ភ្នំពេញ ថ្ងៃទី២៧ ក្កដា ២០០៣ បន្ទប់សម្ងាត់ នៅពេលបោះឆ្នោតជាតិ
© John Vink / Magnum នៅក្នុងរូបភាពសង្គមរបស់ខ្លួន គណបក្សនយោបាយនៅកម្ពុជាជៀសមិនផុតពីការរួមគ្នាជាក្រុមដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ គេប្រមូលផ្តុំគ្នាជុំវិញមេដឹកនាំច្រើន ជាងជុំវិញមនោគមន៍វិជ្ជា។ ទោះយ៉ាងណា យុទ្ធនាការឃោសនាបោះឆ្នោតគឺជាឱកាសមួយសម្រាប់បក្សនយោបាយក្នុងការអួតសរសើរពីគោលការណ៍ធំៗរបស់ខ្លួន។ ការសន្យានយោបាយគឺត្រូវមានអមជាចាំបាច់នូវការផ្តល់ជាអំណោយ ដែលជានិច្ចកាលវាអនុញ្ញាតអោយបេក្ខជនអាចបង្ហាញពីទឹកចិត្តដ៏ល្អរបស់ខ្លួន និងធ្វើអោយពលរដ្ឋភ្លេចភាពក្រីក្រ។ ទាំងនេះគឺសុទ្ធសឹងជាវិធានការជាក់ស្តែងដែលត្រូវធ្វើ។ យើងនឹងពិនិត្យមើលមួយត្រួសពីកម្មវិធីនយោបាយរបស់គណបក្សសំខាន់ៗដែលចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតតំណាងរាស្រ្តថ្ងៃ២៧ កក្កដា។
ពិតណាស់ថាចាប់តាំងពីការបោះឆ្នោតលើកទី១នៅខែឧសភា ១៩៩៣មក ស្ថានភាពនៅកម្ពុជាមានការវិវត្តន៍ច្រើន ពោលគឺបន្ទាប់ពីរយៈពេលពីរទសវត្សនៃសង្រ្គាមស៊ីវិល និង១៤ខែនៃការគ្រប់គ្រងរដ្ឋបាលរបស់អង្គការសហប្រជាជាតិ។ នៅសម័យនោះ ក្រុមនៃអ្នកប្រកាសខ្លួនឯងថាជា«មិត្តរបស់បស្ចិមប្រទេស» និងអ្នករិះគន់ការគាំទ្ររបស់វៀតណាមចំពោះរបបកំពុងដឹកនាំប្រទេស បានតទល់ប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាដែលលើកថាខ្លួនបានរំដោះប្រទេសជាតិចេញពីនឹមបនប៉ុល ពត។ តែទោះយ៉ាងណា ប្រធានបទនៃការឃោសនានៅសម័យនោះនៅតែត្រូវគណបក្សនយោបាយលើកមកនិយាយបន្ត ដូចក្នុងករណីបក្សកាន់អំណាចគណបក្សប្រជាជនកម្ពុជាជាដើម។
គណបក្សប្រជាជនកម្ពុជា : សមិទ្ធិផលប្រវត្តិសាស្រ្តគឺជាគោលសំខាន់នៃកម្មវិធីនយោបាយរបស់ខ្លួន ដូចក្នុងការបោះឆ្នោតរាល់លើកដែរ គណបក្សរបស់លោកនាយករដ្ឋមន្ត្រីបង្ហាញការបូកសរុបសមិទ្ធិផលការងារ និងសមត្ថភាពរបស់ខ្លួន។ គណបក្សប្រជាជនកម្ពុជា លើកឡើងពីកម្មវិធីនយោបាយចំនួន៣៦ចំណុច និងលើកតម្កើងពីបទពិសោធន៍ចាស់ទុំនយោបាយជាច្រើនឆ្នាំនៃការកាន់អំណាចរបស់ខ្លួន : ភាពចាស់ទុំផ្នែកនយោបាយនៅក្នុងការគ្រប់គ្រងកិច្ចការប្រទេសជាតិ ហើយជាពិសេសគឺវិភាគទានរបស់ខ្លួននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា រាប់តាំងពីការជួយជ្រើមជ្រែងធ្វើអោយកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ១៩៥៣ (គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥១) រហូតដល់តួនាទីរបស់ខ្លួននៅក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ ដោយមិនភ្លេចលើកឡើងពីចំណុចដ៏សំខាន់មួយទៀតរបស់ខ្លួនឡើយ នោះគឺថ្ងៃរំដោះប្រទេសកម្ពុជា នៅឆ្នាំ ១៩៧៩ តាមរយៈការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល ពត។ លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភាជាតិ និងជាសមាជិកគណបក្សប្រជាជនកម្ពុជា អះអាងថា ៖ «ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាទទួលបានជោគជ័យជាច្រើន: ការមានស្ថិរភាពនយោបាយឡើងវិញ ការស្តារហេដ្ឋារចនាសម្ព័ន្ធនានា ការកាត់បន្ថយភាពក្រីក្រ កំណើនសេដ្ឋកិច្ច... សមិទ្ធិផលទាំងនេះគ្មានគណបក្សផ្សេងណាមួយអាចធ្វើបាននោះទេ»។ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងរូបនេះបន្ថែមទៀតថា គណបក្សរបស់លោកប្តេជ្ញាបន្តគោរពរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងលទ្ធិប្រជាធិបតេយ្យពហុបក្ស ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និទ្ទណ្ឌភាព ការជួញដូរខុសច្បាប់គ្រប់ប្រភេទ ភេរវកម្មជាតិនិងអន្តរជាតិ។ល។ គណបក្សនេះនឹងពង្រឹង«វិស័យធំៗទាំង៤នៃកំណើនសេដ្ឋកិច្ច» (វាយនភ័ណ្ឌកាត់ដេរ ទេសចរណ៍ សំណង់ និងកសិកម្ម)។
ម៉្យាងវិញទៀត គណបក្សប្រជាជនកម្ពុជាក៏មានចំណុចថ្មីមួយទៀតដែរ ដោយលោកជាម យៀបសន្យាថា «ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតក្នុងអាណត្តិទី៤នេះ យើងនឹងតាក់តែងច្បាប់ផ្សេងៗដើម្បីគ្រប់គ្រងធនធានប្រេងកាតអោយបានត្រឹមត្រូវ កុំអោយត្រូវ ‘បណ្តាសាមាសខ្មៅ’ » ។
បញ្ហាអន្តោប្រវេសន៍ និងករកែទម្រង់មុខមាត់ថ្មីរបស់គណបក្សហ៊្វុនស៊ិនប៉ិច ជាចំណុចទាក់ទាញអ្នកបោះឆ្នោត រីឯដៃគូរបស់គណបក្សប្រជាជនកម្ពុជាក្នុងរដ្ឋាភិបាលចម្រុះ គឺគណបក្សហ៊្វុនស៊ិនប៉ិច ឯនេះវិញ លើកឡើងពីការសន្យាចាស់ៗដែលធ្វើអោយខ្លួនមានមុខមានមាត់ ដូចជាការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងការប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់ជាដើម។ គណបក្សនេះក៏លើកឡើងផងដែរថា ខ្លួនមានសង្ឃឹមទៅលើកំណែទម្រង់ផ្ទៃក្នុង ដែលបានចាប់ផ្តើមឡើងនៅខែតុលា ឆ្នាំ២០០៧ បន្ទាប់ពីការទម្លាក់ព្រះអង្គម្ចាស់រណឫទ្ធិពីតំណែងប្រធានបក្សកាលពីឆ្នាំ២០០៦។ ក្រៅពីការការពារនីតិរដ្ឋ និងសិទ្ធិមនុស្ស ការថែរក្សាសន្តិភាព និងសុវត្ថិភាព គណបក្សបង្កើតឡើងដោយស្នាព្រះហស្តសម្តេចនរោត្តម សីហនុ នៅថ្ងៃ២១ មីនា ១៩៨១ នេះបានរិះគន់ការមិនគោរពច្បាប់របស់អ្នកកាន់អំណាច និងកង្វះឯករាជ្យភាពក្នុងប្រព័ន្ធតុលាការកម្ពុជា។ លោកហ៊ុន ភឿង អគ្គលេខាធិការរងគណបក្សហ៊្វុនស៊ិនប៉ិច ពន្យល់ថា ៖ «គោលបំណងរបស់យើងគឺធ្វើអោយមាននីតិរដ្ឋមួយយ៉ាងពិតប្រាកដ និងធ្វើកំណែទម្រង់ក្នុងកងទ័ពប្រដាប់អាវុធ កុំអោយស្ថិតក្នុងគំនាបរបស់គណបក្សនយោបាយណាមួយ»។ លោកបានលើកឡើងបញ្ហាអាទិភាពផ្សេងទៀតរបស់គណបក្សលោក ដូចជាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការជួញដូរគ្រឿងញៀននិងការលាងលុយកខ្វក់ ឬក៏ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមទីជនបទជាដើម។ លោកប្រមុខរដ្ឋាភិបាលហ៊ុន សែន ធ្លាប់បានអំពាវនាវអោយគណបក្សហ៊្វុនស៊ិនប៉ិចប្រឹងប្រែងធ្វើយុទ្ធនាការឃោសនា ដោយបង្ហើបអោយដឹងថា នៅលើកនេះ គណបក្សប្រជាជនកម្ពុជាប្រហែលជាមិនចាំបាច់ត្រូវការសំឡេងពីគណបក្សរាជានិយមមួយនេះ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីទេ ព្រោះការបង្កើតរដ្ឋាភិបាលត្រូវការសម្លេងតំណាងរាស្រ្តតែ៥០%បូក១ប៉ុណ្ណោះ មិនមែនពីរភាគបីដូចមុនឡើយ។ លោកហ៊ុន ភឿង រដ្ឋលេខាធិការក្រសួងការពារជាតិ និងបេក្ខជនតំណាងរាស្រ្តលេខរៀងទីមួយមណ្ឌលខេត្តបាត់ដំបង វាយតម្លៃថា ដោយសារតែគណបក្សលោក«លែងទទួលរងនូវការដឹកនាំមិនល្អ» ហេតុនេះហ៊្វុនស៊ិនប៉ិចមានសំណាងស្រោចស្រង់ការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ។
គណបក្សសម រង្ស៊ី រិះគន់អតិផរណា និងផ្តួចផ្តើមសេវាសុខភាពឥតគិតថ្លៃសម្រាប់ពលរដ្ឋគ្រប់រូប «ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលរាំងស្ទះដល់ការលូតលាស់របស់កម្ពុជា» នៅតែជាការសន្យាចម្បងរបស់គណបក្សសម រង្ស៊ី ដដែល ដែលនៅឆ្នាំ២០០៣ បានផ្តោតសុន្ទរកថារបស់ខ្លួនលើប្រធានបទនេះ។ ដោយសារការកើនឡើងយ៉ាងខ្លាំងនៃតម្លៃទំនិញនាប៉ុន្មានខែចុងក្រោយនេះ គណបក្សប្រឆាំងបានបញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួននូវវិធានការទប់ស្កាត់អតិផរណា ក៏ដូចជាការបង្កើតការងារ ការបញ្ចុះតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងការទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋទូទៅ។ ដើម្បីអាចដាក់ដំណើរការវិធានការចុងក្រោយនេះបាន គណបក្សសម រង្ស៊ី ណែនាំពីការដំឡើងថវិកាជាតិសម្រាប់វិស័យសុខាភិបាលដោយផ្តល់ប្រាក់ខែសមរម្យដល់បុគ្គលិកសុខាភិបាល រួមទាំងការគ្រប់គ្រងជំនួយអន្តរជាតិនៅក្នុងវិស័យនេះអោយប្រសើរឡើង។
តាមរយៈប្រសាសន៍របស់លោកអគ្គលេខាធិការបក្ស អេង ឆៃអ៊ាង គណបក្សសម រង្ស៊ី សន្យាដោះស្រាយបញ្ហាអត់ការងារ ដោយអូសទាញអោយបានច្រើននូវវិនិយោគិនបរទេស«ដែលនឹងបង្កើតអោយមានការងារធ្វើ»។ ម្យ៉ាងវិញទៀត គណបក្សនេះបានទម្លាក់ទំនួលខុសត្រូវនៃការឡើងថ្លៃទំនិញលឿនដូចភ្លែកបន្ទោលនេះទៅលើការធ្វើពាណិជ្ជកម្មផ្តាច់មុខ ដែលគេត្រូវបានផ្តល់ទៅអោយអ្នកជិតស្និទ្ធិអ្នកកាន់អំណាច ហើយអ្នកទាំងនោះអាចកំណត់តម្លៃទំនិញនៅលើទីផ្សារស្រេចតែចិត្តរបស់ពួកគេ។ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងរូបនេះបន្តទៀតថា ៖ «យើងប្តេជ្ញាផងដែរក្នុងការបន្ថយពន្ធនាំចូលលើផលិតផលមួយចំនួន ដូចជាប្រេងសាំងជាដើម ដើម្បីអោយមានតម្លៃលក់ចេញទាប ដូចប្រទេសជិតខាងយើង»។
វិស័យអប់រំ និង«អំណាចរបស់ប្រជាពលរដ្ឋ» : អាវុធរបស់គណបក្សសិទ្ធិមនុស្សសម្រាប់ការប្រកួតប្រជែង នៅក្នុងពេលផ្តល់សេចក្តីលម្អិតពីកម្មវិធីនយោបាយគណបក្សលោកនៅក្នុងការចូលរួមការបោះឆ្នោតជាលើកដំបូង លោកកឹម សុខា ចាប់ផ្តើមដោយការប្រកាសផ្តល់កម្ចីដល់និស្សិតក្រីក្រចំនួន៥០ ០០០នាក់ ដើម្បីបន្តការសិក្សានៅឧត្តមសិក្សា និងផ្តល់អាហារូបករណ៍ដល់សិស្សពូកែចំនួន១០ ០០០នាក់ជារៀងរាល់ឆ្នាំ ។ លោកបន្តទៀតដោយការបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតំបន់ជនបទ ការបង្កើតប្រព័ន្ធសុវត្ថិភាពសង្គមកិច្ច និងការបង្កើតមណ្ឌលជួយចាស់ជរា។ ដើម្បីអោយពលរដ្ឋមានសិទ្ធិអោយយោបល់ផ្សេងៗ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចរូបនេះគ្រោងនឹងបង្កើតស្ថាប័នសិទ្ធិមនុស្សឯករាជ្យមួយ និងបញ្ចូលក្នុងរដ្ឋធម្មនុញ្ញនូវសិទ្ធិប្រជាពលរដ្ឋក្នុងការផ្តួលមេដឹកនាំមុនចប់អាណត្តិ តាមរយៈការធ្វើប្រជាមតិ ឬការធ្វើញ្ញត្តិ។ នេះគឺជាចំណុចមួយថ្មីស្រឡាង។ លោកក៏កំណត់អាណត្តិនាយករដ្ឋមន្ត្រីតែត្រឹមតែពីរអាណត្តិផងដែរ។ នៅក្នុងទិសដៅនយោបាយគណបក្សសិទ្ធិមនុស្ស ក៏រួមមានដែរនូវការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងមូលដ្ឋានតាមរយៈការរៀបចំជំនួបជាប្រចាំរវាងប្រជាពលរដ្ឋ ជាមួយមន្ត្រីទទួលខុសត្រូវនៅថ្នាក់មូលដ្ឋានរបស់ពួកគេ (នៅថ្នាក់ឃុំ-សង្កាត់ ស្រុក/ខ័ណ្ឌ និងខេត្ត/ក្រុង) និងរៀបចំសមាជជាតិប្រចាំឆ្នាំ។
លោកកឹម សុខា ដែលទទួលបានប្រជាប្រិយភាពពីប្រជាពលរដ្ឋតាមរយៈការរៀបចំវេទិកាសាធារណៈនៅក្នុងប្រទេសនៅពេលលោកជានាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នោះ មានប្រសាសន៍ ថា៖ «ប្រសិនបើយើងដឹកនាំប្រទេស យើងនឹងធ្វើអោយកម្ពុជាក្លាយជាប្រទេសប្រជាធិបតេយ្យដ៏ពិតប្រាកដមួយ និងចាត់វិធានការប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់។ យើងក៏នឹងធ្វើអោយសភាទាំងពីរ និងប្រព័ន្ធតុលាការមានភាពឯករាជ្យផងដែរ»។
ជាចុងក្រោយ គណបក្សសិទ្ធិមនុស្ស ចង់សង្កត់ធ្ងន់ទៅលើវិស័យកសិកម្មដោយសាងសង់ប្រព័ន្ធធារាសាស្រ្ត បង្កើតសមាគមកសិករ ភ្នាក់ងារកសិកម្មរដ្ឋ និងធនាគារកសិកម្មមូលដ្ឋានសម្រាប់ជួយគាំទ្រវិស័យនេះ។
គណបក្សផ្សេងៗទៀត... គ្មានអ្នកទទួលខុសត្រូវរូបណារបស់គណបក្សនរោត្តម រណឫទ្ធិ មានពេលវេលាឆ្លើយសំណួររបស់យើងនោះទេ។ ក្រៅពីនេះ នៅមានគណបក្សតូចៗជាច្រើនទៀត ដូចជា[គណបក្សខ្មែរសាធារណរដ្ឋ]របស់លោកលន់ រិទ្ធិ កូនប្រុសអតីតប្រធានាធិបតីនៃសាធារណរដ្ឋខ្មែរលន់ នល់ ឬក៏គណបក្សសង្គមខ្មែរនិយម របស់លោកអឿន សារ៉ាត់ សព្វថ្ងៃរស់នៅរដ្ឋកាលីហ្វនី។ គណបក្សតូចៗជាច្រើនទៀតក៏ចូលរួមប្រកួតប្រជែងនឹងគេដែរ ប៉ុន្តែទម្ងន់របស់ពួកគេគឺស្រាលខ្លាំងណាស់ ហើយវត្តមានរបស់គណបក្សទាំងនេះមិនសូវជាមានការដឹងឮពីប្រជាជនកម្ពុជាឡើយ...
គណបក្សកម្ពុជា និងគណបក្សផ្សេងទៀត គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មានគោលដៅបាញ់ឆ្ពោះទៅលើគណបក្សប្រជាជនកម្ពុជាដែលដឹកនាំប្រទេសតាំងពីឆ្នាំ១៩៨៥ មក។ គណបក្សទាំងបីសុទ្ធតែបញ្ជាក់រៀងៗខ្លួនថា មិនធ្វើជាគូប្រជែងនឹងគ្នាទេ ម្នាក់ៗវាយតម្លៃថា គ្មានអ្នកណាជាការគំរាមកំហែងដល់អ្នកណាឡើយ ហើយអះអាងក្តែងៗថា មានតែពួកគេទេអាចប្រកួតប្រជែងជាមួយបក្សកាន់អំណាចបាន។ គោលបំណងបង្រួបបង្រួមគណបក្សទាំងបីត្រូវបានបរាជ័យ។ នៅទីបំផុត ម្នាក់ៗចុះឈ្មោះតែរៀងៗខ្លួននៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នៅខែមីនាកន្លងទៅ ប្រមុខដឹកនាំរដ្ឋាភិបាល ធ្លាប់ប្រកាសថា លោកនឹងទទួលយកលទ្ធផលក្នុងករណីលោកចាញ់ឆ្នោត។ លោកហ៊ុន សែន ធ្លាប់ធានាអះអាងថា ៖ «ខ្ញុំនឹងធ្វើការផ្ទេរអំណាចដោយរក្សាស្ថិរភាពនយោបាយ»។ តែក្នុងពេលជាមួយគ្នានោះ បុរសខ្លាំងនៅកម្ពុជារូបនេះមិនបានលាក់បាំងបំណងរបស់លោក ក្នុងការបន្តកាន់អំណាច«២០ឆ្នាំទៅមុខទៀត»នោះឡើយ ប្រសិនបើប្រជាពលរដ្ឋនៅតែគាំទ្រលោក។ ដោយហាក់ជឿជាក់លើជ័យជម្នះរបស់ខ្លួន លោកនាយករដ្ឋមន្រ្តីក៏បានប្រកាសផងដែរថា ភាពទ័លច្រកនយោបាយបង្កឡើងនៅក្នុងការបោះឆ្នោតតំណាងរាស្រ្តមុនៗ ដែលធ្លាប់ធ្វើអោយជាប់គាំងដំណើរការស្ថាប័ននានាអំឡុងពេលមួយឆ្នាំនោះ នឹងមិនអាចកើតឡើងជាថ្មីទៀតទេ។
ព័ត៌មានខ្លះៗជុំវិញការបោះឆ្នោតតំណាងរាស្រ្តអាណត្តិទី៤ ថ្ងៃអាទិត្យ ទី១១ ឧសភា គឺមួយថ្ងៃមុនការបញ្ចប់ការចុះឈ្មោះគណបក្សនយោបាយនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺមានគណបក្សចំនួន៨ដែលបានចុះឈ្មោះ។ ថវិកាបោះឆ្នោតជិត១៧លានដុល្លារ ពីថ្ងៃទី៥ ដល់ថ្ងៃទី២៥ មិថុនា : ការចែកសប័ណ្ណព័ត៌មានអោយអ្នកបោះឆ្នោត ថ្ងៃទី២៦ មិថុនា : ការបិទឈ្មោះអ្នកបោះឆ្នោតនៅការិយាល័យបោះឆ្នោត ពីថ្ងៃទី២៦ មិថុនា ដល់ថ្ងៃទី២៥ កក្កដា : យុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃទី២៧ កក្កដា : អ្នកបោះឆ្នោតចំនួន៨ ១២៤ ៣៩១ នាក់នឹងត្រូវទៅបោះឆ្នោត (ធៀបនឹងចំនួន៥ ១៦៨ ៨៣៧ នាក់កាលពីឆ្នាំ២០០៣) ការប្រកាសលទ្ធផលបណ្តោះអាសន្ន
បេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សធំៗទាំង៥ គណបក្សប្រជាជនកម្ពុជា : លោកហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា។ គណបក្សហ៊្វុនស៊ិនប៉ិច : ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី សមាជិកាគណៈកម្មាធិការគ្រប់គ្រងអចិន្ត្រៃយ៍ និងជាភរិយារបស់លោកកែវ ពុធរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាបុត្រីពៅរបស់អតីតព្រះមហាក្សត្រនរោត្តម សីហនុ។ គណបក្សសម រង្ស៊ី : លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី និងជាអតីតរដ្ឋមន្ត្រីហ៊្វុនស៊ិនប៉ិចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គណបក្សសិទ្ធិមនុស្ស : លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស។ គណបក្សនរោត្តម រណឫទ្ធិ : ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ប្រធានគណបក្សនរោត្តម រណឫទ្ធិ និងជាអតីតប្រធានរដ្ឋសភាជាតិ។
លទ្ធផលនៃការបោះឆ្នោតតំណាងរាស្រ្តអាណត្តិមុនៗ អាណត្តិទី៣ ថ្ងៃ២៧ កក្កដា ២០០៣ (១២៣អាសនៈនៅរដ្ឋសភាជាតិ) គណបក្សប្រជាជនកម្ពុជា : ៤៧,៣៥% (៧៣អាសនៈ) គណបក្សហ៊្វុនស៊ិនប៉ិច : ២០,៣៥% (២៦អាសនៈ) គណបក្សសម រង្ស៊ី : ២១,៨៧% (២៤អាសនៈ) អាណត្តិទី២ ថ្ងៃ២៦ កក្កដា ១៩៩៨ (១២២អាសនៈ) គណបក្សប្រជាជនកម្ពុជា : ៦៤អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច : ៤៣អាសនៈ គណបក្សសម រង្ស៊ី : ១៥អាសនៈ
សូមអានបន្ថែម
-ការចាកចេញពីគណបក្សមានកាន់តែច្រើនឡើងមុនការ បោះឆ្នោតសភាជិតមកដល់ (ថ្ងៃទី ២១ មេសា ២០០៨) -ស្ថានភាពគួរអោយព្រួយបារម្ភនៅក្នុងដំណាក់ការ មុនការបោះឆ្នោត (ថ្ងៃទី៣១ មីនា ២០០៨)
|