Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 21 αžœαž·αž…αŸ’αž†αž·αž€αžΆ 2008
αž˜αŸ‰αŸ„αž„ 01:00 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Ceux Qui Marchent Debout (concert)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @06:00 - :0900:
Danses Apsara
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @07:00 - :0800:
"Sauvez l'ιcosystθme" (documentaires)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @08:00 - :1000:
50e anniversaire d'Enfants du Mιkong (Paris)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 - αžœαž·αž…αŸ’αž†αž·αž€αžΆ  22
L'oiseau de paradis
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 @04:00 - :0531:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ឆ្នាំ១៩៧៩ : ការ​ជំនុំ​ជម្រះ​​លើក​ទី១លើ​​ពួក​ខ្មែរក្រហម(ភាគ១) ខណៈពេល​ដែលរបប​ថ្មី​កំពុង​ស្វែងរក​ភាព​ស្របច្បាប់
αžŠαŸ„αž™ ស្ទេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
20-08-2008
Khmers rouges - Pol Pot - Chine
គណៈប្រតិភូចិនដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេស Huang Hua ទទួលស្វាគមន៍ដោយប៉ុល ពត
© បណ្ណសាររបស់ Coll. K. O'Keefe
ការ​ជំនុំ​ជម្រះ​​បើក​ធ្វើ​ឡើង​នៅ​ខែ​សីហា ១៩៧៩ នៅ​កម្ពុជា​ប្រឆាំង​នឹង​«បន​ប៉ុល-អៀង​ សារី» ពីសំណាក់របប​ថ្មី​បង្កើត​ឡើង​ដោយ​ប្រទេស​វៀតណាម​ ត្រូវ​បាន​ក្លាយ​ជា​បច្ចុប្បន្នភាព​​​​​ឡើង​វិញ​នៅ​ដើម​ខែ​កក្កដាកន្លង​ទៅ​នេះ។ អង្គ​បុរេវិនិច្ឆ័យ​របស់​តុលាការ​កាត់​ទោស​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​​បាន​ពិនិត្យ​បណ្តឹងឧទ្ធរណ៍​ជំទាស់​នឹង​ដីកា​បង្គាប់​ឃុំ​ខ្លួន​​បណ្តោះ​អា​សន្ន​លើ​​អៀង សារី​ អតីត​​​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​របស់​ប៉ុល ពត។ ប៉ុន្តែ​មុននឹង​ធ្វើ​​សេចក្តី​សម្រេច​នាពេល​ខាងមុខ អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) ត្រូវ​​សម្រេច​​ថា​តើ​គោល​ការណ៍​«Ne bis in idem»អាច​យក​មក​ប្រើ​ក្នុង​សំណុំ​រឿង​នេះ​ដែរ​ឬ​អត់​​។ បើ​តាម​គោលការណ៍​នេះ គេ​មិន​អាច​ប្តឹង​ឬ​ផ្តន្ទា​ទោស​មនុស្ស​ម្នាក់​ពីរ​ដង​សម្រាប់​បទ​ឧក្រិដ្ឋ​​តែ​មួយ​នោះទេ។ តាម​ពិតទៅ នៅ​ឆ្នាំ​១៩៧៩ អៀង សារី (ក៏ដូច​ប៉ុល ពត) ត្រូវ​បាន​កាត់​​ទោស​​កំបាំង​មុខប្រហារជីវិត​ ហើយ​ត្រូវ​រឹប​អូស​ទ្រព្យសម្បត្តិ​​ទាំងអស់ ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​​ពូជ​សាសន៍ បន្ទាប់​មក​ក៏​ទទួល​បាន​ការ​ព្រះ​រាជ​ទាន​​លើក​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ​​​នៅ​ឆ្នាំ​១៩៩៦​។ សូម​ត្រឡប់​មក​មើល​ឡើង​វិញ​ពី​ការ​កាត់ទោស​នេះ (ភាគ១)។ 
ថ្ងៃ​៧ មករា ១៩៧៩ កងទ័ព​វៀតណាម​វាយយក​បាន​ទីក្រុង​ភ្នំពេញ​ ហើយរបប​ខ្មែរក្រហម​ក៏​ត្រូវ​ ​ផ្តួល​​រំលំ។ ប៉ុន្តែ​វៀតណាមត្រូវ​ធ្វើ​អោយ​អន្តរាគមន៍​យោធា​នេះ​មាន​ភាព​ស្រប​ច្បាប់​។ ដោយ​មិន​រង់​ចាំ​យូរ ពួកគេ​ក៏​ប្រកាស​ជា​សាធារណៈ​ថា មេដឹកនាំ​ខ្មែរក្រហម​​បាន​ទទួល​សារភាព​ពី«អំពើ​ប្រល័យ​ពូជសាសន៍» ហើយ​ពួក​គេ​​​ចង់​ធ្វើ​អោយ​មតិ​សាធារណៈជឿ​រឿង​នេះ។ ពួកគេ​ក៏​បាន​ប្រែ​ក្លាយ​​មណ្ឌល​ឃុំ​ឃាំង​ និង​ធ្វើ​ទារុណកម្ម​ស២១​ទៅ​ជា​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​​​ គុកទួល​ស្លែង ហើយ​​បង្កើត​«តុលាការ​ប្រជាជន​បដិវត្តន៍»(ត.ប.ប)​​ ៨​ខែ​ក្រោយ​មក​ទៀត ដើម្បី​វិនិច្ឆ័យ​«ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ធ្វើ​ឡើង​ដោយ​ ​ប៉ុល ពត-អៀង សារី»។
 
ត.ប.ប បើក​សវនាការ​ជា​សាធារណៈ​ពីថ្ងៃ​ទី១៥ ដល់ថ្ងៃទី​​១៩ សីហា​ ១៩៧៩ នៅ​សាលមហោស្រព​ចតុមុខ ទីក្រុង​ភ្នំពេញ។ នៅ​ក្នុង​កូន​សៀវភៅ​ស្តី​ពី​ ត.ប.ប ដែល​បោះ​ពុម្ព​ផ្សាយ​បន្ទាប់​ពី​ការ​ជំនុំជម្រះ​ ក្រសួង​ព័ត៌មាន​​ ប្រព័ន្ធ​ផ្សព្វផ្សាយ និងវប្បធម៌​របស់របប​ថ្មី​​សាធារណរដ្ឋ​ប្រជាមានិត្យ​កម្ពុជា​​(ស.ប.ក) ដែលបង្កើត​ឡើង​ដោយ​វៀតណាម គូស​បញ្ជាក់​ថា«គណៈប្រតិភូជាង​៥០០​​មក​ពី​គ្រប់​បណ្តា​ប្រទេស​​ អ្នក​តំណាងបរទេស​ ក្នុង​នោះ​មាន​អ្នក​ច្បាប់​ និង​អ្នក​កាសែត​ល្បីៗ​ជា​ច្រើន​​ក្នុង​ពិភព​លោក​»​​បាន​ចូល​រួម​ការកាត់ទោសនេះ។​
 
«ភស្តុតាង»​យ៉ាង​ច្រើន...
ព្រះសង្ឃ និស្សិត គ្រូបង្រៀន សិល្បករ មន្ត្រីរាជការ សិប្បករ​ កសិករ...សាក្សី​ជិត​១០០នាក់​​ (បើ​តាម​ការ​រៀប​រាប់​របស់​អាជ្ញាធរ​កម្ពុជា​ប្រជាធិបតេយ្យ)​ បាន​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​ប្រជាជន​បដិវត្តន៍​ ក្នុងនោះ​មាន​សាក្សី​ជាង​២០នាក់​បាន​ចូល​​ក្នុង​រង្វង់​ក្រចក​សេះ​ដើម្បី​ផ្តល់​ចម្លើយ​សាក្សី។ ពួកគេ​រៀប​រាប់​រឿង​គួរ​ក្តុក​ក្តួល​និង​គួរ​អោយ​ភ័យ​ខ្លាច​​​ធ្វើ​អោយ​ហ្វូង​មហាជននៅ​ក្នុង​សវនាការ​​ស្រក់​​ទឹក​ភ្នែក​។
 
រូបថត​គំនរ​ឆ្អឹង ការសួរនាំ​នៅក្នុង​​ការ​ស៊ើប​អង្កេត​ធ្វើ​ឡើង​នៅ​តំបន់​សម្លាប់​រង្គាល ការ​ស៊ើប​អង្កេត​​លើ​«ឧក្រិដ្ឋកម្ម​ធ្វើ​ឡើង​ដោយ​បក្ស​ពួក​ប៉ុល ពត - អៀង​ សារី ទៅលើ​ជនជាតិ​ភាគតិច​»​ ការ​ស៊ើប​អង្កេត​​លើ​សុខភាព​សាធារណៈ ឬក៏​ទៅលើ​«ជំរំ​សម្លាប់​រង្គាល​ទួល​ស្លែង» សារាចរ​​ណែនាំ​របស់​កម្មាភិបាល​ខ្មែរក្រហមក្រោម​ទម្រង់​ជា«ឯកសារ​ចាប់​ខ្មាំង» គំនូស​បំព្រួញ​​នៃតំបន់​គាស់​កកាយ​ឆ្អឹង​ អត្ថបទ​សារព័ត៌មាន​បរទេស​និយាយ​ពី​ស្ថានភាព​ឃោរឃៅ​របស់​​​ពួក​ខ្មែរក្រហម...​។ ឯកសារ​ជាង​៩០០​ទំព័រ​ត្រូវ​បាន​ដាក់បញ្ជូល​​​មក​ក្នុង​សំណុំ​រឿង​នេះ។ ទាំង​​នេះ​​ជា​ភស្តុតាង​មាន​តម្លៃ​ស្រប​ច្បាប់​ដែល​មិន​មាន​លក្ខណៈល្អឡើយ​សម្រាប់​ពួក​ខ្មែរ​ក្រហម​។
 
អំពើ​យង់ឃ្នង​នៃ​របប​ខ្មែរក្រហម​ដែលត្រូវ​បាន​លើក​​យក​មក​​ចោទប្រកាន់
អ្នក​ស្រាវជ្រាវ​​ម្នាក់​ឈ្មោះ​គ្រែហ្ស អេចសុន (Graig Etcheson) (១) លើកឡើងថា ភស្តុតាង​ប្រមូល​បាន​ដោយ​ ត.ប.ប បង្ហាញ​«បញ្ជី​ទង្វើ​អាក្រក់ ដូចជា​ការ​​ស៊ី​សាច់​មនុស្ស​​របស់ពួក​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់​ទាប និង​ការ​​បោះ​ក្មេង​ៗ​ចូល​ក្នុង​អាង​ក្រពើ​ ក៏ដូចជា​សៀវភៅ​​កាតាឡុក​ពីវិធី​ធ្វើ​ទារុណ​កម្ម​​​​​ដ៏​​​កម្រ​​នឹង​​មាន​អំពើ​​ឃោរឃៅ​ណា​ធ្វើ​ដូច​»។
អំឡុង​​​ពេល​សវនាការ ការ​ប្រើ​ពាក្យ​ពេចន៍​មិន​ទាន់​​ខ្លាំងសម​ល្មម​អាច​បញ្ជាក់​ពី​ភាព​សាហាវ​ឃោរ​ឃៅ​​​​របស់​​​អតីត​អ្នក​ធ្វើ​ទារុណកម្ម​​​ទាំង​នោះ​ឡើយ​។
 
ក្នុង​នាម​ជា​សាក្សី អ្នកស្រី​ដេនីស អាហ្វុង​សូ (Denise Affonço)អាណិជន​បារាំង និង​ជា​ភរិយា​​​របស់​ចិននៅ​ខេត្ត​​កំពត​ម្នាក់​ ដែល​​រួច​​ជីវិត​ពី​របប​ខ្មែរក្រហម ប្រកាស​​នៅ​មុខ​ ត.ប.ប​ថា : «រហូត​ដល់​ថ្ងៃស្លាប់ ខ្ញុំ​មិន​អាច​បំភ្លេច​​​រឿង​រន្ធត់​ទាំង​នេះបាន​ឡើយ ពីព្រោះ​មាន​តែ​សត្វសាហាវព្រៃ​ផ្សៃ​ដូច​ពួក​ប៉ុល ពត - អៀង​ សារី​​នេះទេ​ដែល​អាច​​ធ្វើ​ទៅ​រួច​»។
 
នៅ​​ក្នុង​កំណត់​ហេតុ​ប្រមូល​បាន​នៅ​ខែ​មិថុនា ១៩៧៩ កុមារីកំព្រា​អាយុ​១៣​ឆ្នាំ​ម្នាក់​ ឈ្មោះ​ហួរ ពន្យល់​ថា ស្នាម​របួស​នៅ​លើ​ក្បាល​ និង​នៅ​ក​របស់​នាង គឺ​បណ្តាល​មក​ពី​«ភ្នាក់​ងារ​របស់​ប៉ុល ពត»បាន​«អារក និង​ចាក់​ទឹក​ក្តៅ​លើ​ក្បាល​នាង​»​ដើម្បី​សម្លាប់​...ដូច​នាង​ធ្លាប់​ឃើញ​​ពួកគេ​ធ្វើ​រួច​ហើយ​ទៅ​លើ​ក្មេង​ៗ​ដទៃ​ទៀត​។
 
សក្ខីភាព​នីមួយៗ​​បង្ហាញ​ពី​រូបភាព​​មិនជា​ល្អ​ប៉ុន្មាន​ទេ​សម្រាប់​របប​ប៉ុល ពត​ : ការ​សម្លាប់​ដោយ​មិន​សួរ​រកខុសត្រូវ ការ​ធ្វើ​ទារុណកម្ម (ការចាប់​រំលោភ ការ​វះពោះ​មនុស្ស​យក​ថ្លើម​មក​បរិភោគ ការ​យក​​ឈើ​ស្រួច​ចាក់​ចូល​ក្នុង​ប្រដាប់​ភេទ​របស់​ស្រ្តី ការ​ឆក់​ខ្សែភ្លើង​...) ការបង្ខំ​អោយ​ធ្វើការ​ (យក​មនុស្ស​​មកនឹម​ធ្វើ​គោ) ការ​បរិភោគ​មិនឆ្អែត ការជេរប្រមាថ​ ការ​ដក​ហូត​​កម្ម​សិទ្ធិឯកជន ហាម​និយាយ​ស្តី ហាម​បង្ហាញ​អារម្មណ៍ ហាម​យំកាន់ទុក្ខ។ល។
 
ការប្រើ​ពាក្យឃោសនា​
«បក្ស​ពួក​ប៉ុល ពត-អៀង​ សារី បាន​បោក​ប្រាស់​ប្រជាជននិង​ប្រទេស​ជាតិ​ , ប្រមូល​ផល​​បដិវត្តន៍របស់​ប្រជាជន​យើង , បង្កើត​​លទ្ធិផ្តាច់ការ​ប្រតិកិរិយា​បង្ហូរឈាម​ឃោរឃៅ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត , ធ្វើអោយ​ប្រទេស​ជាតិ​យើង​ក្លាយ​ជា​​ឋាននរកលោកិយ​ធ្លាក់​ក្នុង​ថ្លុក​ឈាម និង​ទឹកភ្នែក...»​​ លោក​អគ្គ​ព្រះរាជអាជ្ញា​បង្ហាញ​ការ​ខឹងសម្បា​ដូច្នេះ នៅ​ក្នុង​ដីកា​សន្និដ្ឋាន​ប្រកាស​នៅ​ថ្ងៃ​១៨ សីហា។
 
សមាជិក​រដ្ឋាភិបាល​ថ្មី​របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជាសុទ្ធ​ជា​អតីត​ខ្មែរ​ក្រហម​ ហើយ​ដូច​ការ​ពន្យល់​របស់​លោក​គ្រែហ្ស អេចសុន​ដូច្នោះដែរ​ គឺ​គេ​ចង់​«ញែក​ខ្លួនឯង​អោយ​ខុសពី​អ្នក​ដឹក​នាំ​មុន​​​»។ ដូច្នេះ ការ​បង្កើត​តុលាការ​ប្រជាជន​បដិវត្តន៍​គឺ​អាច​ប្រើ​ដើម្បី​សម្រេច​គោល​បំណង​នេះ។
 
នៅ​ក្រោម​ឥទ្ធិពល​របស់​វៀតណាម តុលាការ​នេះ​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​​ខ្ពស់​ក្នុង​ការ​ពិ​ពណ៌នា​​​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជា​«របប​ម៉ៅនិយម»​ជាជាង​របប​កុម្មុយនិស្ត​ ដើម្បី​ជៀស​វាង​​​កុំ​​អោយ​​លទ្ធិ​ម៉ាក់ស៊ីស​លេនីន​របស់​បងធំគឺ​ប្រទេស​សូវៀត​ជាប់ប្រឡូកប្រឡាក់​នឹង​អំពើ​ប្រល័យ​ពូជ​សាសន៍​​ដ៏​សាហាវនេះ។ ទាំងនេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក​អេវិន ហ្កុតេសម៉ាន់​​នៅ​ក្នុង​សៀវភៅ​របស់​លោក​ មាន​ចំណង​ជើង​ថា«​កម្ពុជា​​ក្រោយ​សម័យ​ខ្មែរ​ក្រហម-ពីក្រោយ​​នយោបាយ​ស្ថាបនា​ជាតិ»​(៣)។
 
ជា​ចុងក្រោយ លោក​អេវិន ហ្កុតេសម៉ាន់ លើក​ឡើង​ថែម​ទៀត​ថា ដើម្បីធ្វើ​អោយ​វត្តមាន​របស់​ខ្លួន​​នៅ​លើ​ទឹក​ដី​កម្ពុជា​មាន​ភាព​ស្រប​ច្បាប់​​សម្រាប់​ភ្នែក​សហគមន៍​អន្តរជាតិ ប្រទេស​វៀតណាម​​ព្យាយាម​​បង្ខូច​កិត្យានុភាព​របប​ខ្មែរក្រហម​តាម​គ្រប់​មធ្យោបាយ ដោយ​សង្ឃឹមថា​អាច​​បញ្ចុះ​បញ្ចូល​ប្រទេស​មួយ​ចំនួន​អោយ​ឈប់​ជួយ​គាំទ្រ​​ទាំង​ផ្នែក​ការទូត​និង​យោធា​ដល់​ចលនាតស៊ូ​ខ្មែរ​ក្រហម​។ លោក​បន្ថែម​ទៀតថា មេធាវី​បរទេស​១០​រូប​ (ស៊ីរី គុយបា ឥណ្ឌា ជប៉ុន ឡាវ អាល់ហ្សេរី សហរដ្ឋអាមេរិក សហភាពសូវៀត និង​វៀតណាម) ដែល​ចូល​រួមនៅ​​ ត.ប.ប គឺ​មាន​វត្តមាន​នៅ​ទី​នោះ​​ដើម្បី​លាបពណ៌​ស្រប​ច្បាប់​អោយ​តុលាការនេះ​ប៉ុណ្ណោះ។
 
«ការរំដោះ» ពីការគ្រប់គ្រងរបស់ខ្មែរក្រហម
ជនរងគ្រោះភាគ​ច្រើន​បានផ្តល់​​សក្ខីភាព​ថា​ពួកគេ​មានបំណង​ថ្លែង​អរគុណ​ដល់​របប​ថ្មី​ដែល​បាន​​ជួយ​សង្គ្រោះ​ជីវិត​របស់ពួកគេ ហើយ​រឹត​តែច្បាស់ជាង​នេះ គឺចង់អរគុណ​ដល់​ប្រទេស​វៀត​ណាម​ដែលជាអ្នកជួយ​រំដោះ​ប្រទេស​ជាតិ​ខ្មែរ​។
 
លោកជា ពន្លក បាន​មាន​ប្រសាសន៍​ជាចុង​ក្រោយ ដែល​គេ​បានទទួល​នៅ​ថ្ងៃទី​១៦ ឧសភា ១៩៧៩ ថា «ខ្ញុំ​ទទួល​ស្គាល់​បុព្វហេតុ​នៃអ្នក​រំដោះ​ប្រទេស​ជាតិ​របស់​យើង។ ជយោ! ការ​​រំដោះ​​​ថ្ងៃ ៧ មករា ១៩៧៩ ដែល​បាន​ជួយធ្វើអោយ​យើង​អាច​រស់​រានម្តង​ទៀត​​ក្រោម​ពន្លឺ​​ព្រះអាទិត្យថ្មី​​! ជយោ ក្រុម​ប្រឹក្សា​ប្រជាជន​បដិវត្តន៍​​កម្ពុជា! ជយោ សាធារណៈ​រដ្ឋ​ប្រជា​មានិត​​​កម្ពុជា!
 
លោកស្រី ដេនីស អាហ្វុងសូ បានអះអាង​ដោយឥតរារែក​ចិត្តថា «ប្រសិនជាកង​ទ័ព​មកយឺត​​​​​ប៉ុន្មាន​​ថ្ងៃទៀត យើង​នឹងក្លាយជា​ផេះ នៅក្នុង​ឡដុត​ខ្មោច​បាត់​ទៅ​ហើយ។ យុគសម័យ​ប៉ុល ពត និង​អៀង សារី ប្រៀប​បាន​ទៅនឹង​យុគសម័យ​អ៊ីត្លែរ​​អញ្ជឹង»។ ក្រោយមក​​ ជនជាតិ​បារាំង​រូប​នេះ​បាន«​កោត​សរសើ​រ​ចំពោះ​ទាហាន​​​រំដោះ» ដែលបាន​ផ្តល់​អាហារ​ដល់អ្នក​ដែល​គេ​​មិន​​បាន​ស្គាល់ ប្រសិន​ជា​អ្នកនោះ​ស្រេក​ឃ្លាន។ «ទាហាន​រំដោះមិន​បាន​យក​អ្វី​ពីកម្ពុជា​ឡើយ ពួកគេ​មាន​តែ​​​​ពាំនាំនូវ​ជំនួយ​ដល់​ប្រជាជន​ខ្មែរ»។
 
ការ​ជំនុំជម្រះពី​ «ក្រុមអ្នក​វាទ​ទីនិយមដ៏ឧដុងឧត្តម ​»ចិន​
នៅ​ក្នុង​សេចក្តីប្រកាស​​មួយ ធ្វើឡើង​នៅ​ខែមិថុនា ឆ្នាំ​១៩៧៩ នៅក្នុង​កិច្ច​ប្រជុំ​លើ​ក​ទី៥​នៃ​ពុទ្ធ​សាសនិក​អាស៊ី​ដើម្បី​សន្តិភាព ដែល​រៀប​ចំ​ធ្វើឡើងនៅ​ទីក្រុង​​អ៊ូឡង់ បាត័រ (ប្រទេស​ម៉ុល​ហ្គោលី) គណៈ​ប្រតិភូនៃសមាគម​ពុទ្ធសាសនិក​ទ្រទ្រង់​ជាតិ បានចាត់ទុក​ការ​ប្រព្រឹត្ត​របស់​​ខ្មែរ​ក្រហម​ថា​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍ ដោយ​បាន​បរិហារពី«ទង្វើ​របស់​មេ​ពេជ្ឈឃាត​ប៉ុល ពត និងអៀង សារី ដែលបាន​ជម្រុញ​អោយ​យុវជន​របស់យើង​ជួបប្រទះ​​នូវ​សង្គ្រាមព្រៃ​ជាមួយនឹង​ប្រទេស​​វៀតណាម និង​បានធ្វើ​អោយ​ប្រជាជន​រស់​នៅ​តាម​ព្រំដែន​វៀតណាម​-កម្ពុជា ទទួល​រង​នូវទុក្ខ​វេទនា​ឥត​គណនា។ លើស​ពីនេះ «ជនកំណាច​»ទាំង​ពីរ​បាន​បំផ្លាញ​ចំណង​មិត្តភាព​ដ៏យូរ​លង់ និង​សាមគ្គីភាព​រវាង​ប្រជាពល​រដ្ឋកម្ពុជា​និង​វៀតណាម​។
 
គណៈប្រតិភូ​នេះបានចោទប្រកាន់ចំពោះ​ «ការ​អន្តរាគមន៍​របស់​អ្នកវាទទីនិយម​ចិន ដែល​ត្រូវ​​ការ​ប្រែ​ក្លាយ​​​ប្រទេសកម្ពុជា​ទៅ​ជាមូលដ្ឋានគ្រឹះយោធា​ដ៏​សំខាន់​មួយ។ នេះគឺជាឈ្នាន់​សម្រាប់​​ពួក​គេ​ ក្នុងការ​ប្រមូល​ផ្តុំ​​​ប្រទេស​ឥណ្ឌូចិន​​ជា​ប្រទេស​​តែមួយ និង​ដើម្បី​សម្រេច​នយោបាយ​​​វាទទី ​ទៅកាន់​បណ្តា​​ប្រទេស​អាស៊ី​​ខាង​​កើត។ ដើម្បីសម្រេច​គោល​ដៅ​នេះ ​ប្រទេស​​ចិន​បាន​បញ្ជូន​ទីប្រឹក្សា​រាប់​ម៉ឺននាក់​ ​យោធា រួមទាំងអាវុធ និងគ្រឿង​សព្វាវុធ​​ ​រាប់​ម៉ឺន​តោន នៅ​ក្រោយ​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ១៩៧៥។ ជាចុងក្រោយ គណៈ​ប្រតិភូ​នេះ​បាន​អំពាវនាវ​ដល់​ពុទ្ធ​សាសនិក​និង​ប្រជាពលរដ្ឋ​អាស៊ី​អោយប្រមូល​ផ្តុំ​គ្នា​ជា​ធ្លុង​មួយ ដើម្បី​បញ្ចប់​ល្បិចកល​បោក​ប្រាស់របស់​ក្រុមវាទទីនិយមនៃរដ្ឋាភិបាល​ប៉េកាំង ដែល​មាន​​សម្ព័ន្ធ​មេត្រី​ជាមួយនឹង​ចក្រពត្តិអាមេរិក ដើម្បី​ជួយ​ការពារ​អធិបតេយ្យ​ភាព​និង​ឯករាជ្យ​ភាព​​នៃ​បណ្តា​ប្រទេសនីមួយៗ ព្រមទាំង​សុខ​សន្តិភាពនិង​ស្ថេរភាព​នៅ​ទ្វីប​អាស៊ី»។
 
ការ​ថ្កោលទោស​ប្រឆាំងនឹង​សត្រូវចិន ត្រូវ​បានធ្វើឡើង​ដោយបើក​ចំហ​ដោយ​ថ្នាក់ដឹកនាំ​សំខាន់ៗ និង​សាក្សី​នៅក្នុង​តុលាការ​ប្រជាជន​បដិវត្តន៍​។ សម្តេច​អគ្គ​មហាសង្ឃរាជាធិបតី ទេព​ វង្ស បានមានសង្ឃដីកា នៅក្នុង​សេចក្តីរាយការណ៍​ទាក់ទង​នឹង​ «បន​ប្រតិកិរិយា​ប៉ុល ពត និង​អៀង សារី ដែល​ត្រូវ​បាន​ទិញក្បាល​ដោយ​មេដឹកនាំរដ្ឋាភិបាល​ប៉េកាំងដ៏ឧដុង​ឧត្តម និង​មាន​ចរិកវាទទីនិយម​ ​ដែល​មាន​សម្ព័ន្ធ​ជាមួយនឹង​ពួកចក្រពត្តិ​ ដើម្បី​​ប្រែក្លាយ​ប្រទេស​ចិន​​អោយ​​ទៅជា​ ”មហា​អំណាច”។
 
លោក ឌីត មុន្ទី មេធាវី​ការពារ​ក្តី​នៅក្នុង​​តុលាការ​ប្រជាជន​បដិវត្តន៍ និងបច្ចុប្បន្ន​ជាប្រធាន​តុលាការកំពូល​​​នៅ​ប្រទេស​កម្ពុជា បានមានប្រសាសន៍​​​គាំទ្រ​ ដូច​ជា​ឡើង​​ការពារនិក្ខេបទ ថា «​ប៉ុល ពត និង​អៀង សារី ត្រូវ​បានប្រទេស​ចិន​ប្រើ​ប្រាស់​​​​ជាឧបករណ៍សម្រាប់​នយោបាយ​​វាទទី​របស់រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង»។
 
លោក Mohammed Hikmet Turkmanee មេធាវីជនជាតិស៊ីរី និង​ជា​មេធាវី​ការពារ​​ក្តី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​បាន​ប្រកាស​ថា «ទំនួល​ខុសត្រូវ​ផ្នែក​នយោបាយ​​របស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​ឧក្រិដ្ឋកម្ម​របស់​​បនប៉ុល ពត-អៀង សារី​នេះគឺពិត​ជា​គួរ​អោយស្អប់​ខ្ពើម និង​ជាក់​ស្តែង​​បំផុត។ អាជ្ញាធរចិន​មិនអាច​ធ្វើជាមិនដឹង​ពី​អំពើ​ប្រល័យពូជសាសន៍ ដែល​បាន​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ទទួល​រង​គ្រោះ​នោះទេ ព្រោះ​អាជ្ញាធរនេះ​មាន​ស្ថាន​​ទូត​ប្រចាំនៅទីក្រុង​ភ្នំពេញ ដែល​មាន​សមាជិក​រាប់រយនាក់​ ហើយ​ពួកគេ​គឺជា​ជន​ជាតិ​​បរទេស​តែមួយ​គត់​ដែល​អាច​ធ្វើដំណើរ​ទៅមក​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា​បាន​»។​
 
នៅក្នុង​សេចក្តី​វិនិច្ឆ័យ​របស់​ខ្លួន​​ តុលាការ​ប្រជាជន​បដិវត្តន៍​បាន​លើក​យក​អំណះ​អំណាង​ ដោយ​​បាននិយាយ​ពី «ការ​ផ្សំគំនិតដ៏ស្អិត​​រមួត» រវាង​បន​ប៉ុល​ ពត អៀង សារី និង​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង។ តុលាការ​នេះ​បានប្រកាស​ថា «ប្រតិកិរិយា​ក្រុង​ប៉េកាំង»គឺជា​អ្នក​«ញុះ​ញង់​ដ៏គួរ​អោយគ្រោះថ្នាក់» នៃ «ផែនការឧក្រិដ្ឋកម្មរួម​មួយ ប្រឆាំង​នឹង​ប្រជារាស្រ្ត​របស់​យើង និង​ប្រឆាំង​នឹង​ប្រជារាស្រ្ត​នៃ​ប្រទេស​ជិត​ខាង»។
 
បរិបទ​នៃសង្គ្រាមត្រជាក់
វោហារសាស្រ្ត​​នៃពួក​បដិវត្តន៍ ដែល​ត្រូវ​បាន​យក​មក​ប្រើប្រាស់​នៅ​ក្នុងសវនាការ បាន​ស្តែង​ចេញអោយឃើញ​នូវ​បរិបទ​នៃសង្គ្រាម​ត្រជាក់ និងការ​ផ្តាច់សម្ព័ន្ធ​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​ម៉ូស្កូ ចាប់តាំងពីដើម​ឆ្នាំ​១៩៦០មក។ នៅក្នុង​អតីត​ឥណ្ឌូចិន​បារាំង​ ​ប្រទេស​វៀតណាម និង​ប្រទេសឡាវ គឺជា​ប្រទេស​ដែលមាន​និន្នាការគាំទ្រ​សូវៀត ខណៈពេល​ដែល​ប្រទេសចិន​ពឹងផ្អែក​ទៅលើ​របប​គ្រប់គ្រង​ខ្មែរក្រហម។ នៅពេល​វៀត​ណាម​​​​​ចូល​ក្នុង​ប្រទេសកម្ពុជា និង​បាន​កំចាត់​អំណាច​ខ្មែរក្រហម​ នៅដើម​ខែមករា ឆ្នាំ​១៩៧៩​​​មក ព្រឹត្តិការណ៍​នេះ​បាន​បង្កើត​អោយ​មាន​ការ​វាយប្រហារ​ដ៏​ខ្លាំងក្លាយ​មួយ​ពី​សំណាក់​​​​​​ជនជាតិចិន នៅ​ភាគខាងជើង​ប្រទេសវៀតណាម នៅខែបន្ទាប់។ ចាប់តាំងពី​ពេល​នោះ​​​​​មក ប្រទេស​ចិន​នៅតែ​បន្ត​ផ្គត់ផ្គង់​អាវុធដល់ «ឧទ្ទាម» ខ្មែរក្រហម​។
 
សហរដ្ឋអាមេរិក ប្រទេសចិន និង​សម្ព័ន្ធមិត្ត​របស់ពួកគេ​បានថ្កោល​ទោស «ការ​ផ្លាស់ប្តូរ​របប​នេះ មួយ​ផ្នែកដោយសារ​​មានអន្តរាគមន៍​ជ្រាតជ្រែង​ពី​បរទេស» ហើយមួយ​ផ្នែកទៀត​ ដោយ​​សារ​​​សហភាព​សូវៀត​។ សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​ថ្មី​មិនត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ «បណ្តាប្រទេស​លោកសេរី»នោះទេ ពោល​គឺ​របប​ខ្មែរ​ក្រហម​​​នៅតែត្រូវ​បានទទួល​ស្គាល់ និង​នៅ​តែ​ជា​តំណាង​ប្រទេស​​​កម្ពុជា​​ស្រប​ច្បាប់​​នៅ​អង្គការ​សហ​ប្រជាជាតិ​ ក្នុង​អំឡុង​រយៈពេល​១៤ក្រោយមកទៀត។

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

-តើ​សាលាក្តី​ខ្មែរក្រហម​អាចជំនុំ​ជម្រះ​​អៀង សារីបានដែររឺទេ? (០១-០៧-២០០៨)
-ជីវប្រវត្តិរបស់អៀង សារី អ្នក​ឱកាស​និយម​បាត​ដៃ ប្រឡាក់ឈាម (២៥-០៦-២០០៨)
-ការបោសសម្អាតព្រះពុទ្ធសាសនា របស់​ពួក​ខ្មែរ​ក្រហម (០៤-០៦-២០០៨)

 


ឆ្នាំ​១៩៧៩ : ការ​សង្ខេប​បទ​ចោទប្រកាន់​ប្រឆាំង​ប៉ុល ពត និង​អៀង​ សារី
«ប៉ុល ពត - អៀង សារី និង​​បក្សពួក​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ដូច​ត​ទៅ ៖
១-ការ​រៀប​ចំ​ដោយចេតនា​នូវ​ផែន​ការ​សម្លាប់​រង្គាល​​កាន់​តែ​ព្រៃ​ផ្សៃ​ឡើង​ប្រឆាំង​នឹង ប្រជាជន​​គ្រប់​ស្រទាប់វណ្ណៈ ​។
២-ការ​ជម្លៀស​ទាំង​បង្ខំ​ និង​ភ្លាម​​ៗ​ចេញ​​ពី​ទីក្រុង​ និង​ការ​ផ្លាស់​ទី​លំនៅ​របស់​​ប្រជាជន​​ទៅ​ជន​បទ​​ ដែល​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​យ៉ាង​ច្រើន​។
៣-រៀបចំ​របប​គាបសង្កត់​ និង​ការ​បង្ខំ​នៅ​ក្នុងឃុំ​​ប្រជាជន។ ប្រជាជនត្រូវ​បង្ខំ​អោយ​ធ្វើ​ការ​​រហូត​បាក់​កម្លាំង រស់​នៅ​ក្នុង​ស្ថានភាព​ជាទាសភាព​ ហើយ​មាន​លក្ខខណ្ឌ​​ជីវិត​ដែល​នាំ​ដល់​ការ​ប៉ះ​ពាល់​ដល់​រាងកាយ និង​សតិបញ្ញា​។
៤-ការ​បំផ្លាញ​រាល់ទំនាក់​ទំនង​ ការ​បំបាត់​សេរីភាព​ក្នុងការ​គិត​ពិចារណា ការ​ប្រែក្លាយ​មនុស្ស​ទៅ​​ជា​ទាសករ​ឯកោ​ដែល​មាន​ទំនាក់​ទំនង​តែ​មួយ​គត់​ គឺ​ភាព​នៅ​ចំណុះ​របស់​អង្គការ​។
៥-ការ​លុប​បំបាត់​​ព្រះសង្ឃ សាសនា និង​ជំនឿ​​ផ្សេងៗ ការ​លុប​បំបាត់​បញ្ញវ័ន្ត​​។ ការ​បំផ្លាញ​​សាសនា​ និង​វប្បធម៌ជាតិ។
៦-ការ​សម្លាប់​រង្គាល​កុមារ​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​និង​ការ​បង្វិល​ខួរក្បាលមនុស្ស​ជំទង់​ ដើម្បី​​ប្រែ​ក្លាយ​ពួកគេ​អោយ​ទៅ​ជា​អ្នក​ធ្វើ​ទារុណកម្ម​បាត់​បង់ភាព​ជាមនុស្ស​។
៧-វិច្ឆេទកម្មសេដ្ឋកិច្ច​ជាតិ​ជំរុញ​អោយ​ប្រជាជន​ធ្លាក់​ក្នុង​គ្រោះទុរ្ភឹក្ស​»។

ជីវពណ៌នា​យ៉ាង​ខ្លី​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​
​នៅក្នុង​សន្និសីទ​លើក​ទី៥​របស់​ពុទ្ធសាសនិក​អាស៊ី​ដើម្បី​សន្តិភាព​ នៅ​ខែ​មិថុនា ១៩៧៩ គណៈប្រតិភូ​នៃ​សមាគម​ពុទ្ធសាសនិក​ដើម្បី​ស្រោចស្រង់​ជាតិ បាន​ពិពណ៌នា​«របប​ឃោរ​ឃៅ​​ដែល​នាំ​អោយ​មាន​ការ​ប្រល័យ​ពូជសាសន៍​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ជាតិ​យើង​»​ដូច​តទៅ ៖
«កសិករ ​និង​​អ្នក​ក្រុង​ត្រូវ​បង្ខាំង​នៅ​ក្នុង​ជំរំ​ប្រមូល​ផ្តុំ​ ហើយ​ត្រូវ​គេ​បង្ខំ​អោយ​ធ្វើ​ការ​​រហូត​ដល់​​បាក់​កម្លាំង​​ឬ​ស្លាប់​ដោយសារការ​ស្រេក​ឃ្លាន ភាព​រងា ឬការ​អស់​​កម្លាំង​។ បញ្ញវ័ន្ត អ្នក​បច្ចេក​ទេស អ្នក​និពន្ធ សិល្បករ​ត្រូវ​គេ​​ប្រមាថ និង​សម្លាប់​ចោល​យ៉ាង​សន្ធឹកសន្ធាប់​។ សាលា​រៀន​ត្រូវ​បាន​ប្រែ​ក្លាយ​​ទៅ​ជា​កន្លែង​ឃុំ​ឃាំង ធ្វើ​ទារុណកម្ម​ឬ​សម្លាប់ ,​ មន្ទីរពេទ្យ​និង​កន្លែង​វប្បធម៌​ត្រូវ​បំផ្លាញ, ការហាម​មិន​អោយគោរព​ព្រះពុទ្ធសាសនា[...] ,ព្រះ​សង្ឃ​ត្រូវ​គេ​ចាប់​សម្រាតស្បង់ហើយ​ត្រូវ​គេ​ដាក់​​ទណ្ឌកម