Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 05 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 08:45 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Tabanata Festival
 → sam jui 05 @09:30 - :1100:
Les trois mousquetaires (film)
 → sam jui 05 @10:00 - :1130:
Alexandre le bienheureux
 → sam jui 05 @05:00 - :0630:
The Hellbounds (blues and folk)
 → sam jui 05 @07:00 - :0900:
Angel (film)
 → mer jui 09 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ដំបូន្មាន​របស់​ឧកញ៉ា : " ខ្លួនទីពឹងខ្លួន"
αžŠαŸ„αž™ ដួង សុខា   
Convertir en PDF Version imprimable SuggΓ©rer par mail
14-04-2008
Phnom Penh / Cambodge / Srey Sothea / 7NG - ©John Vink / Magnum
©John Vink/ Magnum
 
ដោយសារ​តែលោកស្រី សុធា កើត​ចេញ​ពីគ្រួសារ​កសិករ ដូច្នេះ​លោក​ចាប់​អារម្មណ៍​នឹង​រឿង​ដីធ្លីបំផុត... ។ ក្នុង​វ័យ​៥១​ឆ្នាំ​ លោកឧកញ៉ា​រូប​នេះ​បាន​ក្លាយជាម្ចាស់ក្រុម​ហ៊ុន​សំណង់​ដ៏​ធំមួយ​​ឈ្មោះ​ 7NG និង​រោង​ចក្រ​កាត់​ដេរមួយស្ថិតនៅ​ជាយ​ទីក្រុងភ្នំពេញ។ លោក​​ក៏​មាន​កម្មសិទ្ធិ​ដីធ្លី​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ផងដែរ។ ទាំងនេះសុទ្ធតែ​ជា​បញ្ជី​ការងារ​ជំនួញ​ដែល​លោក​រៀប​រាប់​ប្រាប់​យើង។ 

 

លោក​ស្រី សុធា ស្ថិត​ក្នុង​ចំណោម​ប្រភេទមនុស្ស​ដែលចូល​ចិត្ត​ចែក​រំលែកភាព​សប្បុរសនៅ​ក្នុងខេត្តកំណើតរបស់​ខ្លួន​នៅពេល​​ដែល​ពួក​គេ​រកស៊ី​មាន​បាន។ ការ​សាង​សង់​សាលា​រៀន​ មន្ទីរពេទ្យ និង​ផ្លូវ​ថ្នល់​ដែល​លោក​ជួយ​ឧបត្ថម្ភ​ភាគ​ច្រើន គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្តាល ហើយ​បើ​និយាយ​អោយ​រឹត​តែ​ច្បាស់​ទៅ​ទៀត គឺ​នៅ​​ស្រុក​កំណើត​របស់​លោក​តែ​ម្តង គឺ​ស្រុក​ពញាឮ​។ ចាប់​តាំង​ពី​ឆ្នាំ​១៩៨៦​មក លោក​បាន​ចូល​រួម​នៅ​ក្នុង​ការ​កសាង​ឡើង​វិញ​នូវ​ស្រុក​មួយ​នេះ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្រ្គាម​ជា​ច្រើន​ឆ្នាំ ហើយ​ដែល​ត្រូវ​ការ​ជំនួយ​ពី​បណ្តា​អង្គការ​មនុស្ស​ធម៌​នានា​។

 

ពី​បរាជ័យ​ឈាន​ទៅ​រក​ជ័យ​ជម្នះ
លោក​ស្រី សុធា បាន​ចូល​ប្រឡូក​ក្នុង​កិច្ចការ​ជំនួញ​អស់​ជាង​៣០​ឆ្នាំ​ ហើយ​លោក​ក៏​ទទួល​បាន​ជោគ​ជ័យ​។ លោក​បាន​រៀន​ត្រឹម​តែ​ថ្នាក់​ទី​៨​ប៉ុណ្ណោះ​។ នៅ​អាយុ​១៣​ឆ្នាំ​ លោក​បាន​បួស​ជា​ព្រះ​សង្ឃ។ «​នៅ​ឆ្នាំ​១៩៩៥ ខ្ញុំ​មាន​រោង​ចក្រ​កាត់​ដេរ​១២​កន្លែង​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ។ ខ្ញុំ​ជួល​រោង​ចក្រ​ទាំង​នេះ​ទៅ​អោយ​អ្នក​ជំនួញ​បរទេស​។ ក្រោយ​មក ព្រឹត្តិការណ៍​ខែ​កក្កដា​១៩៩៧​បាន​ផ្ទុះ​ឡើង ហើយ​ធ្វើ​អោយមុខ​របរ​របស់​ខ្ញុំ​​រលំរលាយ។ ក្រុមហ៊ុន​របស់​ខ្ញុំ​ត្រូវ​បាន​គេ​រឹបអូស​...»។

 

សំណាង​អាក្រក់​មិន​បាន​ធ្វើ​អោយ​លោក​សុធាចុះ​ញ៉ម​នោះ​ទេ​។ បុរស​ម្នាក់​នេះ​ក៏​ក្រោក​ឈរ​ឡើង​វិញ​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​។ នៅ​ឆ្នាំ​២០០៤ ចំណង់​ចំណូល​ចិត្ត​ក្នុងការ​ងារ​ជំនួញ​បាន​​កើត​មាន​មក​លើ​រូប​លោក​ម្តង​ទៀត​។ លោក​រៀប​រាប់​ថា លោក​មាន​លុយ​សន្សំ​មិនដល់ ​១០ ០០០ ដុល្លារ ។ លោក​បាន​ខ្ចី​ប្រាក់​ពី​មិត្តភក្តិរបស់លោក ។

 

នៅ​ខែ​មករា ២០០៥ លោក​ក៏​បាន​បង្កើត​ក្រុមហ៊ុន​សំណង់ 7NG នេះ​ឡើង​។ នៅ​ឆ្នាំ​២០០៥​ដដែល​នេះ​ លោក​ក៏​បាន​ទទួល​ការ​«តែងតាំង»​ជា​ឧកញ៉ា​ ពី​ព្រោះ​ថា​នៅ​ពេល​ចាប់​ផ្តើម​ការ​ងារ​ជំនួញ​របស់​លោក​ជា​ថ្មី លោក​បាន​​អនុវត្ត​គោលការណ៍​មួយ​ដែល​លោក​ហៅ​ថា «យុត្តិសាស្រ្ត​ជួយ​ជន​ក្រី​ក្រ»។ «ខ្ញុំ​​បាន​​សាង​សង់​លំនៅ​ដ្ឋាន​នៅ​ក្រុង​តា​ខ្មៅ (ខេត្ត​កណ្តាល) ដើម្បី​ផ្តល់​ទី​ជម្រក​​ថ្មី​ដល់​ប្រជាពលរដ្ឋ​ក្រី​ក្រ​ចំនួន​៣០០​គ្រួសារ​នៅ​ក្នុង​ក្រុង និង​បរិវេណ​ជាយ​ក្រុង​​។ ខ្ញុំ​បាន​ជួយ​ឧបត្ថម្ភ​ជីវភាព​ពួក​គេ​អស់​រយៈពេល​១​ឆ្នាំផងដែរ​» លោក​ឧកញ៉ា​និយាយ​សរសើរ​ខ្លួន​ឯង​យ៉ាង​ដូច្នេះ ដោយ​អះ​អាង​ថា ​លោក​មិន​បាន​ស្នើ​សុំ​ងារ​ជា​ឧកញ៉ា​នោះ​ទេ​។ «គឺ​អាជ្ញាធរ​ខេត្ត​កណ្តាល​ទេ​ជា​អ្នក​ធ្វើ​សំណើ​សុំ​នេះ​»។ លោក​មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ងារ​នេះ​បានធ្វើ​អោយ​រូប​លោក​មាន​កិត្តិយស​​ក៏ដោយ​ ក៏​វា​មិន​បាន​ធ្វើ​អោយ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​នៅ​ក្នុង​ដំណើរ​ការ​​នៃ​ការ​ងារ​ជំនួញ​របស់​លោក​នោះ​ឡើយ ហើយ​វា​ក៏​មិន​បាន​ផ្តល់​អំណាច​អ្វី​ដល់​រូប​លោក​នោះ​ដែរ​។

 

ក្រុមហ៊ុន 7NG និង​តំបន់​ដី​ក្រហម

លោក​ពន្យល់​ថា ក្រុមហ៊ុន​សំណង់​របស់​លោក​ចាប់​ផ្តើម​ការងារ​លើ​​ផ្នែកកិច្ចសន្យា​ធ្វើ​ឡើង​ជាមួយ​សហគមន៍​ប្រជាពលរដ្ឋ​តំបន់​ដីក្រហម ដែល​មាន​ទំហំ​៣,៦​ហិចតា​ និង​មាន​ទីតាំង​នៅ​ចំ​កណ្តាល​​ទី​ក្រុង​ភ្នំពេញ នៅ​ក្នុង​សង្កាត់ទន្លេ​បាសាក់​។ នៅ​តំបន់​នេះ​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ចំនួន​១ ៤៦៥ គ្រួសារ​។ គឺ​នៅ​ទីនោះ​ហើយ​ ដែល​លោក​បាន​បើក​ការិយាល័យ​ ហើយ​រង់​ចាំ​ទទួល​ស្វាគមន៍​យើង​នៅ​ក្នុង​សម្លៀក​បំពាក់​យ៉ាង​សាមញ្ញ​បំផុត​។ ក្រសែ​ភ្នែក​របស់​យើង​បាន​ផ្តោត​ភ្លាម​ទៅ​លើ​ផ្ទាំង​រូបភាព​អគារ​ពីរ​ខ្ពស់​សន្លឹម​ទៅ​លើ​មេឃនៅលើជញ្ជាំង។ នោះ​គឺ​ជា​គម្រោង​ការ​សាង​សង់​សម្រាប់​សង្កាត់​មួយ​នេះ​។ សំណង់​នេះ​នឹង​មាន​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ខុនដូរ​ ដែល​រង់​ចាំ​ទទួល​អតិថិជន​រួច​ស្រេច​ទៅ​​។

 

លោក​ស្រី សុធា បាន​ពន្យល់​លម្អិត​ថា ប្រជាពលរដ្ឋ​ចំនួន​១ ៣៨៣​គ្រួសារ​បាន​យល់​ព្រម​រើ​ទៅ​នៅ​កន្លែង​ថ្មី​ផ្តល់​ដោយ​ក្រុមហ៊ុន​យើង​ នៅភូមិ​ដំណាក់​ត្រយឹង​[បុរី​សន្តិភាព​] ស្ថិត​នៅ​ចម្ងាយ​ជា​២០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ ជា​ថ្នូរ​នឹង​ដី​ចាស់​របស់​ពួកគេ​។ លោក​បាន​បន្ត​ទៀត​ថា នៅ​ទី​​នោះ ផ្ទះ​ទំហំ​៤ គុណ​១២​ម៉ែត្រ​ត្រូវ​បាន​​ចែក​អោយ​គ្រួសារ​នីមួយៗ​នៅ​លើ​ដី​ឡូតិ៍​ដែល​មានហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​ ដូចជាទឹក អគ្គិសនី ផ្សារ សាលាមត្តេយ្យជាដើម ។ «យើង​បាន​សាង​សង់​ផ្ទះ​ចំនួន​២ ០០០ ខ្នង ក្នុង​នោះ​៥០០​ខ្នង​គឺ​ទុក​សម្រាប់​លក់»។

 

ជម្លោះ​ជាមួយ​គ្រួសារ​មួយ​ចំនួន
ពាក់​ព័ន្ធ​នឹង​ជម្លោះ​រវាង​ក្រុមហ៊ុន 7NG និង​គ្រួសារស៊ូទ្រាំ«​មួយ​ចំនួន»​ដែល​មិន​ព្រម​ចាក​ចេញ​ពី​ដី​របស់​ពួកគេ​នោះ លោក​ឧកញ៉ា​អះអាង​ថា​ លោក​មិន​មាន​គម្រោង​បណ្តេញ​ពួកគេ​ចេញ​នោះទេ តែ​លោក​មាន​បំណង​បន្ត​ធ្វើ​ការ​«បញ្ចុះ​បញ្ចូល»​ពួកគេ...។ អ្នក​ទាំង​នេះ​ទាម​ទារ​ចង់​​រស់​នៅ​ក្នុង​តំបន់​ដដែល ឬ​ក៏​សំណង​ជា​ទឹក​ប្រាក់​សម​រម្យ​ទៅ​នឹង​ការ​ចាក​ចេញ​របស់​ពួកគេ​។ ជម្លោះ​នេះ​បាន​រាំង​ស្ទះ​ការ​ចាប់​ផ្តើម​ការងារ​សាង​សង់​ និង​បង្ក​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​សំណាក់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ជា​ច្រើន។ អង្គការ​ទាំង​នេះ​បានរិះគន់​ជា​ប្រចាំ​អំពីការ​គាប​សង្កត់ និង​ការ​បំភិតបំភ័យ​​ទៅលើ​ប្រជាពលរដ្ឋ​ដែល​បដិសេធ​មិន​ព្រម​ចុះ​ញ៉ម​នឹង​អ្នក​ជំនួញ​មាន​ឥទ្ធិពល​ម្នាក់​នេះ (សូម​អាន​អត្ថបទ​ក្នុង​ប្រអប់​ខាង​ក្រោម)។

 

ឧកញ៉ា​ល្អ និង​ឧកញ៉ា​អាក្រក់
បើ​ទោះ​ជា​ឧកញ៉ា​ជាច្រើន​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​ពាក់​ព័ន្ធ​នឹង​បញ្ហា​​ដីធ្លី​ក៏ដោយ តែ​លោក​​ចង់​កែ​ថា គេ​មិន​ត្រូវ​ទម្លាក់​កំហុស​ទៅ​លើ​ឧកញ៉ា​ទាំង​អស់​នោះ​ទេ​។ លោក​ស្រី សុធា សង្កត់​ធ្ងន់​ថា៖ «យើង​មិន​អាច​ស្តី​បន្ទោស​ម្ខាង​ៗ​បាន​ទេ​។ យើង​មិន​ត្រូវ​គិត​ថា​គ្រប់​ឧកញ៉ា​ទាំង​អស់​សុទ្ធ​តែ​អាក្រក់​នោះ​ទេ​។ ​មាន​ព្រះ​សង្ឃ​ខ្លះ​ល្អ​ ខ្លះ​មិន​ល្អ មានអ្នក​កាសែត​ល្អ អ្នក​កាសែត​អាក្រក់ មានពលរដ្ឋ​ល្អ​ ពលរដ្ឋ​អាក្រក់​ ហើយ​ក៏មានឧកញ៉ា​ល្អ​ និង​ឧកញ៉ា​អាក្រក់​ដូច​គ្នា​ដែរ​!​» ។ លោក​អះ​អាង​ថា លោក​មាន​ការ​ខក​ចិត្ត​ចំពោះ​កង្វះ​វិជ្ជាជីវៈ​របស់​អ្នក​កាសែត​ជា​ច្រើន​ដែល​បើ​តាម​រូប​លោក ពួកគេ​តែង​តែ​មានភាពលម្អៀង​ដោយ​ធ្វើ​ការ​សម្ភាសន៍​តែ​ភាគី​ម្ខាង​នៃ​ជម្លោះ​។ លោក​មាន​ប្រសាសន៍​ដោយ​ឥត​លាក់​លៀម​ថា ដោយសារ​តែ​​បញ្ហារឿងដីក្រហមនេះនៅលើទំព័រសារព័ត៌មាន ធ្វើ​អោយ​លោក​នឿយ​ណាយ​រហូត​ទាល់​តែ​លោកគ្រោង​សាង​ភ្នួសម្តង​ទៀត​នៅ​ឆ្នាំ​២០១២ ​។

 

កូនសោរ​នៃ​ជោគ​ជ័យ​
លោក​ឧកញ៉ា​មាន​ប្រសាសន៍​ប្រកប​ដោយ​មោទនភាព​ថា ៖ «ជោគ​ជ័យ​របស់​ក្រុមហ៊ុន​7NG នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ដូច្នេះ គឺ​ដោយសារ​កត្តា​ពីរ​យ៉ាង គឺទី១​សមត្ថភាព​ក្នុង​ការ​ប្រមើល​មើល​ពី​តម្រូវ​ការ​របស់​ទីផ្សារ និងការ​ប្រើ​​យុទ្ធសាស្រ្ត​ឈ្នះ-ឈ្នះ​។ ទាំង ប្រជាពលរដ្ឋ ទាំង ក្រុមហ៊ុន គឺ​ឈ្នះ​ទាំង​អស់​គ្នា​!»។ លោក​ក៏​ជា​ជំនួយ​ការ​របស់​លោក​ឯម សំអាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ផងដែរ​។ សមាជិក​គ្រួសារ​លោក​ទាំង​អស់​សុទ្ធ​តែចូល​ប្រឡូក​ក្នុង​ការ​ងារ​ជំនួញ។ ម្យ៉ាងទៀត លោក​អះអាង​ថា កូន​៤​នាក់​ក្នុង​ចំណោម​កូន​ទាំង​៧​របស់​លោក​បាន​ចូល​ធ្វើ​ការ​ក្នុង​ផ្នែក​ផ្សេងៗ​របស់​ក្រុមហ៊ុន ហើយ​កូន​ប្រុស​ច្បង​របស់​លោក​ទទួល​តំណែង​ជា​​អ្នក​គ្រប់​គ្រង​។ ទើប​តែ​អាយុ​២៨​ឆ្នាំ​សោះ កូន​ច្បង​លោក​អាច​គ្រប់​គ្រង​បុគ្គលិក​ប្រមាណ ៣០០​នាក់​ទៅ​ហើយ​។

ក្រៅ​ពី​ក្រុមហ៊ុន​7NG លោក​ស្រី​ សុធា គឺ​ជា​ម្ចាស់​រោង​ចក្រ​កាត់​ដេរ​មួយ​កន្លែង​ដែល​លោក​បាន​ជួល​ទៅ​អោយ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​។ លោក​បាន​អោយ​ដឹង​ថា រោងចក្រ​នេះ​មាន​កម្មករ កម្មការិនី​មក​ពី​តំបន់​ដី​ក្រហម​ និង​តំបន់​ជុំ​វិញ​នោះ​បម្រើ​ការ​ងារ​ចំនួន​ ប្រមាណ ១ ៩០០​នាក់​។

លោក​ឧកញ៉ា​បាន​បញ្ចប់​កិច្ច​សន្ទនានៅ​ថ្ងៃ​នេះ​​ជាមួយ​នឹង​ពាក្យ​ស្លោក​មួយ​ឃ្លា​ថា ៖ «ខ្លួនទីពឹងខ្លួន»។

 


 ដំបូន្មាន​បីប្រការ​សម្រាប់​យុវជន
តាម​រយៈបទ​ពិសោធន៍​ដ៏​ច្រើន​របស់​ខ្លួន លោក​ស្រី សុធា បាន​ផ្តល់​ដំបូន្មាន​បី​សម្រាប់​យុវជន​ដែល​ចង់​ដើរ​តាម​គំរូ​របស់​លោក : សន្សំភាពត្រឹមត្រូវក្នុងជីវិត តាំងពីលុយកាក់ ចេះវិភាគស្ថានភាពសង្គម-សេដ្ឋកិច្ច​ និង​ដើម្បីស្វែងយល់ពី​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ និង​ត្រូវ​មាន​​មិត្តភក្តិល្អៗ ​។ អ្នក​ជំនួញ​រូប​នេះ​បាន​ពន្យល់​ថា ៖ «ប្រសិន​បើ​យើង​ខ្ចី​គេ​១០ យើង​ត្រូវ​សង​គេ​១០​វិញ មិន​មែន​៧​នោះ​ទេ​។ យើង​ត្រូវ​ធ្វើ​អ្វី​ស្រប​ច្បាប់​។ ជៀស​វាង​ល្បែង​ស៊ីសង ពី​ព្រោះ​វា​មិន​ដែល​នាំ​មក​នូវ​ទ្រព្យ​សម្បត្តិ​នោះ​ទេ!»។ ទោះ​យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា កាស្វែងរកមិត្តភក្តិល្អវា​«ពិបាក»​នៅ​ក្នុង​ការ​អនុវត្ត​តាម​ដំបូន្មាន​ទី​៣​របស់​លោក​ ។ កាស្វែងរកមិត្តភក្តិល្អគឺអាស្រ័យលើសមត្ថភាពផ្ទាល់ខ្លួនរបស់មនុស្ស ម្នាក់ៗ ។ មិត្តល្អគឺអាចជួយផ្តល់យោបល់ ផ្តល់ដើមទុនរកស៊ី និងសិក្សាទីផ្សារ ។


 

ស្ថិត​នៅក្រោមការ​រិះគន់
ចាប់តាំង​ពី​មាន​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​តំបន់​ដី​ក្រហម ជាមួយនឹង​ក្រុមហ៊ុន 7NG រួច​មក បណ្តា​អង្គការ​ការពារសិទ្ធិមនុស្ស​ជាច្រើន​ ដែល​ក្នុង​ចំណោម​នោះ អង្គការ​លីកាដូ មិនបាន​គិត​ថា​លោក​ ស្រី សុធា គឺ​ជា​សប្បុរស​ជន​នោះទេ។ អង្គការ​ទាំង​នោះ​បានរិះគន់​ចំពោះការ​គាប​សង្កត់​ប្រជាពលរដ្ឋអស់​រយៈពេល​ ​បីឆ្នាំ ​ពីសំណាក់​​​​ក្រុមហ៊ុន​​របស់លោកឧកញ៉ា​ ដើម្បី​បង្ខំ​ពួកគេ​អោយ​ប្រគល់​​ដីធ្លី​របស់​ខ្លួនទៅអោយ​ក្រុមហ៊ុន 7NG ជាថ្នូរ​នឹង​​​ផ្ទះល្វែង​ថ្មីៗនៅ​ជាយ​ក្រុងភ្នំពេញ ចម្ងាយ​២០គីឡូម៉ែត្រ​ពីកណ្តាល​ក្រុង រឺមួយក៏​ទឹកប្រាក់​ដែលមាន​កំរិត​ទាប​ជាង​តម្លៃដី​​នៅលើ​​​ទីផ្សារ។ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​លោក​ ស្រី សុធា បដិសេធទាំង​ស្រុង​​ ដោយ​បញ្ជាក់​ថា «ការចរចារ» ​នៅតែ​បន្ត​ធ្វើ​ឡើង​រវាង​​ក្រុមហ៊ុនរបស់​លោក ជាមួយ​នឹង​ «គ្រួសារ​ខ្លះៗ» ដែល​បន្ត​ព្យាយាម​ការពារ​ដីធ្លីរបស់ខ្លួន​​នៅ​តំបន់​ដីក្រហម​នេះ។

 



សូមអានបន្ថែម

 

- វិភាគទានដើម្បីក្លាយជាឧកញ៉ា ​ ដោយ ដួង សុខា (14 /04 ​/ 2008)