|
ទទួលព័ត៌មានតាមអីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ααα Stephanie Gee | | | 26-03-2008 | 
©John Vink / Magnum កាលពីថ្ងៃទី ២០ មីនា អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានសម្រេចជាឯកច័្ឆនបដិសេធនូវការស្នើសុំនៅក្រៅឃុំរបស់អតីតមេមនោគមវិជ្ជាខ្មែរក្រហម ដូចករណីរបស់ឌុច អតីតប្រធានពន្ធាគារ ស២១ ដែរ។ អតីតដៃស្តាំរបស់ប៉ុល ពត វ័យជាង៨០ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភអនុសញ្ញាទីក្រុងហ្សឺណែវថ្ងៃទី១២ សីហា ១៩៤៩។ លោកមានសុខភាពមិនសូវជារឹងមាំប៉ុន្មាននោះទេ។
សេចក្តីសម្រេចមួយដែលគេរង់ចាំ សហមេធាវីរបស់នួន ជា មិនទទួលបានជោគជ័យនៅក្នុងរឿងក្តីនេះទេ។ នួន ជា ត្រូវបន្តឃុំខ្លួនជាបណ្តោះអាសន្ន។ តុលាការសម្រេចបិទផ្លូវតវ៉ាបណ្តឹងឧទ្ធរណ៍បន្តទៀត។ លោក សុន អរុណ មេធាវីជនជាតិកម្ពុជារបស់គាត់ សំដែងនូវការសោកស្តាយចំពោះសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះ ដោយបានលើកឡើងថាកូនក្តីរបស់គាត់មានវ័យកាន់តែចាស់ ព្រមទាំងមានសុខភាពទន់ខ្សោយទៀតផង។
នៅក្នុងសវនាការជាសាធារណៈកាលពីថ្ងៃទី៧ និង៨ ខែកុម្ភ: ដែលបានធ្វើការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាឃុំខ្លួនបណ្តោះអាសន្នរបស់នួន ជា លោកសហមេធាវីការពារក្តីបានបញ្ជាក់ថា «នួន ជាបានត្រៀមខ្លួនប្រឈមមុខនឹងអ្នកចោទប្រកាន់ចំពោះរូបលោក។ លោកបាននិយាយថាលោកបានត្រៀមខ្លួនប្រឈមមុខនឹងសវនាការនេះតាំងតែពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ»។ អតីតប្រធានរដ្ឋសភាខ្មែរក្រហមរូបនេះ បានអះអាងថាលោកមិនមានចេតនាណាមួយក្នុងការរត់ភៀសខ្លួនចេញពីប្រទេសទេ ហើយលោកក៏មិនធា្លប់បានបង្កជាបញ្ហាអសន្តិសុខណាមួយឡើយ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ លោករស់នៅផ្ទះជាមួយនឹងក្រុមគ្រួសារយ៉ាងស្ងប់ស្ងាត់។ ការសួរចម្លើយដោយគ្មានមេធាវី ចៅក្រមនៃអង្គបុរេជំនុំជម្រះបានបដិសេធនូវការអះអាងរបស់មេធាវីការពារក្តី ដែលបានរិះគន់ដល់ភាពមិនប្រក្រតីនៅក្នុងតំណាក់កាលពិភាក្សាដេញដោលលើកទីមួយ ដែលធ្វើឡើងដោយសហចៅក្រមស៊ើបអង្កេត។ ការសាកសួរដេញដោលនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីការចាប់ខ្លួនលោកនួន ជា នៅថ្ងៃទី ១៩ ខែកញ្ញា នៅគេហដ្ឋានរបស់លោកនៅទីក្រុងប៉ៃលិន ភាគពាយ័ព្យនៃប្រទេសកម្ពុជា។
បងធំទីពីរ ដែលត្រូវបានគេហៅទៅតាមឋានានុក្រមនៃរបបខ្មែរក្រហម ធ្លាប់បានបដិសេធមិនត្រូវការមេធាវី។ មេធាវីការពារក្តីបានលើកឡើងថា នួន ជាបាននិយាយសំដីទាំងនោះ ដោយសារតែគាត់«មានស្មារតីមិនសូវល្អ និងមិនបានយល់ច្បាស់អំពីនីតិវិធីតុលាការ»។ សហមេធាវីការពារក្តីបានវាយតម្លៃថាការសម្រេចចិត្តដែលមិនត្រូវការមានអ្នកតំណាងស្របច្បាប់គឺជាការសម្រេចចិត្តដែលអាចពិភាក្សាបាន។ ពួកគេបានអះអាងថាការសម្រចចិត្តនេះអាចមកពី «ប្រតិកម្មរបស់អាជ្ញាធរទៅលើគាត់»។
លោក រ៉ូប៊ែរ ប៉ឺតទី សហព្រះរាជអាជ្ញាជនជាតិកាណាដា បានរម្លឹកថាលោកនួន ជា ត្រូវបានគេផ្តល់ជំនួយផ្លូវច្បាប់ចំនួនបីលើក តែលោកបានបដិសេធការជួយទាំងនេះទាំងបីលើកផងដែរ ហីយគេបានពន្យល់ប្រាប់គាត់យ៉ាងក្បោះក្បាយអំពីដំណាក់កាលពិភាក្សាដេញដោល។ លោកព្រះរាជអាជ្ញាបាននិយាយសកសៀតថា «យើងធ្លាប់បានឃើញអតីតអ្នកដឹកនាំរដ្ឋថ្លែងសុន្ទរកថា ដោយដោះសារថា លោកមិនបានធ្វើទង្វើអាក្រក់ណាមួយឡើយ ដោយបានបង្ហាញនូវអំណះអំណាងដ៏ជាក់លាក់និងគួរអោយទុកចិត្តបាន [...] ហើយយើងឃើញទៀតថាលោកមិនមែនជាមនុស្សទន់ខ្សោយនិងវង្វេងដូចដែល [មេធាវីការពារក្តី] និយាយរៀបរាប់ប្រាប់យើងនោះទេ។
ដូច្នេះ អង្គបុរេជំនុំជម្រះបានទទួលស្គាល់ថាការលះបង់សិទ្ធិទទួលបានជំនួយផ្លូវច្បាប់ពិតជាអាចធ្វើទៅបាន ហើយការសម្រេចចិត្តនេះធ្វើឡើងដោយស្ម័គ្រចិត្តនិងមានភាពច្បាស់លាស់។
តើការទទួលខុសត្រូវរបស់នួន ជា គឺជាអ្វី? កាលពីថ្ងៃសុក្រ ទី២១ មីនា លោកមេធាវី សុន អរុណ បានសំដែងការទើសចិត្តនឹងការកើនឡើងនូវពាក្យបណ្តឹងប្រឆាំងនឹងកូនក្តីរបស់លោក។ លោកយល់ឃើញថាមិនមានភស្តុតាងណាមួយនៅក្នុងសំនុំរឿងក្តីនេះអាចបញ្ជាក់អោយឃើញពីពិរុទ្ធភាពរបស់នួន ជា ឡើយ។ ចំណែកឯចៅក្រមនៃអង្គបុរេជំនុំជម្រះវិញ បានពន្យល់ថា ការសម្រេចចិត្តរបស់ចៅក្រមមានមូលហេតុច្បាស់លាស់ដែលអាចបញ្ជាក់ពីការពាក់ព័ន្ធរបស់នួន ជានៅក្នុងឧក្រិដ្ឋកម្ម ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ចន្លោះពីថ្ងៃទី ១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ១៩៧៩។ លោកសហមេធាវីបានអះអាងនៅក្នុងសវនាការថា កូនក្តីរបស់ពួកលោក មិនមែនមានធម្មជាតិជាមនុស្សសាហាវយង់ឃ្នងឡើយ ព្រោះកាលពីអតីតកាល គាត់ធ្លាប់បួសជាព្រះសង្ឃ។
ការអំពាវនាវទៅកាន់សម្តេច ហ៊ុន សែន ផ្អែកទៅតាមនីតិវិធីតុលាការ កាលពីសវនាការថ្ងៃទី ៧និងទី៨ ខែកុម្ភៈ លោកនួន ជា មានសំដីជាចុងក្រោយ ដោយសំដែងគារវភក្តីចំពោះការងាររបស់នាយករដ្ឋមន្ត្រីហ៊ុន សែន។ គាត់បានលើកឡើងម្តងទៀតថា សន្តិភាព ឯកភាពជាតិ និងកំណើនសេដ្ឋកិច្ចប្រទេសកំពុងតែប្រព្រឹត្តទៅយ៉ាងល្អប្រសើរ បើទោះបីជាមានឧបសគ្គខ្លះក៏ដោយ។ ជនត្រូវចោទរូបនេះបានប្រកាសថា «នយោបាយរបស់រដ្ឋាភិបាលដែលដឹកនាំដោយសម្តេច ហ៊ុន សែន [ អាច ] យកឈ្នះនូវរាល់ឧបសគ្គទាំងពួង [ ... ] និងអាចដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍។
ខណៈពេលតុលាការបានសម្រេចកំណត់ថ្ងៃបើកសវនាការលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាឃុំខ្លួនបណ្តោះអាសន្នរបស់អ្នកស្រី អៀង ធីរិទ្ធិ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម មេធាវីការពារក្តីបានស្នើសុំពន្យារពេលរយៈមួយខែ។ លោកមេធាវីបានលើកឡើងអំពីសិទ្ធិរបស់ជនត្រូវចោទក្នុងការទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌ និងសិទ្ធិទទួលបានការការពារដោយមេធាវីតាមការជ្រើសរើសរបស់ខ្លួន។ លោកបានពន្យល់ថាសហមេធាវីបរទេសរបស់លោកស្រី អៀង ធីរិទ្ធិ គឺកញ្ញា Diana Ellis មិនអាចមកកាន់ប្រទេសកម្ពុជា នាខែមេសាខាងមុខនេះបានទេ ដោយសារតែកញ្ញាជាប់កាតព្វកិច្ចវិជ្ជាជីវៈមួយនៅប្រទេសអង់គ្លេស។ សហមេធាវីទាំងពីររបស់អ្នកស្រីអៀង ធីរិទ្ធិ បានលើកឡើងម្តងទៀតថា អ្នកទទួលខុសត្រូវអង្គការគាំពារការពារក្តីបានជូនដំណឹងដល់អង្គបុរេជំនុំជម្រះជាច្រើនលើកច្រើនសាររួចមកហើយ ថាកញ្ញាមិនមានលទ្ធភាពចូលរួមសវនាការបានទេ។
សវនាការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាឃុំខ្លួនបណ្តោះអាសន្នរបស់អតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យខៀវ សំផន នឹងធ្វើឡើងជាអសាធារណៈ លើកលែងតែផ្នែកខ្លះៗ នៃកិច្ចពិភាក្សា។ សវនាការនឹងធ្វើឡើងនៅថ្ងៃទី ២៣ មេសា។ |
|
|