αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:38 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

Advertisement
បណ្តាបក្សប្រឆាំងនៅកម្ពុជារួបរួមកម្លាំងគ្នាតទល់នឹង បក្សកាន់អំណាចដ៏គួរអោយញញើតមិនធ្លាប់មាន
αžŠαŸ„αž™ ដួង សុខា   
Convertir en PDF Version imprimable SuggΓ©rer par mail
11-08-2008

Hun Sen - vote - elections legislatives © John Vink / Magnum

 ស្រុកតាខ្មៅ (កណ្តាល) ថ្ងៃទី២៧ កក្កដា ២០០៨៖ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន

ដាក់ដៃលើហិបឆ្នោត បន្ទាប់បានបោះឆ្នោតរួចរាល់

 © John Vink / Magnum

លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ថ្ងៃ​២៧ កក្កដា ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ ៩​សីហា ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) បញ្ជាក់​ដោយ​គ្មាន​ភ្ញាក់​ផ្អើល​ពី​ជោគ​ជ័យ​ដ៏​លើស​លុប​​របស់​បក្ស​កាន់​អំណាច គណបក្ស​ប្រជាជន​កម្ពុជា​រហូត​ដល់​៥៨,១​%​នៃ​សម្លេង​​សរុប គឺ​នាំ​មុខ​​គណបក្ស​សម រង្ស៊ី (២១,៩%) ដែល​ជា​គូ​​ប្រជែង​សំខាន់​របស់​ខ្លួនយ៉ាងឆ្ងាយ​។ សម្លេង​​នៅ​សល់​ពី​នេះ គឺ​បាន​ទៅ​គណបក្ស​សិទ្ធិ​មនុស្ស​ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​នរោត្តម រណឫទ្ធិ។ ដោយ​សារ​ទទួល​បាន​អាសនៈ​តំណាង​រាស្រ្ត​លើសពី​​២ភាគ៣ គណបក្ស​ប្រជាជន​កម្ពុជា​អាច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ និង​សំណើ​ច្បាប់​ផ្សេងៗ​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន​។ ដូច្នេះ​ឥទ្ធិពល​របស់​បក្ស​ប្រឆាំង​ដែល​មាន​សមាជិក​រីក​ធំ​ឡើង​នោះ គឺ​ត្រូវ​កាត់​បន្ថយ​មិន​ធ្លាប់មាន។ គណបក្ស​សម រង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​នរោត្តម រណឫទ្ធិ ប្តេជ្ញា​​​ថា​ប្រឆាំង​រួម​គ្នា​ទៅនឹងសមរភូមិ​តែមួយ ​ដើម្បី​ធ្វើ​អោយ​មាន​តុល្យ​ភាព​អំណាច​ជាមួយ​នឹង​​គណបក្ស​ប្រជាជន​កម្ពុជា​។ ពួកគេ​​និយាយ​​ឡើង​វិញពី​គំនិត​ចង​សម្ព័ន្ធភាព​ដែល​ពួកគេ​មិន​អាច​សម្រេច​បង្កើត​បាន​កាល​មុន​​បោះ​ឆ្នោត​។

 

គណបក្ស​ប្រជាជន​កម្ពុជា​មិន​ខ្លាំង​ជាង​មុន​?
អ្នក​សង្កេត​ការណ៍​នយោបាយ​ និង​មេដឹក​នាំ​បក្ស​ប្រឆាំង​នានា​វាយ​តម្លៃ​ថា ​ពិន្ទុ​ដ៏​ច្រើន​ជា​ប្រវត្តិសាស្រ្ត​របស់គណបក្ស​ប្រជាជន​កម្ពុជា​  មិន​បានធ្វើ​អោយ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ឡើយ​បើ​មើល​​ទៅ​លើ​​កម្លាំង​នៅ​ក្នុង​រដ្ឋសភា​ជាតិ 
។ លោក​ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​របស់​អង្គការ​សង្កេត​ការណ៍​បោះ​ឆ្នោត​និកហ្វិច កត់សម្គាល់ថា៖ «​មិន​ថា​​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៧៣​អាសនៈ​ដូច​ក្នុង​ពេល​បោះ​ឆ្នោត​អាណត្តិមុន ឬ​៩០​អាសនៈដូច​សព្វ​ថ្ងៃ​ទេ គេនៅតែ​​មាន​អំណាច​​ដែរ។ បើ​ទោះ​ជា​មិន​បាន​សម្លេង​​២ភាគ៣​​ក៏ដោយ គេ​អា​ច​ធ្វើ​អ្វី​ក៏​បាន​រួច​ទៅ​ហើយ​!»។​

លោក​កឹម សុខា ស្ថាបនិក​គណបក្សសិទ្ធិមនុស្ស​ អះអាងថា អំណាច​របស់​បក្ស​កាន់​អំណាច​ទៅ​លើ​ស្ថាប័ន​នានា​​គឺ​មិន​ចាំ​បាច់​និយាយ​តវ៉ា​ទេ។ គណបក្ស​សិទ្ធិ​មនុស្ស​​របស់លោកកឹម​ សុខា ​ទទួល​បាន​កៅ​អី​តំណាង​រាស្រ្ត​​ចំនួន​៣កៅអី។ លោក​កឹម សុខា ប្រកាសថា៖ «យើង​នឹង​ដំឡើង​​សម្លេង​​នៅពេល​ចាំ​បាច់​ដើម្បី​រិះគន់​បញ្ហាទាំង​ឡាយ​​ដែល​វា​មិន​ត្រឹម​ត្រូវ ហើយ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ»។

សម្ព័ន្ធភាព​អ្នក​ប្រឆាំង​កំពុង​តែ​កកើត
នៅ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត គណបក្ស​ទាំង៤ ដែល​មាន​អ្នក​តំណាង​នៅ​រដ្ឋ​សភា (លើកលែងតែ​​គណបក្ស​ប្រជាជនកម្ពុជា) បាន​​បង្ហាញ​ខ្លួន​ដោយឈរ​​កាន់​ដៃ​គ្នា​ ដើម្បី​អំពាវ​នាវដល់​មតិ​សាធារណជន​ក្នុង​ប្រទេស​ក៏​ដូចជា​ក្រៅប្រទេស​​​«កុំ​អោយ​ទទួល​ស្គាល់​»​លទ្ធផល​ចេញ​​ពី​ហិប​ឆ្នោត។ ប៉ុន្តែគណបក្ស​ហ៊្វុនស៊ិន​ប៉ិច ដែល​តំណាង​ដោយ​អនុប្រធានទី​ពីរ​​របស់ខ្លួន​ គឺ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ​ សិរីរ័ត្ន ក៏​បាន​ដក​ខ្លួន​ចេញ​ពី​សាមគ្គីភាព​អំពិល​អំពែកនេះ​វិញ។ តាម​ពិតទៅ អំឡុងពេល​នោះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាប់​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​ហ៊្វុនស៊ិនប៉ិច បាន​ផ្តល់មុខ​តំណែង​ជាច្រើនអោយ​ហ៊្វុនស៊ិនប៉ិច​​ ​ ហើយ​គណបក្ស​នេះ​ក៏​យល់​ព្រម​ទទួល (សូម​អាន​អត្ថបទ​បន្ថែម​)។

គណបក្ស​បី​ផ្សេង​ទៀត ដែល​រួម​គ្នា​បាន​៣១​អាសនៈ នៅ​បន្ត​ប្រកៀក​ស្មា​គ្នា ហើយ​បន្ត​ពិភាក្សា​លើ​ការ​ចង​សម្ព័ន្ធភាពមួយ​ដែល​មិន​ទាន់​កំណត់​បែប​បទ​​នៅ​ឡើយ​។ កាលពីថ្ងៃ​សុក្រ ៨ សីហា អំឡុង​ពេល​នៃជំនួប​មួយ​​នៅ​ទី​ស្នាក់ការ​​គណបក្ស​សម រង្ស៊ី ដើម្បី​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ លោក​សម​ រង្ស៊ី បាន​ប្រកាសថា ការដែល​ពួកគេ​ប្រកាន់​ជំហរ​ដូច​គ្នា​ និង​គោល​បំណង​ដូចគ្នា​​នេះ​គឺ​ជា​​គ្រឹះ​​នៃ​ការ​ចង​សម្ព័ន្ធ​​រួច​ទៅ​ហើយ​។

អ្នក​តំណាង​ជាច្រើន​របស់​សង្គម​ស៊ីវិលសុទ្ធ​តែ​​​អះអាង​ថា ការ​រួម​កម្លាំង​គ្នា​របស់​បក្ស​ប្រឆាំង​ គឺ​អាច​​ធ្វើ​អោយ​សម្លេង​​ពួកគេ​កាន់​តែ​ខ្លាំង​ឡើង។ ជាក់​ស្តែង សម្រាប់​​លោក​គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង្កេត​ការណ៍​ខុម​ហ្រ្វែល គឺ​មានតែ​​ការ​ប្រឆាំង​រួម​គ្នា​ទេទើប​«អាច​អោយ​គេ​ធ្វើ​ការ​គ្រប់​គ្រង​ដ៏​ពិត​ប្រាកដ​មួយ​លើ​ការងារ​របស់​បក្ស​កាន់​អំណាច និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អោយ​មាន​ការ​ប្រយ័ត្ន​​ប្រយែង​ក្នុង​ការ​ធ្វើការងារ»។

ការ​រំលាយ​បញ្ចូល​គ្នា​នៃ​គណបក្ស​ប្រឆាំង​ជា​បំណង​ប្រាថ្នា​សំខាន់?
នេះ​មិន​មែន​ជា​គំនិត​ថ្មី​ទេ ហើយ​វាតែង​តែ​កើត​មាន​នៅ​រាល់​មុនពេល​ និង​ក្រោយ​ពេល​​បោះ​ឆ្នោត​ថ្មី​​ម្តងៗ ។ រីឯ​ការ​បោះឆ្នោត​លើក​នេះ​ក៏​គេ​ចមិន​ផុត​ពី​ក្បួន​នេះ​ឡើយ។ នៅ​មុន​ការ​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​​នៅ​គ.ជ.ប កិច្ច​ពិភាក្សា​ក្នុង​ន័យ​បង្រួប​​បង្រួម​គ្នា​នេះ​ត្រូវ​បាន​ធ្វើ​រួ​ចហើយ​នៅ​ក្នុង​ចំណោម​​បក្ស​ប្រឆាំង​ទាំងឡាយ តែ​ត្រូវ​បាន​រាំង​ស្ទះ​ទាំង​អស់។ លោក​កឹម សុខា​ គូសបញ្ជាក់​ថា៖ «យើង​បាន​គិត​​រួប​រួម​គ្នា​ទាំង​បីគណបក្ស​​នៅ​មុន​ពេល​បោះឆ្នោត​ ប៉ុន្តែ​គណបក្ស​សម រង្ស៊ី មិន​បាន​ផ្តល់​ការ​សម្រេច​ចិត្ត​​។ ទោះ​យ៉ាងណា ក៏​វា​នៅមិនទាន់​ហួស​ពេល​ដែរ ព្រោះ​គណបក្ស​យើង​​ទាំង​បី​សុទ្ធ​តែ​ទទួល​បាន​អាសនៈទាំង​អស់គ្នា​»។

នៅ​ឯគណបក្ស​នរោត្តម​ រណឫទ្ធិវិញ ក៏​មាន​បំណង​រួប​រួម​គ្នា​ដែរ។ ​លោក​យូ ហុកគ្រី អគ្គលេខាធិការ​គណបក្ស​នរោត្តម រណឫទ្ធិ​ រម្លឹកថា៖ «ពួក​យើង​ត្រូវ​​រួប​រួម​គ្នា។ ព្រះអង្គម្ចាស់​រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ​ ធ្លាប់​មាន​បន្ទូល​​អំពាវនាវ​កាលពី៧ខែ​មុន​ការ​ប្រព្រឹត្តិ​ទៅ​នៃ​​ការ​បោះ​ឆ្នោត អោយ​បង្កើត​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​។ ប៉ុន្តែ​ម្នាក់​ៗ​មិន​ចង់​ទេ ហើយម្នាក់​ៗ​មាន​មោទនភាព​ចំពោះ​ជោគ​ជ័យ​រៀង​ៗខ្លួន​​​។ ​ពួក​យើង​ត្រូវ​ចេះ​ទាញ​យក​បទពិសោធន៍​ពី​រឿង​នេះ»។ គណបក្ស​​នេះ​​ទទួល​បាន​កៅអីតំណាង​រាស្រ្ត​ពីរ​អាសនៈក្នុង​​រដ្ឋ​សភា​អាណត្តិថ្មី។

រហូតមក​ដល់ពេលបច្ចុប្បន្ន បណ្តា​បក្ស​ប្រឆាំង​មិន​ដែល​​យល់​ស្របគ្នា​ដើម្បី​និយាយ​ និង​បង្ហាញ​សម្លេង​​តែ​មួ​យ​ដូច​គ្នា​ទេ។ គម្រោង​ចង​សម្ព័ន្ធភាព​របស់​ពួក​គេ​​​តែង​ត្រូវ​បរាជ័យ​​ប្រឈម​មុខ​នឹង​យុទ្ធសាស្រ្ត​ដ៏​ប៉ិនប្រសប់​របស់​សម្តេច​​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុងការ​«បំបែក​បំបាក់​ ដើម្បី​គ្រប់​គ្រង​បាន​ល្អ»។

បក្សប្រឆាំង​ដែល​អះអាងខ្លួនឯង​​ថាខ្លាំង​ជាងមុន
បើ​តាម​ការ​រាប់​មើល​ចំនួនអាសនៈ គណបក្ស​ប្រជាជនក​ម្ពុជាបូកនិង​ហ៊្វុន​ស៊ិន​ប៉ិច​​​គឺមាន​​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​៩២​រូប (៩០+២) ធៀប​នឹង​ចំនួន​៩៩​រូប (គណបក្ស​ប្រជាជន​កម្ពុជា​៧៣ និង​ហ៊្វុនស៊ិនប៉ិច២៦)​នៅ​ពេល​បោះ​ឆ្នោត​លើក​មុន​។ រីឯ​ខាង​ប្រឆាំង​វិញ ដែល​រហូត​មក​ដល់​ពេល​នេះ​តំណាង​ដោយ​គណបក្ស​សម​ រង្ស៊ីនោះ បាន​កើន​ឡើង​ពី​២៤ដល់​៣១អាសនៈ (PSR+PDH+PNR) នេះ​ជា​ការ​​វិភាគ​​តាម​បែប​គណិត​វិទ្យា​របស់​បក្ស​ប្រឆាំង។ ដូច្នេះ​លោកកឹម សុខា រីក​រាយ​​ថា៖ «បក្ស​ប្រឆាំង​គឺ​ខ្លាំង​ជាង​មុន​»។

លោក​យឹម សុវណ្ណ អតីត​តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី​ និង​បាន​ជាប់​ឆ្នោត​ជា​ថ្មី​ម្តង​ទៀត​នៅមណ្ឌល​ក្រុង​ភ្នំពេញ​ បាន​ខឹង​សម្បា​ប្រឆាំង​នឹង​គំនិត​ដែល​ថា​បក្ស​ប្រឆាំង​​​ចុះ​​ខ្សោយ​។ លោក​អះអាងថា៖ «​គណបក្ស​សម រង្ស៊ី​​មិន​ត្រឹម​នៅ​មានជីវិត​រស់​ទេ ប៉ុន្តែ​គឺ​ពង្រឹង​ទីតាំង​​របស់ខ្លួនជាមួយ​នឹង​កៅអី​ពីរ​បន្ថែម​ទៀត។ នេះ​ជាការ​បង្ហាញដល់​កម្ពុជា​ក៏ដូច​ដល់ក្រៅ​ប្រទេសថា មានតែ​គណបក្ស​យើង​មួយគត់​ដែល​ជា​គូប្រជែង​ពិត​ប្រាកដ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា»។

លោកយូ ហុកគ្រី បាន​លើក​ឡើង​ពី​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ហើយថា​បក្ស​ប្រឆាំង​មិន​មែនជាប់​ដៃធ្វើ​អ្វី​មិន​កើត​​នោះ​ទេ។ អ្នកតំណាង​រាស្រ្ត​គណបក្ស​នរោត្តម​ រណឫទ្ធិ​រូប​នេះបន្ថែម​ទៀត​ថា៖ «ញត្តិ​បន្ទោស​​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​អាច​ត្រូវ​​ពិភាក្សា​ដោយ​​រដ្ឋសភា​ ប្រសិនបើ​ញត្តិ​នោះ​ត្រូវ​បាន​ដាក់​ឡើង​ដោយ​តំណាង​រាស្រ្ត​៣០​រូប​។ ចំនួន​នេះ​យើង​មាន​គ្រប់! ម្យ៉ាង​វិញ​ទៀត រដ្ឋសភា​អាច​អញ្ជើញ​ឥស្សរជន​រដ្ឋាភិបាល​មក​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​ដើម្បី​ឆ្លើយ​សំណួរ​ តាម​ការ​ស្នើ​សុំ​យ៉ាង​​តិច​ពី​សមាជិក​១ភាគ១០​របស់ខ្លួន ពោលគឺ​តំណាងរាស្រ្ត​ចំនួន១២រូប​»។

លោកគល់ បញ្ញា យល់ស្រប​នឹង​ការវិភាគ​នេះ ហើយ​ជឿ​ជាក់​ថា តាមរយៈការ​បូក​សម្លេង​​ពួកគេ​បញ្ចូល​គ្នា​ គណបក្ស​ប្រឆាំងនឹង​អាចធ្វើ​ញត្តិ​ដាក់​សម្ពាធនេះ​។

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

គណបក្ស​ហ៊្វុនស៊ិនប៉ិចចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា
នៅ​ថ្ងៃ​៥ សីហា សម្តេច​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សន្យា​ផ្តល់​មុខ​តំណែង​មន្ត្រី​ជាន់​ខ្ពស់ចំនួន​៥​កន្លែង​​អោយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ នៅ​ក្នុងរដ្ឋាភិបាល​អាណត្តិក្រោយ រួម​មាន​លោក​ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ លោក​នុត សុខុម រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោកកុល ផេង រដ្ឋមន្ត្រី​ក្រសួង​​អប់រំ លោក​វេង សេរីវុឌ្ឍ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​លោក​ស៊ុន​ ចាន់ថុល រដ្ឋ​មន្ត្រី​​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ មុខ​តំណែង​ថ្នាក់​ទាប​បំផុតផ្សេង​ៗ​ទៀត ​ ក៏​​នឹង​ត្រូវ​ផ្តល់​អោយ​សមាជិក​មួយ​ចំនួន​របស់​បក្ស​ជាអតីត​ដៃគូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ជាមួយគ្នា​​ផង​​ដែរ។ ភ្លាមៗ ការ​ផ្តល់​មុខ​តំណែង​ទាំង​នេះ​អាច​បញ្ចុះ​​បញ្ចូល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​អោយ​បន្ត​កិច្ច​ពិភាក្សា​ជាមួយ​គណបក្ស​​ប្រឆាំង​​ផ្សេង​ទៀត ដើម្បី​បង្កើត​សម្ព័ន្ធភាព​មួយ។

តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​គំរាម​ធ្វើ​ពហិការសម័យ​ប្រជុំ​សភា​លើក​ដំបូង
អ្នក​ទទួល​ខុសត្រូវ​របស់​គណបក្ស​ប្រឆាំង​ទាំងបី គឺ​គណបក្ស​សម រង្ស៊ី គណបក្ស​សិទ្ធិមនុស្ស និងគណបក្ស​នរោត្តម រណឫទ្ធិ បាន​អះអាង​ជាថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​សុក្រ​​ ៨ សីហា ពី​ឆន្ទៈរបស់​ពួកគេ​​ក្នុងការ​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​លើក​ទី១របស់​រដ្ឋសភាជាតិ ដែល​ត្រូវ​បើក​ធ្វើ​ឡើង​រយៈពេល​៦០​ថ្ងៃ​ក្រោយ​ថ្ងៃ​​បោះ​ឆ្នោត ក្រោម​ការ​កោះ​ហៅ​របស់​ព្រះមហាក្សត្រ។ ពួកគេ​អះអាងផងដែរ​ថា ពួកគេ​​មិន​បោះ​បង់​ចោល​អាសនៈ​ដ៏​ច្រើន​របស់​ពួកគេ​នោះ​ឡើយ បន្ទាប់​ពី​សម្តេច​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ព្រមាន​លោក​សម រង្ស៊ី​ នៅ​ថ្ងៃ​ទី១ សីហា ថា​ការ​ធ្វើ​ពហិការ​ណាមួយ​នោះ អាច​នឹង​​ធ្វើ​អោយ​លោក​បាត់​បង់​អាសនៈ «ដែលត្រូវ​​យក​ទៅ​ចែក​អោយ​គណបក្ស​ផ្សេង​ទៀត​»។
នៅ​​មុន​ការ​ប្រកាស​លទ្ធផល​ស្ថាពរ​នៃ​ការ​បោះឆ្នោត​ បក្ស​ប្រឆាំង​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ជំទាស់​នឹង​លទ្ធផលនេះ ហើយ​អំពាវនាវ​អោយ​មាន​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ម្តងទៀត ព្រោះ​គណបក្ស​នេះ​វាយតម្លៃ​ថា អ្នក​បោះ​ឆ្នោត​ជិត​១លាន​នាក់​​មិន​អាច​​បោះ​ឆ្នោតបាន។ លោកកឹម សុខា សង្កត់​ធ្ងន់​ថា៖ «ជាដំបូង​យើង​ត្រូវ​​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​ជាច្រើន​សិន ដែល​នឹង​យក​ទៅ​​ប្រើ​សម្រាប់​ការ​បោះ​​ឆ្នោត​លើក​ក្រោយ។ រឿង​នេះ​ក៏មិន​មែន​បាន​ន័យ​ថា យើង​បោះ​បង់​អាសនៈ​នៅ​​​រដ្ឋ​សភា​ដែរ»។ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ អាច​នឹងត្រូវ​ស្នើ​អោយ​​បក​ស្រាយ​​មាត្រា​១១៨​ច្បាប់​ស្តី​ពីការ​បោះ​ឆ្នោត​តំណាងរាស្រ្ត ទាក់​ទង​នឹង​ឥទ្ធិពល​នៃ​ការ​មិន​ចូលរួម​ពិធីផឹក​ទឹក​សម្បថ​របស់​អ្នក​តំណាងរាស្រ្ត។

Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir