|
ទទួលព័ត៌មានតាមអីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ប្រជាជនកម្ពុជានឹងគាំទ្រគណបក្សណាដែលចេះទប់ ស្កាត់អតិផរណា |
| ααα ដួង សុខា និង ព្រំ សិលា | | | 14-07-2008 | ដោយសារស្ថានការណ៍ក្នុងប្រទេសមានលក្ខណៈធម្មតា ប្រជាជនកម្ពុជានាំគ្នានិយាយតែពីការបោះឆ្នោតតំណាងរាស្រ្តថ្ងៃទី២៧ ខែកក្កដាខាងមុខ។ នៅពាក់កណ្តាលយុទ្ធនាការបោះឆ្នោតនេះ ឃាតកម្មកាលពីថ្ងៃសុក្រទី១១កក្កដាទៅលើអ្នកយកព័ត៌មានម្នាក់របស់កាសែតនិន្នាការខាងគណបក្សសម រង្ស៊ី បានធ្វើអោយចោទជាបញ្ហាទៅលើបរិយាកាសនយោបាយដែលពីមុនធ្លាប់តែល្អ។ ប្រជាជនកម្ពុជាបានលើកយកមកនិយាយនូវបញ្ហាប្រចាំថ្ងៃ និងការទន្ទឹងរង់ចាំរបស់គេ។ បញ្ហានេះស្ថិតនៅក្នុងកម្មវិធីនយោបាយរបស់គណបក្សប្រឆាំង។ មិនថាជាអ្នកចូលចិត្តនយោបាយឬអត់ទេ អោយតែត្រូវកាសែត (ka-set)ជួបសម្ភាសន៍នៅតាមផ្លូវ សុទ្ធតែអះអាងថា ពួកគេនឹងទៅបោះឆ្នោត ប៉ុន្តែគ្មានអ្នកណាហ៊ាននិយាយថាបោះអោយគណបក្សណាទេ។ គ្រប់គ្នាអះអាងដែរថាមើលលើភាពច្បាស់លាស់នៃកម្មវិធីនយោបាយរបស់គណបក្សទាំង១១ដែលឈរឈ្មោះដើម្បីធ្វើការសម្រេចចិត្ត ជាជាងចូលរួមគាំទ្រមេដឹកនាំនយោបាយណាមួយទាំងងងឹតងងុល។ ខាងក្រោមនេះជាជំនួបសម្ភាសន៍របស់យើង។
យុទ្ធនាការឃោសនាស្ងប់ស្ងាត់ ព្រះតេជគុណ ថាច់ សុធន ព្រះជន្ម៣៧ព្រះវស្សា គង់នៅវត្តមហាមន្រ្តី អបអរថា ការរើសអើងនយោបាយមិនសូវខ្លាំងក្លាទេនៅឆ្នាំនេះ។ «គណបក្សទាំងឡាយមិនបង្កបញ្ហាដូចកាលនៅក្នុងយុទ្ធនាការឃោសនាមុនៗទេ។ នៅមុនឆ្នាំ២០០៣ នៅពេលក្បួនដង្ហែររបស់គណបក្សពីរជួបគ្នា ហើយក៏ជេរប្រមាថគ្នា»។
លោកអៀង ជួ កសិករវ័យ៥០ឆ្នាំ នៅខេត្តព្រៃវែង ក៏សង្កេតឃើញបែបនេះដែរ។ លោករៀបរាប់ថា៖ «ឆ្នាំនេះ ស្ថានការណ៍គឺល្អ គេឮសូរតែសំឡេងមីក្រូរបស់គណបក្សនយោបាយស្រែកក្តែងៗពីសារនយោបាយរបស់ពួកគេ តែគ្មានការប៉ះទង្គិចគ្នាទេ»។ ចំណែកនិស្សិត និងនគរបាលសុទ្ធតែនិយាយសាទរដែរចំពោះបរិយាកាសស្ងប់ស្ងាត់នៅក្នុងយុទ្ធនាការឃោសនានេះ។
ប៉ុន្តែ ភាពស្ងប់ស្ងាត់ទូទៅនេះមិនអាចលុបបំបាត់ការព្រួយបារម្ភមួយចំនួនបានទេ។ អ្នកមួយចំនួន ដូចជាភិក្ខុស៊ុម វឌ្ឍនា ជាដើម ព្រួយបារម្ភថាគណបក្សនយោបាយចាញ់ឆ្នោតអាចនឹងតវ៉ាពីលទ្ធផលនេះ។ «វាអាចមានបញ្ហានៅពេលក្រោយបោះឆ្នោត...មានពាក្យចចាមអារ៉ាមជាច្រើនលេចឮដូច្នេះ»។
អតិផរណា : បញ្ហាអាក្រក់ទី១ ចាប់តាំងពីដើមឆ្នាំមក ជីវភាពរបស់ប្រជាពលរដ្ឋបានធ្លាក់ចុះដោយសារឥទ្ធិពលនៃអតិផរណាមិនអាចកំណត់បាន ហេតុនេះប្រជាពលរដ្ឋចង់អោយរដ្ឋាភិបាលដោះស្រាយបញ្ហានេះ។ រាល់អ្នកត្រូវសម្ភាសន៍ទាំងអស់ មិនថាប្រកបមុខរបរអ្វី និងមាននិន្នាការនយោបាយអ្វីទេ ពួកគេសុទ្ធតែដាក់អាទិភាពលើគេរបស់រដ្ឋាភិបាលអាណត្តិក្រោយ គឺធ្វើអោយតម្លៃទំនិញសមរម្យឡើងវិញ។
ប្រុសម៉ៅ អាជីវករតូបលក់កាសែតអាយុ២៧ឆ្នាំ និយាយថាមិនខ្វល់នឹងអ្នកណាឈ្នះទេអោយតែតម្លៃទំនិញចុះបានហើយ។ លោកអំពាវនាវថា៖ «យើងមិនអាចដំឡើងតម្លៃកាសែតដែលយើងលក់បានទេ បើមិនអីចឹងទេ យើងនឹងបាត់បង់អតិថិជន។ ប្រាក់ចំណេញរបស់យើងទាប ដូច្នេះគេត្រូវតែគ្រប់គ្រងអត្រាអតិផរណាអោយបាន»។
ពាក្យណែនាំនេះក៏ត្រូវបានលើកឡើងដោយអ្នកបើកបរម៉ូតូកងបី និងអ្នកដឹកជញ្ជូនផ្សេងៗទៀតដែរ។ បុរសវ័យ៤០ឆ្នាំប្លាយម្នាក់បានសំណូមពរថា៖ «ខ្ញុំចង់អោយរដ្ឋាភិបាលបើកអោយមានការដេញថ្លៃ និងបញ្ឈប់ការធ្វើអាជីវកម្មផ្តាច់មុខលើការចែកចាយប្រេងឥន្ធនៈ។ តើអោយពួកយើងដោះស្រាយយ៉ាងម៉េចទៅ? ហេតុអីនៅស្រុកគេ សាំងមួយលីត្រគេលក់ថោកជាងនៅប្រទេសយើង?»
ចាន់ វាសនា អ្នករត់ម៉ូតូឌុបវ័យ៥០ឆ្នាំ ក៏ត្អូញត្អែរដូចគ្នានេះដែរ។ លោកខឹងសម្បារថា៖ «តម្លៃប្រេងសាំងឡើងកប់ពពក ប៉ុន្តែភ្ញៀវមិនចង់សម្របតាមតម្លៃនេះទេ...»។ លោកអំពាវនាវអោយគណបក្សឈ្នះឆ្នោតទម្លាក់តម្លៃប្រេងសាំង ដើម្បីធ្វើអោយជីវភាពរបស់ប្រជាពលរដ្ឋល្អប្រសើរឡើង។
លោកកៅ សំអុល មន្ត្រីនគរបាលវ័យ៣៨ឆ្នាំ មិននិយាយសោះពីការចំណាយថ្លៃនៅក្នុងការរស់នៅ ហើយចំពោះមុខយើង គាត់រៀបរាប់ពីតម្លៃគ្រឿងឧបភោគបរិភោគ ដោយប្រៀបធៀបនឹងតម្លៃ«ចាស់» ដើម្បីបង្ហាញអោយច្បាស់ពីភាពខុសគ្នា។ «ខ្ញុំមានចំណូលតែ១០ម៉ឺនរៀល [២៥ដុល្លារ]ទេ។ ពួកយើងជាប៉ូលីស ពួកយើងនឿយហត់នឹងការងារលំបាក តែបានប្រាក់ខែស្តួចស្តើង។ រដ្ឋាភិបាលអាណត្តិក្រោយត្រូវគិតគូរឡើងវិញពីប្រាក់ខែរបស់ពួកយើង!»
សម្រាប់អ្នកស្រីម៉ៃ វណ្ណា អាយុ៥១ឆ្នាំ និងជាអ្នកលក់ទឹកអំពៅ ក៏បង្ហាញពីភាពជូរចត់ដែរ។ «តម្លៃទំនិញកើនឡើង ប៉ុន្តែចំណូលរបស់យើងមិនឡើងសោះ! យើងរស់មួយថ្ងៃសម្រាប់មួយថ្ងៃ ហើយយើងត្រូវទាញកូនពីសាលាដើម្បីអោយពួកគេទៅធ្វើការ! គឺមិនអាចទ្រាំទ្របានទេ!»
ដំឡើងប្រាក់ខែ និងការងារសម្រាប់យុវជន «ស្ថានការណ៍បច្ចុប្បន្នតម្រូវអោយបុគ្គលិកមន្ត្រីរាជការរកការងារបន្ថែម ហើយនិស្សិតត្រូវបង្ខំចិត្តត្រឡប់ទៅធ្វើស្រែចម្ការវិញដោយអស់សង្ឃឹមនឹងផលដែលគេទទួលបានពីការរៀនសូត្រ! នៅពេលជាប់បរិញ្ញាប័ត្រ ពួកគេមានការលំបាកក្នុងការរកការងារធ្វើ!»។ សម្រាប់និស្សិតផ្នែកទេសចរណ៍ជុន ស៊ីង៉ាត់ ដំណោះស្រាយល្អគឺត្រូវដំឡើងប្រាក់ខែរបស់គ្រូបង្រៀន និងមន្ត្រីរាជការទូទៅ ហើយផ្តល់ការងារដល់យុវជន។ និស្សិតរូបនេះធានាថា បើធ្វើដូច្នេះបាន គ្រប់យ៉ាងនឹងរៀបរយ។
សម្រាប់លោកសាស្រ្តាចារ្យដែក សុវណ្ណធា ដំណោះស្រាយរបស់រដ្ឋាភិបាល គឺប្រមូលចំណូលអោយបានច្រើន«តាមរយៈការប្រមូលពន្ធអោយត្រឹមត្រូវ និងការប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនឹងអំពើពុករលួយ»។ ម្យ៉ាងទៀត លោកសោកស្តាយផងដែរពីគម្លាតខុសគ្នារវាងលក្ខខណ្ឌការងារ«ជាច្រើនប្រកាសនៅក្នុងសារព័ត៌មាន» និងជំនាញរបស់និស្សិត។ លោកណែនាំអោយមានការកំណត់កូតាយុវជនចូលបម្រើនៅក្នុងក្រុមហ៊ុននីមួយៗ។ ព្រះភិក្ខុស៊ុំ វឌ្ឍនា ឆ្ងល់ថា : «ហេតុអ្វីគេផ្តល់តម្លៃអោយវិស្វករបរទេសច្រើនជាងខ្មែរ?»
កញ្ញាស ផាន់ណា និស្សិតផ្នែកចិត្តវិទ្យា ក៏ព្រួយបារម្ភដូចមិត្តរួមថ្នាក់នាងដែរ ពីអនាគតការងាររបស់នាង។ «ដើម្បីដោះស្រាយបញ្ហាការងារ គេត្រូវបញ្ចប់គំនិតបក្សពួកនិយម ហើយមន្ត្រីរាជការដល់វ័យចូលនិវត្តន៍ត្រូវប្រគល់កន្លែងអោយទៅយុវជន។ ខ្ញុំនឹងគាំទ្រគណបក្សណាដែលផ្តល់ការងារដល់យុវជន!»
អន្តោប្រវេសន៍នៅតែមាន និងមានជានិច្ច.. វត្តមានរបស់ជនជាតិវៀតណាមនៅលើទឹកដីកម្ពុជាបន្តអោយមានក្តីព្រួយបារម្ភ។ ភិក្ខុ ផន រ៉ាវី និស្សិតផ្នែកភាសាបាលី ទាមទារអោយមានការ«ត្រួតពិនិត្យអន្តោប្រវេសន៍ជនជាតិវៀតណាម និងការរត់ពន្ធខុសច្បាប់នៃប្រទេសនេះអោយបានត្រឹមត្រូវ»។ ព្រះតេជគុណ ផន រ៉ាវី សម្តែងការខឹងសម្បារថា៖ «ពួកគេរកស៊ីនៅក្នុងប្រទេសយើងយ៉ាងសេរីដោយមិនចាំបាច់បង់ពន្ធដូចជនជាតិកម្ពុជាអីចឹង! ហើយអ្នករស់នៅតាមច្រាំងទន្លេបានបំពុលបរិស្ថាន។ ពួកគេមិនត្រឹមតែឈ្លានពានយើងទេ ប៉ុន្តែនាំវប្បធម៌ពួកគេមកទៀត។ ខ្ញុំចង់បានរដ្ឋាភិបាលមួយដែលមានសមត្ថភាពការពារបូរណភាពទឹកដី!»។ កញ្ញា ក្រេន បុប្ផា និស្សិតផ្នែកចិត្តវិទ្យា ក៏សម្តែងកង្វល់ផងដែរ បើទោះជារីករាយនឹងការចុះឈ្មោះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្មីៗនេះក៏ដោយ។ និស្សិតស្រីរូបនេះនិយាយបែបអ្នកចេះដឹងថា៖ «អ្នកចេះការពារទឹកដី គឺចេះទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់»។
ព្រះតេជគុណថាន់ សុធន ព្រះជន្ម៣៧ព្រះវស្សា បានរហូតទៅដល់អះអាងថា ជនជាតិវៀតណាម «លួចការងារជនជាតិកម្ពុជា»។ ឯនិស្សិតជាច្រើនទៀតវិញ ពួកគេគ្មានពាក្យអ្វីផ្សេង ដើម្បីមើលងាយជនជាតិវៀតណាមទេ។ ខ្លះមិនយល់សោះ«ហេតុអ្វីពួកគេមានសិទ្ធិបោះឆ្នោតនៅកម្ពុជា»។ ខ្លះទៀតសង្ស័យថាពួកគេមានបំណង«បង្កើនចំនួនគ្រួសារនៅក្នុងប្រទេសកម្ពុជាតាមរយៈបណ្តាញស្រ្តីរកស៊ីផ្លូវភេទ និងការរីរាលដាលជំងឺអេដស៍»...
ការចង់បានផ្សេងទៀត ការទទួលបានការព្យាបាលដោយតម្លៃសមរម្យ ឬដោយឥតគិតថ្លៃ សម្រាប់ប្រជាជនក្រីក្រ ក៏មាននៅក្នុងបញ្ជីការចង់បានរបស់អ្នករស់នៅទីក្រុងភ្នំពេញ ដែលត្រូវសម្ភាសន៍ដែរ។ លោក សុខ សល់ អ្នកបើកម៉ូតូកង់បី អាយុ៣៤ឆ្នាំម្នាក់ ទាស់ចិត្តថា៖ «ពេលយើងទៅដល់មន្ទីរពេទ្យ មិនទាំងទាន់បានការពិនិត្យអីផង គេសួរយើងថាមានលុយឬអត់ទៅហើយ!»។ លោក ឈិន សំអឿន កម្មការិនីមកពីខេត្តស្វាយរៀង អំពាវនាវអោយបង្កើតមន្ទីរពេទ្យ និងសាលារៀន ហើយសង្ឃឹមថា អាជ្ញាធរគិតគូរអភិវឌ្ឍតំបន់ដាច់ស្រយាល។
ដំណោះស្រាយជម្លោះដីធ្លីក៏ត្រូវបានលើកឡើងដោយអ្នកមួយចំនួនដែរ ដូចជាភិក្ខុ សូ វណ្ណា ជាដើម។ ព្រះតេជគុណមើលឃើញពីកង្វះសាមគ្គីភាពរវាងជនជាតិកម្ពុជា ហើយអស្ថិរភាពសង្គមនេះធ្វើអោយវិនិយោគិនធំៗ«ភ័យខ្លាច»ដែលវាប៉ះពាល់ដល់សេដ្ឋកិច្ច។
អ្នកផ្សេងទៀត ដូចជាលោក ហាស្សារ៉ាត់ ខារ៉ាសាន់ អាជីវករខ្មែរ-ឥស្លាមអាយុ៥០ឆ្នាំម្នាក់ នៅតែចងចាំពីរបបខ្មែរក្រហម ហើយបំណងសំខាន់របស់គាត់គឺមិនចង់អោយ«របបប៉ុល ពត»ត្រឡប់មកវិញ។ សុខ សុភី កម្មការិនីរោងចក្រកាត់ដេរ អាយុ៤៣ឆ្នាំ និយាយដែរថា គាត់ចង់បានបំផុតគឺសុខសន្តិភាព។«យើងមិនត្រូវអោយសង្រ្គាមបក់បោកមកលើពួកយើងទៀតទេ...»។
អាជីវករលក់សម្លៀកបំពាក់ជជុះម្នាក់ នៅវិថីមុនីរ៉េត ព្យាយាមនិយាយបង្វៀង ហើយអះអាងថាគាត់គ្មានចំណាប់អារម្មណ៍នឹងរឿងនយោបាយទេ។ «ទោះយ៉ាងណា ខ្ញុំក៏ទៅបោះឆ្នោតដែរ ប៉ុន្តែខ្ញុំមិនដឹងថាបោះអោយអ្នកណានៅឡើយទេ។ គោលការណ៍របស់ខ្ញុំគឺ«ជួយខ្លួនឯងសិន ទើបព្រះជួយជាក្រោយ»។ ដូច្នេះ ខ្ញុំធ្វើការរាល់ថ្ងៃពីម៉ោង៧ព្រឹកដល់ម៉ោង៧យប់ ហើយខ្ញុំមិនចង់បានអ្វីពីគណបក្សទាំងនោះទេ!»។ |
|
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|