Khmer
    Franηais


αžαŸ’αž„αŸƒ αž’αžΆαž‘αž·αžαŸ’αž™ 12 αžαž»αž›αžΆ 2008
αž˜αŸ‰αŸ„αž„ 05:35 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Swing (film)
 → αžαž»αž›αžΆ  14 @07:00 - :0830:
Hors de prix
 → αžαž»αž›αžΆ  15 @07:00 - :0843:
Rachel Poignant (exposition)
 → αžαž»αž›αžΆ  16 @06:30 - :0800:
Vincent Broustet : "Chut" (exposition)
 → αžαž»αž›αžΆ  16 @06:30 - :0800:
Le scaphandre et le papillon (film)
 → αžαž»αž›αžΆ  16 @07:00 - :0852:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ប្រាសាទព្រះវិហារ : ចំណុច​រសើប​​​រវាង​កម្ពុជា និង​ថៃ
αžŠαŸ„αž™ ដួង សុខា និង​ឡូរ៉ង់ ឡឺហ្គូអង់វិក   
Convertir en PDF Version imprimable SuggΓ©rer par mail
16-06-2008

 Cambodge - Preah Vihear © John Vink / Magnum

ព្រះវិហារ (ភាគពាយ័ព្យនៃប្រទេសកម្ពុជា) ថ្ងៃទី៩ មីនា ២០០៨៖

ជារៀងរាល់ថ្ងៃភ្ញៀវទេសចរប្រមាណ១០០នាក់ បានចូលមក

ទស្សនាប្រាសាទព្រះវិហារ តាមប្រទេសថៃ 

© John Vink / Magnum

«​ក្នុងសំឡេង​គាំទ្រ​៩​ទល់​នឹង​៣​ តុលាការ​យុត្តិធម៌អន្តរជាតិ​បាន​ប្រកាស​ថា ប្រាសាទ​ព្រះវិហារតាំង​នៅ​​ក្នុង​​ដែនដី​នៃ​​អធិបតេយ្យ​ភាព​របស់​ប្រទេស​កម្ពុជា​»។ ៤៦​ឆ្នាំ​ក្រោយ​​​ពី​ត្រូវ​បាន​​ប្រកាសសាលក្រម​របស់​តុលាការ​​អន្តរជាតិ​ទីក្រុង​ឡា​អេ​​ចុះ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២នេះ​​ នៅ​តែ​បន្ត​បង្កើត​បញ្ហា​ស្មុគ​ស្មាញ​​ជាច្រើន​ និង​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ​ និ​ងថៃ​ ខណៈពេល​ដែល​សំណើ​រ​របស់​កម្ពុជា​ក្នុង​ការ​ចុះឈ្មោះ​ប្រាសាទព្រះវិហារ​​ទៅក្នុង​បញ្ជីបេតិកភ័ណ្ឌ​ពិភពលោក​របស់អង្គការ​យូណេស្កូ​​អាច​នឹង​ទទួលបាន​ការ​យល់​ព្រម​ ​ នៅ​ក្នុង​​ពេល​ជាង​​​២០​ថ្ងៃ​ខាង​មុខ​ទៀត​នេះ​​។ បន្ទាប់​ពី​ការ​ចរចា​ដ៏​ស្វាហាប់​អស់រយៈពេល​​ជាច្រើន​​ខែ​រវាង​ភាគី​កម្ពុជា និង​ភាគី​ថៃ​មក រដ្ឋាភិបាល​ប្រទេស​ជិត​ខាង​ទាំងពីរនេះ​មិនចង់​​ចាញ់​ប្រៀប​គ្នាឡើយ។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ ​ក៏ពួកគេ​​បាន​យល់​ព្រម​ព្រៀង​គ្នា​​លើ​យុទ្ធសាស្រ្តមួយ​​ដែល​ត្រូវ​អនុម័តដែរ​​។ ជា​ផ្លូវការ គឺ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​។


ភាពតានតឹង​ពុះកញ្រ្ជោល​ជាថ្មី

«ខាវ​ព្រះវិហាន» : បច្ចុប្បន្ន ​ប្រជាពលរដ្ឋ​ថៃឮគេ​និយាយ​តែ​ពីឈ្មោះ​នេះ ដែ​លជា​មាន​ន័យ​ជា​ខ្មែរ​ថា​ព្រះវិហារ​។​ ពីមុន​​ ពួកគេ​កម្រ​បានឮណាស់​។ តាមពិតទៅ ប៉ុន្មាន​ខែ​មក​នេះ សារព័ត៌មាន​​ថៃ​បាន​​ចុះ​ផ្សាយ​ជា​រៀង​រាល់ថ្ងៃ​​​​ពីសេចក្តី​​ប្រកាសរបស់​អាជ្ញា​ធរ និង​ភាពតានតឹង​រវាង​​ប្រទេស​ជិត​ខាង​​ទាំងពីរ​ជុំវិញសំណុំ​រឿង​ដ៏​រសើប​នៃ​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។

សម្តីឆ្លង​ឆ្លើយ​គ្នា​​​បាន​ចាប់​ផ្តើម​ឡើង​នៅ​ខែ​កុម្ភៈ​ ២០០៨ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ដាក់​​ឯកសារ​ថ្មី​នៃការ​ចុះ​ប្រាសាទ​ហិណ្ឌូ​មួយ​នេះ​ទៅ​ក្នុង​បញ្ជី​ដ៏​ល្បីល្បាញ​របស់​អង្គការ​យូណេស្កូ​ នៅទីក្រុងប៉ារីស។​ កម្ពុជា​បាន​បំពេញ​សំណុំ​បែបបទ​​ពេញលេញអស់​ហើយ​ រួច​បញ្ជូន​​ទៅ​តាម​​ពេល​​កំណត់ ​ ហើយ​ស្ថាប័នអង្គការ​សហប្រជាជាតិ​មួយ​នេះ​ក៏​បាន​ទទួល​យក។ ប៉ុន្តែ​ដំណើរការ​មិន​ទាន់​បញ្ចប់​សព្វគ្រប់​ទេ ព្រោះ​ប្រទេស​ថៃ​ជិតខាង​នៅតែ​ធ្វើការ​​បន្ត​ទាមទារ​ការ​គ្រប់​គ្រង​រួម​គ្នា​លើ​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ​។

លោកផៃ ស៊ីផាន់ អ្នក​នាំពាក្យ​របស់​​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា ដែលកាន់​​សំណុំ​រឿង​នេះ បានគូសបញ្ជាក់​ថា៖ «ក្នុងនាម​ជា​ម្ចាស់​ប្រាសាទ​ព្រះវិហារ​ យើង​មាន​សិទ្ធិ​ពេញទីក្នុងការ​បំពេញ​កាតព្វកិច្ច​​ និង​ដាក់​ពាក្យ​»​។ ប៉ុន្តែ រហូត​មក​ដល់​ថ្ងៃនេះ ការ​ប្រឆាំង​ពី​ភាគី​ប្រទេស​ថៃគឺ​គ្រប់​គ្រាន់អាច​​ធ្វើ​អោយ​បំណង​របស់​កម្ពុជា​បរាជ័យ​បាន។ គួររម្លឹកថា​ ការ​ដាក់​បេក្ខភាព​ប្រាសាទ​ព្រះវិហារ​លើក​ទី១​គឺ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០៥។

«​ដី​ប៉ុនមេ​ដៃក៏​មិន​អាច​បាត់​ដែរ​​»
តាំងពីខែកុម្ភៈមក សេចក្តីប្រកាស​ជាច្រើន​បានធ្វើ​ឡើង​ជាបន្ត​បន្ទាប់​ ជាពិសេស​តាមរយៈ​សំឡេង​​របស់លោក​ ​នុបប៉ាឌុន ប៉ាតាម៉ា រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ថៃ​។ ថ្ងៃ​ទី​១០ មេសា មន្ត្រីជាន់ខ្ពស់​ថៃ​រូបនេះ​​បាន​បញ្ជូន​​លិខិត​តវ៉ា​ជា​ផ្លូវការមួយ​ ទៅ​កាន់​​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក ​ប្រឆាំង​​​​នឹងការ​បញ្ជូន​«​ទាហាន និង​នគរបាល»កម្ពុជា​​​​ទៅ​ក្នុង​តំបន់​តវ៉ា​ស្ថិត​នៅ​ជើង​ប្រាសាទព្រះវិហារ​ ។ ក្រោយ​មក​បន្តិច លោក​​មាន​ប្រសាសន៍​​ជាសាធារណៈ​ថា ប្រទេស​ថៃនឹង«​មិន​​ប្រគល់​ដី​របស់ខ្លួនប៉ុន​មេដៃ​អោយ​កម្ពុជា​ឡើយ»។

ចំណែក​ឯ​ភាគីកម្ពុជា​វិញ សេចក្តីប្រកាស​ជា​ផ្លូវការ​មាន​តិច​តួច​ណាស់​។ អាជ្ញា​ធរ​​​​គ្រាន់តែ​ធ្វើការ​រម្លឹក​ពី​អធិបតេយ្យ​ភាព​របស់ខ្លួន​ទៅលើ​ប្រាសាទ​ព្រះវិហារ​ ដែល​មានការទទួល​​ស្គាល់​តាំង​ពីឆ្នាំ​១៩៦២​មក​។ ​លោកហង្ស សុទ្ធ អគ្គនាយក​នៃអាជ្ញាធរ​ជាតិ​នៅព្រះវិហារ បានពន្យល់​ថា​ វត្តមាន​របស់​កងទ័ព​កម្ពុជា​នៅ​ប្រាសាទ​ព្រះវិហារ? វាគ្រាន់​តែជាការយល់​ច្រលំ​ប៉ុណ្ណោះ។ បុរស ស្ត្រី​ស្លៀក​​ពាក់ឯកសណ្ឋាន​ទាំង​នេះ​​ដើរ​ទស្សនា​ប្រាសាទ ដោយ​ឆ្លៀត​ពេល​​ពិធី​បើក​សម្ពោធន៍​ការដ្ឋាន​ផ្លូវ​ថ្នល់​ថ្មី​ភ្ជាប់​ពី​ទីរួម​ខេត្ត​ព្រះវិហារ​ទៅ​កាន់ប្រាសាទ​​ ក្រោម​អធិបតី​ភាព​របស់​សម្តេច​ហ៊ុន សែន នៅថ្ងៃ​ទី៥ មេសា...។ ចុះ​ការ​រៀ​ប​ចំ​ពិព័រណ៍​ជា​​លើក​ទី​១​ស្តីពី​បណ្ណសារ និងឯកសារ​ទាក់​ទង​នឹង​ប្រាសាទ​ព្រះវិហារ ដាក់​បង្ហាញ​នៅទីក្រុង​ភ្នំពេញកាល​ពី​ថ្ងៃអាទិត្យ​ ទី​១៥ ខែ​មិថុនា នាឱកាស​ខួប​៤៦ឆ្នាំ​នៃ​ការ​សម្រេច​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ​វិញ? ចំពោះ​ពិព័រណ៍​នេះ វាគ្រាន់​តែ​ព្រឹត្តិការណ៍​មួយ​ដែល​មាន​លក្ខណៈ​អហិង្សា​ អប់រំ និង​វប្បធម៌ ដែលត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​គំនិតផ្តួច​ផ្តើម​​របស់​អង្គការ​​មិនមែន​រដ្ឋាភិបាល​ដ៏សាមញ្ញ​មួយ គឺ​មូលនិធិ​គាំទ្រ​អរិយ​ធម៌ខ្មែរ ហើយ​ប្រព្រឹត្តទៅក្រោម​ក្រសែភ្នែក​ឃ្លាំ​មើល​​របស់​អាជ្ញាធរ​​ក្រុង​ភ្នំពេញប៉ុណ្ណោះ​...

ការចរចា​រផ្នែកការទូត​
សេចក្តីប្រកាស​ និង​ការ​ប្រកាស​តាម​ឧគ្ឃោសនស័ព្ទ ទោះ​ផ្លូវការឬមិនផ្លូវការ បាន​ក្លាយ​ជា​​ប្រធានបទ​នៃ​ការ​ចរចា​គ្នា​នៅ​លើ​តុ​របស់​អ្នក​​ការទូត​។ គណៈប្រតិភូ​ដឹកនាំ​ដោយលោកវិរក្សាឌី ហ្វុត្រាគុណ ​លេខាធិការ​អចិន្ត្រៃយ៍​​ក្រសួង​ការបរទេស​ថៃ និង​លោក​សុខ អាន រដ្ឋមន្រ្តី​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​កម្ពុជា បាន​ជួប​ប្រជុំ​គ្នា​យ៉ាងយូរ​កាលពីថ្ងៃ​ទី៦ ឧសភា នៅទីក្រុងភ្នំពេញ​។ នៅថ្ងៃ​ទី​២២ ឧសភា លោក​សុខ អាន បានធ្វើការ​​ពិភាក្សាជាមួយលោក​នុបប៉ាឌុន ប៉ាតាម៉ា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​ និង​អ្នក​តំណាង​ជាច្រើន​របស់​អង្គការ​យូណេស្កូ​នៅទីក្រុងប៉ារីស​។ នៅទីបំផុត កិច្ចចរចា​លើកនេះ​បាន​ធ្វើ​អោយ​កម្ពុជា​​ទទួល​បាន​ការគាំទ្រ​ពី​ប្រទេស​ថៃ​ក្នុងការ​ចុះ​ឈ្មោះ​ប្រាសាទ​​ព្រះវិហារ​ទៅក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក​។ ជា​ការ​ដោះដូរ ព្រះរាជាណាចក្រ​កម្ពុជា​សន្យា​ដាក់​ពាក្យសុំ​ពាក់ព័ន្ធ​តែ​នឹងតួ​​ប្រាសាទ​ប៉ុណ្ណោះ គ្មាន​​បរិវេណជុំ​វិញ​ទេ ហើយ​ស្នើគំនូរ​​​កំណត់​នៃ​តំបន់​ដែល​ទទួល​បាន​ការ​ការពារ​ពី​អង្គការ​សហប្រជាជាតិ​។

គំនូ​​កំណត់
កម្ពុជា​បានរក្សា​ពាក្យ​សន្យា​របស់ខ្លួន​នា​ថ្ងៃទី​៥ មិថុនា ដោយ​បាន​បញ្ជូនគំនូ​​​មួយ​ទៅ​ភាគីថៃ​ដើម្បី​ពិនិត្យ​មើល និង​កែតម្រូវ​។ នៅក្នុង​ប្លង់​នេះ​គឺ​រួម​បញ្ចូល​ប្រាសាទ​ព្រះវិហារ ហើយ​បើ​តាម​លោក​ផៃ ស៊ីផាន់ គឺ​មាន​បញ្ចូល​បរិមាត្រ​ប្រវែង​«៣០ម៉ែត្រ​ជុំវិញ​ខឿន​ប្រាសាទ​»​ មិន​មែន៤,៦គីឡូម៉ែត្រ​ការ៉េ​​ដូច​នៅក្នុងឯកសារ​ដំបូង​​នោះទេ​។ ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្រ្ត​នេះ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាត់​ទុក​ថា​ជា​ជំហាន​ថ្មី​​មួយ​ទៀត​ឆ្ពោះ​ទៅកាន់​ការ​ចុះឈ្មោះ​​ក្នុងបញ្ជី​ដ៏មានតម្លៃ​របស់​យូណេស្កូ មិនមែន​ជា​ការ​ដើរ​ថយ​ក្រោយ​ទេ​។ អ្នកនាំពាក្យ​របស់ទីស្តីការ​គណៈរដ្ឋមន្ត្រី​រូប​នេះ​គូស​បញ្ជាក់​ថា៖ «នៅក្នុង​ដំណាក់​ការ​ទី​១ យើង​​ត្រូវ​ការ​អោយ​ប្រាសាទនេះ​បាន​ចុះ​ឈ្មោះ​ចូលក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោកសិន។ នៅក្នុង​កិច្ច​ពិភាក្សា​ជាមួយ​អង្គការ​យូណេស្កូ​ នៅទីក្រុងប៉ារីស យើង​​មិន​អាច​​និយាយ​ពី​បញ្ហា​ព្រំដែន​ទេ​»។

លោកមឿង សុន ប្រធានមូល​និធិ​​គាំទ្រ​អរិយធម៌ខ្មែរ និង​ជា​ប្រធានសមាគម​ក្រុមហ៊ុន​ទេសចរណ៍​កម្ពុជា បានអបអរ​សាទរ​​ថា៖ «នេះគឺ​ជា​យុទ្ធសាស្រ្ត​ដ៏​ឆ្លាតវៃ​របស់​រដ្ឋាភិបាល​កម្ពុជា​។ ប្រសិន​ជា​យើង​ចង់​ដោះ​ស្រាយ​បញ្ហា​ទាំងពីរ​ [ការ​ចុះ​ឈ្មោះ​​ប្រាសាទ​ព្រះវិហារ​ និង​គំនូស​ព្រំដែន] វា​អាច​ត្រូវការ​ពេល​យូរ​។ សម្រាប់​ពេលនេះ ចុះឈ្មោះ​ប្រាសាទ​សិន។ បញ្ហា​ព្រំដែន​ យើង​នឹង​ដោះ​ស្រាយ​ពេលក្រោយ​។ ធ្វើ​បែប​នេះ យើង​អាច​អភិវឌ្ឍ​តំបន់​នោះបាន។ ប្រសិន​បើ​វា​នៅតែ​មិន​ទាន់​មាន​ឈ្មោះ​នៅ​​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក វា​អាច​ចោទ​បញ្ហា​លំបាក​ផ្នែក​ហិរញ្ញវត្ថុ និង​ប៉ះពាល់​ដល់​ការអភិរក្សប្រាសាទ»។

«សំណុំរឿង​ដ៏រសើប»
តើ​កម្ពុជា​គូរប្លង់​ថ្មី​​ដែល​ត្រូវ​បានដាក់​​បង្ហាញ​ចន្លោះពី​ថ្ងៃ​ទី២ និង​ទី១០ កក្កដា នា​ឱកាស​កិច្ចប្រជុំ​របស់​​គណៈកម្មាធិការ​បេតិកភ័ណ្ឌ​ពិភពលោក​នៅទីក្រុងកេប៊ិក ដោយ​ផ្អែក​លើ​មូលដ្ឋានអ្វី​? តើ​អាច​មាន​ផល​វិបាកអ្វី​ខ្លះ​លើ​ការ​ចរចាពី​បញ្ហា​ព្រំដែន​នាពេល​ខាងមុខ? វា​ជា​រឿង​មួយ​ពិបាក​ដឹង​ណាស់​​។ លោកវ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា ព្រមាន​ទុក​ជាមុនថា៖ «វា​គឺ​ជា​សំណុំរឿង​ដ៏រសើប​ខ្លាំង​ណាស់»។ លោកសង្កត់​ធ្ងន់​​ថា៖ «គេ​គួរ​តែ​កុំ​ធ្វើ​អ្វីដែល​អាច​ប៉ះពាល់​ដល់​ព្រំដែន​ប្រទេស​ទាំង​ពីរ​»។ លោក​មិន​អធិប្បាយ​អ្វី​អោយច្រើន​ជាងនេះ​ទៀតទេ។ ទាំងលោកទី យ៉ាត ប្រធានអាជ្ញាធរជាតិ​​ប្រាសាទ​​ព្រះវិហារ ទាំង​លោក​ជុច​ ភឿង ទីប្រឹក្សា​​ស្ថាប័ន​នេះ និង​ជា​រដ្ឋលេខា​ធិការ​ក្រសួង​វប្បធម៌ រួមទាំង​ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុងភ្នំពេញ សុទ្ធ​តែមិន​ចង់​​ធ្វើ​អត្ថាធិប្បាយ​ពីបញ្ហា​នេះទេ​។

យោងតាម​សារព័ត៌មាន​ភាសាអង់គ្លេស បាងកកប៉ុស្តិ៍ និងឌឺណេសិន​(​The Nation) គំនូ​​ថ្មីដែល​នឹង​ត្រូវ​ទទួល​យក​ដោយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​ថៃ សាម៉ាក់ ស៊ុនដារ៉ា​វី ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​​​ខាងមុខនេះ មិន​បាន​​រម្ងាប់​ការ​ប្រឆាំង​ដ៏​ខ្លាំង​ក្លា​ពីសំណាក់​អ្នកប្រជាធិបតេយ្យ​បានទេ។ មួយថ្ងៃ​បន្ទាប់​ពី​ការ​ដាក់​ឯកសារ​នេះ លោក​អាឡុងកន ពន្លាប៊ុត មកពីគណបក្សប្រឆាំងនៅក្នុង​ប្រទេស​​ថៃ បាន​រិះគន់អំ​ពី«ការក្បត់​ជាតិ​» និង​«ការលក់​អធិបតេយ្យ​ជាតិ​របស់ថៃ» ដោយ​លោក​បញ្ជាក់ថា ការ​គាំទ្រ​សំណើ​​​របស់កម្ពុជា ប្រទេស​ថៃ​នឹង​បាត់​បង់​សិទ្ធិ​​ទាមទារ​​ការ​គ្រប់​គ្រង​​លើ​ប្រាសាទ​ព្រះវិហារ​ ហើយ​​បាត់​បង់​ឱកាស​ក្នុងការ​តវ៉ា​លើសេចក្តីសម្រេច​នា​ឆ្នាំ​១៩៦២​ដែល«មានភាពអយុត្តិធម៌ និង​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ»...។

អំណះអំណាង​នេះ​ត្រូវបាន​លើក​យក​មក​និយាយបន្ត​ដោយ​ក្រុមយោធា​មួយ​ចំនួន​។ រហូត​ទាល់​តែ​លោក​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ថៃ​បានក្រើន​រម្លឹក​ដល់​មន្ត្រីយោធា​ថា មាន​តែ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ដែល​មាន​សមត្ថកិច្ច​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ ពាក់ព័ន្ធ​នឹង​សំណុំ​រឿ​ង​ទាក់ទងនឹង​ប្រាសាទ​ព្រះវិហារនេះ...។​

គំនិតបង្កប់ពីក្រោយ គឺ​​ប្រេងកាត?
គឺ​ប្រាសាទ និងគ្មាន​អ្វីផ្សេងទៀតទេ : បច្ចុប្បន្ន​ភាគីទាំងពីរ​​ហាក់​បាន​ឆ្លើយ​ឆ្លង​គ្នា​យ៉ាង​រលូន ប៉ុន្តែ​បញ្ហា​ក្នុង​ការ​ព្រមព្រៀង​គ្នា​លើ​សំណុំ​រឿង​នេះ​ បើទោះ​ជា​បាន​ដោះ​ស្រាយ​​រួចតាំង​ពី​៤ទសវត្ស​ហើយ​ក៏ដោយ ក៏​នៅ​តែ​ត្រូវ​មាន​កិច្ច​ពិភាក្សា​វែងឆ្ងាយទៀត​ដែរ​នាពេល​ខាងមុខ។ ក្រៅពី​ការ​កំណត់​​ព្រំដែន​ដីគោក ដែលក្រុមចម្រុះ​មួយ​កំពុង​ធ្វើ​ចាប់​តាំង​ពី​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់គ្នា​​នៅឆ្នាំ​២០០០មក បញ្ហា​នៅ​សល់​ដែល​ត្រូវ​ដោះស្រាយ​ គឺ​ភាពមិន​ចុះ​សម្រុង​គ្នា​ទាក់ទង​នឹង​ព្រំដែន​សមុទ្រ និង​ប្រេងកាត​។ គណបក្ស​បក្ស​ប្រឆាំង​របស់ថៃបាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ខ្លួន​ថាបាន​​បោះបង់​ប្រាសាទ​ព្រះវិហារ​ដ៏ពិសិដ្ឋ​ ជាថ្នូរ​នឹង​ការ​ទទួល​បានសម្បទាន​លើ​ឧស្ម័ន និង​ប្រេងកាត​ ដែល​អាច​នឹង​ប្រគល់​អោយ​អតីត​នាយករដ្ឋមន្ត្រីបណ្តេញ​​ពី​តំណែង ថាក់​ស៊ីន ស៊ីណាវ៉ាត្រា។ ប៉ុន្តែ​អ្នកពាក់ព័ន្ធ​ទាំង​អស់ក្នុង​​ការ​ចោទប្រកាន់នេះ​បាន​ធ្វើការ​បដិសេធ ហើយ​ទាំងមន្ត្រី​​កម្ពុជា ទាំង​មន្រ្តី​ថៃ បានប្រកាស​យ៉ាង​ម៉ឺងម៉ាត់​​​ថា គ្រប់​សំណុំរឿង​ទាំងអស់​នេះ​គឺ​គ្មានអ្វីពាក់ព័ន្ធ​គ្នាទេ​។ រវាង​បេតិកភ័ណ្ឌ​ផ្នែកសាសនា និង​ទេសចរណ៍ រវាង​ជាតិ​និយម និង​ប្រេងកាត : ​ តាមពិតទៅ ទាំងអស់​នេះ​គឺប្រៀប​បីដូចការ​ច្របល់​បញ្ចូល​គ្នា​​ដ៏គ្រោះថ្នាក់​។

Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir