|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ការពង្រឹងច្បាប់ដើម្បីគ្រប់គ្រងអាពាហ៍ពិពាហ៍ចម្រុះ ជាតិសាសន៍អោយបានល្អ |
| ααα ដួង សុខា | | | 26-05-2008 | បន្ទាយព្រៃ (កំពង់សោម) ថ្ងៃទី២៦ មិថុនា ២០០៤៖ ការរៀបអាពាហ៍ ពិពាហ៍របស់ជនជាតិចាម ។ អនុក្រឹត្យដែលកំពុងតាក់តែងនឹងតម្រូវអោយមង្គលការ ត្រូវប្រារព្ធធ្វើឡើងទៅតាមប្រពៃណីខ្មែរ។ © John Vink / Magnum ជាការឆ្លើយតបនឹងរបាយការណ៍របស់អង្គការអន្តោប្រវេសន៍អន្តរជាតិ (OIM) ចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ២០០៨ ដែលបង្ហាញពីទុរគតភាពរបស់ស្រ្តីខ្មែរដែលចាកចេញទៅរស់នៅប្រទេសកូរ៉េខាងត្បូងបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ចាប់បញ្ជល់ រដ្ឋាភិបាលកម្ពុជាបានសម្រេច កាលពីចុងខែមីនានេះ ផ្អាកជាបណ្តោះអាសន្នរាល់ការរៀបអាពាហ៍ពិពាហ៍រវាងស្រ្តីកម្ពុជាជាមួយនឹងជនបរទេស។ រដ្ឋាភិបាលបានពន្យល់ថា វិធានការនេះគឺធ្វើឡើងដើម្បីបង្ការការជួញដូរមនុស្ស។ បច្ចុប្បន្ន អនុក្រិត្យមួយកំពុងត្រូវបានរៀបចំតាក់តែង ដើម្បីគ្រប់គ្រងតឹងរ៉ឹងជាងមុនលើការរួមសម្ព័ន្ធមេត្រីចម្រុះជាតិសាសន៍នេះ។
ត្រួតពិនិត្យអោយបានត្រឹមត្រូវលើអាពាហ៍ពិពាហ៍ចម្រុះជាតិសាសន៍ អត្ថបទច្បាប់ថ្មីនេះរៀបចំតាក់តែងឡើងដោយក្រសួងជាច្រើន ដូចជាក្រសួងមហាផ្ទៃ ក្រសួងការបរទេស ក្រសួងកិច្ចការនារី ហើយវានឹងមកបំពេញចន្លោះប្រហោងនៃច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ក៏ដូចជាចន្លោះប្រហោងនៃអនុក្រិត្យស្តីពីអត្រានុកូលដ្ឋានផងដែរ។ លោកប្រុក សារឿន ប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ បានប្រកាសថា៖ «អនុក្រិត្យថ្មីនេះនឹងធ្វើអោយអាពាហ៍ពិពាហ៍កើតឡើងដោយស្ម័គ្រចិត្ត និងប្រារព្ធឡើងតាមប្រពៃណីខ្មែរ»។ លោកបន្ថែមអោយដឹងទៀតថា អត្តសញ្ញាណ និងពង្សាវតាគ្រួសារខាងកូនកម្លោះនឹងត្រូវត្រួតពិនិត្យយ៉ាងលម្អិតមុននឹងអនុញ្ញាតអោយរៀបអាពាហ៍ពិពាហ៍ជាមួយស្រ្តីខ្មែរ។ អ្នកច្បាប់រូបនេះប្រកាសដែរថា អ្នករកស៊ីធ្វើមេអណ្តើកនឹងមិនត្រូវបានអនុញ្ញាតទៀតទេ ពីព្រោះពួកគេគឺជាប្រភពនៃការជួញដូរមនុស្ស។ អង្គការក្នុងស្រុកមួយ ឈ្មោះអង្គការកម្ពុជាដើម្បីស្រ្តីមានវិបត្តិ(CWCC) ដែលចូលរួមការពារស្ត្រីកម្ពុជា បានអបអរសាទរគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ហើយក្នុងពេលជាមួយគ្នា មជ្ឈមណ្ឌលបានអំពាវនាវអោយដកបម្រាមលើអាពាហ៍ពិពាហ៍បែបនេះអោយបានឆាប់ ដើម្បីកុំអោយស្ទះគូស្នេហ៍ចម្រុះជាតិសាសន៍ទាំងឡាយដែលមានភាពស្របច្បាប់នោះ រង់ចាំយូរពេក។
ផ្តល់ការការពារដល់កូនក្រមុំ អ្នកស្រីនុព្វ សារិនស្រីរ័ត្ន អគ្គលេខាធិការរបស់ CWCC សង្កត់ធ្ងន់ថា៖ «ការអង្កេតលម្អិតលើកូនកម្លោះជាជនជាតិបរទេសទាក់ទងនឹងបញ្ហាការងារ ប្រាក់ចំណូល នឹងចរិតលក្ខណៈ គួរត្រូវធ្វើឡើង ដែលនេះគឺជាលក្ខខណ្ឌមួយសម្រាប់អាពាហ៍ពិពាហ៍ចម្រុះជាតិសាសន៍ ក៏ដូចជាត្រូវធ្វើការបញ្ច្រៀបព័ត៌មានដល់ស្រ្តីជាកូនក្រមុំអំពីវប្បធម៌ប្រទេសរបស់ស្វាមី ដែលនាងនឹងត្រូវទៅរស់នៅផងដែរ»។ អ្នកទទួលខុសត្រូវរូបនេះគូសបញ្ជាក់ទៀតថា ស្រ្តីខ្មែរដែលរៀបការចេញទៅរស់នៅតៃវ៉ាន់មានការលំបាកជាងអ្នកទៅកូរ៉េ(សូមអានត្រង់អត្ថបទបន្ថែម)។ ផ្អែកលើការអង្កេតមួយធ្វើឡើងដោយអង្គការរបស់អ្នកស្រីនៅខែមេសា ឆ្នាំ២០០៧នៅតៃវ៉ាន់ អ្នកស្រីសារិនស្រីរ័ត្ន ពន្យល់លម្អិតថា៖ «នៅតៃវ៉ាន់ ពួកគាត់រស់ដោយគ្មានសិទ្ធិសេរីភាព និងមិនបានចូលសញ្ជាតិគេ ពីព្រោះច្បាប់តៃវ៉ាន់តម្រូវអោយគាត់បោះបង់សញ្ជាតិដើមទើបអាចចូលសញ្ជាតិតៃវ៉ាន់បាន»។ យោងតាមអាជ្ញាធរតៃវ៉ាន់ នៅឆ្នាំ២០០៧ កោះតៃវ៉ាន់មានស្រ្តីកម្ពុជាជាង៥ពាន់នាក់ដែលបានរៀបការជាមួយបុរសតៃវ៉ាន់ ក្នុងនោះមានស្រ្តីជាង២ពាន់នាក់បានចូលសញ្ជាតិប្រទេសនេះ។ អ្នកស្រីក៏អំពាវនាវអោយគ្រួសារស្រ្តីទាំងនេះផ្តល់ព័ត៌មានដល់បណ្តាអង្គការនានាប្រសិនបើពួកគេរងគ្រោះនៃការធ្វើបាបណាមួយ។ អ្នកស្រីនុព្វ សារិនស្រីរ័ត្ន សង្កត់ធ្ងន់ថា៖ «ដោយសហការជាមួយអង្គការនានានៅតៃវ៉ាន់ យើងបានសង្គ្រោះស្រ្តីកម្ពុជាក្រោម១០នាក់ចេញពីជីវិតដ៏លំបាកនេះ។ ប្រសិនបើពួកគាត់ចង់ត្រឡប់មករស់នៅកម្ពុជាវិញ ពួកនាងដាច់ខាតត្រូវតែផ្តល់អាសយដ្ឋានច្បាស់លាស់ដល់សាច់ញាតិ»។ អ្នកស្រីគូសបញ្ជាក់ទៀតថា បច្ចុប្បន្នបណ្តឹងចំនួន៣កំពុងត្រូវបានអង្គការធ្វើការសិក្សា។
ទីផ្សារដ៏កាក់កបមួយ ពួកមេអណ្តើកភាគច្រើនជាជនជាតិចិន ឬវៀតណាម ព្យាយាមបញ្ចុះបញ្ចូលឪពុកម្តាយអោយអនុញ្ញាតកូនស្រីចាកចេញទៅ ដោយសន្យាថា ពួកគេនឹងទទួលបានប្រាក់យ៉ាងច្រើនដែលកូនស្រីផ្ញើមកអោយ បន្ទាប់មកបញ្ចុះបញ្ចូលអោយធ្វើឯកសារក្លែងក្លាយដើម្បីសុំរៀបអាពាហ៍ពិពាហ៍។ អ្នកស្រីណុប សារិនស្រីរ័ត្ន រិះគន់ថា៖ «កូនកម្លោះម្នាក់ចំណាយប្រាក់ពី១ម៉ឺនទៅ២ម៉ឺនដុល្លារ ដើម្បីយកស្ត្រីម្នាក់ពីកម្ពុជា រីឯគ្រួសារខាងកូនក្រមុំទទួលបានប្រាក់ពី៣០០ទៅ៥០០ដុល្លារជា«ជំនូន»។ សម្រាប់ស្រ្តីមានសម្ផស្សស្រស់ស្អាតអាចទទួលបានដល់១ពាន់ដុល្លារច្រើនបំផុត។ ប្រាក់នៅសល់គឺចូលក្នុងហោប៉ៅអ្នករត់ការ!»។ ចាប់តាំងពីដើមឆ្នាំមក ទីភ្នាក់ងារកូរ៉េខាងត្បូងចំនួន៣ដែលរៀបចំអាពាហ៍ពិពាហ៍រវាងស្រ្តីខ្មែរ និងជនរួមជាតិរបស់ពួកគេ ត្រូវបានក្រសួងមហាផ្ទៃបិទទ្វារ។ លោកស្រីអ៊ឹង គន្ធាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានទទូចសុំកិច្ចសហការពីស្ថានទូតកូរ៉េខាងត្បូងនៅទីក្រុងភ្នំពេញ ដើម្បីដោះស្រាយករណីធ្វើបាបស្រ្តីខ្មែរពីសំណាក់ប្តីរបស់ពួកនាងនៅកូរ៉េ។ លោកស្រីរដ្ឋមន្រ្តីសោកស្តាយថា៖ « នៅពេលត្រឡប់មកប្រទេសវិញ ស្រ្តីមួយចំនួនក្នុងចំណោមស្រ្តីទាំងនេះនិយាយថា ពួកគេត្រូវបានគ្រួសារសាច់ថ្លៃអោយធ្វើការផ្ទះ ឬទទួលរងអំពើហិង្សា។ ពួកគាត់មិនត្រូវបានគេចាត់ទុកជាភរិយានោះទេ»។
អត្តសញ្ញាណកូនកម្លោះ អត្តសញ្ញាណនៃបេក្ខជនតៃវ៉ាន់មករកប្រពន្ធខ្មែរ គឺជាបុរសមកពីតំបន់ជនបទ ឬតំបន់ឧស្សាហកម្ម មានអាយុច្រើនជាងនារីខ្មែរដែលគេនឹងយកធ្វើជាប្រពន្ធ និងមានប្រាក់ចំណូលទាប។ ស្រ្តីតៃវ៉ាន់មិនចាប់អារម្មណ៍នឹងក្រុមបុរសទាំងនេះទេ។ យោងតាមការអង្កេតមួយនៅឆ្នាំ២០០៥ តាមការស្នើសុំរបស់ក្រសួងសុខាភិបាលតៃវ៉ាន់ ស្រ្តីជនជាតិបរទេសចំនួន៤០%ដែលក្លាយជាប្រពន្ធរបស់បុរសតៃវ៉ាន់នៅក្នុងអាពាហ៍ពិពាហ៍ចាប់បញ្ជល់ ត្រូវគេបាននិយាយកុហក់ពីស្ថានភាពប្តីរបស់ពួកគេ ជាពិសេសស្ថានភាពហិរញ្ញវត្ថុ។ រីឯស្រ្តីជាប្រពន្ធវិញ គឺមកពីតំបន់ជនបទរបស់កម្ពុជា ក្រីក្រ នៅក្មេង(អាយុ២១ឆ្នាំជាមធ្យម) និងទទួលបានការអប់រំតិច ឬអត់សោះក៏មាន។ ស្រ្តីភាគច្រើនត្រូវបានប្តី ឬគ្រួសារសាច់ថ្លៃធ្វើបាប រហូតទទួលរងការធ្វើបាបផ្លូវភេទ។ អគ្គលេខារបស់ CWCC ពន្យល់ថា៖ «បើទោះជាស្រ្តីមួយចំនួនលំបាកវេទនាក៏ដោយ ក៏ពួកនាងយល់ព្រមទទួលយកវាសនានេះ ដើម្បីបាននៅក្បែរកូនៗ ហើយមិនត្រឡប់មកប្រទេសកំណើតវិញទេ»។ លោកយី សុខសាន ជំនួយការកម្មវិធីបង្ការការជួញដូរស្រ្តីរបស់ OIM បន្ថែមថា «ស្រ្តីខ្លះជ្រើសរើសចាកចេញពីគ្រួសារសាច់ថ្លៃ ប៉ុន្តែស្នាក់នៅក្នុងប្រទេសនោះដដែល ដើម្បីធ្វើការ។ សូមកុំភ្លេចថា អ្វីដែលធ្វើអោយពួកគាត់ចង់ចាកចេញពីប្រទេសកំណើត គឺដើម្បីប្រាក់»។ ទោះយ៉ាងណា លោកយី សុខសាន រម្លឹកថា ការរៀបការជាមួយជនជាតិកូរ៉េមិនសុទ្ធតែជាសុបិនអាក្រក់នោះទេ។ «ស្រ្តីមួយចំនួនត្រូវបានប្តីស្រឡាញ់ ហើយអាចសន្សំលុយផ្ញើមកអោយក្រុមគ្រួសារនៅប្រទេសកម្ពុជា...»។
|
|
α’αααααααααααច្បាប់ៈ -ច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារ (ថ្ងៃទី១៧ កក្កដា ១៩៨៩) ចេញផ្សាយនៅលើវិបសាយរបស់អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ -ច្បាប់ស្តីពីការបង្រ្កាបអំពើពង្រត់ និងលក់ដូរមនុស្សនិងអំពើធ្វើអាជីវកម្មលើមនុស្ស (ជាភាសាខ្មែរនៅលើវិបសាយរបស់CWCC និងជាភាសាបារាំង
បុរសកូរ៉េនាំមុខបុរសតៃវ៉ាន់ រហូតមកដល់ពេលនេះ បេក្ខនារីកម្ពុជានៅក្នុងអាពាហ៍ពិពាហ៍ចម្រុះជាតិសាសន៍តែងតែចេញទៅ តៃវ៉ាន់។ និន្នាការនេះបានធ្លាក់ចុះយ៉ាងច្បាស់ចាប់តាំងពីឆ្នាំ២០០៥ ពេលដែលរដ្ឋាភិបាលកម្ពុជាបានគាំទ្រនយោបាយ«ចិនតែមួយ»របស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលបដិសេធមិនផ្តល់ឯករាជ្យភាពដល់កោះតៃវ៉ាន់។ កោះដែលគេចាត់ទុកថាភ្ជាប់ជាមួយចិនដីគោក។ បេក្ខនារីក៏ត្រូវបង្វែរទៅកូរ៉េខាងត្បូង ដែលមានតម្រូវការកើនឡើងឥតឈប់ឈរ។ ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅទីក្រុងភ្នំពេញ បានផ្តល់ទិដ្ឋាការអាពាហ៍ពិពាហ៍ដល់ស្រ្តីខ្មែរចំនួន៧២នាក់នៅឆ្នាំ២០០៤ ធៀបនឹង១ ៧៥៩នាក់នៅឆ្នាំ២០០៧។
ភាពទាក់ទាញរបស់ស្រ្តីខ្មែរចំពោះបុរសកូរ៉េ របាយការណ៍របស់ OIM គូសបញ្ជាក់ថា ការកើនឡើងយ៉ាងគំហុកនៃអាពាហ៍ពិពាហ៍រវាងស្រ្តីខ្មែរ និងបុរសកូរ៉េ មួយផ្នែកអាចមកពីការរឹតបន្តឹងច្បាប់នៅប្រទេសវៀតណាមទៅលើអ្នកទាំងឡាយណាដែលបង្កើតទីភ្នាក់ងាររៀបចំអាពាហ៍ពិពាហ៍ក្នុងគោលបំណងមុខជំនួញសុទ្ធសាធ។ ហេតុនេះ កម្ពុជាគឺជាទីផ្សារថ្មីមួយគួរអោយទាក់ទាញសម្រាប់កូរ៉េ ដែលបានអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចជាមួយព្រះរាជាណាចក្រដ៏តូចនេះ ដែលបច្ចុប្បន្នមានសហគមន៍ជនជាតិកូរ៉េរស់នៅយ៉ាងច្រើន។ យោងតាមតួលេខរបស់ស្ថានទូតកូរ៉េនៅទីក្រុងភ្នំពេញ ជនជាតិកូរ៉េដែលរស់នៅជាអចិន្ត្រៃយ៍នៅក្រុងភ្នំពេញមានចំនួនជាង២ពាន់នាក់ និង១ពាន់នាក់នៅខេត្តសៀមរាប។ តាមការទស្សន៍ទាយរបស់OIM កំណើនវិនិយោគទុនកូរ៉េនៅកម្ពុជានឹងទាក់ទាញទេសចរ និងអ្នកជំនួញប្រទេសនេះកាន់តែច្រើនឡើងនៅពេលអនាគត ដែលអាចនឹងរួមចំណែកធ្វើអោយចំនួនអាពាហ៍ពិពាហ៍រវាងជាតិសាសន៍ទាំងពីរនេះកើនឡើង។
កូនក្រមុំជាជនបរទេសនៅកូរ៉េខាងត្បូង យោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌កូរ៉េ ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ប្រទេសនេះមានស្រ្តីជាជនបរទេសដែលរៀបការជាមួយបុរសកូរ៉េចំនួន១១៦ ០០០នាក់ ហើយប្រសិនបើបូកបន្ថែមអ្នកដែលបានចូលសញ្ជាតិកូរ៉េទៀត គឺមានចំនួន១៦០ ០០០នាក់។ ចំនួននេះបានកើនឡើងបីដងចាប់តាំងពីឆ្នាំ២០០៤មក។ នៅឆ្នាំ២០០៤ គឺមានតែប្រហែល៥ម៉ឺននាក់ប៉ុណ្ណោះ។ ស្រ្តីជនជាតិចិនមានចំនួនច្រើនជាងគេ (ប្រមាណ៦៦ ០០០នាក់) រីឯស្រ្តីកម្ពុជាស្ថិតនៅលំដាប់ទីពីរជាង២៥ ០០០នាក់ តាមពីក្រោយដោយស្រ្តីវៀតណាម(២៣ ០០០នាក់)។ បន្ទាប់មក គឺស្រ្តីជនជាតិហ្វីលីពីន (ប្រមាណ៥០០០០នាក់) និងជប៉ុន (៥០០០០នាក់ដែរ)។
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|