|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| នៅកម្ពុជា រដ្ឋាភិបាលថ្មីនឹងរីកធំឡើង...ចុះការចំណាយវិញ? |
| ααα ដួង សុខា | | | 25-08-2008 |
ភ្នំពេញ (ប្រទេសកម្ពុជា) ថ្ងៃទី១៥ កក្កដា ២០០៤៖ សម័យប្រជុំលើក ទីមួយនៃរដ្ឋាភិបាលកម្ពុជាអាណត្តិមុន នៅក្នុងអតីតវិមានរដ្ឋសភាជាតិ © ចន វីង / Magnum រយៈពេលជាង១០ថ្ងៃ ក្រោយការបោះឆ្នោតតំណាងរាស្រ្តនៅកម្ពុជា ថ្ងៃ២៧ កក្កដា សារព័ត៌មានក្នុងស្រុកបានប្រកាសរួចទៅហើយពីសមាសភាពបណ្តោះអាសន្ននិងក្រៅផ្លូវការនៅក្នុងរដ្ឋាភិបាលថ្មី ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា អ្នកឈ្នះឆ្នោតយ៉ាងត្រចះត្រចង់នៅក្នុងការបោះឆ្នោតលើកនេះ។ កាសែតមួយទំព័រពេញមិនគ្រប់នឹងចុះផ្សាយពីបញ្ជីឈ្មោះក្រៅផ្លូវការនេះផង។ នៅក្នុងបញ្ជីនេះ មានការផ្លាស់ប្តូរតិចតួចសម្រាប់បុគ្គលសំខាន់ៗ។ ប៉ុន្តែ លក្ខណៈប្លែករបស់រដ្ឋាភិបាលថ្មី គឺអតិផរណាមន្ត្រីរដ្ឋាភិបាល ដែលកើនពីរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការចំនួន៣៣២រូប មកជាង៣៦០រូប។ ក្រសួងសឹងតែទាំង២៦អាចនឹងមានរដ្ឋលេខាធិការរហូតដល់៦រូប និងអនុរដ្ឋលេខាធិការ៦រូបសម្រាប់ក្រសួងនីមួយៗ។ អ្នកសង្កេតការណ៍នយោបាយជាច្រើនបានរិះ គន់ថា ការកើនឡើងនៃមុខតំណែងនេះមិនប្រាកដថាអាចពង្រឹងប្រសិទ្ធភាពការងាររដ្ឋាភិបាលទេ តែវានឹងបន្ថែមបន្ទុកយ៉ាងធ្ងន់លើថវិកាជាតិ។ ចំណែកគណបក្សប្រជាជនកម្ពុជាវិញបានការពារកងកម្លាំងនៃអ្នកនយោបាយនេះ។
បើតាមអ្នកសង្កេតការណ៍ ការកើនឡើងនៃមុខតំណែងមានន័យថាជាការខ្ជះខ្ជាយ លោកគល់ បញ្ញា នាយកអង្គការសង្កេតការណ៍បោះឆ្នោតខុមហ្រ្វែល កត់សម្គាល់ថា ៖ «គេគួរតែគិតពីប្រសិទ្ធភាពការងារជាងចំនួនអ្នកធ្វើការ! វានឹងជាបន្ទុកធ្ងន់មួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលត្រូវបង់ពន្ធកាន់តែច្រើន ដើម្បីចំណាយលើអតិផរណានៃមុខតំណែងនេះ។ ហើយតើរដ្ឋសភាជាតិដែលមានតំណាងរាស្រ្តតែ១២៣រូបនោះ អាចត្រួតពិនិត្យការងាររបស់ក្រុមរដ្ឋាភិបាលមួយដែលមានសមាជិកច្រើនជាងខ្លួនដល់ទៅ៣ដង យ៉ាងដូចម្តេចទៅ?»។ ដើម្បីកែតម្រូវអតុល្យភាពនេះ លោកណែនាំថា រដ្ឋសភាត្រូវបង្កើនអាសនៈតំណាងរាស្រ្តយ៉ាងតិច៧បន្ថែមទៀត។
លោកសំដែងការសោកស្តាយថា៖ «បញ្ហាថវិកាត្រូវបានគេលើកយកមកអះអាងដើម្បីកុំអោយមានការដំឡើងចំនួនអ្នកតំណាងរាស្រ្ត ប៉ុន្តែនៅពេលពង្រីកសមាជិកទីស្តីការគណៈរដ្ឋមន្ត្រីបែរជាអត់អីទៅវិញ»។ លោកគល់ បញ្ញា លើកឡើងថា សមាជិកគណៈរដ្ឋមន្ត្រីខ្មែរ«មានចំនួនច្រើនជាងគណៈរដ្ឋមន្ត្រីបារាំងពីរទៅបីដង...»។
ចំណែកលោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានបង្ហាញភាពស្រឡាំងកាំងដែរចំពោះវិធានការដែលលោកចាត់ទុកថាជា«ការខ្ជះខ្ជាយ»។ លោកផ្តល់អនុសាសន៍ថា៖ «វាជារឿងនយោបាយប៉ុណ្ណោះ។ វាគឺជាការបែងចែកមុខតំណែងគ្នា ដើម្បីយកទៅរកស៊ី ឬធ្វើអាជីវកម្មដីធ្លី។ គេគួរតែកាត់បន្ថយចំនួនមន្ត្រីរាជការ ហើយដំឡើងបៀវត្សរ៍ពួកគេវិញប្រសើរជាង»។
លោកហង្ស ពុទ្ធា នាយកអង្គការនិកហ្វិច ដើម្បីការបោះឆ្នោតដោយយុត្តិធម៌ និងសេរីនៅកម្ពុជា ក៏គាំទ្រការវិភាគនេះដែរ ដោយលោកវាយតម្លៃថា មុខតំណែងថ្មីនៅក្នុងរដ្ឋាភិបាល«នឹងអាចអោយពួកគេយកទៅបម្រើការងារជំនួញ ហើយពួកគេនឹងប្រព្រឹត្តអំពើពុករលួយកាន់តែមានទំហំធំជាងមុនទៀត»។
អ្នកសង្កេតការណ៍ម្នាក់បានវិភាគដោយសុំមិនបញ្ចេញឈ្មោះ ថាស្ថាប័ននីតិប្រតិបត្តិដែលមានសមាជិកច្រើនហួសប្រមាណនេះ«គ្រាន់តែជាការបង្ហាញថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាន់ពាក្យសន្យារបស់ខ្លួនប៉ុណ្ណោះ»។ «គាត់បានប្រមូលផ្តុំឥស្សរជនជាច្រើនចូលក្នុងគណបក្សប្រជាជនកម្ពុជា ឥឡូវដល់ពេលត្រូវផ្តល់រង្វាន់អោយពួកគេវិញហើយ....»។
គណបក្សប្រជាជនៈ ការឆ្លើយតបនឹងតម្រូវការកើនឡើងនៃធនធានមនុស្ស លោកជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា បាននិយាយការពារគណបក្សលោក។ ម្យ៉ាងលោកបានលើកឡើងពីឆន្ទៈអនុវត្តគោលការណ៍ពហុបក្សនៅក្នុងរដ្ឋាភិបាល ដូចដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ដែលនឹងបើកទ្វារស្វាគមន៍មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់បក្សជាអតីតដៃគូក្នុងរដ្ឋាភិបាលចម្រុះ គឺគណបក្សហ៊្វុនស៊ិនប៉ិច។ រីឯម្យ៉ាងទៀត លោកលើកឡើងពីតម្រូវការអ្នកធ្វើការបន្ថែមទៅតាមកំណើនសេដ្ឋកិច្ចកម្ពុជា ដែលចាំបាច់ត្រូវការធនធានមនុស្សច្រើនដើម្បីដឹកនាំ»ប្រទេស។
លោកបានថ្លែងការពារថា៖ «សម្តេចនាយករដ្ឋមន្ត្រីត្រូវការការគាំទ្រពីសំណាក់ក្រុមការងារកាន់តែពូកែនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងអភិបាលកិច្ចល្អលើទ្រព្យសម្បតិ្តសាធារណៈ»។ លោកសន្និដ្ឋានថា បើតាមការយល់ឃើញរបស់លោក ក្រុមការងារថ្មីគឺមិនមានចំនួនច្រើនជ្រុលពេកទេ។
សម្រាប់អ្នកប្រឆាំងដែលមានមន្ទិលពីផលវិបាកនៃការកើនឡើងចំនួនមុខតំណែងនៅក្នុងរដ្ឋាភិបាលលើបញ្ហាហិរញ្ញវត្ថុរដ្ឋ លោកជាម យៀប ប្រធានគណៈកម្មការធនាគារ និងសវនកម្មរបស់ស្ថាប័ននីតិបញ្ញត្តិក្នុងអាណត្តិមុន បានឆ្លើយតបតាមរយៈសុភាសិតបារាំងមួយឃ្លា ថា: «រាល់ការងារទាំងអស់ត្រូវតែបានប្រាក់ខែ»។ លោកបានពន្យល់ថា «យើងមិនខ្លាចនឹងអស់លុយទេ ប្រសិនបើប្រើក្នុងផ្លូវល្អ។ ទោះយ៉ាងណា ការផ្គូរផ្គងសមាសភាពក្នុងរដ្ឋាភិបាលគឺជាសិទ្ធិផ្តាច់មុខរបស់សម្តេចនាយករដ្ឋមន្ត្រី» ។
រដ្ឋាភិបាលដែលមានប្រយោជន៍សម្រាប់គណបក្សប្រជាជនកម្ពុជា បើយោងតាមបញ្ជីឈ្មោះបណ្តោះអាសន្ននៃអ្នកដែលនឹងចូលរួមក្នុងក្រុមការងារថ្មីរបស់រដ្ឋាភិបាលដែលបញ្ជាក់អះអាងដោយលោកជាម យៀប សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងមានឧបនាយករដ្ឋមន្ត្រី៩រូបជួយធ្វើការ ធៀបនឹង៨រូបនៅក្នុងអាណត្តិមុន។ ឧបនាយករដ្ឋមន្ត្រីថ្មីទាំងបីរូបនោះ រួមមានលោកស្រីម៉ែន សំអន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភា និងអធិការកិច្ច , លោកគាត ឈន់ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ , និងលោកយឹម ឆៃលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ។
លោកជាម យៀប គូសបញ្ជាក់ថា រដ្ឋមន្ត្រីរបស់គណបក្សហ៊្វុនស៊ិនប៉ិច នឹងត្រូវជំនួសដោយមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។ លោកលឺ ឡាយស្រេង អាចនឹងប្រគល់កន្លែងរបស់លោកនៅក្រសួងអភិវឌ្ឍជនបទទៅអោយលោកជា សុផារ៉ា រដ្ឋលេខាធិការក្រសួងដែនដី នគររូបនីយកម្ម និងជាអតីតអភិបាលក្រុងភ្នំពេញ , លោកអ៊ឹម សិទ្ធី រដ្ឋលេខាធិការក្រសួងអប់រំ អាចនឹងឡើងកាន់តំណែងជំនួសលោករដ្ឋមន្ត្រីកុល ផេង , លោកម៉ម ប៊ុនហេង រដ្ឋលេខាធិការក្រសួងសុខាភិបាល អាចនឹងជំនួសលោកនុត សុខុម។ លោកត្រាំ អ៊ីវតឹក រដ្ឋលេខាធិការក្រសួងសាធារណការប្រហែលឡើងកាន់តំណែងជារដ្ឋមន្ត្រីជំនួសលោកស៊ុន ចាន់ថុល។ លោកវេង សេរីវុឌ្ឍ រដ្ឋមន្ត្រីក្រសួងវប្បធម៌ អាចនឹងប្រគល់តំណែងនេះទៅអោយលោកហ៊ឹម ចែម រដ្ឋលេខាធិការ។ ចុងក្រោយ លោកមិន ឃិន អគ្គលេខាគណៈកម្មាធិការអចិន្ត្រៃយ៍រៀបចំបុណ្យជាតិ និងអន្តរជាតិ អាចនឹងទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជំនួសលោកឃុន ហាំង ដែលបច្ចុប្បន្នបានចូលក្នុងគណបក្សប្រជាជនកម្ពុជាដែរ។
លើកលែងតែលោកលឺ ឡាយស្រេង ចេញ រដ្ឋមន្ត្រីរបស់ហ៊្វុនស៊ិនប៉ិចទាំងប៉ុន្មានខាងលើនេះអាចនឹងទទួលបានមុខតំណែងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ ប៉ុន្តែ លោកញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច និងជាដៃគូដ៏ល្អជាមួយគណបក្សប្រជាជនកម្ពុជា អាចនឹងរក្សាបានមុខតំណែងជាឧបនាយករដ្ឋមន្ត្រីដដែល។ គួរកត់សម្គាល់ថា គ្មានសមាជិករាជវង្សអង្គណាមានឈ្មោះនៅក្នុងបញ្ជីនេះទេ។
លោកជាម យៀប តំណាងរាស្រ្តជាប់ឆ្នោតជាថ្មីនៅខេត្តព្រៃវែង អះអាងថា៖ «បញ្ជីឈ្មោះបណ្តោះអាសន្ននិងក្រៅផ្លូវការផ្គូរផ្គងដោយសម្តេចនាយករដ្ឋមន្ត្រីនេះ ត្រូវបានដាក់ទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលរបស់បក្ស មុននឹងបញ្ជូនទៅរដ្ឋសភា នៅពេលបើកកិច្ចប្រជុំលើកទី១ ដែលកោះហៅដោយព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី។ បញ្ជីនេះអាចនៅរក្សាលក្ខណៈដើមយ៉ាងតិចក៏៧០%ដែរ»។
លោកហង្ស ពុទ្ធា នាយកអង្គការនិកហ្វិច ពន្យល់ថា យុទ្ធសាស្រ្តនៃការរក្សាមនុស្សដដែលៗនៅ ធ្វើការនេះគឺសម្រាប់តែពង្រឹង និងពង្រីកបណ្តាញគណបក្សប៉ុណ្ណោះ។ «បញ្ហានេះវាសំខាន់ជាងការងាររដ្ឋាភិបាលទៅទៀត។ គណបក្សមួយត្រូវការពង្រឹងអំណាចរបស់ខ្លួនដើម្បីដឹកនាំប្រទេស ហេតុនេះគេធ្វើការតែជាមួយមនុស្សដែលខ្លួនស្គាល់»។
គ្មានការបែងចែកអំណាច លោកជាម យៀប បានបង្ហើបប្រាប់ថា លក្ខណៈថ្មីមួយទៀត គឺគណៈកម្មការទាំង៩របស់រដ្ឋសភានឹងត្រូវដឹកនាំដោយសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់។ ម្យ៉ាងទៀត សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានប្រកាសជាសាធារណៈពីគោលបំណងនេះដែរ។ លោកប្រធានក្រុមជាតិអន្តរសភាអាស៊ានរូបនេះ បានមានប្រសាសន៍ថា៖ «សម្តេចទាំងបីជា ស៊ីម ហ៊ុន សែន និងហេង សំរិន ជាអ្នកធ្វើការសម្រេចចិត្តនេះ ពីព្រោះប្រធានគណៈកម្មការទាំងឡាយរបស់គណបក្សផ្សេង គិតតែពីជេរគណបក្សប្រជាជនកម្ពុជានៅក្នុងកិច្ចប្រជុំសភា ដោយបំភ្លើសការពិត និងគ្មានជួយអីសោះ។ យើងរាងចាលចំពោះរឿងនេះ»។ នៅក្នុងស្ថាប័ននីតិបញ្ញត្តិអាណត្តិទី៣ គណបក្សប្រឆាំងសម រង្ស៊ី បានដឹកនាំគណៈកម្មការពីរ : មហាផ្ទៃ ការពារជាតិ និងកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិចវិញគ្រប់គ្រងគណៈកម្មការសាធារណការ និងទូរគមនាគមន៍។
នៅពេលដែលផែនការរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានបង្ហាញនោះ លោកជាម យៀប ច្រានចោលទឡ្ហីករណ៍អំពីការបំបាត់អំណាចគូប្រឆាំងរបស់ខ្លួន។ អ្នកតំណាងរាស្រ្តរូបនេះមានប្រសាសន៍ថា៖ «លទ្ធិផ្តាច់ការមិនអាចកើតមាននៅកម្ពុជាទេ ពីព្រោះប្រទេសយើងមានច្បាប់ការពារ ហើយយើងដឹកនាំប្រទេសដើម្បីក្លាយជានីតិរដ្ឋមួយដ៏ពិតប្រាកដ។ យើងទទួលខុសត្រូវនៅចំពោះមុខច្បាប់ និងម្ចាស់ឆ្នោត»។ លោករម្លឹកដោយមោទនភាពពីការអនុម័តសេចក្តីព្រាងច្បាប់ជាង៣០០នៅក្នុងបីអាណត្តិមុនដឹកនាំដោយគណបក្សលោក។ លោកអះអាងថា៖ «ស្នាដៃទាំងនេះគ្មានប្រទេសណាផ្សេងទៀតអាចធ្វើបានឡើយ»៕ |
|
α’αααααααααααចំនួនមុខតំណែងបានកើនឡើងពីរដង កាលពីឆ្នាំ២០០៤ នៅឆ្នាំ២០០៤ រដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងបន្ទាប់ពីវិបត្តិនយោបាយអស់១ឆ្នាំ បានបន្ថែមបន្ទុកទៅលើថវិកាជាតិបើធៀបនឹងរដ្ឋាភិបាលមុន។ ចំនួនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការបានកើនឡើងជិត៥០% ហើយក្រសួងទំនាក់ទំនងរដ្ឋសភាត្រូវបានបង្កើតបន្ថែម ក៏ដូចជារដ្ឋលេខាធិការដ្ឋានពីរទៀតផងដែរ។
សម័យប្រជុំលើកទីមួយនឹងធ្វើឡើង ទោះបីជាមានការប្រឆាំង រឺគ្មានក៏ដោយ លោកជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាបានអះអាងថា ការបោះឆ្នោតនេះនឹងមិនមានភាពទាល់ច្រកនយោបាយទេ បើទោះជាគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស គំរាមធ្វើពហិការនៅក្នុងកិច្ចប្រជុំលើកទី១របស់រដ្ឋសភាក៏ដោយ។ បច្ចុប្បន្ន បក្សប្រឆាំងទាំងពីររវល់នឹងរឿងបណ្តឹងតវ៉ាពីលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន។ «ជាមួយនឹងអាសនៈចំនួន៩០ ស្មើនឹងជាងពីរភាគបី គឺគ្មានរឿងអីត្រូវឈឺក្បាលទៀតទេ ! កិច្ចប្រជុំលើកទី១របស់រដ្ឋសភាអាចប្រព្រឹត្តទៅដោយមានវត្តមានតំណាងរាស្រ្តតែ៦៣រូប។ ស្របតាមការប្រកាសលទ្ធផលផ្លូវការ ព្រះមហាក្សត្រនឹងកោះហៅអ្នកតំណាងរាស្រ្តទាំង១២៣រូបមកបង្ហាញខ្លួន ហើយនឹងធ្វើជាព្រះរាជអធិបតីក្នុងពិធីចូលកាន់មុខតំណែងនេះ។ នៅក្នុងលិខិតចុះថ្ងៃ១៥ សីហា ផ្ញើជូន រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកឡេង ប៉េងឡុង អគ្គលេខាធិការរបស់រដ្ឋសភាជាតិ បានផ្តល់ព័ត៌មានដល់លោករដ្ឋមន្ត្រីពីការយាងចូលរួមរបស់ព្រះមហាក្សត្រនៅក្នុងកិច្ចប្រជុំលើកទី១ (ដែលគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សអំពាវនាវអោយធ្វើពហិការ) ហើយស្នើអោយប្រព័ន្ធផ្សាយមកចុះឈ្មោះដើម្បីសុំប័ណ្ណចូលយកព័ត៌មាន។ កាលបរិច្ឆេទនៃកិច្ចប្រជុំ ដែលត្រូវបោះឆ្នោតផ្តល់ទំនុកចិត្តដល់រដ្ឋាភិបាលថ្មីនេះ នឹងត្រូវប្រកាសអោយដឹងនាពេលខាងមុខ។
មិនមានគម្រោងផ្លាស់ប្តូរមន្ត្រីជាន់ខ្ពស់ណាមួយនោះទេ នៅក្នុងសេចក្តីប្រកាសចុះថ្ងៃ១៥ សីហា ប្រមុខរដ្ឋាភិបាលបានបដិសេធពាក្យចចាមអារ៉ាមដែលបានសាយភាយក្រោយថ្ងៃបោះឆ្នោត ស្តីពីការផ្លាស់ប្តូរអភិបាល អភិបាលរងខេត្តក្រុង ស្នងការ និងស្នងការរងនគរបាល។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ពាក្យចចាមអារ៉ាមនេះបានធ្វើអោយមានភាពវឹកវរនៅក្នុងជួរមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ សម្តេចហ៊ុន សែន បានប្រកាសថា៖ «ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនមានគម្រោងផ្លាស់ប្តូរណាមួយទេសម្រាប់ពេលនេះ»។ សម្តេចអំពាវនាវអោយមានភាពស្ងប់ស្ងាត់ និងអោយបន្តការងារប្រចាំថ្ងៃដូចធម្មតា ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ហើយនាំយកអ្នកទាំងឡាយណាដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមទាំងនេះទៅកាត់ទោសចំពោះមុខច្បាប់។
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|