Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 06 αž€αž‰αŸ’αž‰αžΆ 2008
αž˜αŸ‰αŸ„αž„ 04:58 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

ពេលវេលានៃរឿងនិទាន (ផ្ទាំងទស្សនីយភាព)
 → αž€αž‰αŸ’αž‰αžΆ  06 @10:00 - :1100:
Carmen (film)
 → αž€αž‰αŸ’αž‰αžΆ  06 @01:00 - :0332:
On connaξt la chanson (film)
 → αž€αž‰αŸ’αž‰αžΆ  06 @03:30 - :0530:
La Derniθre parole
 → αž€αž‰αŸ’αž‰αžΆ  06 @04:00 - :0539:
Michel Vaillant (film)
 → αž€αž‰αŸ’αž‰αžΆ  06 @05:30 - :0700:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

យុទ្ធនាការ​ឃោសនាបោះឆ្នោត​តំណាងរាស្រ្ត​នៅកម្ពុជា : សម័យកាលផ្សេង ទម្លាប់​ផ្សេង
αžŠαŸ„αž™ ដួង សុខា   
Convertir en PDF Version imprimable SuggΓ©rer par mail
07-07-2008
ចាប់តាំង​ពី​ថ្ងៃទី​២៦ ខែមិថុនាមក គណបក្ស​នយោបាយ​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ឃោសនា​​បោះឆ្នោតតំណាងរាស្រ្ត​ទៅ​តាម​ចង្វាក់ និង​មធ្យោបាយ​របស់​ពួកគេ​​ តាមរយៈការ​ចាក់​មេក្រូ​​ខ្សោយៗ និង​ការ​បិទខិត្ត​ប័ណ្ណ​​យ៉ាង​គគ្រឹង​គគ្រែង​​មិន​ធ្លាប់មាន។ សកម្មជន​នយោបាយ ក៏ដូច​ជា​អ្នក​សង្កេតការណ៍​យល់​ស្រប​​គ្នា​​វាយ​តម្លៃថា​ បរិយាកាស​បោះ​ឆ្នោត​​លើក​​នេះ​ល្អ​ប្រសើ​រ​ជាងការ​បោះ​ឆ្នោត​​ជ្រើសរើស​តំណាងរាស្រ្ត​ឆ្នាំ​២០០៣។ ការ​បំភិត​បំភ័យ និង​អំពើ​ហិង្សា​មាន​តិច​​តួច ការ​ប្រើ​ប្រាស់​អាវុធ​រវាងគណបក្ស​មិនសូវ​មាន...។ ប៉ុន្តែ ភាព​​ស្ងប់ស្ងាត់​នេះ​​មិន​អាច​បិទ​បាំង​ភាព​មិនប្រក្រតី​មួយ​ចំនួន​ ដែល​រហូត​មក​ដល់​ពេលនេះ​មិន​​ត្រូវ​​បាន​គេដាក់​ទណ្ឌកម្ម។ ខាងក្រោមនេះគឺ​ជា​ការ​ពិនិត្យ​ស្ថានការណ៍​យុទ្ធនា​ការ​ឃោសនា​​សម្រាប់ការ​បោះឆ្នោត​ឆ្នាំនេះ។

 

យុទ្ធនាការ​ឃោសនាមានលក្ខណៈ​អហិង្សាជាងមុន
គណៈកម្មាធិការ​ដើម្បី​ការបោះ​ឆ្នោត​ដោយសេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល ) ដែល​ជា​អង្គការអង្កេតការណ៍​បោះឆ្នោត​ក្នុង​ស្រុក​ដ៏សំខាន់មួយ​ បាន​​លើក​ឡើងថា រហូត​មក​ដល់​ថ្ងៃ​នេះ មាន​ករណី​គំរាមកំហែង​ទៅ​លើ​សកម្ម​ជន​​នយោបាយ​ចំនួន​១៦ករណី ធៀប​នឹង​២៦​ករណី​​នៅ​ក្នុងយុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត​​​ឆ្នាំ​២០០៣។ កាលពីឆ្នាំ​២០០៣ មាន​ករណី​ឃាតកម្ម​ចំនួន​៨ (មួយ​ករណី​កើត​លើ​សមាជិក​គណបក្ស​​កាន់​អំណាច គណបក្ស​ប្រជាជនកម្ពុជា​ មួយ​ករណី​​លើ​គណបក្សហ៊្វុនស៊ិនប៉ិច និង​៦ករណី​ទៀត​កើត​លើ​គណបក្ស​​​ប្រឆាំង​ សម រង្ស៊ី

ថ្ងៃទី​២៧ ខែមិថុនា អនុប្រធាន​ភូមិ​ជ្រៃ​សុខុម ខេត្ត​កំពង់​ចាម មកពី​គណបក្ស​ប្រជាជនកម្ពុជា​ ត្រូវ​​មនុស្ស​មិន​ស្គាល់មុខ​បីនាក់​លួចវាយ​។ ដោយ​សារ​​អ្នក​វាយ​មិនត្រូវ​បាន​គេ​ចាប់​ខ្លួន គ្មាន​​នរណា​ម្នាក់​សន្និដ្ឋាន​ថា​បទ​ឧក្រិដ្ឋនេះ​មាន​ចរិត​នយោបាយ​នោះទេ។

លោក​គល់ បញ្ញា ប្រធាន​អង្គការ​ខុម​ហ្វ្រែល បង្ហាញ​ការ​រីករាយថា៖ «យើង​បាន​ជួប​អ្នក​ទទួល​ខុសត្រូវ​គណបក្សនយោបាយ​ទាំងឡាយ។ ពួក​គេវាយ​តម្លៃ​ថា​ បរិយាកាស​ឃោសនា​ល្អ​​ប្រសើរ​​ជាងមុន​។​ សកម្មជន​អាច​​ចូល​រួម​ដោយសេរីក្នុង​ជំនួប​នយោបាយ និង​ក្បួន​ដង្ហែរ ដោយ​គ្មាន​​ភ័យ​ខ្លាច​ឡើយ»។ ប៉ុន្តែ លោក​មិន​លាក់លៀម​ទេថា នយោបាយ​បញ្ចុះបញ្ចូល​ធ្វើ​ឡើង​ដោយ​គណបក្ស​មួយ​ចំនួន​ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ចុះ​ចូល​ជាមួយ​ពួកគេ​នៅ​តែ​មាន​​។

លោក ​ទូន មិន ប្រធាន​ទីប្រឹក្សា​គណបក្សសម រង្ស៊ី នៅ​ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ បាន​ចោទ​​ប្រកាន់​អ្នក​ទទួលខុសត្រូវ​កង​ពល​លេខ​៣១​ថា​មាន​បំណង​​ទិញ​ទឹក​ចិត្ត​លោក​«ជាច្រើន​លើក​» ដើម្បី​អោយលោក​​ចុះចូល​​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា។ លោក​បាន​រិះគន់ថា គេ​​បាន​ផ្តល់​លុយ​អោយ​រូបលោក​​ពី​បួនទៅ​ប្រាំ​ពាន់​ដុល្លារ រួម​ទាំង​សន្យា​ផ្តល់​មុខ​តំណែង​នៅ​ក្នុង​ជួរក​ងទ័ព​ទៀត​ផង។ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​កងពល​លេខ​៣១​បដិសេធ​ដាច់​អហង្ការ​។

សង្រ្គាម​​ពាក្យសម្តី​ស្ទើរតែ​គ្មាន
គណបក្ស​​នយោបាយ​សំខាន់​ៗ​ដែល​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​សុទ្ធតែ​ទទួល​ស្គាល់​​ថា​ : ពេល​វេលា​នេះលែង​អាចធ្វើ​អោយ​គូប្រកួត​ប្រជែង​ទាំងឡាយ​មាន​ការ​​ភ័យ​ខ្លាច​នោះ​ឡើយ។

លោក​អ៊ូ​ ច័ន្ទរ័ត្ន អគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស ​បាន​ពន្យល់ថា៖ «បើ​ទោះ​​ជា​មាន​ការ​ប៉ុន​ប៉ង​បំភិតបំភ័យ​ក៏ដោយ ក៏​យើង​មិន​ជួប​បញ្ហា​ណាមួយ​នៅ​ក្នុង​​ការ​ឃោសនាដែរ។ ពួក​យើង​មិន​ធ្លាក់​ចូល​ក្នុង​សង្រ្គាម​ពាក្យសម្តី​ជាមួយ​គណបក្សប្រជាជនកម្ពុជាទេ ពួក​យើង​សុខ​ចិត្ត​​រៀប​ចំ​កិច្ច​ប្រជុំ​ និង​លើក​​ពីបញ្ហា​​ដែល​កើត​មាន​នៅ​ក្នុង​សង្គម វា​ប្រសើរជា​ជាង»។

លោក​ ញឹក​ ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បានអះអាង​ថា​«សុវត្ថិភាព​ជាទូទៅ​គឺ​មានលក្ខណៈល្អប្រសើរ ការគំរាមកំហែង​ផ្សេងៗ​ត្រូវ​បាន​លើកឡើង​តិចតួច។ ហើយ​ជម្លោះ​​កើត​ឡើង​រវាង​សកម្មជន​របស់យើង​ជាមួយ​សកម្មជន​របស់ គណបក្ស​នរោត្តម រណឫទ្ធិ ពួកយើង​អាច​ដោះស្រាយ​បាន​​រៀប​​រយ»។​

សកម្មជន​ប្រើ​ឋានៈ​ជា​មន្ត្រីរាជការ​ធ្វើយុទ្ធនាការឃោសនា
នៅដំណាក់ការ​នៃការ​ឃោសនានេះ​ អង្គការខុមហ្រ្វែល​បាន​ស្រង់​ឃើញ​មាន​រួច​ទៅ​ហើយ​នូវ​មន្រ្តី​រាជការ និង​អ្នក​តំណាង​អាជ្ញាធរ​មូលដ្ឋាន​៣៥នាក់​ ដែលបាន​រំលោភ​ឋានៈរបស់​ពួកគេ​ដើម្បី​ការពារ​គណបក្ស​នយោបាយ​របស់​រដ្ឋាភិបាល​ចម្រុះ ហើយ​ជាពិសេស​គឺគណបក្ស​ប្រជាជនកម្ពុជា​។

លោក​ធន សារាយ ប្រធាន​គណៈកម្មាធិការ​នាយករបស់​អង្គការ​ខុមហ្វ្រែល ព្រមានថា៖ «វាគឺ​ជាការរំលោភ​ទាំងស្រុង​លើ​នីតិវិធីបោះ​ឆ្នោត​កាលណា​មន្ត្រី​រាជ​ការ​ និង​អ្នក​តំណាង​កង​សណ្តាប់​ធ្នាប់​​ ចូល​រួមឃោសនា​ក្នុង​ពេល​ម៉ោង​ធ្វើការ និង​ប្រើ​ប្រាស់​ធនធាន​របស់​រដ្ឋ​ដើម្បី​គោលបំណង​នេះ។ ករណី​នេះ​​គឺ​មាន​ច្រើន​​ជាង​​​ការបោះ​ឆ្នោត​ឆ្នាំមុនៗ។ ឧទាហរណ៍ ផ្លាកលេខ​ពណ៌​ខៀវ​របស់​រថយន្ត​រដ្ឋ​ត្រូវ​ដោះដូរ​យ៉ាង​ឆាប់រហ័ស​ដាក់​ផ្លាក​លេខ​ឯកជន​វិញ​ ដើម្បី​អាច​ចូលរួម​ដង្ហែរ​ក្បួន​​របស់​​គណបក្ស​កាន់អំណាច»។

លោកជាម យៀប ប្រធាន​គណៈកម្មាធិការ​ហិរញ្ញ​វត្ថុ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​រដ្ឋសភាជាតិ ទទួលស្គាល់ថា មន្ត្រី​រាជការ​មួយ​ចំនួន​ប្រើប្រាស់​ទ្រព្យ​សម្បតិ្ត​​សាធារណរដ្ឋ​ធ្វើ​យុទ្ធនាការ​ឃោសនា។​ ប៉ុន្តែ​លោក​លើកឡើងថា កត្តា​នេះ​​គឺ​មក​ពីពួកគេខ្វះ​ការពិចារណា។ អ្នក​តំណាង​រាស្រ្ត​ខេត្ត​​ព្រៃវែង​រូប​នេះ​បាន​អះអាង​ថា «ព្រោះ​​ពួកគេ​មិន​យល់​ពី​ច្បាប់​បោះឆ្នោត។ យើង​​នឹង​ពន្យល់​ពី​ច្បាប់​នេះ​ដល់​ពួកគេជាថ្មី។ មេដឹកនាំ​ទាំង​បីរូប​របស់​គណបក្ស​យើង​​​បាន​ណែនាំ​ពួក​គេ​រួច​ទៅ​ហើយ​ថា​កុំ​អោយ​ធ្វើ​បែបនេះ» ​។

លោក​ហ៊ី រ៉ុង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត អះអាងថា អ្នក​ប្រព្រឹត្តិ​ខុស​ច្បាប់​ត្រូវ​​ប្រឈម​មុខនឹង​ការ​ព្រមាន និង​ការ​ផាក​ពិន័យ ហើយ​«វិធានការ​ទាំង​នេះ​នឹង​ត្រូវ​អនុវត្ត​ប្រសិនបើ​ គ.ជ.ប មាន​​ភស្តុតាង​ពី​ការ​ប្រព្រឹត្តិបែបនេះ»។

ប្រព័ន្ធផ្សព្វផ្សាយ​ឯកជន​មិន​គោរពសារាចរ​របស់​ គ.ជ.ប
ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា ការ​​ប្រើ​ប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​​​របស់​គណបក្ស​នយោបាយ​នៅតែ​មាន​កំណត់​។ មួយថ្ងៃ​មុនយុទ្ធនាការ​ឃោសនា​បោះឆ្នោត គ.ជ.ប ធ្លាប់បង្គាប់​​បញ្ជា​​នៅ​ក្នុង​សារាចរ​មួយ​ អោយ​គ្រប់​ប្រព័ន្ធផ្សព្វផ្សាយ​​សោត​ទស្សន៍​​​ទាំង​អស់​និយាយ​ពី​គណបក្ស​ឈរ​ឈ្មោះ​ប្រកបដោយ​សមភាព។ ប៉ុន្តែ ស្ថានីយ​​​វិទ្យុ​​ និង​ទូរទស្សន៍​ជាច្រើន​បាន​បើក​រលក​ផ្សព្វផ្សាយ​សម្រាប់​គណបក្ស​មួយ​​​ចំនួន​។ ប្រសិន​បើ​ពួកគេ​ជ្រើសរើស​ផ្សព្វផ្សាយ​ពី​សកម្មភាព​គណបក្ស​ណា​មួយ​​ ពួកគេ​ត្រូវ​ទុក​លទ្ធភាព​អោយ​គណបក្ស​ផ្សេង​ទៀត​អាច​ធ្វើ​បាន​ដូចគ្នា​ដែរ។

អង្គការ​​ខុមហ្វ្រែល​បាន​រាប់​ឃើញ​យ៉ាង​តិច​ ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ឯកជន​ចំនួន​​៣០ បាន​រំលោភ​គោលការណ៍​​ក្នុងការ​លក់​ម៉ោង​ទៅ​អោយគណបក្ស​នានា​ប្រកប​​​ដោយ​សមធម៌។ ពួកគេ​លម្អៀង​ទៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។ ខុស​ពី​​​វិទ្យុ​​ផ្សេង​ទៀត វិទ្យុ​បាយ័ន (FM ៩៥)​​បន្ត​ចាក់​ផ្សាយ​កម្មវិធី«​វប្បធម៌​ខ្មែរ»​ ដែល​ផ្សាយ​​បន្ត​ផ្ទាល់​ក្នុង​វិទ្យុ​៥​ផ្សេងទៀត​ជា​រៀង​រាល់​ល្ងាច។ អ្នក​ស្តាប់​នាំគ្នា​ស្តាប់​​ការ​រិះគន់​​ ដែល​ជួន​កាល​ប្រើ​ពាក្យសម្តី​ធ្ងន់​ៗ ទៅលើ​គណបក្ស​ប្រឆាំង តែ​លើក​សរសើរ​​គណបក្ស​កាន់​អំណាច។ បណ្តាគណបក្សប្រឆាំង​អាច​បង្ហាញ​សំឡេង​របស់ខ្លួន​តែ​​នៅ​ក្នុង​ស្ថានីយ​វិទ្យុ​ឯកជន​ចំនួន​៣​ប៉ុណ្ណោះ​ គឺ មហានគរ (FM93.5) វិទ្យុសំបុកឃ្មុំ(FM105) និង​FM 104។

លោក​ហ៊ី រ៉ុង បាន​ពន្យល់​ពីស្ថានភាព​នេះ​យ៉ាង​សាមញ្ញថា​ : «​វិទ្យុ និង​ទូរទស្សន៍​​ភាគច្រើន​​ជាកម្មសិទ្ធិ​របស់ឯកជន​ ហើយ​ម៉ោង​ដែល​គណបក្សនយោបាយ​ចង់​ទិញ​នោះ​ត្រូវ​គេ​លក់​រួច​ទៅ​ហើយ​...»។

គណបក្សប្រជាជនកម្ពុជា​លេច​ធ្លោ​ជាងគេ​នៅ​ក្នុងយុទ្ធនាការ​ឃោសនា
ជាមួយ​នឹង​សមាជិក​ចំនួន​៥លាននាក់ គណបក្ស​ប្រជាជនកម្ពុជា​អាច​​ធ្វើ​យុទ្ធនា​ការ​​ឃោសនា​ទ្រង់​ទ្រាយ​ធំ​ជាង​គូប្រកួត​ប្រជែង​របស់ខ្លួន​ ដូចជា​ក្បួន​ដង្ហែរ​ធំៗ ការ​​ចែក​ខិត្ត​ខ័ណ្ណ និង​ផ្ទាំង​ផ្សព្វផ្សាយ ក្នុង​ទ្រង់​ទ្រាយ​ធំ​​​ទូទាំង​ប្រទេស​កម្ពុជា។ ដោយ​សារមានមធ្យោបាយ​ច្រើន គណបក្សកាន់អំណាច​មានភាព​លេចធ្លោ​​ជាង​​គណបក្សផ្សេង​ទៀត​នៅក្នុង​ក្បួនដង្ហែរ​តាមផ្លូវថ្នល់ និង​នៅក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។ លោក​គល់ បញ្ញា សង្កេត​ឃើញថា ប្រជាពលរដ្ឋ​ឃើញ​រូប​ទេវតា​ និមិត្ត​សញ្ញា​របស់​គណបក្ស​​ប្រជាជន​កម្ពុជា​រហូត​ ដែល​គេ​បិទគ្រប់​ទីកន្លែង ដោយ​ទទួល​បាន​ការជួយ​គាំទ្រ​ពី​សំណាក់​​អាជ្ញាធរ​មូល​ដ្ឋាន និង​អាជ្ញាធរក្រុងនានា។​ លោក​​រិះគន់​ថា ​យុទ្ធនាការ​បិទ​ផ្ទាំង​ផ្សព្វ​ផ្សាយធ្វើ​ឡើង​ដោយ​គណបក្សប្រជាជន​កម្ពុជា​មាន​លក្ខណៈ​​​បែប​​ព្រៃ។ សកម្មជន​របស់​គណបក្ស​នេះ​មិន​ខ្ចី​​សុំ​ការ​យល់ព្រម​ពី​ប្រជាពលរដ្ឋ​ឡើយ​មុន​នឹង​បិទ​ផ្ទាំង​ប៉ុស្ទ័រ និង​ក្រដាសផ្សេង​ៗ​នៅ​លើ​ជញ្ជាំងផ្ទះ​ពួក​គាត់​។ ប៉ុន្តែ លោក​ហ៊ី រ៉ុង​ បញ្ជាក់ថា «​គ.ជ.ប ធ្លាប់​និយាយ​​ច្បាស់​ទាក់​ទង​នឹង​បញ្ហា​នេះ ពោល​គឺ​សកម្មភាព​បែបនេះ​ត្រូវ​តែ​ទទួល​បានការ​អនុញ្ញាត​ជាមុន​ពី​ម្ចាស់​ផ្ទះ។ ម្ចាស់​ផ្ទះ​ទាំង​នេះ​​អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់គណៈកម្មាធិការ​ឃុំ​រៀប​​ចំ​ការបោះឆ្នោត ឬអាច​​ហែក​ផ្ទាំង​ផ្សព្វ​ផ្សាយ​​នោះចោល​ក៏បាន»។

លោកគល់ បញ្ញា គូសបញ្ជាក់ថា៖ «ជានិច្ចកាល គឺ​ពួក​អាជ្ញាធរមូលដ្ឋាន​​តែង​តែ​ធ្វើ​ដូច្នេះ​ដើម្បី​គណបក្ស​ប្រជាជនកម្ពុជា។ ប៉ុន្តែ​វា​ជា​កិច្ចការ​នយោបាយ មិន​មែន​ការងារ​រដ្ឋ​ទេ។ ទោះ​យ៉ាងណា ប្រជាពលរដ្ឋ​នៅ​តែ​មាន​ការ​អត់​ឱន​​អំឡុង​ពេល​ឃោសនា។ អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​បែបនេះ​បាន​ហែកវា​ចោល​​បន្តិច​ម្តងៗ​»។

លោកជាម យៀប មិន​យល់​ឃើញថា​សកម្មភាព​នេះ​មិនល្អ​ទេ ផ្ទាំង​ប៉ុស្ទ័រ​គ្រាន់​តែ​​ជា​«ការរម្លឹក​ទៅ​កាន់​ប្រជាពលរដ្ឋ​អំពី​ស្នាដៃ​ប្រវត្តិសាស្រ្ត​របស់គណបក្ស​ប្រជាជនកម្ពុជា​ប៉ុណ្ណោះ»។ តំណាងរាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​គូស​បញ្ជាក់​ទៀតថា​ ៖ «គឺប្រជាពលរដ្ឋ​ជា​អ្នកនិយាយថាតើ​វា​ពេញ​ចិត្ត​ពួកគាត់​ឬអត់​។ មិន​ថាយ៉ាងណា ពួក​យើង​មិន​បាន​ធ្វើ​អោយ​ខូច​ខាត​ទ្វារ​ផ្ទះ​ពួកគាត់​ឡើយ!»។

នៅក្នុង​ប្រទេស​មួយ​ដែល​មិន​យូរ​មិន​ឆាប់ នឹង​ស្ថិត​​ក្រោម​ពណ៌​នយោបាយ​សឹង​តែ​មួយទៅ​ហើយ​​​នោះ ​គេអាច​​ស្មានដឹង​មុន​រួច​ហើយ​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​នា​ពេល​ខាងមុខ...

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜


-បរិយាកាស​សន្តិសុខ​ជាទូទៅនៃការ​​ឃោសនា​បោះឆ្នោត ​ក្នុងសប្តាហ៍​ទីមួយមាន​សភាព​ប្រសើរ​ជាង​ បើ​ប្រៀប​ធៀប​នឹង ​ការ​​បោះឆ្នោត​ឆ្នាំ​២០០៣ (០២-០៧-២០០៨)

-គណបក្សសម រង្ស៊ីបរិហារការគំរាមកំហែង នយោបាយនិងភាពមិនប្រក្រតីក្នុងអំឡុងពេលយុទ្ធ​នាការ ឃោសនាបោះឆ្នោត (០១-០៧-២០០៨)

-គណបក្សប្រឆាំង​នៅ​តែស្ថិត​ក្រោមការ​គាបសង្កត់ (២៣-០៦-២០០៨)

-សូមបើកមើលនៅត្រង់ផ្នែក "ពីនេះពីនោះជុំវិញការបោះឆ្នោត ២០០៨ " និង "ស្ថាប័ននយោបាយនានានៅក្នុងប្រទេសកម្ពុជា "


ពាក្យបណ្តឹង៤០ករណី


លោក ហ៊ី រ៉ុង បានអោយដឹងថា នៅ សប្តាហ៍​ទីមួយនៃយុទ្ធនាការឃោសនាបោះ ឆ្នោត​គណៈកម្មការរៀបចំការបោះឆ្នោតឃុំ និង​ខេត្តទាំង២៤ខេត្ត-ក្រុងនៅក្នុងប្រទេសកម្ពុជា​បាន​ទទួលពាក្យបណ្តឹង៤០ករណី ពី​គណបក្ស​នយោបាយ ទាក់ទិននឹងការទិញសម្លេងឆ្នោត ការរំលោភបំពានលើធនធានរបស់រដ្ឋ រឺការ​មិន​គោរពច្បាប់ស្តីពីការបោះឆ្នោត។ គណបក្ស​សម រង្ស៊ី គឺជាគណបក្សដែលបាន​ដាក់ពាក្យ​បណ្តឹង​ច្រើនជាងគេបំផុត។


ចំណែកអង្គការខុមហ្វ្រែល បានទទួល​ពាក្យ​បណ្តឹង​ចំនួន៨ករណី ដែលក្នុង​នោះ៧ករណី​ត្រូវ​បានប្តឹងដោយគណបក្សសម រង្ស៊ី និងមួយ​ករណី ដោយគណបក្សប្រជាជនកម្ពុជា។ គណបក្ស​ប្រឆាំងបានដាក់ពាក្យ​បណ្តឹងពីបទ​បំផ្លិតបំផ្លាញទំនិញដោយអាជ្ញាធរមូលដ្ឋាន ការគំរាមកំហែងរបស់គណបក្សប្រជាជន​កម្ពុជា ដើម្បីហាមឃាត់ការបិទខិត្តប៉ុណ្ណផ្សាយរបស់​គណបក្ស និងការចែកអំណោយ​របស់​គណបក្ស​ប្រជាជនកម្ពុជាដល់អ្នកបោះឆ្នោត។ ចំណែកគណបក្សប្រជាជនកម្ពុជាបានដាក់​ពាក្យបណ្តឹងប្រឆាំងនឹងគណបក្សសម រង្ស៊ី ពីបទបានដឹកនាំធ្វើយុទ្ធនាការនៅក្នុង​សាលារៀន​រដ្ឋមួយកន្លែងនៅខេត្តបាត់ដំបង។

អ្នកនយោបាយមិនត្រូវយកព្រះនាមរបស់​សម្តេចឪមកឃោសនារកសម្លេងឆ្នោតឡើយ

អតីតព្រះមហាក្សត្រ និងជាស្ថាបនិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច បានស្នើសុំជាផ្លូវការ នៅថ្ងៃ​ទី៥​នៃយុទ្ធនាការឃោសនាបោះឆ្នោត ដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច កុំប្រើ​ប្រាស់ព្រះនាម  រឺព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គ ដើម្បីធ្វើ​ការ​ឃោសនារកសម្លេងឆ្នោតសម្រាប់គណបក្ស​របស់ខ្លួន។ នៅក្នុងព្រះរាជសារមួយច្បាប់ ផ្ញើ​ជូន​លោកកែវ ពុទ្ធរស្មី ប្រធាន​គណបក្សហ៊្វុន​ស៊ិនប៉ិច សម្តេចនរោត្តម សីហនុ បានប្រកាស​ជាច្រើន ទាក់ទងនឹងបញ្ហានេះ ដោយ​ស្នើសុំ​អោយ​គណបក្សនយោបាយ កុំប្រើប្រាស់​ព្រះ​ឆាយាល័ក្ខណ៍របស់ព្រះអង្គ។ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក៏បានបរិហារផងដែរ​ចំពោះ​ការ​ទម្លាក់ព្រះអង្គចេញពីប្រធាន​គណបក្សកាល​ពីចុងឆ្នាំ២០០៦។ ព្រះអង្គបានរម្លឹកថា នៅខេត្ត​បន្ទាយមានជ័យ អ្នកទទួលខុសត្រូវរបស់​គណបក្ស​ហ៊្វុនស៊ិនប៉ិចបានចែក​ព្រះឆាយា​ល័ក្ខណ៍​របស់សម្តេចឪនិងសម្តេចម៉ែ ដើម្បី «បន្លំ»អ្នកបោះឆ្នោត។

លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិចបានពន្យល់ថា ដោយមានការ​យល់ស្របពីគ.ជ.ប គណបក្សរបស់​លោកបាន​សម្រេចចិត្តនិយាយ​ពីប្រវត្តិសាស្រ្ត​របស់គណបក្ស ដែលជាស្នាព្រះហត្ថ​បង្កើត​ឡើង​ដោយសម្តេចនរោត្តម សីហនុ។ រូបថត​ដែលត្រូវបានចែកទាំងនោះ ជារូបភាពនៅ​ពេល​គណៈប្រតិភូរបស់គណបក្ស ចូលជួប​សវនការជាមួយសម្តេចឪនៅទីក្រុងប៉េកាំង។ លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ការ​ពារខ្លួនថា «យើងបានចែករូបភាពនៅមួយថ្ងៃ មុនយុទ្ធនាការឃោសនាបោះឆ្នោត។ ចាប់តាំង​ពីពេលនោះមក យើងមិនបា​ន​ចែក​រូបភាព​របស់សម្តេចឪសម្តេចម៉ែទៀតឡើយ។ ប្រសិន​ជាយើងប្រព្រឹត្តកំហុស គ.ជ.ប ប្រហែល​ជានឹង​ព្រមានយើងជាមិនខាន»។


ការ​ជជែកតវ៉ា​គ្នា​ពីករណី​ឃាតកម្ម​លើ​សកម្មជន​ម្នាក់
សកម្មជន​ម្នាក់​ត្រូវ​បានគេ​រកឃើញ​ស្លាប់​ដោយ​ត្រូវ​គេ​ចងក​ កាល​ពីថ្ងៃទី១​ ខែ​កក្កដា នៅក្នុង​ឃុំ​ភ្នំតូច ខេត្ត​កំពង់ស្ពឺ។ សកម្មជនរូបនេះគឺ​ជាសមាជិករបស់​គណបក្ស​ប្រជាជនកម្ពុជា​ គឺមិនមែន​ដូច​​​ការ​​អះអាង​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ថាជាសកម្មជន​របស់ខ្លួន​នោះទេ។ នេះ​ជា​សេចក្តី​សន្និដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​ក៏​ជា​សេចក្តីសន្និដ្ឋាន​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​​អាដហុក​ដែរ។ ការអះអាង​ផ្សេងទៀតគឺថា ឃាតកម្ម​នេះ​អាច​មិន​មែន​ជា​ការប៉ុន​ប៉ង​​នយោបាយ​​ដូច​ការអះអាង​កាលពីដំបូង​ឡើយ។​ លោក​កង ហ៊ាង ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ប្រចាំខេត្ត​កំពង់ស្ពឺ និងជា​អភិបាលខេត្ត​ផង បាន​ពន្យល់ថា៖ «មួយថ្ងៃ​មុនពេល​គាត់​ត្រូវ​គេ​ធ្វើ​​ឃាត​ គាត់​បាន​ចូល​ឃាត់​ជម្លោះ​មួយ​រវាង​កូនប្រុស​គាត់​​ជាមួយ​យុវជន​មួយក្រុម»។ អ្នក​ស៊ើបអង្កេត​របស់​សមាគមអាដហុក​អះអាងថា ជន​រងគ្រោះ​គឺ​ជា​ប្រធាន​ក្រុម​ទី​៤​ មកពី​គណបក្ស​ប្រជាជនកម្ពុជា នៅភូមិអង់​តាអែក​ ឃុំ​ភ្នំតូច តាំងពី​ឆ្នាំ​១៩៨៤មក។​ អ្នក​ស៊ើប​អង្កេត​រូបនេះ​រៀប​រាប់​ដោយ​ផ្អែក​លើ​សេចក្តីសន្និដ្ឋាន​នៃការអង្កេត​របស់ខ្លួនថា៖ «វាគឺជា​រឿង​សងសឹក។ ខណៈពេល​ដែល​គាត់​ទៅតាមការណាត់ជួប​ដើម្បី​​​ដោះស្រាយ​ជម្លោះ​ពាក់ព័ន្ធ​នឹង​កូនប្រុសគាត់ គាត់​ក៏ត្រូវ​មនុស្ស​មួយក្រុមមាន​គ្នា​ប្រមាណ​៣០​កាក់តាម​ផ្លូវ​ ហើយ​វាយ​រហូត​ដល់ស្លាប់»។
បើ​ទោះ​ជា​​អ្នក​ទទួល​ខុសត្រូវ​គណៈកម្មាធិការ​រៀប​ចំការបោះឆ្នោតឃុំ និង​ខេត្ត អះអាង​ថា ជនរងគ្រោះ​ជា​សមាជិក​របស់គណបក្ស​ប្រជាជន​ក៏ដោយ ក៏​គណបក្ស​​សិទ្ធិមនុស្ស​​មិន​​​យល់​ស្រប​តាម​ដែរ។ លោក​អេង ជីមី បេក្ខជន​របស់គណបក្ស​សិទ្ធិមនុស្ស​នៅក្នុង​ខេត្ត​កំពង់ស្ពឺ អះអាងថា៖ «​យើង​​បាន​រក​ឃើញ​​ប័ណ្ណសមាជិក​គាត់​នៅ​ទីស្នាក់ការ​បក្ស​ប្រចាំខេត្ត។ គាត់​បាន​ចូលរួម​គណបក្ស​យើង​នៅថ្ងៃ​ទី​២៥ ខែឧសភា កន្លងទៅ។​ យើង​បាន​ដាក់​ពាក្យ​បណ្តឹង​ហើយ ពីព្រោះយើង​ចាត់​ទុកថា បទឧក្រិដ្ឋ​នេះ​គឺមាន​ចរិត​នយោបាយ។ ពិត​ណាស់ សកម្មជន​ពួកយើង​ប្រឈម​មុខ​នឹង​​ការបំភិតបំភ័យ»។

Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir