αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:38 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

Advertisement
គណបក្សនយោបាយកម្ពុជាចាប់ផ្តើមប្រតិបត្តិការអូស ទាញសហជីព
αžŠαŸ„αž™ ដួង សុខា   
Convertir en PDF Version imprimable SuggΓ©rer par mail
09-06-2008

 Tiou Long Saumura / ceremonie Chea Vichea / Phnom Penh © John Vink / Magnum

ភ្នំពេញ ថ្ងៃទី​២២ មករា ២០០៨ ជូ​ឡុង​សូមុរ៉ា​ នៅក្នុង​ពិធីគោរព​​​វិញ្ញាណ

​ខន្ធ​សព​របស់​លោក​ជា វិជ្ជា​

© John Vink / Magnum

 

សហជីព​គឺជា​កម្លាំង​មួយ​នៃ​អង្គ​បោះ​ឆ្នោត​កម្ពុជា​ដែល​គេ​មិន​អា​ច​មើល​រំលង​បានឡើយ​។ សហជីព​កម្មករ​រោងចក្រ​កាត់ដេរ​នានា​មាន​ចំនួន​ច្រើន​ជាងគេ ព្រោះ​វិស័យ​នេះ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ចំនួន​៣៦៥ ១៧៥ នាក់​ នៅ​ក្នុង​រោងចក្រ​ទាំង​៥១៨​នៅកម្ពុជា បើ​យោងតាម​តួលេខ​របស់​ក្រសួង​ការងារ​។ គណបក្សនយោបាយ​នានា​​ប្រហែលជា​ដឹង​​ពី​​កម្លាំង​នៃចលនា​កម្មករ​ ហើយ​នៅពេល​ការ​បោះ​​ឆ្នោត​តំណាងរាស្រ្ត​ថ្ងៃ​២៧ កក្កដា​​ជិត​ចូល​មកដល់​ ការព្យាយាម​ទាក់​ទង​ ​មេដឹក​នាំ​​សហជីពនានា​បាន​កើន​ឡើង​។ ចំណែក​ខាងសហជីព​ទាំង​នោះ​វិញ ពួកគេ​ប្រកាស​ក្តែង​ៗ​ពី​ឯករាជ្យ​ភាព​របស់ខ្លួន​ពី​គ្រប់​គណបក្ស​ទាំងអស់​ បើទោះ​ជា​កន្លងមក ពួកគេ​បាន​បង្ហាញ​តិច​ឬ​ច្រើន​ពី​សមានចិត្ត​ចំពោះ​គណបក្ស​នយោបាយ​មួយ​ចំនួន​ក៏ដោយ​។

 

សហជីពត្រូ​វគេចែចង់​​
នៅឯគណបក្ស​ហ៊្វុនស៊ិនប៉ិច​ គេ​មិន​បានលាក់បាំង​ទេ​ពី​បំណង​ចង់​​បាន​ការគាំទ្រ​ពី​កម្មករ និង​គ្រូ​បង្រៀន ដែលជាក្រុម​មុខរបរ​តំណាង​ដោយ​សហជីព​​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ និង​មាន​ឥទ្ធិពល​។ លោក​ណាន់ ស៊ី អ្នក​នាំ​ពាក្យ​របស់​គណបក្ស​នេះ អះអាងថា គណបក្ស​លោក​បាន​ទាក់​ទង​​​ប្រធានសហជីព​សេរីកម្មករ​នៃព្រះរាជាណាចក្រ​ម្ពុជា (Siorc)​ ដែលមានឈ្មោះ​ល្បី​នៅក្នុង​ប្រព័ន្ធផ្សព្វផ្សាយ។ សហជីព​នេះ​ត្រូវ​បានគេ​ស្គាល់ថា​មានគោល​ជំហរ​ត្រូវ​គ្នា​នឹងគណ​​បក្ស​ប្រឆាំង។​ លោក​ណាន់ ស៊ី​ មាន​ប្រសាសន៍ថា៖ «ចាប់តាំង​ពី​កំណែទម្រង់​ផ្ទៃក្នុងរបស់ខ្លួនម ក  ហ៊្វុនស៊ិនប៉ិច​​យក​​ចិត្ត​ទុក​ដាក់​លើ​បង​ប្អូន​កម្មករ​ ហើយ​ពួកយើង​ចង់​លើកកម្ពស់​កម្រិត​ជីវភាពពួកគាត់​អោយ​ថ្លៃ​ថ្នូរ​​»។

រីឯ​ដៃ​គូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​របស់គណបក្ស​ហ៊្វុនស៊ិនប៉ិច​ គឺ​គណបក្សប្រជាជន​កម្ពុជាក៏​អះអាង​សម្តី​ដូច​គ្នា​នេះ​ដែរ​។ ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ គណបក្ស​ប្រជាជន​​បាន​ចូលទាក់ទង​សហជីព​ជាច្រើន​ ក្នុង​នោះ​ក៏​មាន​សហជីព​សេរីកម្មករ​នៃព្រះរាជាណាចក្រ​ម្ពុជា ផងដែរ​។ លោកជាម យៀប សមាជិកដ៏​លេច​ធ្លោ​មួយ​រូប​របស់​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​នៃ​​គណបក្ស​ប្រជាជន មាន​ប្រសាសន៍អោយ​ដឹងថា៖ «យើង​មាន​បំណង​ចង់​បាន​ការគាំទ្រ​របស់កម្មករ​ មុននិង​ក្រោយ​ការ​បោះឆ្នោត។ ជាក់ស្តែង​ យើង​ខ្វល់​ខ្វាយ​ពី​ជោគវាសនា​ពួកគេ​ យើង​បាន​ខិតខំ​ដើម្បី​អោយ​ពួកគេ​ទទួល​បាន​ប្រាក់ឧត្ថម្ភ​​បន្ថែម​​ប្រចាំ​ខែ​៦ដុល្លារ​ដើម្បី​សម្រប​តាម​តម្លៃទំនិញ​!»។

លោក​មុត ចន្ថា អ្នកនាំ​ពាក្យ​គណបក្ស​នរោត្តម រណឫទ្ធិ(PNR)​ គូសបញ្ជាក់ថា​ គណបក្ស​នរោត្តម​ រណឫទ្ធិ​ ដែល​នឹង​​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការឃោសនា​បោះ​ឆ្នោត​ជា​លើក​ដំបូង អះ​អាង​ថា«មិន​ចង់​​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង​របស់​សហជីព​​»ទេ បើទោះ​បី​ជា​«សហជីព​មួយ​ចំនួន​និយាយថា​គាំទ្រ​យើង​»​ក៏ដោយ។ តែ​ទោះយ៉ាងណា លោក​បញ្ជាក់ថា៖ «សន្លឹកឆ្នោត​នីមួយៗ​គឺ​មាន​សារៈ​សំខាន់​សម្រាប់យើង​​»។

ចំពោះគណបក្ស​សិទ្ធិមនុស្ស​​ដែល​ទើប​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ទៅ​ ចលនា​​កម្មករ​​​គឺ​ជា​សរសរ​ដ៏​សំខាន់​របស់​​គណបក្ស​ រហូតដល់​គណបក្ស​នេះ​បាន​រៀបចំ​«សមាជ​កម្មករ​»​មួយ​​នៅ​ទីស្នាក់ការ​បក្ស​នាទីក្រុងភ្នំពេញ កាលពីប៉ុន្មាន​សប្តាហ៍​មុន។ ក្នុងពេល​ជាមូយ​គ្នា លោក​កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ សង្ឃឹមថា «សហជីព​មិន​គួរ​ចូល​គណបក្ស​នយោបាយ​ណាមួយ​ឡើយ»​។ «​វាពិតណាស់ថា យើង​​មានទំនាក់​ទំនង​​​ជាមួយ​សហជីព​មួយ​ចំនួ​ន​ ដូចជាសហជីព​សេរី​​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ជាដើម ប៉ុន្តែ​វា​មិន​មែនមានន័យថា​ យើង​​អូស​ទាញ​​អោយ​គេ​បម្រើ​ផល​ប្រយោជន៍​បក្ស​យើង​នោះ​ទេ​។ នៅ​ចំពោះ​មុខ​ហិបឆ្នោត កម្មករ​​សម្រេច​ចិត្ត​តែម្នាក់​ឯងគត់!»។

គណបក្ស​សម រង្ស៊ី (PSR) នៅ​តែត្រូវ​គេ​មើល​ឃើញថាជា​មិត្ត​របស់កម្មករ និង​គ្រូបង្រៀន ដែល​នៅ​ក្នុង​បាតុកម្ម​ជាច្រើន គណបក្ស​សម រង្ស៊ី​ គឺ​ជា​អ្នក​នាំមុខ​។ សម្រាប់​ប្រធានគណបក្ស​សម រង្ស៊ី ការ​ប្រកាន់អាកប្បកិរិយា​នេះ​នឹង​មិន​ផ្លាស់ប្តូរឡើយ​។ តំណាងរាស្រ្ត​ខេត្ត​កំពង់ចាមរូប​នេះ​លើក​ឡើងថា៖​ «នៅក្នុង​ឱកាស​នៃទិវា​ពលកម្មអន្តរជាតិ ១ឧសភា កាលពីពេល​កន្លង​ទៅនេះ យើង​បាន​ទទួល​កម្មករ​ប្រមាណ​១ម៉ឺន​នាក់​ នៅទីស្នាក់ការ​របស់យើង​។ គោល​បំណង​សំខាន់​មួយ​របស់​យើង គឺ​ដោះស្រាយ​​​​ប្រាក់​​ឈ្នួល​​កម្មករ​»។ លោកសន្យាថា​នឹង​ធ្វើ​អោយ​​តម្លៃ​ចំណីអាហារមាន​ការ​ធ្លាក់​ចុះ ក្នុង​ករណី​ដែល​គណបក្ស​លោក​ឈ្នះ​ឆ្នោត។

សគកឯ​មានឈ្មោះថា«ឯករាជ្យ​» តែ​មិនមែន​មិនលម្អៀងទេ
លោក​រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ​(សគកឯ) ប្រកាស​ជា​ឱឡារឹក​ថា«​សមាគម​លោកមិន​ស្ថិត​ក្រោម​គណបក្ស​ណាមួយ​»ទេ ប៉ុន្តែ​«​នៅ​ខាង​អ្នក​​ប្រជាធិបតេយ្យ»។ «ឧទាហរណ៍ ប្រសិនបើ​គណបក្ស​សម រង្ស៊ី ធ្វើ​សកម្មភាពដើម្បី​គ្រូបង្រៀន ប្រយុទ្ធប្រឆាំង​នឹង​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​ប្រកាន់​ជំហរ​ជា​អ្នក​ការពារ​បូរណភាព​ទឹកដី ដូច្នេះ​យើង​នឹង​អំពាវនាវ​ដល់​សមាជិកយើងអោយបោះ​ឆ្នោតជូន​គណបក្ស​នេះ​»។ នេះ​​​ជា​សម្តី​មួយ​បង្កប់​នូវ​ន័យ​ផ្ទុយ​របស់​​មន្ត្រី​​រាជការ​នៃ​ក្រសួង​អប់រំ​ និ​ងជា​ប្រធានសហភាព​សហជីព​នៃ​កម្ពុជា ដែល​បញ្ចប់​ដោយ​ការ​សារភាព​យ៉ាង​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ និងគណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​ទទួល​​បាន​ការ​គាំទ្រ​ពី​​សហជីព​លោក​ឡើយ​។ បើ​ទោះ​ជា​លោក​រ៉ុង ឈុន សារភាព​ពី​សមានចិត្ត​ចំពោះ​គណបក្ស​សម រង្ស៊ី​ក៏ដោយ តែ​ទោះ​យ៉ាង​ណា​លោក​ក៏​បាន​និយាយ​រាងសម្រាល​មក​វិញ​ដែរ​។ លោក​ប្រធាន សគកឯ​​ ដែល​មាន​សមាជិក​ចំនួន​ ៨ ០០០នាក់​  បានសង្កត់ធ្ងន់​ថា៖ «​ខ្ញុំ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គណបក្ស​សម រង្ស៊ី​ ប៉ុន្តែជា​ទំនាក់​ទំនង​ផ្ទាល់​ខ្លួនប៉ុណ្ណោះ។ ខ្ញុំ​ពិភាក្សា​ច្រើន​ជាមួយ​លោក​ស្រី​មួរ សុខហួ អគ្គលេខាធិការ​រង​គណបក្ស​សម រង្ស៊ី ​ថា​តើ​ធ្វើ​យ៉ាង​ណា​​ជួយ​ដោះ​ស្រាយ​បញ្ហា​​សង្គម​។ សហជីព​ខ្ញុំ​មិន​មែន​ជាសាខា​​​របស់​គណបក្ស​នេះទេ ហើយ​ក៏​មិន​ទទួល​ការ​បង្គាប់​បញ្ជា​នយោបាយ​ណាមួយ​​ពី​អ្នក​ណា​ឡើយ​»។ លោក​រ៉ុង ឈុន បន្ថែ​មទៀតថា លោក​នឹង​ប្រកាស​នៅ​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​ថា​តើ​លោក​នឹង​ឈរ​ខាង​គណបក្ស​ណា​។

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រក្សា​​គម្លាត​ពី​គណបក្ស​សម រង្ស៊ី
ខុស​ពី​លោក​ជា វិជ្ជា ​លោក​ជា​ មុនី​ ដែល​បាន​ឡើង​ជំនួស​តំណែង​ប្រធានសហជីព​នេះ​ បន្ទាប់​ពី​បងប្រុសរប​ស់​លោក​​​ត្រូវគេ​លួចធ្វើ​ឃាត​កាលពីខែ​មករា ឆ្នាំ​២០០៤ មិន​រក្សាទំនាក់​ទំនង​ពិសេស​ជា​មួយ​លោក​​សម រង្ស៊ី​ទេ​។ ក៏​ដូចសគកឯ​ ដែល​ខ្លួន​ធ្វើការ​ប្រកៀក​ស្មា​គ្នា​ដែរ ប្រធានសហជីព​សេរី​ (សមាជិក​ជាង​៨ម៉ឺននាក់) លើក​ឡើង​ជាបឋម​ពីឯករាជ្យ​ភាព​​របស់ខ្លួន​ និង​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​«គណបក្ស​ប្រជាធិបតេយ្យ​»។


​​​«ខ្ញុំ​មិន​ស្តាប់​បញ្ជា​គណបក្ស​ណាមួយ​ទេ ពីព្រោះ​ សង្គម​ស៊ីវិល​គឺជា​ស្ថាប័ន​​ឯករាជ្យ​។ សហជីព​ខ្ញុំ​ខុស​ពីសហជីព​​ផ្សេង​ទៀត​ដែល​ដំណើរ​ការ​ទៅ​បាន​ដោយសារ​ការឧបត្ថម្ភ​ពី​គណបក្ស​នយោបាយ​ ឬ​ពី​រដ្ឋាភិបាល​»។ លោក​ជា មុន្នី អះអាងថា លោក​នឹង​មិន​ផ្តល់​​ការ​ណែនាំ​ណាមួយ​ទៅ​សមាជិក​ឡើយ «បើ​មិន​ដូច្នោះ​ទេវា​នឹង​រំលោភ​លើ​សិទ្ធិ​អ្នក​បោះ​ឆ្នោត​របស់​ពួកគេ»​។
បាតុកម្ម​ទាំង​ឡាយ​ស្តី​ពី​ការ​តវ៉ា​ក្នុង​សង្គម​ ជានិច្ច​កាល​គឺ​នាំ​មុខ​ដោយ​សកម្មជន​របស់​សហជីព​ឯករាជ្យ​​ពីរដ្ឋាភិបាល និង​គណបក្ស​សម រង្ស៊ី។ ការ​តស៊ូ​ដែល​បាន​បន្សល់​ទុក​លើ​ខ្លួន​លោក​ជា មុន្នី​ នូវ​អនុស្សាវរីយ៍​ដ៏​ជ្រាលជ្រៅ ប៉ុន្តែ​លោក​អះអាង​ថា វា​មិន​អាច​ធ្វើ​អោយ​សហជីព​លោក​គ្មានឯករាជ្យ​ភាពនោះ​ឡើយ​។ លោកគូសបញ្ជាក់​ថា៖ «ប្រសិន​បើ​ខ្ញុំ​ធ្វើឃោសនា​​អោយ​គណបក្ស​ណាមួយ វា​គឺ​ក្នុង​នាម​បុគ្គល​ប៉ុណ្ណោះ មិន​មែន​ក្នុងនាម​Siorc ទេ​»។


ថ្ងៃ​ទី​៦ ខែ​មេសា គណបក្ស​សម រង្ស៊ី ធ្លាប់​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ជួប​ជុំ​គ្នា​នៅ​មុខ​​រដ្ឋសភាជាតិ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​អតិផរណា​ដ៏​គំហុក​​នាពេល​បច្ចុប្បន្ន​។ អ្នក​សង្កេតការណ៍​ទាំង​ឡាយ​មានការ​ភ្ញាក់​ផ្អើល​ពី​អវត្តមាន​របស់​សហជីព​នានាដែល​ធ្លាប់​តែ​នៅក្បែ​រ​លោកសម រង្ស៊ី បើ​ទោះ​ជា​​ការ​តវ៉ានេះ​ ​ពួកគេ​មានគំនិត​ដូច​គ្នា​ក៏ដោយ។ ​ពាក្យចចាមអារ៉ាម​ក៏​បាន​លេច​ឮឡើង​អំពី​ការ​ចុះ​ចូល​ជាយថាហេតុ​របស់​លោក​ជា មុនី ជាមួយ​នឹង​គណបក្ស​ប្រជាជនកម្ពុជា។ អតីត​គ្រូបង្រៀនរូបនេះ​បាន​បដិសេធ​ថា​«លោក​មិន​ត្រូវ​បាន​គេ​ទិញរឺ​លក់​»​នោះទេ។ លោក​សារភាពថា គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​គណបក្ស​សិទ្ធិមនុស្ស​ដែរ ពួកគេ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ទទួល​បានការ​គាំទ្រ​ពី​លោក។ ការណ៍នេះ​មិន​បានធ្វើ​អោយ​លោក​ភ្ញាក់​ផ្អើល​ទេ សម្រាប់​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​ដូច្នេះ​។ លោក​មានប្រសាសន៍ថា៖ «ប្រសិនបើ​គណបក្ស​ទាំង​ឡាយ​ចង់​បាន​សន្លឹកឆ្នោត​ គណបក្ស​ទាំង​នោះ​គួរ​ធ្វើ​អ្វី​ដែល​ល្អទៅ នោះ​អ្នក​បោះឆ្នោត​នឹង​បោះ​ឆ្នោត​គាំទ្រ​​គាត់​ហើយ​»។

សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​​កម្មករ​កាត់​ដេរ​កម្ពុជា​ចាំ​ឃ្លាំ​មើល​
អ្នក​តំណាងរបស់​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​​កម្មករ​កាត់​ដេរ​កម្ពុជា ដែល​មានសមាជិក​៥ម៉ឺននាក់​ ត្រូវ​បាន​ទទួល​ការ​​​អញ្ជើញ​ពី​​«គណបក្ស​ពីរ​ក្នុង​ចំណោម​បក្សទាំង​បី​ដែល​មាន​អាសនៈនៅ​រដ្ឋសភា​ជាតិ​។ លោក​គង់​ អាទិត្យ​ អនុប្រធាន​សម្ព័ន្ធ​នេះ រៀបរាប់ថា៖  «គណបក្ស​ទាំងនោះ​មិន​បាន​សុំ​យើង​ចំៗ​អោយ​គាំ​ទ្រពួកគេ​ទេ​។ ហេតុនេះ វា​គ្មាន​រឿងអី​ដែល​យើង​​រំលោភ​លក្ខន្តិកៈ​របស់​សហជីព​ ដែល​គោរព​​ឯករាជ្យ​ភាព​ពី​នយោបាយ​នោះ​ឡើយ»។ លោក​និយាយថា លោក​នៅ​តែ​ទន្ទឹង​ចង់​បាន ​គណបក្សមួយដែល​ដាក់​អាទិភាព​លើ​គេ​ទាក់ទងនឹង​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ។

សហជីព​«ស្និទ្ធ​នឹង​រដ្ឋាភិបាល»
សហជីព​មួយ​ចំនួន​មិន​លាក់​បាំង​ពី​ការស្ថិត​ក្រោមឱវាទ​បក្ស​កាន់​អំណាច​ទេ​។ ក្នុងឱកាស​ថ្ងៃ​១ឧសភា សម្តេច​​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ទទួល​តំណាង​សហជីព​ចំនួន​៨ ០០០​នាក់​ ដែល​បើ​តាម​សម្តី​របស់លោក​ជាម យៀប «ពួកគេ​គាំ​ទ្រ​នយោបាយ​របស់​រដ្ឋាភិបាល។ បើ​តាម​ការ​រៀប​រាប់​របស់​អ្នក​សង្កេតការណ៍ម្នាក់​ តំណាង​សហជីព​ទាំងនោះ​បាន​ត្រឡប់​ទៅ​វិញ​ជាមួយ​នឹង​«ស្រោម​សំបុត្រ»​ក្នុង​ដៃ ហើយ​ត្រូវ​គេ​បញ្ចុះ​បញ្ចូល​បាន​សម្រេច​។ លោក​ជួន​ មុំថុល​ ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ (សមាជិក​កម្មករ​៧ម៉ឺននាក់​) និង​ជា​ទីប្រឹក្សា​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ អះអាងថា ការណែនាំអោយ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធ្វើ​ទៅ​កាន់​ក្រុម​កម្មករ​ជាសមាជិក​។ លោក​ពន្យល់​ថា៖ «​​យើង​ចង់​អោយ​​គណបក្ស​ប្រជាជន​កម្ពុជា​​ទទួល​បាន​ជ័យ​​ជម្នះ ពីព្រោះដោយសារ​តែ​គណបក្ស​នេះ​ហើយ​ដែល​កម្មករ​បាន​ទទួល​ការ​តំឡើង​​ប្រាក់​ឈ្នួល​»។ ជាមួយ​នឹង​ការអោយអ្វីមួយ​ដែល​មើល​ទៅ​ដូច​ជា​កាដូ​សម្រាប់​ការ​បោះឆ្នោតនេះ​ សម្តេច​​ហ៊ុន សែន​ ហាក់​មានប្រៀប​លើ​​លោក​សម រង្ស៊ី​ នៅលើ​ផ្នែក​កិច្ច​ការ​សង្គម​។

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

គណបក្សសម រង្សី ធ្វើសេចក្តីស្នើរច្បាប់ស្តីអំពី ការកំណត់ប្រាក់ខែតែឯង

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​តំណាងរាស្ត្រ : គណបក្ស​នយោ បាយ​បង្ហាញ​ឆន្ទៈរបស់ខ្លួន

អតិផរណា​នៅកម្ពុជាៈ រដ្ឋាភិបាល​ចាត់​វិធានការណ៍​ដោយម៉ត់ចត

បាតុកម្មរបស់គណបក្សសម រង្ស៊ី ធ្វើឡើងដោយ ស្ងប់ស្ងាត

ឃាតកម្មរបស់ ជា វិជ្ជា

 


កម្មករ​មិន​ខ្វល់​នឹង​រឿង​នយោបាយ​
នៅ​ពេល​ចេញពី​រោង​ចក្រ កម្មករ​ទាំងឡាយ​ដែល​ត្រូវ​បានសម្ភាសន៍​ អះអាងថា​មិន​រវល់​នឹង​នយោបាយទេ ប៉ុន្តែ​ខ្វល់​ពី​ការរស់​នៅ​របស់​ពួកគេច្រើន​ជាង​​។ កញ្ញា​ឃិន សារី អាយុ​២៥​ឆ្នាំ មក​ពី​ខេត្ត​ស្វាយ​រៀង​​មក​ធ្វើការ​នៅ​ក្នុង​រោង​ចក្រ​មួយ​នៅ​ក្រុង​ភ្នំពេញ​ បាន​ត្អូញ​ត្អែរថា៖ «ខ្ញុំ​សំណូម​ពរ​អោយ​​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​​តំឡើង​ប្រាក់​ខែ​កម្មករ ពីព្រោះ​សព្វថ្ងៃ​ ស្អី​ក៏​ថ្លៃ​ដែរ : ថ្លៃផ្ទះ ភ្លើង ទឹក ប្រេង អាហារ...​កម្មករ​​លែង​មានកម្លាំង​ធ្វើ​ការ​ងារ​ទៀត​ហើយ​»។

 


លោក​ជុន​ សោភា អាយុ​២៩​​ឆ្នាំ មិន​មានមនោសញ្ចេតនា​ចំពោះ​នយោបាយ​ទេ បើ​ទោះ​ជា​គាត់​គឺជា​​សមាជិក​ម្នាក់​របស់​សហព័ន្ធ​សហជីព​ឯករាជ្យ​កម្ពុជា​ ដែល​ត្រូវ​បានគេ​មើល​ឃើញថាស្និទ្ធ​នឹង​បក្ស​កាន់​អំណាច​ក៏​ដោយ​។ លោក​អធិប្បាយ​ថា៖ «ខ្ញុំ​មិន​ចូល​បក្ស​នយោបាយ​ណាទេ ប៉ុន្តែ​ខ្ញុំ​សង្កេត​ឃើញថា ជា​និច្ច​កាល​គឺ​គណបក្ស​សម រង្ស៊ី​ ដែល​តែង​តែ​ធ្វើ​សកម្មភាព​ដើម្បី​ប្រយោជន៍​កម្មករ​»។ លោក​បាន​អំពាវនាវ​អោយ​មានការ​បញ្ចុះ​​​តម្លៃ​ទំនិញ​នានា​។ សហការ​រី​របស់​​លោក​ម្នាក់​ទៀត​​ បាន​អោយដឹង​ថា ​គាត់​នឹង​បោះ​ឆ្នោត​អោយគណបក្ស​ណា​ដែល​អំពាវនាវ​​អោយ​មាន​ការ​តំ​ឡើង​​ប្រាក់ខែ​កម្មករ និង​គ្រូប​ង្រៀន​។ កម្មករ​រូប​នេះ​និយាយ​ជាមុនថា៖ «ប៉ុន្តែ​ប្រសិន​បើ​គណបក្សមួយ​ស្នើ​សុំ​អោយ​យើង​ធ្វើ​ការ​ឃោសនា​អោយគេ ខ្ញុំ​មិន​ធ្វើ​ទេ!»។


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir