αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:39 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

Advertisement
ជនរងគ្រោះពីរបបខ្មែរក្រហម
αžŠαŸ„αž™ Chheang Bopha   
Convertir en PDF Version imprimable SuggΓ©rer par mail
02-04-2008

 

Khmers rouges / victimes / psychologie - ©John Vink / Magnum

គ្រូពេទ្យចិត្តសាស្រ្តកំពុងព្យាបាលជនរងគ្រោះពីរបបខ្មែរក្រហមម្នាក់ដែលមានបញ្ហាផ្លូវចិត្ត
©John Vink / Magnum

ប្រជាពលរដ្ឋក្នុងភូមិមួយនាខេត្តស្ទឹងត្រែងដែលរស់នៅប្រជុំគ្នាក្នុងព្រៃ បាន​សម្រេច​ចិត្តបំពេញទម្រង់បែបបទនៃពាក្យបណ្តឹងប្រឆាំងនឹងអតីតមេដឹកនាំរបបខ្មែរក្រហម។ ប៉ុន្តែ ការលើកយករឿងរ៉ាវដ៏សែនវេទនាដែលលាក់កប់ទុកក្នុងការចងចាំរបស់ពួក​គេ​យ៉ាងស៊ីជម្រៅ មកនិយាយសើរើម្តងទៀត អាចនឹងធ្វើអោយស្នាមរបួសរបស់​ពួក​គេ​កាន់​តែឈឺផ្សារថែមទៀត ហើយជួនកាល ពួកគេស្ទើរតែនិយាយមិនរួចអំពី​ព្រឹត្តិការណ៍ដ៏ខ្មៅងងឹតនេះទៀតផង។

 

អ្នកភូមិអូរស្វាយ នៅតែមានឆន្ទះចង់និយាយប្រាប់រាល់គ្នាអោយបានដឹងលឺ នៅក្នុងនីតិវិធីតុលាការខ្មែរក្រហមជាប្រវត្តិសាស្រ្តដែលកំពុងតែមានដំណើរការ​នេះ។ ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលខ្លួនមកពាក់ព័ន្ធជាមួយនឹង​រឿង​ក្តីនេះ ដូចគ្នានឹងប្រជាពលរដ្ឋក្នុងភូមិផ្សេងទៀតនាខេត្តស្ទឹងត្រែង។ អ្នក​ភូមិ​ទាំងនោះបានសំដែងនូវការព្រួយបារម្ភខ្លាចខ្ជះខ្ជាយពេលវេលាច្រើនពេក ក្នុង​ការចុះឈ្មោះដាក់ពាក្យបណ្តឹងនេះ។ អ្នកភូមិម្នាក់បានរៀបរាប់ទាំងអួល​ដើម​កថា «យើងមានការខឹងសម្បារជាខ្លាំង ពេលដែលបានសា្តប់វិទ្យុលឺអតីត​មេ​ដឹកនាំខ្មែរ​ក្រហម​ប្រកាស​ខ្លួនឯងថាជាមនុស្សបរិសុទ្ធស្អាតស្អំ! ពួកគេនិយាយ​ថា​ពួក​គេមិនមែនជាអ្នកទទួលខុសត្រូវលើអំពើប្រល័យពូជសាសន៍ទេ អញ្ជឹងតើ​នរណាជាអ្នកសម្លាប់សាច់ញាតិបងប្អូនរបស់ពួកយើងទាំងអស់គ្នា? ពួកគេ​និយាយ​ថាពួកគេមិនបានដឹងលឺពីរឿងប្រល័យពូជសាសន៍ទាល់តែសោះ អញ្ជឹង​តើនរណាដឹង?​ កញ្ញា ចំរើន អ្នកទទួលខុសត្រូវកម្មវិធីខ្មែរក្រហម​សម្រាប់​អង្គការ​ការពារសិទ្ធិមនុស្សអាដហុក នាខេត្តស្ទឹងត្រែង ភាគខាងជើងប្រទេស បានពន្យល់ថានាងមានការពិបាកជាខ្លាំងក្នុងការប្រមូលសក្ខីកម្មផ្សេងៗពីអ្នកភូមិ។ «ពួកគេចាប់ផ្តើមមានការឈឺចាប់ជាខ្លាំង បន្ទាប់ពីពួកគេត្រូវរំលឹករឿង​អតីត​កាល​​ឡើងវិញ។ ពួកគេយំ និងបង្ហាញក្តីកង្វល់...។ ពួកគេឈប់រៀបរាប់បន្ត ដោយ​លើកហេតុផលថាមិនចង់រំលឹកឡើងវិញនោះទេ ព្រោះរឿងរ៉ាវទាំងនេះ​ធ្វើ​អោយ​ពួកគេខ្លោចផ្សារជាទីបំផុត។

 

ភូមិមួយខុសពីភូមិដទៃ
ប្រសិនបើប្រជាជនភូមិអូរស្វាយមិនចង់អោយប្រវត្តិសាស្រ្តគ្មានឈ្មោះរបស់ពួកគេ នោះក៏ព្រោះតែពួកគេបានរងគ្រោះជាពិសេសពីអំពើឃោរឃៅអមនុស្សធម៌របស់​ពួកខ្មែរក្រហម។ ដីភូមិដែលមានប្រជាជនប្រមាណជាងមួយរយគ្រួសារចាប់មាន​កំណើតនៅក្នុងទសវត្សទី៦០ ទៅតាមព្រះរាជតំរិះរបស់ព្រះបាទ នរោត្តម សីហនុ ដែលមានបំណងចង់ការពារប្រទេសកម្ពុចាពីនយោបាយពង្រីកទឹកដីរបស់ប្រទេស​ឡាវ។ គ្រួសារអតីតយុទ្ធជនចូលនិវត្តន៍ត្រូវបានលើកទឹកចិត្តអោយចូលមកបោះទី​តាំង​នៅក្នុងព្រៃ។ ទាហានបម្រើមុនឆ្នាំ១៩៧៥ ជាមុខសញ្ញាដែលពួកខ្មែរក្រហម​ប្តេជ្ញាចិត្តថានឹងកំទេចចោលទាំងអស់។ 

 

ការធ្វើពាក្យបណ្តឹងដែលត្រូវការពេលវេលាយូរ
ពូសុខ អាយុ៥៧ឆ្នាំ ជាអ្នកដែលរស់រួចជីវិតពីការកាប់សម្លាប់របស់​ពួកខ្មែរ​ក្រហម​នៅក្នុងភូមិរបស់គាត់។ ពូសុខបាននិយាយដោយកំហឹងថា «ពួកខ្មែរក្រហម​ស្អប់​អ្នក​ដែលបម្រើជាទាហាននៅសម័យមុន។ ពួកវាសម្លាប់ប្រជាជន រួចបោះ​សាក​សព​ទម្លាក់ចោលក្នុងទន្លេសេសាន។ ថ្ងៃមួយ នៅក្នុងមន្ទិញនយោបាយ ពួកខ្មែរ​ក្រហមបានចាក់សម្លាប់ប្រជាជនពីរនាក់នៅចំពោះមុខពួកយើង។ ជាការប្រហារ​ជីវិត ដើម្បីធ្វើអោយពួកយើងខ្លបខ្លាច។ វាពិតជាឃោរឃៅខ្លាំងណាស់... អ្នកខ្លះក្នុងចំណោមពួកយើងបានងាកមុខចេញ។ ខ្ញុំមិនដែលភ្លេចរូបភាព​ទាំងអស់​នេះទេ»។

 

រុំព័ន្ធទៅដោយស្រមោលអតីតកាលដ៏សែនឈឺចុកចាប់ បុរសវ័យជាង៥០ឆ្នាំរូបនេះ ទទួលស្គាល់ថាការបំពេញពាក្យបណ្តឹងរបស់គាត់ ឈានទៅមុខដោយយឺតៗ ។ នៅពេលដែលគាត់ចាប់ផ្តើមនឹកឃើញដល់រូបភាពអតីតកាលដ៏សាហាវ ដែលហាក់​ដូចជាថ្មីៗសម្រាប់រូបគាត់ ពូសុខត្រូវ បោះបង់ចោលការបំពេញពាក្យបណ្តឹង។ គាត់​ត្រូវយកពេលសម្រាកនិង បំភ្លេចពាក្យបណ្តឹងនេះមួយរយៈ ដើម្បីតាំងជំហរ​ឡើងវិញ។

 

នៅក្នុងទម្រង់បែបបទពាក្យបណ្តឹង ជនរងគ្រោះត្រូវតម្រូវអោយរំលឹកយ៉ាង​លំអិត​ពី​ឧក្រិដ្ឋកម្ម និងការកាប់សម្លាប់រង្គាលគ្រប់ប្រភេទ ដែលពួកគេបាន​ជួប​ប្រទះ។ នៅ​ក្នុង​ករណីនេះ ពូសុខមិនមែនជាមនុស្សតែម្នាក់ ដែលប្រឈម​មុខ​នឹងការរំលឹករឿង​អតីតកាលដ៏ឈឺចាប់ទេ មីងសានបានទទួល​ទម្រង់ពាក្យ​បណ្តឹង ក្នុងពេល​ជាមួយ​គ្នា និងមានស្ថានភាពដូចពូសុខដែរ។ នៅពេលដែល​គាត់ចាប់ផ្តើមនឹកឃើញ រឿង​អតីត​កាលដែលគាត់ព្យាយាមគេចមិនរំលឹក មីង​សានមិនអាចទប់កំហឹង និងមិន​អាច​លាក់គំនុំដែលមាននៅក្នុងខ្លួនរបស់គាត់។ មីងសានមិនអាចទទួលយកបាន នូវ​ការបាត់បង់ពូជាទីស្រលាញ់ ដែលបាន​ចិញ្ចឹម​បីបាច់គាត់ បន្ទាប់ពីឪពុកម្តាយ​របស់គាត់បានស្លាប់ទៅ។ មីងសាន​ដែល​ភ្នែក​រលីងរលោង បានពន្យល់ថា «ខ្ញុំបាន​ឃើញពួកខ្មែរក្រហម​ចងបណ្តើរពូ​របស់ខ្ញុំ។ ពូរបស់ខ្ញុំបានស្រែកអោយ​គេ​ជួយ... ពួកវាបានសម្លាប់គាត់នៅមិន​ឆ្ងាយ​ប៉ុន្មានពីផ្ទះរបស់យើង។ រាល់ពេល​ដែលខ្ញុំនឹកឃើញដល់រូបភាពទាំងនេះ ខ្ញុំឈឺចាប់។ នៅសម័យនោះ ពួកខ្មែរ​ក្រហម​ចាត់ទុកពួកយើងដូចជាសត្វធាតុ។ ថ្ងៃនេះ បើសិនជាខ្ញុំដាក់ពាក្យបណ្តឹង នោះក៏ព្រោះតែខ្ញុំមិនចង់អោយរបបបែបនោះត្រលប់មកវិញ»។ បន្ទាប់ពីនិយាយរួច មីងសាននៅស្ងៀមស្ងាត់មួយស្របក់ធំ។

 

ជំនួយផ្លូវចិត្ត
ប្រឈមមុខនឹងបញ្ហារបស់អនាគតម្ចាស់ដើមបណ្តឹងរដ្ឋប្បវេណីកញ្ញា ចំរើន នៃ​សមាគមអាដហុកបានរាយការណ៍ទៅអង្គការTPO ដែលមានជំនាញ​ពិនិត្យ​និង​ព្យាបាលអ្នកដែលមានជំងឺផ្លូវចិត្ត។ ក្រុមអ្នកជំនាញបានចុះទៅ​ដល់ភូមិ​អូរស្វាយ។ ក្នុងដំណាក់កាលជួបជាលើកទីមួយជាមួយប្រជាជនជាង​១០នាក់​ដែល​ភាគច្រើនជាមនុស្សស្រីបុគ្គលិក TPO បានចែកចាយរូបភាពខិត​បណ្ណ័​ណែនាំ​ស្តីរោគសញ្ញានៃជំងឺរោគចិត្តនិងវិធីព្យាបាល។

 

បន្ទាប់ពីការពិ​ភាក្សាជា​ច្រើន​ម៉ោង លោកតាំងសេងហ៊ុនដែលធ្វើការនៅ TPO មានការ​សន្និដ្ឋានដូចកញ្ញាចំរើន នោះ គឺប្រជាជនភាគច្រើនមានវិបត្តិផ្លូវចិត្ត​យ៉ាង​ធ្ងន់​ធ្ងរជាពិសេសប្រជាជនបីរូបដែលមានអារម្មណ៍ថប់ដង្ហើម នៅពេលដែលពួកគេ​នឹក​ទៅដល់របបខ្មែរក្រហម។ ក្នុងរយៈពេលជាង៣០ឆ្នាំនេះ ពួកគេមិនដែល​ប្រាប់​អ្នក​ណាម្នាក់អំពីរឿងនេះឡើយ។ ការដាស់ការចងចាំឡើងវិញ ប្រៀបបាន​ដូច​ជា​ព្យុះកំណាចបក់មកលើពួកគេ។

 

អ្នកជំនួយការសង្គមបាន​ពន្យល់ថា «ពួកគេរស់ត្រាំត្រែងក្នុងទុក្ខសោក ហើយពួក​គេ​មិនអាចទប់ទឹកភ្នែកបានទេ នៅពេលដែលពួកគេរៀបរាប់រឿងអតីតកាល។ ពួក​គេមានអារម្មណ៍ខ្មាសអៀន ប៉ុន្តែជាមួយគ្នានោះ ពួកគេមានអារម្មណ៍ភ័យ​ខ្លាច​ចំពោះសុវត្ថិភាពរបស់ពួកគេ នៅពេលដែលពួកគេបានដឹង​ថាជនដៃដល់ខ្មែរ​ក្រហម​ដែលសម្លាប់សាច់ញាតិរបស់ពួកគេនៅមានជីវិតនៅឡើយ។ ប៉ុន្តែ បើសិន​ជាពួកគេចាប់ផ្តើមនិយាយកាន់តែច្រើន អំពីបញ្ហារបស់ពួកគេ នោះពួកគេនឹង​អាច​ចាក​ចេញផុតពីស្ថានភាពនៃការប៉ះទង្គិចផ្លូវ។  

 

សំដីដែលធ្វើអោយមានការធូរស្បើយ
លោក តាំង សេងហ៊ុន បាននិយាយបន្តថា ពួកគេខឹងច្រឡោត នៅពេល​ដែល​ពួក​គេនិយាយពីរឿងអតីតកាលឡើងវិញ ប៉ុន្តែប្រតិកម្មទាំងនេះមិនបានចោទ​ជា​បញ្ហាសម្រាប់ការដាក់ពាក្យបណ្តឹងរបស់ពួកគេនោះទេ។ ពួកគេគឺជាមនុស្សមាន​សមត្ថភាពចងចាំខ្ពស់ ហើយពួកគេក៏បានរក្សាទុកការចងចាំនូវព្រឹត្តិការណ៍ផ្សេងៗ បានយ៉ាងល្អ ដែលអាចមានសារៈសំខាន់សម្រាប់ការងាររបស់ចៅក្រម។
TPO មិនចង់ចេញវេជ្ជបញ្ជាដល់ពួកគេទាំងនោះទេ ប៉ុន្តែ ជម្រុញពួក​គេអោយ​រំលឹក​ពីរឿងអតីតកាលដ៏សែនជូរចត់ រៀបរាប់ពីព្រឹត្តិការណ៍ផ្សេងៗ និងនិយាយ​ពិភាក្សាគ្នា។ អង្គការនឹងជួយគាំទ្រផ្នែកស្មារតីដល់ពួកគេ នៅក្នុងដំណាក់​កាល​នីតិវិធីតុលាការ។

 

ការស្នើរសុំសំណងជម្ងឺចិត្ត
ជនរងគ្រោះក្នុងភូមិអូរស្វាយ ស្រមៃចង់បានសំណងជម្ងឺចិត្តពីការរងគ្រោះ​របស់​ពួកគេ។ សំណងនេះមិនមែនសម្រាប់បុគ្គលនោះទេ ប៉ុន្តែសម្រាប់សមូហភាព។ សុខ​បានទាមទារយ៉ាងដូច្នេះថា «សាលារៀន មន្ទីរពេទ្យ វត្តអារាម ត្រូវបាន​បំផ្លាញ​ចោលទាំងស្រុងក្នុងរបបខ្មែរក្រហម។ ពួកគេត្រូវតែសងហេដ្ឋារចនាសម័្ពន្ធ​ទាំងនោះ មកពួកយើងវិញ ដោយត្រូវកសាងឡើងវិញ»។