល​ក្រុង​ភ្នំពេញ​នៅក្នុង​ការបោះ​ឆ្នោត​តំណាងរាស្រ្ត បាន​សម្តែង​ការ​សោក​ស្តាយ​ថា៖ «​យើង​បាន​ដាក់​​ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​នានាដែរ​ ប៉ុន្តែគ្មាន​បានការ​ឡើយ។ អ្នក​​​ដែល​ចង់​ធ្វើ​បាប​យើង​ គឺ​​​ជាអ្នក​ទទួល​ខុស​ត្រូវ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា»។

សូម្បីតែ​គណបក្សក្នុង​រដ្ឋាភិបាល​ចម្រុះ គឺគណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​បង្ហើប​អោយ​ដឹងដែរ​ថា សកម្មជន​របស់ខ្លួន​ជា​ច្រើន​នាក់​ក៏បាន​រងគ្រោះ​ដោយសារ​ការគំរាម​កំហែង​ពីសំណាក់​យោធា អំឡុង​ពេល​ចុះបេសកកម្ម​នយោបាយ​ដែរ។ លោកញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គូសបញ្ជាក់ថា៖​ «​យើង​ខំប្រឹង​ដោះ​ស្រាយ​បញ្ហានេះ​ តាមរយៈការទំនាក់​ទំនង​ដោយផ្ទាល់ទៅកាន់​មេពួកគេ។ នៅទីបំផុត​ មេ​ទាហានទាំង​នោះក៏​បាន​ស្តី​បន្ទោស​កូនចៅ​ពួកគេ។ យើង​ស្ថិតក្នុង​រដ្ឋាភិបាលតែមួយ​។ ដូច្នេះ ដំណោះស្រាយ​គឺតែង​ទទួល​បាន​លទ្ធផល​»។

បញ្ហាស្មុគស្មាញ​របស់​ព្រះអង្គម្ចាស់រណឫទ្ធិ
អ្នក​នាំ​ពាក្យ​របស់​គណបក្សនរោត្តម​ រណឫទ្ធិ​ មិន​បាន​លាក់​បាំង​ទេថា ក្រៅពី​ការ​គាបសង្កត់​នៅ​ថ្នាក់​មូលដ្ឋាន ឧបសគ្គ​ធំបំផុត​ដែល​ខ្លួន​បាន​ជួប​ប្រទះ​ គឺពាក់ព័ន្ធ​នឹង​បញ្ហារឿង​ក្តីរបស់​ប្រធានបក្សខ្លួន គឺ​ព្រះអង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ។ រហូត​មក​ទល់​នឹងពេល​បច្ចុប្បន្ន ព្រះអង្គ​នៅ​តែបន្ត​ធ្វើ​និរទេស​ដោយ​អង្គ​ឯង​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ព្រះអង្គ​ត្រូវ​បាន​តុលាការ​កាត់​​ទោស​កំបាំង​មុខ​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០០៧ អោយ​ជាប់​ពន្ធនាគារ​រយៈពេល​១៨ខែ និង​ពិន័យ​ជា​​សំណង​ជំងឺ​ចិត្ត​​ចំនួន​១៥០ ០០០ ដុល្លារ ពីបទ​​​រំលោភ​លើ​សេចក្តី​ទុក​ចិត្តពាក់​ព័ន្ធ​នឹង​ការ​លក់​​ស្នាក់​ការ​បក្សចាស់របស់​ព្រះអង្គ​ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ នៅក្នុង​លក្ខ​ខណ្ឌ​​បែប​នេះ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​ក្នុងការ​បន្ត​ដឹកនាំ​គណបក្សដ៏ក្មេង​ខ្ចី​របស់​ព្រះអង្គ​ពី​បរទេស​មកនោះ។ គណបក្ស​ថ្មី​របស់​ព្រះអង្គត្រូវ​បាន​បង្កើត​ឡើង​​កាល​ពីថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ២០០៦។ អ្នក​តំណាង​គណបក្ស នរោត្តម​ រណឫទ្ធិ​ រូប​នេះ​បាន​រិះគន់ថា៖ «កត្តានេះ​អា​ចជះ​ឥទ្ធិពលមិន​អាច​ប្រកែកបាន​ទៅ​លើ​​ការបោះ​ឆ្នោត​។ ពួក​យើង​មិន​អាច​ធ្វើសកម្មភាព​ដោយសេរី និងបើកចំហបានទេ ខណៈពេល​ដែល​​គណបក្ស នរោត្តម​ រណឫទ្ធិ​ជា​គណៈ​បក្ស​​មាន​សក្តានុពល​ពិតប្រាកដ។​ ការបោះ​ឆ្នោត​នឹង​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ឡើយ»។ អ្នកតំណាង​របស់​សង្គម​ស៊ីវិល​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ស្វែង​រក​ដំណោះស្រាយ​មួយ​ដើម្បីធានា​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​ព្រះអង្គ​ម្ចាស់​រណឫទ្ធិ នៅ​ក្នុង​ការ​បោះឆ្នោត​ខែកក្កដា​ខាងមុខ។ ប៉ុន្តែ​ទាក់ទងនឹង​បញ្ហា​នេះ​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​បាន​ឆ្លើយ​តប​ជា​សាធារណៈថា ព្រះអង្គម្ចាស់​នឹង​«ត្រូវ​ដាក់​ខ្នោះ ហើយ​ឃុំ​ក្នុងពន្ធនាគារ»​ប្រសិន​បើ​ទ្រង់​ឈាន​ជើង​ជាន់​លើ​ទឹក​ដី​កម្ពុជា។

ការទម្លាក់ស្លាកសញ្ញា​គណបក្ស
បញ្ហា​លំបាក​ផ្សេងទៀតដែល​​គណបក្ស​ប្រឆាំង​ទាំង​អស់​បាន​ជួប​ប្រទះ​ គឺអាជ្ញាធរ​មូលដ្ឋាន​ទាមទារ​អោយ​ពួកគេ​ដាក់​ពាក្យ​ស្នើ​សុំ​ការអនុញ្ញាត​សិនមុននឹង​លើក​​​ស្លាកសញ្ញា​គណបក្ស ហើយ​អាជ្ញាធរ​ទាំងនោះ​មិន​ញញើត​នឹង​រុះទម្លាក់ស្លាក​សញ្ញាទាំងនេះ​ចេញ​ឡើយ​។ លោក​សុន ​ឆ័យ​ តំណាង​រាស្ត្រ​​សកម្ម​​​ជាងគេ​នៅ​ក្នុង​គណបក្ស​សម រង្ស៊ី បាន​សម្តែង​ការ​ខឹង​សម្បារ​​ថា៖ «ឧទាហរណ៍​ជាក់​ស្តែង​មួយ : ពួក​យើង​បាន​ស្នើ​សុំ​ដាក់​ស្លាកសញ្ញា​បក្ស​នៅ​ជ្រោយ​ចង្វា។ ប៉ុន្តែ​អាជ្ញាធរខ័ណ្ឌ​ឫស្សីកែវ​​បាន​បំផ្លាញ​ស្លាកសញ្ញា​របស់​យើង​ចោល។ នេះ​គឺ​ជា​សកម្មភាព​ហិង្សា​មួយ​។​ តាម​ច្បាប់ គណបក្ស​នីមួយៗ​មានសិទ្ធិ​លើក​​​ស្លាកសញ្ញា​គណបក្ស​​​របស់​ខ្លួន​នៅ​ទីកន្លែង​សាធារណៈ»។

លោក​កឹម សុខា​ បេក្ខជន​​របស់​គណបក្ស​​សិទ្ធិមនុស្ស​​​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ បាន​រិះ​គន់​ថា៖ «ការ​ដំឡើង​ស្លាកសញ្ញា​គឺ​រឿង​មួយ​ដ៏​ស្មុគស្មាញ​សម្រាប់​ពួក​យើង​។ ជួន​កាល គេ​មិន​ផ្តល់​ការ​អនុញ្ញាតទេ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ពួកគេ​អាច​ដាក់​ស្លាក​សញ្ញា​នៅ​កន្លែង​ណា​ក៏​បាន​ដែរ»។

លោកបាន សុផល ប្រធាន​គណបក្ស​សង្គមយុត្តិធម៌(PSJ) បានពន្យល់ថា៖ «អាជ្ញាធរឃុំ​-សង្កាត់​នៅ​តែ​មិនទាន់​យល់​ថា ដើម្បី​ដាក់​ស្លាក​គណបក្ស​មួយ​ យើង​គ្រាន់តែ​ជូន​ដំណឹង​ប្រាប់​ពួកគាត់​ប៉ុណ្ណោះ យើង​មិនចាំបាច់​​សុំ​ការអនុញ្ញាត​ពី​ពួកគាត់​ទេ»។ គណបក្ស​នេះទើប​ចូល​រួម​ការ​បោះ​ឆ្នោត​ជាលើកដំបូង បន្ទាប់​ពី​ការ​ចាប់​ផ្តើម​បង្កើត​នៅ​ខែសីហា​ ឆ្នាំ​២០០៦​មកនេះ។

អាជ្ញាធរមូលដ្ឋាន​«មានភាពសហការ»​តិច​តួច
លោក​សុន ឆ័យ បាន​ព្រមានថា៖​ «​ក្នុងនាម​ជា​តំណាងរាស្រ្ត ពួកយើង​មាន​សិទ្ធិ​ដូច​គ្នា​នៅក្នុង​ការ​ចុះ​ទៅ​​មូលដ្ឋាន។ ប៉ុន្តែ​អាជ្ញាធរមូលដ្ឋាន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​​បង្ហាញ​ភាពសហការ​ជាមួយ​យើង​ទេ នៅពេល​ពួក​យើង​ទាក់​ទង​ទៅ​ពួកគេ ដើម្បី​រៀបចំ​ជំនួប​ ឬដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ផ្សេងៗ»។ លោក​អះអាងថា កាលពីថ្ងៃទី​១៣​ ខែមិថុនា អាជ្ញាធរ​ខ័ណ្ឌឫស្សីកែវ​​បាន​រារាំង​មិន​អោយ​រៀបចំ​ការ​ប្រជុំ​ជាមួយ​សមាជិក​សហគមន៍​បងប្អូន​ខ្មែរ​ជនជាតិ​ឥស្លាម​ទេ បើ​ទោះ​ជា​លោក​បាន​ស្នើ​សុំ​ការអនុញ្ញាត​ហើយ​ក៏ដោយ​។

ចំណែក​ទំនាក់​ទំនងរវាង​​គណបក្ស​ហង្ស ដារ៉ា ចលនា​ប្រជាធិបតេយ្យ ជាមួយនឹង​អាជ្ញាធរ​​ក៏​​មិ​ន​​សូវ​ជា​ល្អ​ប្រសើ​រ​ប៉ុន្មាន​ដែរ​។ លោក​សេង សុខហេង​ អគ្គលេខាធិការ​បក្ស សំដែង​ការ​មិន​សប្បាយ​ចិត្ត​ថា : «អាជ្ញាធរ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​​កុំ​អោយ​ចូល​​ជាមួយ​ពួកយើង ព្រោះ​បក្ស​យើង​ក្រ។ ហើយប្រសិន​បើ​សមាជិក​បក្ស​យើងជាអ្នក​រកស៊ី​ ពួកគេ​ណែនាំ​កុំ​អោយ​ប្រជាពលរដ្ឋ​ទៅ​ទិញទំនិញ​​​ពីផ្ទះ​សមាជិក​បក្ស​យើង​ឡើយ​...។ នេះ​គឺជា​​គំនិត​បក្សពួកនិយ​ម​!» ។

វិទ្យុ និងទូរទស្សន៍មិនត្រូវបើកចំហដល់គណបក្សនយោបាយ
ពាក់ព័ន្ធ​នឹង​ប្រព័ន្ធផ្សព្វផ្សាយ ការ​ផាត់​គណបក្ស​ប្រឆាំងអោយ​ឃ្លាត​ចេញ​ឆ្ងាយគឺ​មាន​លក្ខណៈ​គួរ​អោយ​កត់សម្គាល់។ នេះ​ជាការរិះគន់​របស់​បក្ស​ប្រឆាំងនានា។ ឧបសគ្គ​គឺ​ទាក់ទង​នឹង​បញ្ហា​ថវិកា ប៉ុន្តែ​មិន​មែន​មាន​តែ​ប៉ុណ្ណឹង​ទេ។

លោកកឹម សុខា គូសបញ្ជាក់ថា៖ «​ពួក​យើ​ងគ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ។​ ហើយ​វិទ្យុ​​ទាំង​ឡាយ​​មិន​ហ៊ាន​ជួល​ម៉ោង​ផ្សាយ​អោយ​យើង​ឡើយ។ បើ​ទោះ​ជាគណៈកម្មាធិការ​ជាតិ​រៀប​ចំ​​ការបោះ​ឆ្នោត​បាន​ស្នើ​ទៅ​កាន់​បណ្តា​វិទ្យុ​​ និង​ទូរទស្សន៍​​អោយ​លក់​ម៉ោង​ផ្សាយ​​ស្មើ​ៗគ្នា​ទៅ​អោយ​គ្រប់​គណបក្ស​នយោបាយ​​នៅ​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​ក៏ដោយ ក៏​តម្លៃស្នើដោយ​ស្ថានីយ៍​វិទ្យុ​ និងទូរទស្សន៍​ទាំង​នោះ​មាន​កម្រិត​ខ្ពស់​ដែរ គឺ​តម្លៃ​ស្មើ​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម»។

លោកសុន ឆ័យ រៀប​រាប់ថា៖ «យើង​បាន​ទាក់ទង​ទៅ​កាន់​ស្ថានីយទូរទស្សន៍​ទាំង៧​ ដើម្បី​ផ្សព្វផ្សាយ​ស្ប៉ត ប៉ុន្តែ​ពួកគេ​បាន​បដិសេធមិនព្រម​ជួល​ម៉ោង​អោយ​យើងទេ។ យើង​មាន​តែ​ផ្សព្វផ្សាយ​កម្មវិធីនយោបាយ​របស់​យើង​តាម​វិទ្យុ​ទាំង​ឡាយ​ដែល​ឯករាជ្យ​ពីគណបក្ស​ប្រជាជន​កម្ពុជា។ ប្រសិន​បើ​ប្រព័ន្ធផ្សព្វផ្សាយ​មាន​ការ​បើក​ចំហ​ជាង​នេះនោះ ពួក​យើង​ជឿជាក់​ថា គណបក្ស​សម រង្ស៊ី​​ប្រាកដ​ជាឈ្នះ»។​ អ្នក​តំណាង​រាស្រ្ត​រូបនេះ​សង្កេតឃើញថា ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​អាច​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានទាំង​អស់​ ដើម្បី​រិះគន់​គណបក្ស​ដទៃ ជាពិសេសគឺរិះគន់​គណបក្ស​សម រង្ស៊ី​តែម្តង។

ទោះ​យ៉ាងណា គណបក្សសម រង្ស៊ី និង​គណបក្សសិទ្ធិមនុស្សអាច​ផ្សព្វផ្សាយ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​វិទ្យុ​សំបុក​ឃ្មុំ (១០៥FM) ម្នាក់​ពី​ម៉ោង​១១​ដល់​ម៉ោង​១២​ថ្ងៃត្រង់ និង​ម្នាក់​ទៀតពី​ម៉ោង​១២​ដល់​ម៉ោង​១ថ្ងៃត្រង់​​។​ គណបក្ស​សម រង្ស៊ី ក៏​បាន​ជួល​ម៉ោង​ផ្សាយ​២​ម៉ោង​ផ្សេង​ទៀត​ដែរនៅ​ក្នុង​​វិទ្យុ​មហានគរ (៩៣.៥ FM) គឺ​ពីម៉ោង​១៦​ដល់​ម៉ោង​១៨​ជា​រៀង​រាល់​ថ្ងៃ​។ វា​ ​ប្រៀ​ប​​បាននឹង​ទឹក​មួយ​ដំណក់​ប៉ុណ្ណោះ​បើ​ធៀប​នឹង​កម្មវិធី​ប្រចាំ​ថ្ងៃ​ដែល​និយាយ​លើក​ពីគុណបុណ្យ​របស់​គណបក្ស​ប្រជាជនកម្ពុជា​នៅ​តាមវិទ្យុ​ និង​ទូរទស្សន៍​ផ្សេង​ៗទៀត​(សូម​អាន​អត្ថបទ​បន្ថែម)។


រីឯ​គណបក្សដែលគេ​ស្គាល់តិចតួច​នោះ​ ដូចជា​​គណបក្ស​សាធារណរដ្ឋ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​លន់ រិទ្ធិ គណបក្សហង្ស ដារ៉ា​ និង​គណបក្ស​សង្គម​យុត្តិធម៌​ជាដើម បាន​វាយតម្លៃថា ខ្លួន​មិន​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក និង​​ក្រៅស្រុ​កចាប់​អារម្មណ៍​ឡើយ​​​​។​ លោក​បាន សុផល ប្រធាន​គណបក្ស​សង្គម​យុត្តិធម៌​ បាន​សោក​ស្តាយថា៖ «ពួកគេ​និយាយ​តែ​ពី​គណបក្ស​សំខាន់​ៗ ហើយ​មិន​ចាប់​អារម្មណ៍​នឹង​ពួក​យើង​ទេ ព្រោះ​ពួកគេ​ចាត់ទុក​ពួក​យើង​ថា​ជាគណបក្ស​តូច​»។

សង្គម​ស៊ីវិល​ព្រួយ​បារម្ភ
បញ្ហា​លំបាក​ទាំងនេះ​ ដែល​តែងតែ​កើត​មាន​នៅ​រាល់​ពេល​បោះ​ឆ្នោត​ម្តងៗ បាន​នាំ​អោយ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​ សមាគម​សិទ្ធិមនុស្ស​កម្ពុជា (Chrac) ដែល​ប្រមូល​ផ្តុំ​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​២១​ និង​អង្គការ​សង្កេតការណ៍បោះ​ឆ្នោត​ខុមហ្វ្រែល និង​និកហ្វិច មាន​ការ​ព្រួយបារម្ភ។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ពួកគេ​អះអាងថា​ ចាប់​តាំងពី​ខែមករា ដល់​ខែ​ឧសភា ឆ្នាំ​២០០៨ ពួកគេ​​បាន​ស្រង់​​ឃើញ​មាន​ករណី​ឃាតកម្ម​មិន​តិច​ជាង​៥ករណី​ ការ​យាយី​និង​ការគំរាម​កំហែង​ទៅ​លើ​សកម្មជន​នយោបាយ​ចំនួន​២១ករណី និង​ការរើ​ទម្លាក់​ស្លាកគណបក្ស​ចំនួន​២១​ករណី​នៅទូទាំង​ប្រទេសកម្ពុជា​។
លោក​ខៀវ កាញ៉ារីទ្ធ ​អ្នក​នាំពាក្យរបស់​គណបក្ស​ប្រជាជន​កម្ពុជា និង​របស់​រដ្ឋាភិបាល ធ្វើ​ការ​បដិសេធ​ដាច់អហង្ការ​រាល់ការ​ចោទ​ប្រកាន់​ទៅលើ​គណបក្ស​របស់​លោក​។ ជា​ជំនួយ​ដល់​ការ​ឆ្លើយ​តប លោក​រដ្ឋមន្ត្រី​ព័ត៌មាន​រិះគន់​ថា​ បើ​តាម​រូបលោក «គណបក្ស​​មួយ​ចំនួន»​​គ្មាន​«គុណ​ធម៌​​​»។ លោក​ខៀវ កាញ៉ារីទ្ធ ពន្យល់ថា ៖ «​គណបក្ស​មួយ​ចំនួន​និយាយថា គណបក្សប្រជាជនកម្ពុជា​គឺ​គណបក្ស​​ក្បត់ គណបក្ស​លក់​ទឹក​ដី​។ វា​បង្ក​អោយ​មាន​ជម្លោះ​ពាក្យ​សម្តី​នៅ​​​មូលដ្ឋាន​»។ ចំណែក​ឯ​បញ្ហា​ការផ្សព្វផ្សាយ​ព័ត៌មានវិញ លោក​រដ្ឋមន្ត្រី​វាយតម្លៃថា ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មាន​តួនាទី​ផ្សព្វ​ផ្សាយ​តែ​ពីព័ត៌មាន​ពាក់​ព័ន្ធ​នឹង​រដ្ឋាភិបាល​។ គណបក្ស​ផ្សេង​ទៀតទទួល​បាន​សិទ្ធិ​ផ្សព្វផ្សាយ​នៅ​ក្នុង​«ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស»​ ជាពិសេស​វិទ្យុ នេះ​ជា​ការលើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី។

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

-សង្គម​ស៊ីវិល​ព្រួយ​បារម្ភពីការកើន​ឡើង​នៃឃាតកម្ម​លើ​សកម្មជន​គណបក្ស​នយោបាយ​ មុន​ពេលឃោសនា​បោះឆ្នោត (០២-០៦-២០០៨)

-យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​តំណាងរាស្ត្រ : គណបក្ស​នយោ បាយ​បង្ហាញ​ឆន្ទៈរបស់ខ្លួន (១២-០៥-២០០៨)

-ស្ថានភាពគួរអោយព្រួយបារម្ភនៅក្នុងដំណាក់ការ មុនការបោះឆ្នោត (៣១-០៣-២០០៨)


ទូរទស្សន៍របស់រដ្ឋផ្តល់ភាពអនុគ្រោះច្រើនដល់ គណបក្សប្រជាជនកម្ពុជា

ទូរទស្សនិកជនកម្ពុជាតែងតែសង្កេតឃើញជា រៀងរាល់ថ្ងៃ : ទូរទស្សន៍ជាតិ​កម្ពុជា​(ទទក) ខំផ្សព្វផ្សាយកម្មវិធី​បង្ហាញពី​សកម្ម​ភាព​របស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ពោល​គឺមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ដែល​ទៅ​សួរ​សុខទុក្ខសកម្មជនរបស់ខ្លួន ការ​ចែក​អំណោយ ការ​ចូលរួមពិធី​បញ្ជូល​សមាជិក​ថ្មី...។ នេះគឺជាការឃោសនា​ដែលត្រូវបាន​លើកឡើងនៅក្នុងរបាយការណ៍ចេញផ្សាយថ្ងៃ​ទី១៣ ខែមិថុនា របស់គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោតដោយសេរី និងយុត្តិធម៌​នៅ​កម្ពុជា(ខុមហ្វ្រែល)។ ខុមហ្វ្រែល​គឺជា​អង្គការសង្កេតការណ៍បោះឆ្នោតដ៏សំខាន់មួយ​នៅកម្ពុជា។ យោងតាមការអង្កេតមួយ​ធ្វើទៅ​លើ ទទក ពីថ្ងៃទី៨មករា ដល់ថ្ងៃទី២០ឧសភា គណបក្សប្រជាជនកម្ពុជាត្រូវបានបង្ហាញដោយ​រូបភាពល្អ ហើយមានចំនួនញឹកញាប់​ច្រើន​ជាង​គូប្រជែងផ្សេងទៀត (៨៤%នៃពេល​វេលារបស់​ទូរទស្សន៍នេះដែលផ្តោតលើគណបក្សនយោ​បាយ ស្មើនឹង៣៥១លើកសុទ្ធតែល្អ) ហ៊្វុន​ស៊ិន​ប៉ិច​ត្រូវបានគេនិយាយដោយមិន​លម្អៀង​(៩%​នៃពេលវេលា បង្ហាញលើអេក្រង់៣៩លើក) រីឯគណបក្សប្រឆាំងដ៏សំខាន់ សម រង្ស៊ីវិញ ត្រូវបានគេបង្ហាញយ៉ាងកម្រ (៧% ស្មើនឹង​៣០លើក) ហើយជានិច្ចកាល​គឺមាន​ភាព​អវិជ្ជមាន ដូចជាការប្រកាស​របស់លោក​នាយក​រដ្ឋមន្ត្រីស្តីពីការចាកចេញរបស់សមាជិក​គណបក្ស​សម រង្ស៊ីមក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា ឬពីពាក្យសម្តីរបស់​អ្នកទាំង​នេះ​ដែលថាគណបក្សចាស់​របស់ខ្លួន​គំរាម​កំហែង​មកលើពួកគេ។


បច្ចុប្បន្ននេះ លោកសម រង្ស៊ីកំពុង​ជាប់ពាក់ព័ន្ធ​នឹងពាក្យបណ្តឹងពីបទ​បរិហារកេរ្តិ៍ និង​ផ្សព្វផ្សាយ​ព័ត៌មានមិនពិត ដែលប្តឹង​ដោយ​លោកហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស។ រដ្ឋសភាជាតិនឹងមិន​បានបោះ​ឆ្នោត​ព្យួរអភ័យឯក​សិទ្ធិសភារបស់លោក មុនការ​បោះ​ឆ្នោតជ្រើសរើសតំណាងរាស្រ្តនោះទេ។ ប៉ុន្តែ​តំណាងរាស្រ្តប្រចាំ​មណ្ឌល​កំពង់ចាម​រូប​នេះ​ប្រហែលជាមិនទាន់រួចផុតពីពាក្យបណ្តឹង​នេះ​ទេ។ បញ្ហា​ប្តឹងផ្តល់ទៅលើ​គណបក្ស​នេះ​មិន​មែនមានតែត្រឹមប៉ុណ្ណឹងទេ ពីព្រោះ ថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី​បានបញ្ជា​អោយ​បើក​ការស៊ើបអងេ្កតមួយ ពីទំនាក់​ទំនង​រវាង​គណបក្សសម រង្ស៊ី និងកងទ័ពសេរីកម្ពុជា ដែល​ត្រូវបានចោទប្រកាន់ពីបទមានគោល​បំណង​ផ្តួលរលំរដ្ឋាភិបាល កាលពីឆ្នាំ២០០០ និងបញ្ជាអោយបើកការស៊ើបអង្កេតលើ​ករណី​ពាក់ព័ន្ធជាយថាហេតុណាមួយរបស់គណបក្ស​ប្រឆាំងនេះ ជុំវិញការ​វាយប្រហារ​មកលើ​សម្តេច​ហ៊ុន សែន នៅខេត្តសៀមរាប ឆ្នាំ​១៩៩៨។

Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir