Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 29 សីហអ 2008
αž˜αŸ‰αŸ„αž„ 02:02 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Latin Docfest, ភាពយន្តឯកសារ
 → αžŸαžΈαž αžΆ  29 @07:00 - :0800:
វង្វេងទីក្រុង ឌូវីល ភាពយន្ត​របស់ Sophie Marceau
 → αžŸαžΈαž αžΆ  29 @07:00 - :0900:
Cinι-samedi : El Viaje / Henri Marchal
 → αžŸαžΈαž αžΆ  30 @04:00 - :0622:
Courage, fuyons ! (film)
 → αžŸαžΈαž αžΆ  30 @05:00 - :0630:
Dogora / Baraka (films)
 → αžŸαžΈαž αžΆ  30 @07:00 - :1100:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

គណបក្សនយោបាយកម្ពុជាយកចិត្តទុកដាក់នឹងយុវវ័យ
αžŠαŸ„αž™ ដួង សុខា   
Convertir en PDF Version imprimable SuggΓ©rer par mail
30-06-2008

 Cambodge - Legislatives - debat - jeunesse - partis - IRI © Vandy Rattana

តាខ្មៅ (កណ្តាល) ថ្ងៃទី​២៨ មិថុនា ២០០៨៖​
តំណាង​ចលនាយុវជន​នៃ​បណ្តា​គណបក្ស​នយោបាយ​សំខាន់​ៗនៅ​ខេត្តកណ្តាល
បាន​ចូល​រួម​នៅក្នុង​កិច្ច​ពិភាក្សា​មួយដែល​ដឹកនាំ​ដោយ​អ្នក​សម្រប

សម្រួលនៃវិទ្យាស្ថាន​សាធារណៈរដ្ឋអន្តរជាតិ (រូបទីមួយខាង​ឆ្វេង)

© វណ្ឌី រតនា

អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត គណបក្ស​នយោបាយ​កម្ពុជា​ទាំង​ឡាយ​បាន​កែន​ប្រមូល​ក្រុម​យុវជនអោយ​គាំ​ទ្រ​​​គោល​នយោបាយរបស់​ខ្លួន​​ ហើយ​ធ្វើ​អោយ​ក្រុម​យុវជន​ទាំងនេះ ​ចូល​រួម​​សកម្មភាព​ជាមួយ​​ពួកគេ​។ ពួក​យុវជន​​ទាំង​នេះ​គឺ​ជា​​មេដឹកនាំប្រកប​ដោយ​សក្តានុពល​នាពេល​អនាគត។ ជានិច្ច​កាល យុវជនកាន់​ទង់​វ័យក្មេង​ទាំង​នេះ​គឺ​ជា​អ្នក​​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​។ ពួកគេ​ដឹង​ខ្លួន​​​ថា ពួក​គេ​គឺ​ជា​អ្នក​ជំនាញ​ផ្នែក​យុទ្ធសាស្រ្ត​ភស្តុភា​ដែល​ដាក់​ពង្រាយ​នៅ​គ្រប់​​ច្រក​​ល្ហក​ទូ​ទាំង​ប្រទេស​។ ពួកគេ​គឺ​ជា​អ្នក​រៀប​ចំ​ការ​ធ្វើ​ដំណើរ​របស់​«មេដឹកនាំ​នយោបាយ​ធំៗ»​ចុះ​​​​ទៅ​មូលដ្ឋាន​ ហើយ​​រៀប​ចំ​ទំនាក់​ទំនង​របស់​គណបក្ស​​ជាមួយ​ប្រជាពលរដ្ឋ។ ពួកគេ​ជា​មនុស្ស​ពេញ​កម្លាំង ហើយ​​ជា​យុវជន​ពោរ​​ពេញ​ដោយ​ជំនឿចិត្ត អាច​បញ្ចុះ​បញ្ចូល​​ជន​រួម​ជាតិ​​ឯទៀត​​ដែល​ល្បីថា​មិន​ចាប់​​អារម្មណ៍​នឹង​រឿង​នយោបាយ​បានល្អ​បំផុត។ យោង​តាម​លោក​ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ មនុស្ស​ពេញ​វ័យ​អាយុ​ពី​១៨​-៣៥ឆ្នាំ​​មាន​ចំនួន​តែ​ ២៦៦ ៤១៧ នាក់​ប៉ុណ្ណោះ​ដែល​​បាន​ចុះ​ឈ្មោះ​​ក្នុង​បញ្ជី​បោះ​ឆ្នោត​ (ស្មើនឹង​ ៣,២៨% នៃ​អ្នក​បោះ​ឆ្នោត​) សម្រាប់​ការ​បោះ​ឆ្នោត​តំណាងរាស្រ្ត​​ថ្ងៃ​២៧ កក្កដាខាងមុខ។ នេះ​​គឺ​ជា​ជំនួប​ជាមួយ​យុវ​សកម្មជន​ទាំងនេះ និង​អ្នក​តំណាង​របស់​ពួកគេ​ ដែលមិន​មែន​មាន​អាយុ​​ស្មើ​គ្នា​ជានិច្ច​នោះទេ​...

 

ចលនា​យុវជនពី​គណបក្សមួយ​ទៅមួយ​គឺ​មាន​បេសកកម្ម​ដូចគ្នា
ស្វែង​រក​ថវិកា​ពី​​ប្រជាជននៅ​កម្ពុជា​​ ​ស្វែង​រក​អ្នក​គាំទ្រ​​គណបក្ស​ ហើយ​ផ្សព្វផ្សាយ​​ប្រាប់​ពួកគេ ​ជា​ពិសេស​​​គឺ​អ្នក​បោះ​ឆ្នោត​ក្មេងៗ អំពី​គំនិត​​ដែល​គណបក្ស​ខ្លួន​ការពារ ប៉ុន្តែ​ក៏​ត្រូវ​ចាំ​ស្តាប់​​​បញ្ហា​ពួក​គេ​វិញដែរ ​បញ្ចូល​ពួកគេ​​ទៅ​ក្នុង​​វប្បធម៌​នយោបាយ​និង​គោលនយោបាយ​របស់​បក្ស ដឹកនាំ​ក្បួន​ដង្ហែរ... ។​សរុប​អោយខ្លីទៅ ចលនា​របស់​យុវវ័យ​​គឺ​ប្រៀប​ដូចជា​«ស្លាប​ស្តាំ​របស់​បក្ស»។ នេះ​ជា​ការ​សរុប​របស់​លោកសាន់ សៀក​គីន អគ្គប្រតិភូ​របស់​​​«ចលនាយុវជន​សម រង្ស៊ី»។

នៅ​ឯគណបក្ស​សម រង្ស៊ី គេ​សង្កត់​ធ្ងន់​លើ​ការ​បណ្តុះ​បណ្តាល​យុវ​សកម្មជន​។ ការ​បណ្តុះ​បណ្តាល​​នេះរួម​មាន​​ការ​ហាត់​រៀន​ផ្នែក​ព័ត៌មានវិទ្យា​​ក៏ដូច​ជា​ការ​រៀន​អំ​ពី​ក្បួន​អនាម័យ​បឋម​ អាកប្បកិរិយា​​ជា​ប្រជាពលរដ្ឋ និង​ជា​អ្នក​ទទួល​ខុសត្រូវ​ (កុំ​ជក់​គ្រឿង​ញៀន កុំ​លេង​ល្បែង​ស៊ីសង កុំ​ប្រើ​អំពើ​ហិង្សា...)។ នៅឯ​គណ​បក្ស​សិទ្ធិ​មនុស្ស លោក​ម៉ៅ វាសនា ប្រធាន​ចលនា​យុវជន​ដើម្បី​សិទ្ធិមមនុស្ស​​របស់​គណបក្ស ពន្យល់ថា គេ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពិភាក្សា​ជុំវិញ​គោល​ការណ៍​​នៃ​លទ្ធិ​​ប្រជា​ធិបតេយ្យ​។ គេ​លើក​ទឹក​ចិត្ត​យុវជន​អោយ​​បញ្ចេញ​មតិ និង​ទៅ​បោះ​ឆ្នោត។

ចំណែកគណបក្ស​ប្រជាជន​កម្ពុជា​វិញ​​ គេ​ចង់​​អោយ​ចលនា​យុវជន​របស់​បក្ស​ខ្លួន​រម្លឹកប្រាប់​ជន​ជាតិ​កម្ពុជា​អំពី​សមិទ្ធិផល​ជាច្រើន​របស់​បក្ស​កាន់​អំណាច តាមរយៈល្បែង​ប្រៀប​ធៀប​ដ៏​សាមញ្ញ​ជាមួយ​សកម្មភាព​​​របស់​គណបក្ស​ផ្សេង។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​ខួច វែង​ស្រ៊ុន សមាជិក​ម្នាក់​របស់​ចលនា​យុវជន​​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ឆន្ទៈ​​បញ្ចុះ​បញ្ចូល​ពួកគេ​​អោយ​គាំទ្រ​រដ្ឋាភិបាល​បច្ចុប្បន្ន​។ លោក​មុត ចន្ថា អ្នក​នាំពាក្យ​របស់​គណបក្ស​នរោត្តម រណឫទ្ធិ​ ពន្យល់ថា «ចលនា​យុវជន​រាជានិយម»គឺ​មានគោល​ដៅ​​​ប្រមូល​ផ្តុំ​​មេដឹកនាំរបស់បក្ស​នាពេល​អនាគត បើ​ទោះ​ជា​លោក​ទទួល​ស្គាល់ថា គណបក្ស​នរោត្តម រណឫទ្ធិ ជួប​បញ្ហា​លំបាក​ក្នុងការ​ជ្រើសរើស​​អ្នក​មាន​អាយុ​ក្រោម​៣០​ឆ្នាំ​ក៏​ដោយ​។ គណបក្ស​ហ៊្វុនស៊ិន​ប៉ិច ​មិន​សូវ​ជា​និយាយ​ច្រើន​​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ។ លោក​ទៀ ថេន​ ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​មាន​វ័យ​៥០​ឆ្នាំ មាន​ប្រសាសន៍​​ដោយខ្លីថា ​ចលនាយុវជន​របស់​គណបក្សមាន​បេសកកម្ម​​ធ្វើ​អោយ​«យុវជន​ស្រឡាញ់​គ្នាទៅ​វិញ​ទៅមក»។

អាជីព​នយោបាយ​ធ្វើ​អោយ​ចាប់​អារម្មណ៍
លោកម៉ៅ​ វាសនា​ មកពី​គណបក្ស​សិទ្ធិមនុស្ស ត្រូវ​បាន​តែង​តាំង​អោយ​ធ្វើ​ជា​មេដឹកនាំ​ចលនា​យុវជន​​ចាប់តាំង​ពី​គណបក្ស​នេះ​ចាប់​បដិសន្ធិ​នៅ​ខែ​កក្កដា ឆ្នាំ​២០០៧​មក​ម្ល៉េះ។ លោក​បានទទួល​ការតែងតាំង​ផ្ទាល់​ពី​លោក​កឹម សុខា​ ប្រធាន​បក្ស​តែម្តង។ ក្នុង​វ័យ​៣៥ឆ្នាំ លោក​​ធ្លាប់​បាន​ធ្វើ​ជា​ថ្នាក់​ដឹកនាំ​របស់​ចលនា​និស្សិត​​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​បើតាម​រូប​លោក ចលនា​នេះ​មិន​ស្ថិត​ក្រោម​​ការ​គ្រប់​គ្រង​របស់​គណបក្ស​នយោបាយ​ណាមួយ​ទេ ហើយ​វា​មាន​ទិសដៅ​ធ្វើ​ការ​រិះ​គន់​​ពី​ការ​រំលោភទឹកដី អយុត្តិធម៌​សង្គម និង​អតិផរណា...។ លោក​មិន​រួញ​រា​នឹង​លាឈប់​​ពី​មុខ​តំណែង​របស់​លោក ដើម្បី​ចូល​​អាជីព​នយោបាយ​នោះឡើយ។ លោក​បាន​ចូល​រួម​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស«​ដោយសារ​គណបក្ស​នេះ​​មាន​ស្មារតី​ប្រជាធិបតេយ្យ (ប្រធាន​បក្ស​​មាន​សិទ្ធិ​ធ្វើ​នាយករ​ដ្ឋ​មន្ត្រី​តែ​ពីរ​អាណត្តិ) ​ហើយមិន​ប្រកាន់​បក្ស​ពួក​និយម​»។ ដោយ​ទទួល​បាន​បរិញ្ញាប័ត្រ​​ពី​ពុទ្ធិកៈសាកលវិទ្យាល័យ​ភ្នំពេញ លោក​បាន​ប្រកាស​យ៉ាង​ក្លាហានថា : «ខ្ញុំ​ចង់​ក្លាយ​ជា​មេដឹកនាំ​ម្នាក់​របស់​គណបក្ស​សិទ្ធិមនុស្ស ហើយ​បាន​មុខ​តំណែង​ក្នុង​រដ្ឋាភិបាល​ដើម្បី​កែ​ទម្រង់​​ប្រព័ន្ធ​យុត្តិធម៌ និង​ដោះស្រាយ​បញ្ហាព្រំដែន»។ ហើយ​ជាមួយនឹង​ភាពជឿជាក់​ដដែល លោក​ប្រកាសថា​«មាន​សុទិដ្ឋិនិយម​»​ចំពោះ​អនាគត​ជា​អ្នក​នយោបាយ​របស់​លោក​។

លោកសាន់ សៀកគីន មក​ពី​គណបក្ស​សម រង្ស៊ី មាន​អាយុ​​២៨ឆ្នាំ គឺ​ក្មេង​ជាង​លោក​ម៉ៅ វាសនា។ លោក​ជឿ​ជាក់​​ខ្លាំង​ណាស់​ដែរ​ចំពោះ​ផ្កាយ​ជីវិត​នយោបាយ​របស់​លោក​។ លោក​ត្រូវ​បាន​ជ្រើស​រើស​ជា​អគ្គប្រតិភូ​របស់​ចលនា​យុវជន​​សម រង្ស៊ី​ នៅ​ខែមីនា ឆ្នាំ​២០០៨។ លោក​មើល​ឃើញ​ខ្លួន​ឯង​រួច​ទៅ​ហើយ​ថាជា​អ្នក​បន្ត​វេន​​ដ៏​សក្តិសម​​ពី​មនុស្ស​ចាស់​ៗ​នៅ​ក្នុង​បក្ស។ លោក​មាន​បំណង​ស្វែង​​រក​មុខ​តំណែង​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឬ​ជា​​តំណាង​រាស្រ្ត។ លោក​សាន់ សៀក​គីន កំពុង​សិក្សា​យក​​​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែកទំនាក់​ទំនង​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យបញ្ញាសាស្រ្ត ហើយ​បាន​ចូល​រួម​ជាមួយ​គណបក្ស​សម រង្ស៊ី នៅឆ្នាំ​១៩៩៩ នៅពេល​ដែល​អ្នក​ខេត្ត​កំពង់​ធំ​រូប​នេះ​ឡើង​មក​ទីក្រុង​ភ្នំពេញ​ ដើម្បី​បន្ត​ការសិក្សា​។ «ជីវិត​របស់ខ្ញុំ​បានផ្លាស់ប្តូរ​យ៉ាង​ច្រើន​ ចាប់តាំង​ពី​ពេល​ខ្ញុំ​បាន​ចូល​ក្នុង​នយោបាយ។ ខ្ញុំ​បាន​ពង្រឹង​សមត្ថភាព​ខ្លួនឯង ហើយ​ខ្ញុំ​មាន​ភាព​ចាស់​ទុំ​ឡើង»។ ​លោក​រង់​ចាំ​តែ​ពេលវេលា​ដើម្បី​ឡើង​ឋានៈប៉ុណ្ណោះ។

នៅឯគណបក្ស​ហ៊្វុនស៊ិនប៉ិច និង​នៅ​គណបក្ស​នរោត្តម រណឫទ្ធិ សារ​គឺ​មាន​លក្ខណៈច្បាស់​ក្រឡែត : យុវជន​ត្រូវ​គេ​បានចាត់ទុក​ថាជាអ្នក​បន្តវេន​របស់គណបក្ស ហើយ​ពួកគេ​ត្រូវ​ត្រៀម​ខ្លួន​ដឹកនាំ​វា​នៅ​ថ្ងៃ​ណាមួយ។ លោកទៀ ថេន​ មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពន្យល់ថា គណបក្ស​លោក​ជំរុញ​អោយ​យុវជន​​​ឈរ​ឈ្មោះ​ក្នុង​ការ​​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ​មុននឹង​បាន​ឡើង​ឋានៈ។

តើយុវជនដែល​​​ត្រូវ​នយោបាយ​អូសទាញ​ទាំងនេះ​ជា​អ្នក​ណា?
លោក​ខួច វែង​ស្រ៊ុន អាយុ​២២​ឆ្នាំ បាន​ចូល​ក្នុង​ចលនា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​ នៅ​ឆ្នាំ​២០០៧។ យុវ​ជន​រូបនេះ​បាន​ទទួល​ស្វាគមន៍​ពួក​យើង​នៅ​ក្នុង​ផ្ទះវីឡា​​ល្មម​មួយ​នៅ​ទីក្រុង​ភ្នំពេញ។ លោក​បញ្ជាក់​ថា វា​ជាផ្ទះ​របស់​​ពូ​លោក ដែល​ជា​អភិបាល​ខ័ណ្ឌ​មាន​ជ័យ​។ ជានិស្សិត​ឆ្នាំ​ទី​៥​នៅ​វិទ្យាស្ថាន​ពហុបច្ចេកវិទ្យា​កុ​សមៈ លោក​បាន​អះអាងថា លោក​ចាប់​អារម្មណ៍​នឹង​គណបក្ស​កាន់​អំណាច​​តាំង​ពី​នៅ​រៀន​អនុវិទ្យាល័យ​ម្ល៉េះ។ ​ឳពុក​ម្តាយ​របស់លោក​ចូល​ជា​សមាជិក​បក្ស​ប្រជាជន​កម្ពុជា​ទាំង​ពីរនាក់​ តែ​លោក​អះអាងថា លោក​មិន​មែន​ចូល​គណបក្ស​នេះ​ដោយសារ​​ឳពុក​ម្តាយ​សុំ​ទេ។ ចូ​រ​យើង​កុំ​ភ្លេចថា គណបក្ស​ប្រជាជន​​កម្ពុជា​បាន​រំដោះ​ប្រទេស​កម្ពុជា​ពី​របប​ប៉ុល ពត បាន​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រទេស បានធ្វើ​អោយ​មាន​កំណើន​សេដ្ឋកិច្ច បាន​កាត់​បន្ថយ​បទឧក្រិដ្ឋកម្ម...។ ហើយ​ខ្ញុំ​ពេញ​ចិត្ត​នឹង​នយោបាយ​«ឈ្នះ​-ឈ្នះ​»​របស់​សម្តេច​នាយករដ្ឋមន្រ្តី​​ហ៊ុន សែន»។ មេរៀន​ដែល​សកម្មជន​វ័យ​ក្មេង​រូប​នេះ​បាន​រៀន​ គឺ​សម្រាប់​ធ្វើ​ជា​វិស្វករ​សំណង់​​ស៊ីវិល ប៉ុន្តែលោក​​យល់​ឃើញថា បទ​ពិសោធន៍​ផ្នែក​នយោបាយ​នេះ​គឺ​ជា​មធ្យោបាយ​ក្នុង​ការ​ប្រមូល​យក​ចំណេះ​ដឹង​កាន់តែ​ច្រើន​ទៀត។

នៅឯគណបក្សនរោត្តម រណឫទ្ធិ លោក​មុត ចន្ថា អាយុ​៤០​ឆ្នាំ ពន្យល់ថា សកម្មជន​ក្មេងៗ​របស់​​បក្ស​លោក​គឺ​ចេញមក​ពី​មជ្ឈដ្ឋាន​​និស្សិត​សាកល​វិទ្យាល័យ ហើយ​«មិន​មាន​ មិន​ក្រ»។ លោក​ទៀ ថេន​ អោយដឹងថា សកម្មជន​ក្មេង​ៗ​របស់​ហ៊្វុនស៊ិនប៉ិច​​ជាបឋម គឺ​ជា​«កូន​របស់​សមាជិកបក្ស» មិត្តភក្តិ​របស់​កូន​សមាជិក​​ទាំងនោះ។ លោក​បន្ថែមថា៖ «ពី៧ទៅ​៨​%​ក្នុង​ចំណោម​នោះ​គឺ​មក​ពីគ្រួសារ​មធ្យម​»។

គណបក្សសិទ្ធិមនុស្ស​​អះអាងថា នៅ​ក្នុង​ជួរ​សមាជិក​ចលនា​យុវជន​របស់ខ្លួន គឺ​«មាន​សិស្ស និង​និស្សិត​ជាច្រើន​ ក៏ដូចជា​បុគ្គលិកក្មេង​ៗ​នៅ​តាម​បណ្តាអង្គការ​ និង​ក្រុមហ៊ុន​ឯកជនផងដែរ» ហើយ​ភាគច្រើន​គឺ​មាន​ដើម​កំណើត​មកពី​ខេត្ត និង​គ្រួសារ​កសិករ។ គឺ​ដូច​ករណីលោក​ម៉ៅ វាសនា​ ប្រធាន​ចលនា​នេះជាដើម​។

គណបក្ស​សម រង្ស៊ី ពង្រឹង​កម្លាំង​របស់ខ្លួន​ជាមួយ​កូន​ៗ​សមាជិក​បក្ស។ លោក​សាន់ សៀកគីន អគ្គប្រតិភូ​ចលនា​យុវជន​របស់​គណបក្ស​សម រង្ស៊ី បាន​រម្លឹកថា ឧទាហរណ៍ ឳពុកម្តាយ​គឺ​ជា​ជន​រង​គ្រោះ​នៃ​ការ​រឹប​អូស​ដីធ្លី ហើយ​ក៏​ចូល​រួម​ជាមួយ​គណបក្ស​សម រង្ស៊ី។ យុវជន​ផ្សេង​ទៀត​ត្រូវ​បាន​ទាក់ទាញ​ដោយ​គោល​គំនិត​របស់​គណបក្ស​ប្រឆាំង ដែល​សន្យា​ផ្តល់​ការងារ​​​អោយ​ពួកគេ​ប្រសិន​បើ​ខ្លួន​ឈ្នះ​ឆ្នោត។ បើ​យោង​តាម​រូបលោក សមាជិក​ភាគ​ច្រើន​នៃចលនា​នេះ​គឺ​ចេញពី​មជ្ឈដ្ឋាន​​ក្រីក្រ ប៉ុន្តែ​«គ្រប់គ្នា​ចេះយ៉ាង​ហោច​ក៏​អាន​អក្សរ​ដែរ»។ ប្រធាន​ចលនា​យុវជន​រូបនេះ​រៀប​រាប់ថា​ លោក​បាន​លង់​ក្នុង​អន្លង់​ស្នេហ៍​របស់​គណបក្សនេះ​ តាមរយៈការ​ស្តាប់​មេដឹកនាំ​បក្ស​លោក​ សម រង្ស៊ី​តាមរលក​ធាតុអាកាស។ ប៉ុន្តែ ឳពុក​របស់​លោក​​មិន​មែន​ថា​គ្មានឥទ្ធិពល​​អ្វីពាក់​ព័ន្ធ​នឹង​​ការ​ចូល​រួម​របស់​លោក​ក្នុង​វិស័យ​នយោបាយ​នោះទេ។ ឳពុក​លោក​តែង​តែ​សរសើរ​ពី​«សេចក្តីក្លាហា​ន​របស់​លោក​សម រង្ស៊ី» គឺ​តាំង​តែ​ពី​លោក​សម រង្ស៊ី នៅធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​មិន​ទាន់​បង្កើត​គណបក្ស​ខ្លួនឯង​ម្ល៉េះ។ លោក​សាន់​ សៀកគីន បង្ហើប​អោយដឹងទៀត​ថា ៖ «សូម្បី​តែ​គ្រូៗ​របស់ខ្ញុំ​ក៏​បានកោត​សរសើរ​រូប​គាត់​នៅ​ក្នុង​ថ្នាក់​រៀន​ដែរ...»។ លោក​​រៀប​រាប់​ដូច្នេះប្រៀប​ដូច​ជា​ចង់​បង្ហាញ​ថា​ លោក​​មិន​អាច​ជៀស​ផុត​​មិន​ចូល​រួ​មក្នុង​បក្ស​នេះឡើយ ក្រោម​កត្តា​​ដ៏​ច្រើន​បែប​នេះ។

យុវជន​គឺ​ជាកម្លាំង​ថ្មី​របស់​គណបក្ស
លោក​មុត ចន្ថា អ្នក​នាំពាក្យ​របស់​គណបក្សនរោត្តម រណឫទ្ធិ សម្តែង​ក្តី​រីករាយថា ចលនា​យុវជន​នៅ​ក្នុង​គណបក្ស​មានជោគជ័យ​យ៉ាង​ខ្លាំង។ «គណបក្ស​នីមួយៗគឺ​មាន​ចលនាយុវជន​មួយ​។ ប៉ុន្តែ រហូតមក​ដល់ពេលនេះ គណបក្សជាច្រើន​ប្រើ​ធនធាន​មនុស្ស​នេះ​តែ​នៅពេល​​បោះ​ឆ្នោត​ប៉ុណ្ណោះ គឺ​នៅ​ពេល​​ណា​ពួកគេ​ត្រូវការ​ជំនួយ​បន្ថែម»។ ផ្នត់គំនិត​​មាន​ការ​ផ្លាស់ប្តូរ ហើយ​យុវជន​ចាប់ផ្តើម​​ត្រូវ​គេ​មើល​ឃើញ​ថា​​ជា​កម្លាំង​បោះ​ឆ្នោត​​មួយ​មិន​អាច​មើល​ស្រាល​បាន​ឡើយ​។

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

-យុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទីមួយប្រព្រឹត្ត ដោយរលូន (២៦-០៦-២០០៨)

-គណបក្សប្រឆាំង​នៅ​តែស្ថិត​ក្រោមការ​គាបសង្កត់ (២៣-០៦-២០០៨)


 ចលនា​យុវជន​របស់​គណបក្ស​នយោបាយ
-ចលនាយុវជនសម រង្ស៊ី មាន​សមាជិក​ចំនួន​ ១៨១ ០០០ នាក់​នៅ​ក្នុង​១៧​ខេត្ត​-ក្រុង អាយុ​ពី​១៦ ដល់​៣០ឆ្នាំ។
-ចលនា​យុវជនរបស់គណបក្ស​សិទ្ធិ​មនុស្ស​ មាន​សមាជិក​ជាង​ ២ ០០០ នាក់​នៅ​ក្នុង​២៤​ខេត្ត-ក្រុង អាយុ​ពី​១៥ឆ្នាំដល់​៣០ឆ្នាំ។
-ចលនាយុវជន​រាជានិយម​របស់គណបក្ស​នរោត្តម រណឫទ្ធិ មានសមាជិកទាំង​២៤​ខេត្ត-​ក្រុង​ អាយុ​ពី​១៨ឆ្នាំ​ដល់​៣៥ឆ្នាំ មិនទាន់​វាយតម្លៃ​ពី​ចំនួន​សមាជិក​របស់​ខ្លួននៅឡើយ​ទេ​
-ចលនា​យុវជន​របស់​គណបក្សប្រជាជន​កម្ពុជា មិន​បាន​ផ្តល់​​​តួលេខ​នៃ​សមាជិក​របស់​ខ្លួន​។

-ចលនា​យុវជន​របស់​គណបក្សហ្វ៊ុនស៊ិនប៉ិច​មាន​សមាជិកពី៧០០០ទៅ៨០០០នាក់ ទាំង​២៤​ខេត្ត-ក្រុង អាយុពី១៨ ដល់៣០ឆ្នាំ។


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir