Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 21 αžœαž·αž…αŸ’αž†αž·αž€αžΆ 2008
αž˜αŸ‰αŸ„αž„ 01:39 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Ceux Qui Marchent Debout (concert)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @06:00 - :0900:
Danses Apsara
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @07:00 - :0800:
"Sauvez l'ιcosystθme" (documentaires)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @08:00 - :1000:
50e anniversaire d'Enfants du Mιkong (Paris)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 - αžœαž·αž…αŸ’αž†αž·αž€αžΆ  22
L'oiseau de paradis
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 @04:00 - :0531:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

នៅកម្ពុជា ការស៊ើបអង្កេតករណីឃាតកម្មលើអ្នក កាសែតឃឹម សម្បូរណ៍ មានលក្ខណៈពិសេស ពីករណីទូទៅ?
αžŠαŸ„αž™ ដួង សុខា   
Convertir en PDF Version imprimable SuggΓ©rer par mail
01-09-2008

Phnom Penh - Cambodge - Khem Sambo - funιrailles © John Vink / Magnum  

 ភ្នំពេញ (ប្រទេសកម្ពុជា) ថ្ងៃទី១៣ កក្កដា ២០០៨៖ ពិធីបុណ្យសពរបស់អ្នកកាសែត ឃឹម សម្បូរណ៍ និងកូនប្រុសរបស់គាត់ ដែលត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី១១ កក្កដា

© ចន វីង / Magnum 

ថ្ងៃ១១ កក្កដា កន្លងទៅ អ្នក​កាសែត​ឃឹម សម្បូរណ៍ និងកូនប្រុស​អាយុ​២១​ឆ្នាំ​បាន​ត្រូវ​មនុស្ស​​មិន​ស្គាល់មុខ​បាញ់​ប្រហារ ខណៈពេល​ដែល​អ្នក​ទាំង​ពីរ​​ជិះ​ម៉ូតូ​ចេញ​ពី​ពហុ​កីឡាដ្ឋាន​​ជាតិ​អូឡាំពិក​។ ឃាតកម្ម​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ព្រឹត្តិការណ៍​ចាប់​ឃុំខ្លួន​​លោក​​ដាំ​ សិទ្ធិ​ និពន្ធ​នាយក​​កាសែត​មនសិកា​រខ្មែរ​អស់​រយៈពេល​១សប្តាហ៍។ មនសិការ​ខ្មែរ​គឺ​ជា​កាសែត​ស្និទ្ធ​នឹង​គណបក្ស​សម រង្ស៊ី (PSR) ហើយ​​លោក​ឃឹម សម្បូរណ៍​ ធ្វើការ​នៅ​ក្នុង​ ​កាសែត​នេះ​។ លោក​ដាំ​ សិទ្ធិ​ ត្រូវ​គេ​ចាប់ឃុំខ្លួន​ដោយសារ​មាន​ពាក្យ​បណ្តឹង​ពី​បទ​បរិហារកេរ្តិ៍​ និង​ការ​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​មិន​ពិត​ ដែល​ធ្វើ​ឡើង​ដោយ​​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​។ សមាគម អង្គការ​ការពារសិទ្ធិមនុស្ស​ និង​គណបក្ស​នយោបាយ​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​​ម្នាក់​​ម្តងៗ​អំពើ​ឃាតកម្ម​នេះ​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។ ពួកគេ​បាន​អំពាវនាវ​ធ្វើ​យ៉ាងណា​អោយ​ជន​ដៃដល់​ត្រូវ​ចាប់​ខ្លួន​ និង​យក​មកផ្តន្ទាទោស​ ​តាម​​ច្បាប់​។ សម្រាប់ពេល​នេះ ជនល្មើស​នៅ​តែ​​មាន​សេរីភាព។

 

ការស៊ើប​អង្កេត​«បន្ត​ធ្វើ»
រយៈពេល​ពីរបីថ្ងៃ​ក្រោយសោក​នាដ​កម្ម​​នេះ ការិយាល័យ​សហព័ន្ធ​ស្រាវ​ជ្រាវ​​​អាមេរិក(FBI )​ ដែល​បាន​បើក​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ចុង​ខែ​មករា បាន​ជួយដល់​អាជ្ញាធរ​កម្ពុជា​នៅក្នុង​ការស៊ើប​អង្កេត​។ សំណើនេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​យល់​ព្រម​ទ​ទួល​យក​ជា​លើក​ទី១ និង​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​ខ្លាំង​ទាំង​ក្នុង​ស្រទាប់​អ្នក​នយោបាយក៏ដូចជា​អ្នក​តំណាង​​សង្គម​ស៊ីវិល ទាំង​គ្រួសារ​សពលោកឃឹម សម្បូរណ៍។

សឹង​តែ​ពីរ​ខែ​ក្រោយ​មក សំណុំ​រឿង​ហាក់​មិន​រីក​ចម្រើន​ទៅមុខ​សោះ។ នៅ​ក្នុងសន្និសីទ​សារព័ត៌មាន​ នៅថ្ងៃ​ច័ន្ទ ទី​២៥ ខែ​សីហា លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ចូសេហ្វ មូសូមេលី អះអាងថារង់ចាំ​ការ​ស្នើ​ជាក់​លាក់​​​ពីរដ្ឋាភិបាល​​ក្រុង​ភ្នំពេញ និង​ជាពិសេស​ពី​នគរបាល​កម្ពុជា។

ប៉ុន្តែ លោក​ទូច ណារ័ត្ន​ ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ ប្រាប់​អោយ​ដឹងថា នៅ​ថ្ងៃសុក្រ ទី​២៩ ខែ​សីហា កិច្ច​ប្រជុំ​មួយ​ត្រូវ​បានធ្វើ​ឡើង​រវាង​នគរបាល​កម្ពុជានិង​FBI ហើយ​ភាគី​ទាំងពីរ​បាន​ពិភាក្សា​ពី​មូលដ្ឋាន​នៃ​កិច្ច​សហការ និង​​ពី​បែប​បទ​នៃ​ការ​ជួយ​ជ្រោម​ជ្រែង​របស់​ FBI។

សម្រាប់​លោក​ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌនៃ​ក្រសួង​មហាផ្ទៃ​​ «ការ​ស៊ើប​អង្កេត​កំពុង​ដំណើរការ»​ ហើយ​រហូត​មក​ទល់​ថ្ងៃ​នេះ នគរ​បាល​មាន​«ភស្តុតាង​ច្រើន​គួរ​សម​»។ មន្រ្តី​នគរបាល​រូប​នេះ​អះអាងថា៖ «យើង​កំពុង​ស្វែង​រក​សាក្សី​នៅ​កន្លែង​កើត​ហេតុ​​បន្ថែម​​ទៀត​»។ លោក​បញ្ជាក់ថា ការ​ស៊ើប​​អង្កេត​ក៏​ផ្តោត​​​ទៅ​លើ​កូន​ប្រុស​​របស់​លោក​ឃឹម សម្បូរណ៍ គឺ​ខាត់​ សារិន​ភាតា ជានិស្សិត​ម្នាក់​។

លោក​ទូច ណារ៉ុត បន្ថែម​ថា៖ «រូប​របស់​ជន​សង្ស័យ​ត្រូវ​បាន​គូរ​រួច​ហើយ​»។​ កាល​​ពី​ថ្ងៃ​១៥ កក្កដា​កន្លង​ទៅ លោក​ស្នងការ​ធ្លាប់​ផ្តល់ការ​សន្និដ្ឋាន​​​ដំបូងៗ​របស់​​លោកដល់​កាសែត(Ka-set)។ លោក​លើក​ឡើង​ថា​ វា​អាច​៧០%​ជា​ករណី​គំនុំ «ដោយសារ​ជនដៃដល់​មិន​បាន​យក​ម៉ូតូ​ដែល​ជន​រង​គ្រោះ​បើក» ហើយ​៣០​%អាច​ជា​ករណី​ប្លន់​ប្រដាប់​អាវុធ​ «ដោយសារ​ជន​ដៃ​ដល់​គ្មាន​ឱកាស​យក​ម៉ូតូ»​ដោយ​មើល​ហេតុការណ៍ពេលនោះ...

ចំណែកលោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន  និង​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​ ស្នើ​សុំ​កុំ​អោយ​ផាត់​ពណ៌​​នយោបាយទៅ​លើ​រឿង​នេះ ហើយ​ណែនាំ​ថា នៅពេល​ខាង​មុខ​ FBI​ ត្រូវ​ចូល​រួម​ស៊ើបអង្កេត​​អំពី​ឃាតកម្ម​លើ​អ្នក​កាសែត។ លោក​រដ្ឋមន្ត្រី​ផ្តល់​អំណះ​អំណាង​ថា៖ «ធ្វើ​ដូច្នេះ​អាច​អោយ​យើង​ជៀស​ផុត​ពី​ការរិះគន់​​ដែល​ថា​យើង​អូសបន្លាយ​ការស៊ើប​អង្កេត ហើយ​មិន​ចង់​រក​ឃាតករ​។ ប្រសិនបើ​ FBI ចាប់​បាន​ជន​ដៃដល់ គ្មាន​អ្នក​ណា​ចោទ​ប្រកាន់​ថា​ពួកគេ​ចាប់​ឃាតក​រ​​ក្លែង​ក្លាយ​នោះទេ»។ ​

មតិសាធារណៈ​ ជាពិសេស​អ្នក​អង្កេត​ការ​​​សិទ្ធិមនុស្ស​ អំពាវនាវ​អោយ​មាន​​ការ​ស៊ើប​អង្កេត​យ៉ាង​​ឆាប់​រហ័ស​​មុន​នឹង​ភស្តុតាង​សំណុំ​រឿង​បាត់​បង់​អស់។​ លោក​ចាន់ សុវ៉េត​ អ្នក​​ស៊ើប​អង្កេត​ការណ៍​ជាន់​ខ្ពស់​​របស់​សមាគមសិទ្ធិមនុស្ស​អាដហុក ចោទសួរថា៖ «ទោះ​បី​មាន​ជំនួយ​ពី​ FBI តើ​មន្រ្តី​នគរបាល​និង​ FBI ​ស៊ើប​អង្កេត​ចេញ​ពី​ភស្តុតាង​អ្វី ? FBI អាច​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នេះ​ជា​សាធារណៈ​ដែរទេ ?»។

ឃាតកម្ម​ជាប់​ពាក់កព័ន្ធ​នឹង​អត្ថបទ​រិះគន់របស់​​លោកឃឹម សម្បូរណ៍
សមាគម​អាដហុក ដែល​ជា​អង្គការ​សំខាន់​មួយ​ក្នុង​ចំណោម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ខ្លួន​ឯងផ្ទាល់ តាមរយៈ​ការ​ពិនិត្យ​​ការរៀប​រាប់​របស់​​សាច់ញាតិ​ជន​រង​គ្រោះ និងរឿង​រ៉ាវ​រៀប​រាប់​ដោយ​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក។ សេចក្តីសន្និដ្ឋាន​យ៉ាងណា ? ពិតណាស់ គ្មាន​អ្វី​បញ្ជាក់ថា​វា​គ្រាន់តែ​ជា​រឿង​គំនុំ​នោះឡើយ។

លោក​ចាន់ សុវ៉េត សន្និដ្ឋាន​ថា «ដោយ​ផ្អែក​លើ​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​គណបក្ស​​នយោបាយ​នានា​ និង​សង្គម​ស៊ីវិល យើង​អា​ចនិយាយថា ឃាតកម្ម​លើ​លោក​​ឃឹម សម្បូរណ៍ គឺ​មានទំនាក់​ទំនង​នឹង​ការងារ​​​​គាត់​ជា​អ្នក​កាសែត។ គាត់​ដឹង​រឿង​ច្រើន ហើយ​រិះគន់​រដ្ឋាភិបាល​ជាប្រចាំ​នៅ​ក្នុង​អត្ថបទ​របស់គាត់។ ម្យ៉ាង​វិញ​ទៀត ឃាតកម្ម​នេះ​កើត​ចំ​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ ហើយ​លោក​បានសរសេរ​អត្ថបទ​សម្រាប់​កាសែត​​មាន​ប្រជាប្រិយ​ខាង​គាំទ្រ​គណបក្ស​ប្រឆាំង​​សម រង្ស៊ី»។

ស្រ្តី​អ្នកជិត​ខាងម្នាក់​នឹង​ជន​រងគ្រោះ​បាន​អះអាងថា លោក​ឃឹម សម្បូរណ៍​ មិន​ដែល​មាន​រឿ​ង​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​អ្នក​ជិត​ខាង​ទេ។ ប៉ុន្តែ ដោយសាររក​ឃើញ​​​សាក្សី​​នៅកន្លែងកើត​ហេតុ​មិន​មាន​ច្រើន​ សមាគម​អាដហុក​ក៏​បន្ត​ការ​ស៊ើប​​​អង្កេត​របស់​ខ្លួន និង​តាម​មើល​ការ​ស៊ើប​អង្កេត​ធ្វើ​ឡើង​រួម​គ្នា​ដោយ​អាជ្ញាធរ​កម្ពុជា និង​ FBI។

លោក​ដាំ សិទ្ធិ និពន្ធនាយក​កាសែត​មនសិការ​ខ្មែរ នៅ​ស្ទាក់​ស្ទើរក្នុង​ការ​និយាយ​ពី​​មូលហេតុ​ដែល​អាច​បង្ក​ជា​ឃាតកម្ម​លើ​អ្នក​កាសែត​ឃឹម សម្បូរណ៍​ក៏ដោយ ប៉ុន្តែ​​លោក​ចាំ​ថា ​មួយ​រយៈមុន​ពេល​លោក​​ឃឹម សម្បូរណ៍​ស្លាប់ គាត់​ធ្លាប់​សរសេរ​​«អត្ថបទ​វិភាគ​ស្ថានការណ៍​បោះឆ្នោត អត្ថបទ​ស្តី​ពី​ជម្លោះ​នៅ​ប្រាសាទ​ព្រះវិហារ និង​បញ្ហា​សន្តិសុខ​នៅ​ទីក្រុង​ភ្នំពេញផងដែរ»។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​ថ្ងៃ​១៦ កក្កដា ការិយាល័យ​ឧត្តម​ស្នង​ការ​​សិទ្ធិមនុស្ស​ប្រចាំកម្ពុជា ធ្លាប់​រម្លឹក​ផងដែរថា ពីរបី​សប្តាហ៍​មុន​ការ​ស្លាប់​របស់​​លោក​​ឃឹម សម្បូរណ៍ អ្នកកាសែត​រូបនេះ​បាន​សរសេរ​អត្ថបទ​ជាច្រើន​រិះគន់​ចំទៅ​លើ​គណបក្ស​កាន់​អំណាច គណបក្ស​ប្រជាជនកម្ពុជា​

មនសិការ​ខ្មែរមានស្ថានភាព​​​គួរ​បារម្ភ ប៉ុន្តែ​មាន​គោលការណ៍ច្បាស់​លាស់
លោក​ដាំ សិទ្ធិ ដែល​សោកសៅ​ដោយសារ​ឃាតកម្ម​លើ​មិត្ត​រួមការងារ​របស់​លោក មើល​ឃើញថា ឃាតកម្ម​នេះ​គឺ​ជា​«ការគំរាមកំហែងដ៏​​ធ្ងន់​ធ្ងរ»​មួយ​ទៅ​លើ​កាសែត​របស់គាត់។ រូប​លោក​ផ្ទាល់​ត្រូវ​បាន​ជាប់​ឃុំ​ពីថ្ងៃ​ទី​៨ដល់​ថ្ងៃ​ទី​១៥​មិថុនា​ បន្ទាប់​ពី​មានពាក្យ​បណ្តឹង​ធ្វើ​ឡើង​ដោយ​មេធាវី​របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ហោ ណាំហុង​ ពីបទ​បរិហារកេរ្តិ៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ មេ​ដឹកនាំ​ផ្នែក​ការទូត​រូបនេះ​បាន​ប្តឹង​លោក​ថា​បាន​ចុះផ្សាយ​សម្តី​របស់មេដឹកនាំ​បក្ស​ប្រឆាំង សម រង្ស៊ី ដែល​ចោទ​ប្រកាន់​លោក​រដ្ឋមន្ត្រី​ជា​សាធារណៈថា​ជា​អ្នក​គ្រប់គ្រង​មន្ទីរ​អប់រំកសាង​បឹងត្របែក នៅក្នុង​សម័យ​​ប៉ុល ពត។ នៅ​ទីបំផុត លោក​ដាំ សិទ្ធិ ក៏​ត្រូវ​បាន​ដោះ​លែង​បណ្តោះអាសន្ន​បន្ទាប់​ពី​មាន​អន្តរាគមន៍​ពីសម្តេច​​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែលបាន​​ធានា​ខ្លួន​លោក​ដាំ​ សិទ្ធ។

លោក​ដាំ​ សិទ្ធិ សោក​ស្តាយថា៖ «ខ្ញុំ​គ្មាន​ទាំង​ឱកា​ស​បានជួបលោក​​ឃឹម សម្បូរណ៍​​​ផង​បន្ទាប់​ពី​ខ្ញុំ​ចេញ​ពីគុក»។ លោក​មិន​លាក់​លៀមទេ​ពី​ការព្រួយ​បារម្ភ​របស់​លោក​ចំពោះ​បញ្ហា​សន្តិសុខ​ខ្លួន​លោក​ផ្ទាល់ និង​របស់សមាជិក​ក្នុង​ក្រុម​កាសែត​របស់​លោក​។ និពន្ធ​នាយក​រូប​នេះ​គិតថា ចាប់​តាំង​ពី​ឃាតកម្ម​លើ​លោក​ឃឹម សម្បូរណ៍មក អ្នក​កាសែត​ម្នាក់​ទៀត​បាន​សុំ​ឈប់​ «ប្រហែល​មក​ពីបញ្ហា​សុវត្ថិភាព»។

អ្នក​កាសែត​ម្នាក់​របស់​កាសែត​មនសិការ​ខ្មែរ សុំ​មិន​បញ្ចេញឈ្មោះ ដោយ​សារភាពថា សព្វថ្ងៃ​គាត់​មាន​ការ​ប្រយ័ត្ន​​រហូត​គិតពិចារណា​ច្រើនដង​​មុន​នឹង​​ចាប់​ផ្តើម​សរសេរ​អត្ថបទ​មួយ​។ លោក​រៀប​រាប់​ថា៖ «គ្រប់គ្នា​ដូច​ខ្ញុំ​ដែរ មិត្ត​រួម​ការងារ​របស់ខ្ញុំ​បង្កើន​ការប្រុង​ប្រយ័ត្ន​។ ឧទាហរណ៍ យើង​មិននៅ​ក្នុង​ការិយាល័យ​ដល់​យប់​ទេ។ ​គ្រួសារខ្ញុំ​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​​ខ្ញុំ​​អោយ​ផ្លាស់​ប្តូរ​ការងារ​​។ ខ្ញុំ​កំពុង​គិត​ពី​រឿង​នេះ។ ប៉ុន្តែ​អាជីព​​​នេះ​ខ្ញុំ​ស្រឡាញ់​ខ្លាំង​ណាស់​! មិត្ត​ភក្តិ និង​អ្នក​រួមការងារ​លើក​ទឹក​ចិត្ត​ខ្ញុំ​អោយ​ប្រុង​ប្រយ័ត្ន ត្រូវ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ និង​ពិគ្រោះ​ជាមួយនិពន្ធ​នាយក​នៅពេល​មាន​ប្រធាន​បទរស៊ើប​ខ្លាំង ពីព្រោះវា​ប៉ះពាល់​ដល់​ឥស្សរជន​ខ្ពស់ៗ»។ បន្ទាប់មក​លោក​អំពាវនាវ​អោយ​អាជ្ញាធរ​ចាប់​ជន​ដៃដល់​ពិត​ដាក់​ពន្ធនាគារ។

លោក​ដាំ សិទ្ធិ ដែល​ជា​សមាជិក​គណបក្ស​សម រង្ស៊ី​ដែរនោះ តែង​តែ​បដិសេធ​មិន​ផ្លាស់ប្តូរ​គោល​ការណ៍​នៃ​ការ​តែង​និពន្ធ​កាសែត​របស់​ខ្លួន​ឡើយ។ សន្លឹក​ក្រដាស​សខ្មៅ​ចំនួន​៤ទំព័រ​របស់​មនសិការ​ខ្មែរ ដែល​ចេញ​ផ្សាយ​តាំង​ពី​ថ្ងៃ​ទី៤ ខែសីហា ឆ្នាំ​១៩៩៤ តែង​តែ​រិះគន់​ទៅ​លើ​គណបក្ស​ប្រជាជនកម្ពុជា ហើយ​ជាពិសេស​គឺ​រដ្ឋាភិបាល​របស់​សម្តេច​​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។ ម្យ៉ាង​វិញទៀត បច្ចុប្បន្ន កាសែត​នេះ​ចុះ​ផ្សាយ​គ្មានលោះ​ថ្ងៃ​ពី​ការ​បរិហារ​របស់គណបក្ស​ប្រឆាំងទាក់​ទង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ថ្ងៃ២៧ កក្កដា។ បើ​គេ​ចង់​អោយ​មនសិការ​ខ្មែរ ផ្លាស់​ប្តូរ​គោលការណ៍​នៃ​ការ​និពន្ធ​របស់​ខ្លួន​គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ឡើយ។

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

ឃឹម សម្បូរណ៍ បុរសម្នាក់​គួរ​អោយ​សរសើរ
លោក​ដាំ​ សិទ្ធិ និពន្ធនាយក​កាសែត​មនសិការ​ខ្មែរ​ បាន​និយាយពីលោក​ឃឹម សម្បូរណ៍ ថា៖​«គាត់​គឺ​ជាមនុស្ស​ល្អ មាន​វិជ្ជា​ជីវៈល្អ អោយ​អត្ថបទ​​ទៀង​ពេល​។ គាត់​ចាត់​ទុក​ពួក​យើង​ដូច​ជា​សាច់​ញាតិ​»។ លោក​ឃឹម សម្បូរណ៍​ បាន​ធ្វើការ​ជាមួយ​លោក​ដាំ សិទ្ធិ តាំង​ពី​ចុង​ឆ្នាំ​១៩៩៧​មក។


ចំណែក​ប្អូន​​ប្រុស​របស់​លោក​ឃឹម សម្បូរណ៍ ឈ្មោះ​ឃឹម ឡូរ៉ង់​វិញ បាន​ពិពណ៌នា​បង​ប្រុស​​ថា​​«ជា​មនុស្ស​គួរ​អោយ​ស្រឡាញ់​របស់​​គ្រួសារ និង​មិត្តភក្តិ» ហើយ​គាត់​តែង​តែ​ធ្វើ​អោយ​គ្រប់​​គ្នា​មាន​អារម្មណ៍សប្បាយ​។ លោក​ឃឹម ឡូរ៉ង់ រៀបរាប់​ទាំង​ស្រណោះ​អាល័យ​បង​ប្រុស​ថា៖ «ពេល​មាន​ជម្លោះ ​គ្រួសារ​​គឺ​គាត់​​ជាអ្នកប្រមែ​ប្រមូល​ពួក​យើង​មក​ដោះ​ស្រាយ​បញ្ហា»​។ លោក​អោយ​ដឹង​ទៀត​ថា គ្រួសារ​របស់​លោក​រស់​នៅ​ក្នុង​ការភ័យខ្លាច​ចាប់​តាំង​ពីមាន​ឃាតកម្ម​នោះ​មក។


សកម្មជន​សិទ្ធិមនុស្ស​ជាច្រើន​​រិះគន់​ពី​និទ្ទណ្ឌភាព​ដែល​ការពារ​អ្នក​មាន​អំណាច​នៅ​កម្ពុជា ហើយ​ប្រជាពលរដ្ឋ​ធម្មតា​គ្មាន​សិទ្ធិ​ទទួល​​បាន​អំពើ​យុត្តិធម៌ ដូចជា​អ្នក​កាសែត​ អ្នក​នយោបាយ​ មេដឹកនាំ​សហជីព​ដែល​ត្រូវ​គេ​សម្លាប់​។ ខាងក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​អ្នក​កាសែត​កម្ពុជាត្រូវ​គេ​ធ្វើ​ឃាត ជួន​កាល​គ្មាន​ការ​បំភ្លឺ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ ហើយ​អ្នក​ប្រព្រឹត្តឧក្រិដ្ឋកម្ម​​មិន​ត្រូវ​បាន​ កាត់ទោស​ចំពោះ​មុខ​ច្បាប់​ទេ​រហូត​មក​ដល់​ថ្ងៃនេះ។
- លោកនួន ចាន់ និពន្ធ​នាយក​កាសែត​សំឡេង​យុវជន​ខ្មែរ ត្រូវ​គេ​បាញ់​សម្លាប់ នៅ​ទីក្រុង​ភ្នំពេញ​ថ្ងៃ​ទី​៧ កញ្ញា ១៩៩៤។
- លោក​សៅ ចាន់តារា អ្នក​កាសែត​របស់​កោះសន្តិភាព ត្រូវ​គេចាញ់​​​ប្រហារសម្លាប់​នៅ​កំពង់ចាម កាលពីថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​១៩៩៤។
- លោកធន់ ប៊ុនលី និពន្ធនាយក​របស់​កាសែត ឧត្តមគតិខ្មែរ ត្រូវ​គេ​លួច​បាញ់​សម្លាប់​នៅ​ទីក្រុ​ង​ភ្នំពេញ​នៅថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​១៩៩៦។ នៅ​ឆ្នាំ​១៩៩៥ លោក​ត្រូវបាន​គេ​ប្តឹង និង​ផ្តន្ទា​ទោស​ពីរ​ដង​ដោយសារ​ការ​សរសេរ​អត្ថបទ​រិះគន់​រដ្ឋាភិបាល​។
- លោកធូ ចាន់​មង្គល និពន្ធនាយក​កាសែត អន្តរាគមន៍ ​ត្រូវ​គេ​ធ្វើ​ឃាត​នៅថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ​១៩៩៤។
- លោក​ពេជ្រ អែម អ្នក​បច្ចេកទេស​នៅ​ស្ថានីយ៍​ទូរទស្សន៍​ជាតិ ទទក ប្រចាំ​ក្រុង​ព្រះ​សីហនុ​ ត្រូវ​គេ​ធ្វើ​ឃាតនៅ​ទីក្រុង​ព្រះសីហនុ នៅថ្ងៃ​ទី៥ ខែឧសភា ឆ្នាំ​១៩៩៧។

- ម៉ៃឃើល សឺនីញ័រ(Michael Senior) ជាង​ថតរូប​ឯករាជ្យ​ដើម​កំណើត​ខ្មែរ ត្រូវពួក​​ទាហានសម្លាប់​នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​១៩៩៧ ខណៈពេល​ដែល​លោក​ព្យាយាមថត​រូប​ក្រុមទាហាន​​លួច​​អីវ៉ាន់​នៅ​ក្នុង​ផ្សារ​មួយ​ក្នុង​ក្រុងភ្នំពេញ។
- លោក​អ៊ូ សារឿន​ អ្នក​យក​ព័ត៌មាន​របស់​កាសែតសំឡេង​រាស្រ្ត​ខ្មែរ ត្រូវ​គេ​លួយ​វាយ​ប្រហារ​​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​១៩៩៧។
- លោក​ជួរ ជេតថារិទ្ធិ៍ អ្នក​យកព័ត៌មាន​អោយ​វិទ្យុ​តាព្រហ្ម FM 90.5 ត្រូវ​គេ​លួច​ធ្វើឃាត​នៅពេល​មក​ដល់​ការិយាល័យនៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០០៣ នៅទីក្រុងភ្នំពេញ។


សូម​អាន​អត្ថបទ​របស់កាសែត
- ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ព្រួយ​បារម្ភ​ពី​លទ្ធិប្រជាធិបតេយ្យ (១៦-០៧-២០០៨)
- នគរបាល​ក្រុងភ្នំពេញ​ : ​ឃាតកម្ម​លើ​លោក​ឃឹម សម្បូរណ៍​​ ជា​ករណី​គំនុំ មិន​ពាក់​ព័ន្ធ​នឹង​នយោបាយទ (១៥-០៧-២០០៨)
- ការផ្កោល​ទោស​ជាឯកច្ឆ័ន្ទលើឃាតកម្ម​អ្នកកាសែត​កម្ពុជា ឃឹម សម្បូរណ៍ (១៤-០៧-២០០៨)
- អ្នក​​កាសែត​ប្រឆាំង​ម្នាក់ និង​កូនប្រុស​ត្រូវគេ​ធ្វើ​ឃាត​នៅ​ទីក្រុង​ភ្នំពេញ (១២-០៧-២០០៨)
- សេរីភាព​សារព័ត៌មាន​: រឿង​ពិបាក​ប៉ាន់ស្មាន​នៅកម្ពុជា? (០៥-០៥-២០០៨)

 


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir