អតីតអ្នកទទួលខុសត្រូវខ្មែរក្រហមចំនួនប្រាំរូប (ឌុច- នួនជា- អៀង សារី- អៀង ធីរិទ្ធិ និង ខៀវ សំផន) ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា( អ វ ត ក) សម្រេចចោទប្រកាន់។ សវនាការជាសាធារណៈលើកដំបូងត្រូវបានបើកឡើង។ ដំណើរការជំនុំជម្រះជាលើកដំបូង អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០០៨។ ប្រជាជនទីក្រុងភ្នំពេញជាច្រើនដែលត្រូវបានសាកសួរ បានបង្ហាញនូវគោលជំហរគាំទ្រដោយឯកឯងចំពោះតុលាការជាតិដែលមានលក្ខណៈអន្តរជាតិនេះ។ ទោះបីជាពួកគេមិនទាន់មានភាពជឿជាក់ទាំងស្រុងក៏ដោយ ក៏ពួកគេនៅតែមានទំនុកចិត្តថា នៅចុងបញ្ចប់ តុលាការនឹងផ្តល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋផងដែរ។
អ្នកគាំទ្រជាច្រើនមានបំណងយ៉ាងដាច់ណាត់ចង់ឃើញអតីតគូកនរបស់ប៉ុល ពត ទាំងនេះត្រូវបានជំនុំជម្រះទោសអោយបានឆាប់រហ័ស ដើម្បីរំសាយកំហឹងរបស់ពួកគេ បើទោះបីជា ព័ត៌មានលំអិតនៃនីតិវិធីតុលាការមិនសូវជាមានភាពចាំបាច់ប៉ុន្មានសម្រាប់ពួកគេក៏ដោយ។ ប៉ុន្តែមនុស្សមួយចំនួននៅមានការព្រួយបារម្ភ ខ្លាចបាត់បង់ក្តីសង្ឃឹមរបស់ពួកគេ ព្រោះតុលាការចម្រុះជាតិនិងអន្តរជាតិមួយនេះ មានដំណើរការមិនសូវជារលូនប៉ុន្មានទេ។ ម្យ៉ាងវិញទៀត សម្រាប់ក្មេងជំនាន់ក្រោយ ពួកគេមានការសង្ស័យ និងមិនសូវជាមានទំនុកចិត្តចំពោះតុលាការដ៏ក្មេងខ្ចីនេះទេ។ ការសង្ស័យបានរលត់បាត់ទៅវិញ «ប្រសិទ្ធិភាពរបស់់តុលាការបានទទួលរងនូវការចោទសួរដេញដោលជាច្រើន អស់រយៈពេលមួយឆ្នាំមកហើយ។ សំណួរទាំងនេះចេះតែបន្តកើតមានឡើង ខណៈពេលការវិនិច្ឆ័យទោសចំពោះបទឧក្រិដ្ឋកម្ម ត្រូវបានពន្យារពេលរហូតដល់ទៅ៣០ឆ្នាំមកហើយ។ ប៉ុន្តែ សម្រាប់ពេលនេះ ការចាប់ឃុំខ្លួនជាបន្តបន្ទាប់ និងសវនាការជាសាធារណៈលើកដំបូង បានផ្តល់នូវភាពជឿជាក់ជូនប្រជាជនកម្ពុជាសាជាថ្មី»។ លោក សុទ្ធិ អាយុ ៤០ ឆ្នាំ ជាប្រធានអង្គការក្រៅរដ្ឋាភិបាលមួយ បានសំដែងនូវសេចក្តីសោមនស្សរីករាយថា ដំណើរការនីតិវិធីតុលាការបានជួយអោយប្រជាពលរដ្ឋហ៊ាននិយាយពីបញ្ហាឧក្រិដ្ឋកម្មនេះ។ លោកគឺជាឪពុកម្នាក់ដែលតែងតែនិយាយប្រាប់កូនតូចៗរបស់គាត់ពីសោនាដកម្ម ដែលបានកើតឡើងចំពោះរូបគាត់នៅក្នុងរបបប្រល័យពូជសាសន៍។ លោកបានលើកឡើងសាជាថ្មីថា «រហូតមកទល់សព្វថ្ងៃនេះ មានឪពុកម្តាយមួយចំនួនមិនចង់និយាយរៀបរាប់ពីបញ្ហានេះប្រាប់កូនៗរបស់ខ្លួនទេ ដោយសារតែមិនចង់រំលឹកឡើងវិញពីអតីតកាលដ៏សែនជូរចត់នេះ។ ប៉ុន្តែ បច្ចុប្បន្ននេះ ខ្ញុំមានអារម្មណ៍ថា រឿងខ្លះៗបានកើតឡើង ព្រោះក្មេងៗជំនាន់ក្រោយបានសួរសំណួរ និងចាប់ផ្តើមមានការចាប់អារម្មណ៍ទៅនឹងបញ្ហានេះ»។
លោក សុវណ្ណៈ មានមុខរបរជាអ្នករត់ម៉ូតូឌុប បានមានប្រសាសន៍ថា ទោះបីជារូបលោក ក៏ដូចជាក្រុមគ្រួសាររបស់លោក គិតតែតាមដានខ្សែភាពយន្តក្នុងទូរទស្សន៍ ហើយមិនបានតាមដានព្រឹត្តិការណ៍បច្ចុប្បន្នភាពទាក់ទងទៅនឹងសាលាក្តីខ្មែរក្រហមក៏ដោយ ក៏លោកនៅតែមានភាពជឿជាក់លើដំណើរការរបស់សាលាក្តីមួយនេះផងដែរ។ «ខ្ញុំមិនបានតាមដានព័ត៌មានតាមទូរទស្សន៍ ដើម្បីអោយបានដឹងថាតើសាលាក្តីគេទៅដល់ណាហើយនោះទេ... ប៉ុន្តែ ខ្ញុំមានការជឿជាក់ថា ការរៀបចំដំណើរការសាលាក្តីខ្មែរក្រហមមួយនេះមានសារៈសំខាន់ណាស់ ព្រោះថាយើងត្រូវតែធ្វើការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមទាំងនោះ»។ លោក កុសល អ្នកបើកបរតាក់ស៊ី បានចូលរួមបញ្ចេញមតិយោបល់ថា ឪពុកម្តាយរបស់លោកបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ លោកបានអះអាងថា «គេត្រូវតែផ្តល់នូវយុត្តិធម៌ជូនជនរងគ្រោះ។ ពួកយើងចង់ដឹងថា តើហេតុអ្វីបានជាពួកខ្មែរក្រហមទាំងនោះសម្លាប់ជនរួមជាតិរបស់ខ្លួន និងចង់ដឹងថាតើនរណាជាអ្នកនៅពីក្រោយឧក្រិដ្ឋកម្មដ៏សន្ធឹកសន្ធាប់ទាំងនេះ..។»
លោក ហ៊ឹម ហុយ អតីតអ្នកធ្វើទារុណកម្មម្នាក់នៃមន្ទីរសួរចម្លើយ ស២១ មិនមានការរារេកក្នុងការអះអាងនៅចំពោះអ្នកយកព័ត៌មានថា លោកគាំទ្រចំពោះសវនាការកាត់ទោសអតីត «មេដឹកនាំ» របស់ខ្លួន។ លោកបានបញ្ជាក់ថារូបលោកប្រៀបដូចជាអ្នកយាមធម្មតាម្នាក់ដែលចាំតែទទួលបញ្ជាពីថ្នាក់លើ ដើម្បីកុំអោយគេយកទៅសម្លាប់តែប៉ុណ្ណោះ...»។ គំរូសម្រាប់តុលាការកម្ពុជា លោក ចរិយា អ្នកយកព័ត៌មានអោយវិទ្យុ ដែលខំតាមដានចំពោះរឿងនេះ បានបង្ហាញនូវក្តីសង្ឃឹមថាសាលាក្តីអាចជួយពង្រឹងប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា។ លោកជឿជាក់ថា «សាលាក្តីនេះ អាចនឹងក្លាយជាគំរូមួយសម្រាប់តុលាការកម្ពុជាផ្សេងៗទៀត»។
សុភា បុគ្គលិកបំរើការធនាគារមួយបានវាយតម្លៃថា ការកាត់ទោសអតីតអ្នកទទួលខុសត្រូវរបបខ្មែរក្រហមទាំងនេះ អាចនឹងជួយអោយប្រទេសជាតិជៀសផុតពីរឿងរ៉ាវអាក្រក់ៗ និងនិទណ្ឌភាព។ គាត់បានអះអាងយ៉ាងមុតមាំថា «ប្រសិនបើជាបុគ្គលទាំងនោះ ដែលបានសម្លាប់មនុស្សជាងមួយលាននាក់ មិនត្រូវបានកាត់ទោសដោយតុលាការនោះទេ នោះអាចនឹងធ្វើអោយអ្នកដែលបានសម្លាប់មនុស្សត្រឹមតែពីរទៅបីនាក់ មានសម្បជញ្ញៈគិតថាខ្លួនមិនបានប្រព្រឹត្តខុសឆ្គងអ្វីនោះឡើយ។ ដូច្នេះ អតីតមេដឹកនាំខ្មែរក្រហមត្រូវតែទទួលការវិនិច្ឆ័យទោស ដើម្បីអោយគំនិតនេះ រលត់បាត់» ប្រសូមអោយប្រវត្តិសាស្រ្តដ៏អាក្រក់នេះពុំកើតឡើងម្តងទៀត លោក ជុំ ម៉ី អាយុ ៧៧ឆ្នាំ គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលនៅរស់រាន្តមានជីវិតទាំងប្រាំពីរនាក់ ពីក្នុងគុកទួលស្លែង ដែលបច្ចុប្បន្ននេះបានប្រែក្លាយជាសារមន្ទីរប្រល័យពូជសាសន៍។ លោកសំដែងនូវការព្រួយបារម្ភថា «បើសិនជាមិនមានការវិនិច្ឆ័យទោសអតីតមេដឹកនាំខ្មែរក្រហមទាំងនោះទេ ក្មេងៗជំនាន់ក្រោយនឹងមិនបានដឹងពីប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតនេះ ហើយពួកគេអាចនឹងប្រព្រឹត្តបទល្មើសដដែលនេះម្តងទៀតក៏ថាបាន»។ នៅក្នុងដំណើរទស្សនកិច្ចមួយក្នុងមន្ទីរស២១ លោកបានមានប្រសាសន៍ថា បំណងប្រាថ្នាដ៏សំខាន់របស់លោកតែមួយគត់នោះគឺ ចង់អោយជនជាប់ចោទទាំងប្រាំរូបនេះ ធ្វើការសុំទោសប្រជាពលរដ្ឋជាសាធារណៈ។ លោកមានការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំងចំពោះពាក្យសំដីដោះសាររបស់លោក ខៀវ សំផន «អតីតប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យ» «ដែលបានរៀបរាប់នៅក្នុងសៀវភៅរបស់ខ្លួនថា លោកមិនបានដឹងឮអ្វីទាំងអស់ចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងសម័យកាលនោះ។ វាគឺជារឿងដែលពិបាកនឹងជឿខ្លាំងណាស់!»។ ការព្រួយបារម្ភខ្លះៗ លោក ថន ជាជាងធ្វើសក់ម្នាក់នៅតាមផ្លូវ បានបញ្ចេញមតិយោបល់ដូចអ្នកដទៃទៀតថា តុលាការនេះមានដំណើរការ ដូចជាយឺតយាវ។ «ខ្ញុំមានទំនុកចិត្តចំពោះសាលាក្តីមួយនេះ ប៉ុន្តែដំណើរការរបស់តុលាការមានភាពយឺតយាវ។ ខ្ញុំព្រួយបារម្ភថាអតីតមេដឹកនាំខ្មែរក្រហមដែលមានអាយុកាន់តែចាស់ទៅៗទាំងនោះអាចស្លាប់បាត់បង់ជីវិត មុនពេលកាត់ទោស។ សារព័ត៌មានជាច្រើនបានផ្សព្វផ្សាយអំពីបញ្ហាខ្វះខាតថវិកាសម្រាប់សាលាក្តីខ្មែរក្រហម ដែលបានធ្វើអោយមតិសាធារណជនមួយចំនួនសំដែងនូវការព្រួយបារម្ភ ព្រោះបញ្ហានេះគឺជាឧបសគ្គមួយសម្រាប់ដំណើរការនីតិវិធីតុលាការ។ លោក វីពី (Vipi) មគ្គុទ្ទេសក៍ប្រចាំទីក្រុងភ្នំពេញ បានសំណូរពរចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អោយបង្ហាញប្រសិទ្ធិភាពការងាររបស់ខ្លួន ដើម្បីទទួលបាននូវមូលនិធិបន្ថែមទៀតពីម្ចាស់ប្រទេសផ្តល់ជំនួយ។ ការចង់ដឹងពីដំណើរការតុលាការ លោក សារឿន ជាជាងធ្វើសោចល័តម្នាក់ បានមានប្រសាសន៍ថា គាត់មិនទាន់មានទំនុកចិត្តចំពោះសាលាក្តីខ្មែរក្រហមមួយរយភាគរយនោះទេ។ គាត់នឹងរង់ចាំមើលដំណើរការរបស់តុលាការសិន។ «ខ្ញុំតែងតែសួរថា តើពេលណាទើបតុលាការកំណត់កាលបរិច្ឆេទដើម្បីកាត់ទោសជនជាប់ចោទទាំងនោះ។ ខ្ញុំគិតថាការកំណត់នូវកាលបរិច្ឆេទច្បាស់លាស់អាចធ្វើអោយប្រជាជនខ្មែរមានជំនឿទុកចិត្តយ៉ាងពិតប្រាកដ ចំពោះសាលាក្តីជំនុំជម្រះមួយនេះ។»
លោក សំនឿន មន្ត្រីរាជការម្នាក់នៃក្រសួងយុត្តិធម៌ មានបំណងចងដឹងថាតើចៅក្រមបានធ្វើការស៊ើបអង្កេតសំណុំរឿងទាំងនេះដល់ណាហើយ។ «ខ្ញុំទទួលស្គាល់ថាការ ស៊ើបអង្កេតរបស់តុលាការមានភាពសម្ងាត់ ប៉ុន្តែយ៉ាងហោចណាស់ សាធារណជនក៏គួរមានសិទ្ធិបានដឹងពីការវិវត្តន៍នៃការស៊ើបអង្កេតរបស់តុលាការផងដែរ។
លោក ធីលៀង អាយុ៣០ឆ្នាំ ជាមន្ត្រីរាជការម្នាក់នៃក្រសួងការងារ បានសំដែងនូវការសោកស្តាយយ៉ាងខ្លាំងដែលមិនបានតាមដានទស្សនាសវនាការជាសាធារណៈលើកដំបូងដោយផ្ទាល់ភ្នែករបស់លោក។ លោកគ្រាន់តែបានទស្សនាសវនាការតាម រយៈការបញ្ជូនរូបភាពវីដេអូលើអេក្រង់ទូរទស្សន៍ដ៏ធំមួយនៅក្នុងសាលធំជាប់នឹងបន្ទប់អង្គបុរេជំនុំជម្រះតែប៉ុណ្ណោះ ខណៈពេលដែលលោកខំធ្វើដំណើរជាពិសសេ ទៅចូលរួមតាមដានសវនាការនៅក្នុងអង្គជំនុំជម្រះដែលមានទីតាំងស្ថិតកំបូល។ ភាពមន្ទិលសង្ស័យ និងការមិនចាប់អារម្មណ៍ ស្រ្តីអាជីវករម្នាក់ មានអាយុ៣៨ឆ្នាំ បានរៀបរាប់នូវការឈឺចាប់របស់ខ្លួនកាលពីអតីតកាលប្រាប់កូនៗ ថា នៅសម័យនោះ គាត់មិនមានអាហារបរិភោគគ្រប់គ្រាន់ ទទួលរងនូវការធ្វើទារុណកម្ម ហើយនឹងត្រូវបែកបាក់ក្រុមគ្រួសារទៀតផង។ ប៉ុន្តែ គាត់បានសារភាពថា គាត់មិនបានផ្តោតអារម្មណ៍ទៅលើសាលាក្តីមួយនេះទេ «ព្រោះវាគឺជារឿងនយោបាយសុទ្ធសាធ»។
ប៉ុន្តែ ទោះបីជាអ្នកដែលរស់រានមានជីវិតមួយចំនួនធំពីរបបប្រល័យពូជសាសន៍មានទំនុកចិត្តជាខ្លាំងទៅលើសាលាក្តីខ្មែរក្រហមនេះក៏ដោយ ក៏ក្មេងៗស្រករក្រោយស្ថិតនៅក្នុងសភាពមួយស្រពិចស្រពិល រវាងសក្ខីភាពរបស់ជនដែលនៅរស់រាន្តមានជីវិតពីរបបដ៏សាហាវយង់ឃ្នងនេះ និងការប្រកាសពីភាពបរិសុទ្ធត្រឹមត្រូវរបស់អតីតមេដឹកនាំខ្មែរក្រហម។ នៅទីបញ្ចប់ ពួកក្មេងៗទាំងនោះ មិនដឹងថាតើគួរមានទំនុកចិត្តលើនរណា។ ដូច្នេះ ពួកគេហាក់ដូចជាមិនសូវចាប់អារម្មណ៍ទៅលើបញ្ហានេះទេ។ ដូចជាករណីរបស់ សូពណ៌ អាយុ២៨ឆ្នាំ និងជាអ្នកបច្ចេកទេសផ្នែកសម្លេង។ លោកបានចោទសួរខ្លួនឯងថា «ពួកយើងពិបាកជឿទៅលើប្រវត្តិសាស្រ្តទាំងនេះណាស់។ ពួកយើងមិនបានកើតនៅក្នុងសម័យកាលនោះទេ។ តើពួកយើងគិតពីបញ្ហាទាំងនោះយ៉ាងដូចម្តេច? តើពួកយើងគួរមានទំនុកចិត្តទៅលើនរណា? យុវជនវ័យក្មេងរូបនេះក៏បានលើកឡើងថា ឪពុកម្តាយតែងតែនិយាយប្រាប់កូនៗរបស់ពួកគាត់ពីរឿងខ្មែរក្រហម ប្រៀបបានដូចជាឪពុកម្តាយដែលតែងតែបង្ខំអោយកូនៗញុំបាយអោយរួចរាល់ រឺក៏បញ្ជាអោយពួកវាឈរអោយត្រង់ខ្លួន។ «ជួនកាល មនុស្សវ័យចំណាស់ៗ អាចនឹងធ្វើការរិះគន់ចំពោះគំនិតខ្វះពិចារណាអោយបានស៊ីជម្រៅរបស់យុវជន។ ពួកគាត់នឹងនិយាយទៅកាន់យុវជននោះថា “ប្រសិនជាក្មួយឯងស្ថិតនៅក្នុងសម័យកាលនោះវិញ ហើយក្មួយប្រកាន់អត្តចរិករបៀបនេះ នោះក្មួងឯងប្រហែលជាមិនអាចមានជីវិតនៅបានយូរអង្វែងទេមើលទៅ!” ពួកយើងគិតថា នេះគឺជាវិធីមួយដែលបានបំភ័យដល់យើង ដើម្បីអប់រំពួកយើងអោយកាន់តែមានលក្ខណៈប្រសើរឡើង។»
យុវជនវ័យក្មេងរូបនេះ ទទួលស្គាល់ថាបានឮគេនិយាយពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) ប៉ុន្តែ លោកបានមានប្រសាសន៍ដោយត្រង់ៗថានឹងមិនផ្តល់ប្រាក់ឥណទានណាមួយដើម្បីផ្គត់ផ្គង់ដល់ អវតក ឡើយ។ លោកបានមានប្រសាសន៍ថា «ចាប់តាំងពីខ្ញុំកើតមក ខ្ញុំមិនដែលឃើញមានយុត្តិធម៌ផ្តល់ដោយតុលាការនោះទេ ដោយហេតុថា អ្នកដែលមានលុយ គេអាចមានលទ្ធភាពឈ្នះក្តីបាន ដោយមិនបាច់មានការព្រួយបារម្ភ...។ តើហេតុអ្វីបានជាតុលាការមួយនេះមានលក្ខណៈខុសប្លែកពីតុលាការផ្សេងៗទៀត? យុវជនជំនាន់នេះគិតថាkarកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមនេះ គ្មានសារៈប្រយោជន៍អ្វីទាំងអស់។ ព្រឹត្តិការណ៍នេះបានកន្លងហួសផុតអស់រយៈពេលសាមសិបឆ្នាំហើយ។ ទោះបីជាមេដឹកនាំទាំងនោះ មិនត្រូវបានកាត់ទោស ឫក៏ត្រូវបានកាត់ទោសក៏ដោយ ក៏ពួកគេទាំងនោះនឹងត្រូវស្លាប់នៅក្នុងពេលឆាប់ៗនេះជាមិនខាន!»៕ |